អ្នកឃ្លាំមើលរិះគន់ថា អាជ្ញាធរមិនបានបង្ក្រាបមេខ្លោងបនល្បែងធំៗ ទើបទីតាំងបនល្បែងតាមអនឡាញរីករាលដាលខ្លាំង
2025.01.21
អ្នកឃ្លាំមើលរិះគន់ថា រដ្ឋាភិបាលនៅតែគ្មានវិធានការជាក់លាក់បោសសម្អាតល្បែងស៊ីសង ព្រោះមេខ្លោងបនល្បែងធំៗមិនត្រូវបានបង្ក្រាបដែលជាហេតុនាំឱ្យទីតាំងបនល្បែងតាមអនឡាញបានបន្តរីករាលដាលស្ទើរទូទាំងប្រទេស។ ពួកគាត់ចង់ឃើញអាជ្ញាធរស្វែងរកមេខ្លោងដែលកាងបនល្បែងស៊ីសងនៅកម្ពុជាយកមកផ្ដន្ទាទោស ជាជាងបង្ក្រាបទីតាំងបនល្បែងដោយដុំៗ ដើម្បីស្អំចិត្តប្រជាពលរដ្ឋ។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានឆ្មក់បង្ក្រាបទីតាំងល្បែងអនឡាញមួយកន្លែងនៅរាជធានីភ្នំពេញ និងបានឃាត់ខ្លួនជនជាតិ ចិន និងវៀតណាមប្រមាណ ៣០០នាក់។
ការផ្សព្វផ្សាយល្បែងភ្នាល់ស៊ីសងតាមអនឡាញ (Game Online) នៅក្នុងសម័យទំនើបនេះ កំពុងក្លាយជាអន្ទាក់ទាញឱ្យប្រជាពលរដ្ឋមួយចំនួនរងគ្រោះ រហូតអ្នកខ្លះទៀតសម្រេចចិត្តបញ្ចប់ជីវិតដោយសារតែផុងខ្លួននឹងការភ្នាល់ល្បែងអស់ទ្រព្យសម្បត្តិ និងជំពាក់បំណុលធនាគារ។
អ្នកតាមដានបញ្ហាសង្គមយល់ថា ពលរដ្ឋជាច្រើនទៀតអាចនឹងប្រឈមរងគ្រោះកាន់តែខ្លាំងដោយសារតែឥទ្ធិពលនៃការផ្សព្វផ្សាយល្បែងតាមអនឡាញដែលកំពុងពង្វក់ឱ្យពលរដ្ឋលេងភ្នាល់តាមបណ្ដាញអ៊ីនធឺណិត ដោយសារតែរដ្ឋាភិបាលនៅតែគ្មានវិធានការច្បាស់លាស់ ដើម្បីទប់ស្កាត់ និងបង្ក្រាបមេខ្លោងធំៗដែលកំពុងពង្រីកបណ្ដាញ និងកំពុងប្រតិបត្តិការល្បែងស៊ីសងតាមអនឡាញនៅកម្ពុជា។
អ្នកសិក្សាបញ្ហាសង្គម និងនយោបាយលោក ប៉ោ មករា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ ខែ មករា ថា លោកសោកស្ដាយនៅពេលដែលប្រទេសកម្ពុជាបានក្លាយជាទីតាំងភ្នាល់ល្បែង និងមានជនល្មើសប្រើគ្រប់វិធីសាស្ត្រ ដើម្បីពង្វក់ពលរដ្ឋកម្ពុជាឱ្យភ្នាល់ល្បែងខុសច្បាប់។ លោកបន្តថា ការណ៍ដែលសង្គមរីករាលដាលបនល្បែង នោះប្រជាពលរដ្ឋគឺជាអ្នកខាតបង់ និងរងគ្រោះ ហើយបញ្ហាអសន្តិសុខសង្គមជាច្រើនក៏ងាយនឹងកើតឡើងដែរ។ លោកជឿជាក់ថា ទីតាំងកន្លែងភ្នាល់ល្បែងតាមអនឡាញនៅមូលដ្ឋាន និងនៅរាជធានីភ្នំពេញជាដើម ប្រសិនបើគ្មានអ្នកមានអំណាចផ្ដល់កិច្ចគាំពារ និងកាងការពារនោះ ក៏ក្រុមជនល្មើសមិនអាចបន្តប្រព្រឹត្តបទល្មើសក្នុងមុខជំនួញល្បែងស៊ីសងនោះបានដែរ។
