អាជ្ញាធរ​និង​សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​ធ្វើ​ចំណាក​ស្រុក​កើន​ឡើង​នៅ​កំពង់ឆ្នាំង

0:00 / 0:00

ការ​ធ្វើ​ចំណាក​ស្រុក​ដើម្បី​រក​ការងារ​ធ្វើ​របស់​ប្រជាពលរដ្ឋ បាន​កើត​ឡើង​ស្ទើរ​តែ​គ្រប់​ទិសទី​ក្នុង​ទូទាំង​ប្រទេស ជា​ពិសេស គឺ​នៅ​ឯ​ទី​ជនបទ។ អាជ្ញាធរ​ដែនដី និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ឆ្នាំង សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ចំណាក​ស្រុក ដើម្បី​រក​ការងារ​ធ្វើ​នេះ។

ប៉ុន្តែ អ្នក​វិភាគ​បញ្ហា​សង្គម បាន​សម្ដែង​នូវ​គំនិត​សុទិដ្ឋិនិយម​ថា គឺ​ជា​សញ្ញា​ល្អ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ ប្រសិន​បើ​អ្នក​ដឹកនាំ​ប្រទេស​ចេះ​គ្រប់គ្រង​វិស័យ​មួយ​នេះ​បាន​ល្អ។

ការ​កើន​ឡើង​នៃ​ប្រជាពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក ដើម្បី​រក​ការងារ​ធ្វើ​កំពុង​ក្លាយ​ជា​ក្ដី​កង្វល់​របស់​អាជ្ញាធរ​ដែនដី និង​អង្គការ​សង្គម​ស៊ីវិល​នានា​ក្នុង​ខេត្ត​កំពង់ឆ្នាំង។

ជំទប់​ទី២ ឃុំ​ទួលខ្ពស់ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង អ្នកស្រី ប៉ែន នី ថ្លែង​ក្នុង​វេទិកា​ពិភាក្សា​ស្ត្រី​ឆ្នាំ​២០១៣ ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ សម្រាប់​កិច្ចការ​អន្តរជាតិ ឬ អ៊ិន.ឌី.អាយ (NDI) ថា បច្ចុប្បន្ន ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បាន​នាំគ្នា​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​យ៉ាង​ច្រើន​គួរ​ឲ្យ​ព្រួយ​បារម្ភ ដែល​មាន​ខ្លះ​ស្រប​ច្បាប់ និង​ខ្លះ​មិន​ស្រប​ច្បាប់។

អ្នកស្រី​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ចំណាក​ស្រុក​ច្រើន​នោះ គឺ​ដោយសារ​ភាព​ក្រីក្រ​របស់​អ្នក​ភូមិ៖ «មាន​មូលហេតុ​ចម្បង​២ ដែល​នាំ​ឲ្យ​អ្នក​ភូមិ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ក្រៅ​នោះ គឺ​មក​ពី​កង្វះ​ការងារ​ធ្វើ​ក្នុង​ស្រុក ឬ​បើ​មាន​ការងារ​ធ្វើ​ក៏ដោយ តែ​តម្លៃ​ឈ្នួល​មិន​មាន​តុល្យភាព​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ ឬ​តម្លៃ​ទំនិញ​ទីផ្សារ»

ដូច​គ្នា​នេះ​ដែរ ប្រធាន​គម្រោង​នៃ​អង្គការ​បង្កើន​សមត្ថភាព​សហគមន៍​ដើម្បី​អភិវឌ្ឍន៍ ស៊ី.ស៊ី.ឌី (Community Capacities for Development = CCD) អ្នកស្រី សេង គីមស្រ៊ឺ បាន​ឲ្យ​ដឹង​បន្ថែម​ថា លក្ខខណ្ឌ​ការងារ​ពិបាក ប្រាក់​ខែ​ទាប និង​ការ​បើក​ប្រាក់​ខែ​មិន​ទៀង​ទាត់ ក៏​ជា​កត្តា​ជំរុញ​ឲ្យ​មាន​កំណើន​ឡើង​នៃ​អ្នក​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ក្រៅ​នេះ​ដែរ៖ «ប្រាក់​ខែ​ទាប ធ្វើ​ឲ្យ​អ្នក​ភូមិ​មិន​អាច​រក​ចំណូល​មក​ទប់​នឹង​ចំណាយ​បាន។ មួយ​ផ្នែក​ទៀត គឺ​ផលិត​ផល​ដែល​ប្រជាពលរដ្ឋ​ផលិត​បាន មក​លក់​បាន​តម្លៃ​ទាប ឯ​ផលិត​ផល​ដែល​នាំ​ចូល​តម្លៃ​ខ្ពស់។ យើង​បាន​ឃើញ​ហើយ ដូច​ជា​តម្លៃ​ស្រូវ និង​តម្លៃ​ជី តម្លៃ​ប្រេង​អត់​មាន​តុល្យភាព​គ្នា​ទេ។ ពេល​ខ្លះ​គាត់​ធ្វើ​បាន​ស្រូវ​មក​ហើយ តែ​លក់​ទៅ​នៅ​ជំពាក់​គេ ដូច្នេះ​គាត់​ត្រូវ​ធ្វើ​ចំណាក​ស្រុក​រក​លុយ​សង​បំណុល»

