ស្នងការនគរបាលខេត្តស្ទឹងត្រែងលោក អូត ស៊ីវុត្ថា ប្រាប់សារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ម្សិលមិញថា សមត្ថកិច្ចចាប់បានអ្នកទោសរត់គេចខ្លួនចំនួន ២នាក់ចុងក្រោយបន្ថែមទៀត សរុប ៧នាក់ បានមកវិញហើយ។ អ្នកទោសទាំង ២នោះត្រូវបានសមត្ថកិច្ចចាប់បាននៅភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុររីអូរស្វាយសែនជ័យ បន្ទាប់ពីស្រាវជ្រាវអស់រយៈពេលជាង ១សប្តាហ៍។ ពួកគេគឺជាជនជាតិខ្មែរ និងឡាវ ជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងបទលួច ដែលភាគច្រើនតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី ២០ ឆ្នាំ ទៅអស់មួយជីវិត។
ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រកាសថា កាលពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា មានអ្នកទោស៧នាក់ បានវាយទម្លាយជញ្ជាំងគុក ដោយប្រើប្រដាប់ខួង ដែកត្រសេះ កំណាត់ឈើ និងមានក្នើយភួយ ដើម្បីទប់មិនឱ្យឮសំឡេងខ្លាំង រួចនាំគ្នារត់គេចខ្លួន។
ពន្ធនាគារខេត្តស្ទឹងត្រែងធ្លាប់មានអ្នកទោស៥នាក់លួចរត់គេចខ្លួនម្ដងដែរ កាលពីឆ្នាំ២០១៨ ប៉ុន្តែសមត្ថកិច្ចបានដេញចាប់អ្នកទោសទាំងនោះមកវិញបាន។
ទាក់ទងនឹងការចាប់បានអ្នកទោសហែកគុកទាំងអស់មកវិញនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានសាទរជោគជ័យនេះ។ លោកសរសេរលើហ៊្វេសប៊ុកបញ្ជាក់ថា ដំណើរការអធិការកិច្ច ចំពោះបញ្ហាដែលបានកើតឡើងធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារនោះ គឺនៅកំពុងដំណើរការនៅឡើយ ហើយនឹងធ្វើកិច្ចការនេះប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។