លោក ប៉ោ មករា៖ «ប្រសិនជាគ្មានការអនុវត្តច្បាស់លាស់ ឬម៉ឺងម៉ាត់ទេហាក់ដូចជាបញ្ហាគ្រឿងញៀនអ៊ីចឹង ធ្វើឱ្យសង្គមវឹកវរ ធ្វើឱ្យប្រជាពលរដ្ឋខាតបង់ពេលវេលា ខាតបង់ទ្រព្យសម្បត្តិ ខាតបង់អាយុជីវិតដោយសារតែការចាញ់ល្បែង ដោយសារតែការចាញ់បោកតាមប្រព័ន្ធអនឡាញជាដើមហ្នឹង។ កន្លងមកយើងឃើញបញ្ហាគ្រឿងញៀនគឺជាបញ្ហាមួយដែលញាំញីសង្គមខ្លាំងដែរ ប៉ុន្តែការបង្ក្រាបយើងឃើញតួលេខច្រើន ប៉ុន្តែវាមិនបានថមថយ វាហាក់បីដូចជាមិនទាន់ចំគោលដៅ ឬមិនចំមន្ត្រីដែលពាក់ព័ន្ធធំៗជាពិសេសមន្ត្រីដែលកាងពួកគ្រឿងញៀន មន្ត្រីដែលចូលចិត្តប្រព្រឹត្តអំពើពុករលួយជាដើមហ្នឹង»។
ប្រតិកម្មបែបនេះធ្វើឡើងបន្ទាប់ពីកម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី១៩ ខែ មករា បានឡោមព័ទ្ធឆ្មក់បង្ក្រាបទីតាំងអាផាតមិន (Apartment) មួយកន្លែងស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញដែលបង្កប់ល្បែងតាមអនឡាញខុសច្បាប់ និងបានឃាត់ខ្លួនជនជាតិចិន និងវៀតណាមប្រមាណ ៣០០នាក់ដែលសង្ស័យថា ពួកគេបានប្រតិបត្តិការពាក់ព័ន្ធនឹងល្បែងតាមអនឡាញ។
កាលពីខែធ្នូ ឆ្នាំ២០២៤ កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិក៏បានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបអគារឆបោកតាមអនឡាញមួយកន្លែងនៅតំបន់គីឡូ៣២ ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងបានឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ជាង ១ពាន់នាក់។ ទោះជាយ៉ាងណា អគារនៅតំបន់គីឡូ៣២ មកដល់ពេលនេះនៅតែបន្តបើកដំណើរការជាធម្មតា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន និងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លោក រស់ ភីរុណ ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី២០ ខែមករា។
ល្បែងភ្នាល់តាមអនឡាញមានទម្រង់ស្រដៀងនឹងអំពើឆបោកតាមអនឡាញដែរ។ ល្បែងភ្នាល់តាមអនឡាញភាគច្រើនមានថៅកែគ្រប់គ្រងជាជនជាតិចិន និងវៀតណាមដែលណែនាំឱ្យបុគ្គលិកធ្វើការនៅខាងមុខកុំព្យូទ័រ (Computer) ដើម្បីផ្សព្វផ្សាយគេហទំព័រល្បែងភ្នាល់ និងផ្ញើតំណភ្ជាប់ ឬលីង (Link) គេហទំព័រក្រុមហ៊ុនល្បែងភ្នាល់ពួកគេតាមកម្មវិធីតេលេក្រាម (Telegram) ប្រព័ន្ធសារ (SMS) ជាដើម ដើម្បីឱ្យអ្នកលេងបំពេញលក្ខខណ្ឌចូលលេងភ្នាល់។ ល្បែងភ្នាល់ទាំងនោះរួមមានឆ្នោត ឡូតូ មាន់ជល់ និងបៀ ជាដើម។
