សមត្ថកិច្ច​មិនទាន់ចាប់​បានមេខ្លោង​ដែល​រក្សាទុកគ្រឿងញៀន​ជិត ១តោន​នៅខេត្តព្រះសីហនុ​នៅឡើយ

ដោយ សន ចាន់រដ្ឋា
2022.12.18
Share on WhatsApp
Share on WhatsApp
សមត្ថកិច្ច​មិនទាន់ចាប់​បានមេខ្លោង​ដែល​រក្សាទុកគ្រឿងញៀន​ជិត ១តោន​នៅខេត្តព្រះសីហនុ​នៅឡើយ សមត្ថកិច្ច​ខេត្តព្រះសីហនុបង្ហាញ​គ្រឿងញៀន ១ តោនដែលបង្ក្រាបបានកាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។
រូប៖ បណ្តាញសង្គម

អាជ្ញាធរជាតិ​ប្រឆាំង​គ្រឿងញៀន​ឱ្យដឹងថា សមត្ថកិច្ច​មិនទាន់ចាប់​បាន​មេខ្លោង​ដែល​រក្សាទុក​គ្រឿង​ញៀន​ជិត ១តោន​ក្នុងឃ្លាំងជួល​នៅខេត្តព្រះសីហនុ​នៅឡើយ​ទេ ប៉ុន្តែ​សមត្ថកិច្ច​កំពុង​បន្តនីតិវិធី​សួរដេញដោល​ជនសង្ស័យ​មួយចំនួន ដើម្បី​មាន​តម្រុយតាមចាប់​ក្រុម​មេខ្លោង​ឧក្រិដ្ឋ​គ្រឿង​ញៀន​ទាំង​នោះ។ មន្ត្រី​សង្គមស៊ីវិល ជំរុញ​ដល់អាជ្ញាធរ​ឱ្យពន្លឿន​នីតិវិធីស៊ើបអង្កេត​ករណី​នេះ​ប្រកបដោយ​តម្លាភាព និង​ឯករាជ្យ ដើម្បី​មហាជន​មាន​ទំនុកចិត្ត។

អគ្គលេខា​នៃ​អគ្គលេខាដ្ឋានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក មាស វីរិទ្ធ ប្រាប់​វិទ្យុអាស៊ីសេរី​នៅថ្ងៃទី១៨ ខែធ្នូថា កម្ពុជា​កំពុង​បើក​កិច្ចសហប្រតិបការ​ជាមួយអ្នកជំនាញ​នៃ​ប្រទេសអូស្ត្រាលី (Australia) វៀតណាម (Vietnam) ថៃ (Thailand) និង​ក្រុម​អ្នកជំនាញ​ត្រួតពិនិត្យ​គ្រឿងញៀន (Drug Enforcement Administration) ហៅ​កាត់ ឌី អ៊ី អេ (DEA) របស់​សហរដ្ឋអាមេរិក ដើម្បី​ស៊ើបអង្កេត និង​សិក្សាវាយតម្លៃ​ឱ្យ​បានស៊ីជម្រៅ​អំពី​ប្រភពគ្រឿងញៀន​ដែល​ក្រុមឧក្រិដ្ឋជន​លួច​រក្សាទុកជិត ១តោន​នៅ​ខេត្តព្រះសីហនុ និង​គ្រឿងញៀន សារធាតុគីមី​ជាច្រើនតោន​ទៀត​ដែល​សមត្ថកិច្ច​កម្ពុជា​បាន​រឹបនៅ​តាម​បណ្ដាខេត្ត​ផ្សេងៗ​នាពេល​កន្លងមក។

លោក មាស វីរិទ្ធ បញ្ជាក់​ថា សមត្ថកិច្ច​មិនទាន់​ចាប់បានមេខ្លោងណាម្នាក់​លើករណី​ដែល​ពួកគេបានរក្សា​ទុកគ្រឿងញៀន​ក្នុងឃ្លាំងជួល​នៅខេត្តព្រះសីហនុនៅ​ឡើយទេ។ លោកបន្តថា មូលហេតុ​ដែល​យឺតយ៉ាវ​ដោយសារ​ជនសង្ស័យ​មួយចំនួន​ដែលសមត្ថកិច្ច​ឃាត់ខ្លួនបាន​ពួកគេ​ខ្លះផ្ដល់ចម្លើយ​មិន​ច្បាស់លាស់។ ទោះយ៉ាងណា​លោក​ថា ក្រុម​ឧក្រិដ្ឋជន​អាចនឹងនៅ​ក្នុង​ប្រទេសកម្ពុជា​នៅឡើយ៖

