ការធ្វើចំណាកស្រុកដើម្បីរកការងារធ្វើរបស់ប្រជាពលរដ្ឋ បានកើតឡើងស្ទើរតែគ្រប់ទិសទីក្នុងទូទាំងប្រទេស ជាពិសេស គឺនៅឯទីជនបទ។ អាជ្ញាធរដែនដី និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង សម្ដែងការព្រួយបារម្ភចំពោះការកើនឡើងនៃការធ្វើចំណាកស្រុក ដើម្បីរកការងារធ្វើនេះ។
ប៉ុន្តែ អ្នកវិភាគបញ្ហាសង្គម បានសម្ដែងនូវគំនិតសុទិដ្ឋិនិយមថា គឺជាសញ្ញាល្អសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ប្រសិនបើអ្នកដឹកនាំប្រទេសចេះគ្រប់គ្រងវិស័យមួយនេះបានល្អ។
ការកើនឡើងនៃប្រជាពលរដ្ឋធ្វើចំណាកស្រុក ដើម្បីរកការងារធ្វើកំពុងក្លាយជាក្ដីកង្វល់របស់អាជ្ញាធរដែនដី និងអង្គការសង្គមស៊ីវិលនានាក្នុងខេត្តកំពង់ឆ្នាំង។
ជំទប់ទី២ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង អ្នកស្រី ប៉ែន នី ថ្លែងក្នុងវេទិកាពិភាក្សាស្ត្រីឆ្នាំ២០១៣ ដែលរៀបចំដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យ សម្រាប់កិច្ចការអន្តរជាតិ ឬ អ៊ិន.ឌី.អាយ (NDI) ថា បច្ចុប្បន្ន ប្រជាពលរដ្ឋក្នុងឃុំបាននាំគ្នាធ្វើចំណាកស្រុកទៅរកការងារធ្វើយ៉ាងច្រើនគួរឲ្យព្រួយបារម្ភ ដែលមានខ្លះស្របច្បាប់ និងខ្លះមិនស្របច្បាប់។
អ្នកស្រីបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានចំណាកស្រុកច្រើននោះ គឺដោយសារភាពក្រីក្ររបស់អ្នកភូមិ៖ «មានមូលហេតុចម្បង២ ដែលនាំឲ្យអ្នកភូមិធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសក្រៅនោះ គឺមកពីកង្វះការងារធ្វើក្នុងស្រុក ឬបើមានការងារធ្វើក៏ដោយ តែតម្លៃឈ្នួលមិនមានតុល្យភាពនឹងជីវភាពប្រចាំថ្ងៃ ឬតម្លៃទំនិញទីផ្សារ»។
ដូចគ្នានេះដែរ ប្រធានគម្រោងនៃអង្គការបង្កើនសមត្ថភាពសហគមន៍ដើម្បីអភិវឌ្ឍន៍ ស៊ី.ស៊ី.ឌី (Community Capacities for Development = CCD) អ្នកស្រី សេង គីមស្រ៊ឺ បានឲ្យដឹងបន្ថែមថា លក្ខខណ្ឌការងារពិបាក ប្រាក់ខែទាប និងការបើកប្រាក់ខែមិនទៀងទាត់ ក៏ជាកត្តាជំរុញឲ្យមានកំណើនឡើងនៃអ្នកធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសក្រៅនេះដែរ៖ «ប្រាក់ខែទាប ធ្វើឲ្យអ្នកភូមិមិនអាចរកចំណូលមកទប់នឹងចំណាយបាន។ មួយផ្នែកទៀត គឺផលិតផលដែលប្រជាពលរដ្ឋផលិតបាន មកលក់បានតម្លៃទាប ឯផលិតផលដែលនាំចូលតម្លៃខ្ពស់។ យើងបានឃើញហើយ ដូចជាតម្លៃស្រូវ និងតម្លៃជី តម្លៃប្រេងអត់មានតុល្យភាពគ្នាទេ។ ពេលខ្លះគាត់ធ្វើបានស្រូវមកហើយ តែលក់ទៅនៅជំពាក់គេ ដូច្នេះគាត់ត្រូវធ្វើចំណាកស្រុករកលុយសងបំណុល»។
ជាមួយគ្នានេះដែរ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង មកពីគណបក្ស សម រង្ស៊ី លោក ដួង ចិន្ត្រា សម្ដែងការព្រួយបារម្ភថា កំណើនប្រជាពលរដ្ឋធ្វើសំណាកស្រុកក្នុងបរិបទដែលការបោះឆ្នោតសកលនាខែកក្កដា ខាងមុខនេះកាន់តែខិតជិតមកដល់ អាចជាកត្តានាំឲ្យប៉ះពាល់ដល់សំឡេងគាំទ្រគណបក្សប្រឆាំង។ លោកថា ភាគច្រើននៃអ្នកធ្វើចំណាកស្រុក គឺជាប្រជាពលរដ្ឋក្រីក្រដែលជាអ្នកគាំទ្រគណបក្សប្រឆាំង។
ទាំងអាជ្ញាធរដែនដី និងអង្គការសង្គមស៊ីវិល សម្ដែងការព្រួយបារម្ភចំពោះការបាត់បង់កម្លាំងពលកម្មក្នុងស្រុក ដែលជាកម្លាំងចលករជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
យ៉ាងនេះក្ដី អ្នកវិភាគបញ្ហាសង្គម គឺលោក កែម ឡី បានពន្យល់ចំពោះបញ្ហាចំណាកស្រុកទៅរកការងារធ្វើរបស់ប្រជាពលរដ្ឋនោះថា ជាផ្នែកមួយក្នុងការជួយជំរុញឲ្យសង្គមរីកចម្រើន ប្រសិនបើគេគ្រប់គ្រងវាឲ្យបានល្អ៖ «រដ្ឋាភិបាលយើងមិនដែលវិនិយោគឲ្យអង្គការក្រៅរដ្ឋាភិបាលធ្វើការងារជួយពលករទេ។ តែរដ្ឋាភិបាលថៃ គេវិនិយោគលើបញ្ហានេះ។ គេផ្ដល់ថវិកាឲ្យបណ្ដាញអង្គការនៅម៉ាឡេ ដើម្បីស្រង់ស្ថិតិពលករគេនៅម៉ាឡេ ដើម្បីអប់រំផ្សព្វផ្សាយ ហើយគេបញ្ចូលបុគ្គលិកថៃ ទៅក្នុងបណ្ដាញនោះ ដើម្បីការពារជនចំណាកស្រុកគេ។ ចំណែកយើង អត់មានអីសោះ ហើយខ្ញុំបានសួរទៅស្ថានទូត គាត់មិនទាំងស្គាល់បណ្ដាញអង្គការម៉ាឡេស៊ានខោនស៊ី នោះផង»។
តួលេខផ្លូវការរបស់រដ្ឋាភិបាល បានបង្ហាញថា គិតត្រឹមដើមឆ្នាំ២០១១ ពលករដែលកំពុងធ្វើការស្របច្បាប់នៅប្រទេសក្រៅ មានជាង ១សែន ៣ម៉ឺន (១៣៦.៩៥៨នាក់) ដោយបានទទួលចំណូលប្រាក់ឈ្នួលជាមធ្យមប្រមាណ ៤០០លានដុល្លារក្នុងមួយឆ្នាំៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។