អ្នកធ្លាប់បម្រើការងារល្បែងភ្នាល់តាមអនឡាញម្នាក់នៅខេត្តព្រះសីហនុថ្លែងសុំលាក់អត្តសញ្ញាណព្រោះបារម្ភពីបញ្ហាសុវត្ថិភាពបញ្ជាក់ថា អ្នកបម្រើការងារល្បែងភ្នាល់តាមអនឡាញមិនសូវរងការរឹតត្បិតដូចជាបុគ្គលិកបម្រើការងារជាអ្នកឆបោកតាមអនឡាញនោះទេ ប៉ុន្តែប្រភេទល្បែងទាំងនេះភាគច្រើនគឺស្ថិតនៅក្រោមស្លាកអគារកាស៊ីណូ និងអគារពាណិជ្ជកម្ម។ ប្រភពដដែលឱ្យដឹងថា ប្រភេទល្បែងភ្នាល់ខ្លះដូចជាឆ្នោត និងឡូតូ ត្រូវបានគេពង្រីកតាមបណ្ដាខេត្ត ប៉ុន្តែទីស្នាក់ការធំនោះគឺស្ថិតនៅទីក្រុងព្រះសីហនុដែលមានបុគ្គលិកចាំកំណត់លទ្ធផលលេខឆ្នោត និងឡូតូ រាល់ពេលមានអ្នកភ្នាល់តាមអនឡាញ។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «អ្នកខ្លះទៀតវាបោកប្រាស់គេ ឬហៅភ្ញៀវចុះឈ្មោះ គណនីល្បែង (Add account) ភ្ញៀវបរទេសមិនមែនខ្មែរទេបោកចិន បោកបារាំង បោកជនជាតិប្រទេសផ្សេងៗឱ្យវាចូលលេងហ្គេម (Game)។ ក្នុងហ្នឹងមានហ្គេម បៀ បាញ់ត្រី អាហ្នឹងគេចុះឈ្មោះគណនីល្បែង (Add account)។ ឧទាហរណ៍ថា ខ្ញុំធ្វើការនៅក្នុងហ្នឹងអ៊ីចឹង ពេលខ្ញុំហៅបងចូលមកខ្ញុំទទួលបានលុយប៉ុន្មានភាគរយទៀតហើយ ហើយប្រាក់ខែឡើងតាមហ្នឹងរហូត។ បើមិនអ៊ីចឹង អនឡាញគេចាំបាច់ធ្វើដូចលាក់លៀមធ្វើអី បើមិនអ៊ីចឹងវាប្រកាសជាសាធារណៈចាំបាច់ឱ្យបុគ្គលខ្មែរបង្ហោះ (Post) ហ្វេសប៊ុក (Facebook) យូធូប (Youtube) ថា ត្រូវការជ្រើសរើសបុគ្គលិក (Add account) ប្រាក់ខែ ៧ ទៅ ៨រយដុល្លារនៅកំពង់សោមធ្វើអី វាបង្ហោះដាក់ទីតាំងនោះទីតាំងនេះត្រូវបុគ្គលិកអ៊ីចឹងហើយ»។
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ធ្លាប់ទទួលស្គាល់ថា ល្បែងស៊ីសងជាដើមចម បង្កឱ្យមានអសន្តិសុខនៅក្នុងសង្គម និងបានណែនាំឱ្យអាជ្ញាធរបង្កើនការបង្ក្រាបឱ្យមានប្រសិទ្ធភាព។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នាយកសាលាបឋមសិក្សាសិរីជ័យមង្គលឈ្មោះ វុធន សុខចាន់ បានយកខ្សែរឹតកប្រពន្ធ និងកូន ២នាក់ ឱ្យស្លាប់នៅក្នុងបន្ទប់ ក្រោយមកក៏បានយកខ្សែចងកសម្លាប់ខ្លួនឯង។ អំពើឃាតកម្ម និងអំពើអត្តឃាតនេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា ដោយសារតែរងគ្រោះជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ រួមទាំងប្រាក់កម្ចីអនឡាញ និងចាញ់ល្បែងភ្នាល់តាមអនឡាញក៏សម្រេចចិត្តសម្លាប់ខ្លួន និងក្រុមគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។