«សមត្ថកិច្ច​នៅតែបន្ត​តាម​រក​តើគាត់ [ឧក្រិដ្ឋជន] ខាង​ក្នុង [ប្រទេស] ឬ​នៅខាងក្រៅ [ប្រទេស] ព្រោះ​មាន​ប្លែកៗ​ណាស់​មាន​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​យើង​កំពុងស្រាវជ្រាវ​ឱ្យ​ដល់​ឫសគល់។ មានធ្វើ​ដោយ​ផ្ទាល់ មាន​វិធានការ​បន្ទាន់ ធ្វើ​ដោយប្រយោល​ធ្វើ​អនុវត្ត​វិធានការ​ជំនាញ»

លោក មាស វីរិទ្ធ ឱ្យដឹងទៀតថា ឃ្លាំងផ្ទុកគ្រឿងញៀន​ជិត ១តោន​ក្នុង​ខេត្តព្រះសីហនុ គឺ​ក្រុមឧក្រិដ្ឋជន​ជួល​ពី​ជនជាតិខ្មែរ។ ថ្វីដ្បិត មេប៉ូលិសផ្កាយ ៤រូប​នេះ មិន​បាន​បញ្ជាក់ថា ក្រុមឧក្រិដ្ឋជនទាំងនោះ​ជា​ជនជាតិ​អ្វី​ក៏ដោយ ប៉ុន្តែ​កន្លងទៅ​ការ​នាំចូល​គ្រឿងញៀន និង​សារធាតុគីមី​ចូល​កម្ពុជានេះ​ប្រព្រឹត្ត​ដោយ​ជនជាតិចិន​មួយចំនួន​ដែល​ល្មើស​ច្បាប់​កម្ពុជា។ បន្ថែម​ពី​នេះ លោក មាស វីរិទ្ធ បញ្ជាក់​ថា គោលដៅ​ក្រុមឧក្រុដ្ឋជន​ដឹកជញ្ជូន​គ្រឿងញៀន​ប្រភេទកេតាមីន (Ketamine) ១តោន​នោះ​គឺទៅ​កាន់ប្រទេស​ទី៣ ដោយ​មិនមែន​យក​កម្ពុជា​ធ្វើ​ទីផ្សារ​នោះទេ។ ប៉ុន្តែ លោកថា ក្រុមឧក្រិដ្ឋជន​តែងតែ​យក​កម្ពុជា​សម្រាប់​ឆ្លងដែន និង​ធ្វើជា​កន្លែង​សម្រាប់​ផលិតកែច្នៃ។

កាល​រសៀលថ្ងៃទី១១ ខែធ្នូ សមត្ថកិច្ច​ចម្រុះខេត្តព្រះសីហនុ បាន​ចុះឆែកឆេរឃ្លាំង​ជួល​មួយកន្លែង​ស្ថិតនៅភូមិ២ សង្កាត់​លេខ១ ក្រុងព្រះសីហនុ បាន​រកឃើញ​គ្រឿងញៀនជិត ១តោន។ ក្នុងការ​ចុះបង្ក្រាបនោះ​សមត្ថកិច្ច​មិនទាន់ចាប់បាន​មេខ្លោងណា​ម្នាក់​ឡើយ។ សមត្ថកិច្ចឃាត់ខ្លួន​បានតែ​ជនសង្ស័យ​ពាក់ព័ន្ធ​ដោយប្រយោល​ជនជាតិចិនខ្មែរ និង​ជនបរទេសមួយ​ចំនួន​តែ​ប៉ុណ្ណោះ។ លោក មាស វីរិទ្ធ មិន​បានបញ្ជាក់​អំពី​ចំនួនជនសង្ស័យ​ដែល​សមត្ថកិច្ចបាន​ឃាត់ខ្លួនយក​ទៅសួរនាំ​នោះទេ។