ជាមួយ​គ្នា​នេះ​ដែរ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង មក​ពី​គណបក្ស សម រង្ស៊ី លោក ដួង ចិន្ត្រា សម្ដែង​ការ​ព្រួយ​បារម្ភ​ថា កំណើន​ប្រជាពលរដ្ឋ​ធ្វើ​សំណាក​ស្រុក​ក្នុង​បរិបទ​ដែល​ការ​បោះឆ្នោត​សកល​នា​ខែ​កក្កដា ខាង​មុខ​នេះ​កាន់​តែ​ខិត​ជិត​មក​ដល់ អាច​ជា​កត្តា​នាំ​ឲ្យ​ប៉ះពាល់​ដល់​សំឡេង​គាំទ្រ​គណបក្ស​ប្រឆាំង។ លោក​ថា ភាគ​ច្រើន​នៃ​អ្នក​ធ្វើ​ចំណាក​ស្រុក គឺ​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង។

ទាំង​អាជ្ញាធរ​ដែនដី និង​អង្គការ​សង្គម​ស៊ីវិល សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់បង់​កម្លាំង​ពលកម្ម​ក្នុង​ស្រុក ដែល​ជា​កម្លាំង​ចលករ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម។

យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​បញ្ហា​សង្គម គឺ​លោក កែម ឡី បាន​ពន្យល់​ចំពោះ​បញ្ហា​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​របស់​ប្រជាពលរដ្ឋ​នោះ​ថា ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​សង្គម​រីក​ចម្រើន ប្រសិន​បើ​គេ​គ្រប់គ្រង​វា​ឲ្យ​បាន​ល្អ៖ «រដ្ឋាភិបាល​យើង​មិន​ដែល​វិនិយោគ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការងារ​ជួយ​ពលករ​ទេ។ តែ​រដ្ឋាភិបាល​ថៃ គេ​វិនិយោគ​លើ​បញ្ហា​នេះ។ គេ​ផ្ដល់​ថវិកា​ឲ្យ​បណ្ដាញ​អង្គការ​នៅ​ម៉ាឡេ ដើម្បី​ស្រង់​ស្ថិតិ​ពលករ​គេ​នៅ​ម៉ាឡេ ដើម្បី​អប់រំ​ផ្សព្វផ្សាយ ហើយ​គេ​បញ្ចូល​បុគ្គលិក​ថៃ ទៅ​ក្នុង​បណ្ដាញ​នោះ ដើម្បី​ការពារ​ជន​ចំណាក​ស្រុក​គេ។ ចំណែក​យើង អត់​មាន​អី​សោះ ហើយ​ខ្ញុំ​បាន​សួរ​ទៅ​ស្ថានទូត គាត់​មិន​ទាំង​ស្គាល់​បណ្ដាញ​អង្គការ​ម៉ាឡេស៊ាន​ខោនស៊ី នោះ​ផង»

តួលេខ​ផ្លូវ​ការ​របស់​រដ្ឋាភិបាល បាន​បង្ហាញ​ថា គិត​ត្រឹម​ដើម​ឆ្នាំ​២០១១ ពលករ​ដែល​កំពុង​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​ប្រទេស​ក្រៅ មាន​ជាង ១​សែន ៣​ម៉ឺន (១៣៦.៩៥៨​នាក់) ដោយ​បាន​ទទួល​ចំណូល​ប្រាក់​ឈ្នួល​ជា​មធ្យម​ប្រមាណ ៤០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។