ទាក់ទងករណីគ្រឿងញៀន​នេះ កាល​ពីចុង​ខែធ្នូ ឆ្នាំ២០២១ អាជ្ញាធរកម្ពុជា​ក៏​បាន​បិទរោងចក្រដំណាប់ស្វាយ​ដែល​លួចផលិតគ្រឿងញៀន​ទ្រង់ទ្រាយធំមួយ​កន្លែង​ក្នុងខេត្តកំពង់ស្ពឺ។ រហូត​ដល់​ខែមករា ឆ្នាំ២០២២ ការ​ស៊ើបអង្កេត បន្ត​នាំទៅដល់​ការ​បង្ក្រាប​កន្លែង​លួចផលិតទ្រង់ទ្រាយ​ធំ​ទីពីរ និង​ជា​កន្លែង​ផ្ទុកសារធាតុគីមី ដែល​គេ​សង្ស័យ​ថា ត្រូវ​បានប្រើ​សម្រាប់ផលិត​ថ្នាំកេតាមីន និង​អាច​ជាថ្នាំ​សំយោគ​ផ្សេងទៀត។ អាជ្ញាធរ​រកឃើញ មានសារធាតុផ្សេងៗ សរុបចំនួន ៦១,៧តោន ក្នុងនោះ​មានសារធាតុដើម កេតាមីន (Ketamine) ៧៥០គីឡូក្រាម និង​ជា​កាកសំណល់ កេតាមីន ចំនួនជាង៥តោន (៥,២២០)ក្នុងខេត្តកំពង់ស្ពឺ។ ក្រៅពីនេះ ក៏​មាន​សារធាតុគីមីជាង ១រយតោន (១៤៩តោន) ត្រូវបានរឹបអូសនៅកន្លែង​ស្តុកទុក​សារធាតុគីមី​ក្នុង​រាជធានីភ្នំពេញ​កាលពី​ខែមករា ឆ្នាំ២០២២។

ដោយឡែងថ្មីៗនេះ ក៏​មាន​ក្រុមឧក្រិដ្ឋជន​បើកឡានស្លាកលេខខេមរភូមិន្ទ​ជួប​គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់​ចាក់​គ្រឿងញៀន​ប្រមាណ ២រយគីឡូក្រាម (២០០) នៅម្ដុំ​សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ដែរ។ គិតមកទល់នឹងពេលនេះ សមត្ថកិច្ច​នៅមិនទាន់​ចាប់​បានក្រុមឧក្រិដ្ឋជន​ទាំងនោះ​បាននៅឡើយ។

ទាក់ទងនឹងរឿងនេះ អគ្គលេខា​នៃ​អគ្គលេខាដ្ឋានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក មាស វីរិទ្ធ អះអាង​ថា ករណី​ក្រុមឧក្រិដ្ឋជន​ដឹកគ្រឿងញៀន​ទ្រង់ទ្រាយធំ​ឆ្លងដែន​កម្ពុជា​នារយៈពេលចុងក្រោយ​នេះ អាជ្ញាធរ​កម្ពុជា និង​ប្រទេស​ជាមិត្ត ព្រមទាំង​អង្គការដៃគូរ​ជំនាញ​បន្តការ​ស្រាវជ្រាវស៊ើប​អង្កេត​ជា​បន្តបន្ទាប់ ដើម្បី​រកឱ្យឃើញ​ថា ករណី​ឧក្រិដ្ឋជន​ដឹកគ្រឿងញៀន​ប្រភេទ​កេតាមីន​នេះ គឺជា​ក្រុមតែមួយ ឬ​ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ឬយ៉ាងណា។

គិតត្រឹមពាក់​ណ្ដាលខែធ្នូ សម្រាប់​ឆ្នាំ២០២២ នេះ អាជ្ញាធរ​រឹបអូស​គ្រឿងញៀន​បាន​ជាង ៥តោន។ ចំណែក កាល​ពី​ថ្ងៃទី២៦ ខែមិថុនា អាជ្ញាធរ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន​បាន​ដុតបំផ្លាញសារធាតុញៀន និង​សារធាតុគីមី សរុបជាង ៦តោន ក្នុងចំណោម​វត្ថុតាង​គ្រឿងញៀន សារធាតុគីមីផ្សំ និង​សារធាតុគីមី​ពាក់ព័ន្ធផ្សេងៗ ដែល​រឹបអូស​បានសរុបជិត ១០០តោន។ អាជ្ញាធរ​ឱ្យដឹងទៀត​ថា ក្នុងឆ្នាំ២០២០ និង២០២១ ដែល​មាន​ការរីករាលដាល​ជំងឺកូវីដ-១៩ សមត្ថកិច្ចបង្ក្រាប និង​រឹបអូសគ្រឿងញៀន​បាន​ជិត ១០តោន និង​ឃាត់ខ្លួនជន​សង្ស័យ​បានជាង ៣ម៉ឺននាក់។ ក្នុងនោះ សមត្ថិច្ចបង្ក្រាប​បទល្មើសគ្រឿងញៀន​បាន​ចំនួនជាង ១ម៉ឺនករណី (១០.៤៦១ករណី) ក្នុង​ឆ្នាំ២០២០ និងជាង ៦ពាន់ករណី (៦.៣០៨ករណី) ទៀត​ក្នុងឆ្នាំ២០២១។

ជុំវិញរឿងនេះ អ្នកសម្របសម្រួបសម្រួល​នៃ​សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ជំរុញ​ដល់​អាជ្ញាធរពន្លឿន​នីតិវិធីស៊ើប​តាម​ចាប់​ក្រុមឧក្រិដ្ឋជន​ប្រកប​ដោយ​តម្លាភាព និង​ផ្តន្ទាទោស​ពួកគេ​ឱ្យ​បាន​ធ្ងន់ធ្ងរ ដើម្បី​ជា​ការព្រមាន​ដល់​ក្រុម​ជនល្មើស​ផ្សេងទៀត ដែល​តែងតែ​ចង់​យក​កម្ពុជា​ធ្វើ​ជាទីតាំង​ផលិតគ្រឿងញៀន៖

«ពីដើមឡើយយើង​មានតែ​ការជួញដូរ​ដែលយើង​ចាប់​បាន​វាមាន​ទម្ងន់​តិចតួច ប៉ុន្តែ ថ្មីៗនេះ​កម្លាំង​នៃ​ការបង្ក្រាប​យើងសរសើរ​ហើយ យើង​ក៏លើកទឹកចិត្ត​ឱ្យ​សមត្ថកិច្ច​បន្តធ្វើការងារ​ហ្នឹង ប៉ុន្តែសូម​មេត្តា​ប្រមែប្រមូល​ឱ្យអស់ ទាំងអ្នក​នៅពី​ក្រោយខ្នង ទាំងអ្នកពាក់ព័ន្ធ​សូមមេត្តា​យក​មកផ្ដន្ទាទោស ហើយ​សូមឱ្យមានការ​ដាក់បង្ហាញ​នូវ​រូបភាព​ទាំងអស់​ហ្នឹង​ជា​សាធារណៈ​ផង នៅពេលក្រោយពេល​កាត់ទោស​ហើយ ដើម្បី​ជាការព្រមាន​ដល់​អ្នក​ក្រោយៗ​ទៀត​កុំ​ឱ្យធ្វើ»

អ្នកស្រី ជៀប សុធារី ឱ្យដឹងទៀត​ថា ទីតាំង​អគារបនល្បែងកាស៊ីណូ​មួយចំនួន និង​សណ្ឋាគារ ឬ​អគារ​ដែល​សង្ស័យថា មានបង្កប់ល្បែងអនឡាញខុសច្បាប់​នាពេលកន្លងមក​នៅក្រុងព្រះសីហនុ ចប្ចុប្បន្ន​អ្នកស្រីថា កំពុង​បើកដំណើរ​ដោយ​មាន​ជនបរទេស ជាពិសេស​ជនជាតិចិន​ចេញ​ចូលលេងល្បែង​ជាច្រើន។ អ្នកស្រី​មើលឃើញ​ថា វិស័យបនល្បែងក្នុង​ខេត្តព្រះសីហនុ​ដែល​មាន​ការរីកដុះដាល​ដូចផ្សិតនេះ​ហើយ គឺជាដើមហេតុសំខាន់​ដែលបង្កឱ្យកើតមានករណី​នៃ​ឧក្រិដ្ឋគ្រឿងញៀន និង​បទល្មើសនានា​ដែល​ពុំធ្លាប់​មាន​ក្នុង​ខេត្តព្រះសីហនុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។