អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនគ្រោងដុតបំផ្លាញគ្រឿងញៀនជិត ៦តោន (៥,៧តោន) នៅថ្ងៃទី២៨ ខែមិថុនា ក្នុងឱកាសប្រារព្ធទិវាប្រឆាំងគ្រឿងញៀន។ មន្ត្រីសិទ្ធិមនុស្សរិះគន់ថា ការណ៍ដែលគ្រឿងញៀនបន្តហូរចូលកម្ពុជាច្រើនសន្ធឹកសន្ធាប់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីភាពទន់ខ្សោយរបស់រដ្ឋាភិបាល និងគ្មានការស៊ើបអង្កេតលើមេខ្លោងធំៗមកដាក់ទោសតាមច្បាប់។
ក្រសួងមហាផ្ទៃនឹងលើកថ្ងៃរៀបចំពិធីដុតបំផ្លាញគ្រឿងញៀនទៅថ្ងៃទី២៨ ខែមិថុនា ជំនួសថ្ងៃទិវាប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ មិថុនា។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធិ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែមិថុនាថា លោកទទួលស្គាល់ករណីសមត្ថកិច្ចកម្ពុជាមានចន្លោះប្រហោងមួយចំនួន ដែលជាហេតុធ្វើឱ្យក្រុមឧក្រិដ្ឋជនមួយចំនួនអាចដឹកជញ្ជូនគ្រឿងញៀន និងសារធាតុញៀនពាក់ព័ន្ធដើម្បីយកមកផលិតនៅកម្ពុជា។ ទោះបីជាយ៉ាងណា លោកបដិសេធរាល់ការចោទប្រកាន់ថា មន្ត្រីអាជ្ញាធរក្នុងជួររដ្ឋាភិបាលមួយចំនួនមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ដើម្បីកាងក្រុមឧក្រិដ្ឋជនធំៗដែលដឹកគ្រឿងញៀនចូលកម្ពុជានាពេលកន្លងមក។
លោក មាស វិរិទ្ធិ៖ «នៅក្នុងស្រុកយើងភាគច្រើន ពាក់ព័ន្ធទាំងកម្ពុជា ទាំងជនបរទេសឆ្លងដែនសកម្មភាពស្របច្បាប់ និងអាចមិនស្របច្បាប់។ ប៉ុន្តែ ក៏មានជនបរទេសដែរ ព្រោះក្រុមឧក្រិដ្ឋជនគ្រឿងញៀន ក្រុមឧក្រិដ្ឋជនមានអង្គការចាត់តាំងពីអន្តរជាតិមានប្រទេសជិតខាង មានប្រទេសចម្ងាយឱ្យតែមេខ្លោងរបស់ពួកគេបញ្ជា ឬគេលួចលាក់លបលួចធ្វើសកម្មភាពនៅស្រុកយើងក្រោមរូបភាពផ្សេងៗតាមការឆ្លងដែនធ្វើការដឹកជញ្ជូន ជួញដូរ ការផលិត កែច្នៃផលិតជាដើម»។
កាលពីឆ្នាំ២០២២ កន្លងទៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរឹបអូសបានគ្រឿងញៀនជាង ១៦តោន និងឃាត់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀនជាង ១ម៉ឺន ៤ពាន់នាក់ (១៤.៧៨៤) ក្នុងនោះមានជនបរទេសជាង ២រយ (២៥៩)នាក់ មាន ៩សញ្ជាតិ។ របាយការណ៍របស់មន្ត្រីអាជ្ញាធរជំនាញបង្ហាញទៀតថា ក្នុងចំណោមការបង្ក្រាបជាង ៦ពាន់ករណី (៦.២៩០) រកឃើញមានការជួញដូរជាង ៣ពាន់ករណី (៣.០៩៧) ផលិតរក្សាទុកជាង ១ពាន់ករណី (១.១០៤) និងអ្នកប្រើប្រាស់គ្រឿងញៀនជាង ២ពាន់ករណី (២.០៤៥)។ ដោយឡែករយៈពេល ៥ខែដើមឆ្នាំ២០២៣ នេះវិញអាជ្ញាធររឹបអូសបានគ្រឿងញៀនជិត ១តោន។
តួលេខគ្រឿងញៀនហក់ដល់ចំនួនរាប់រយតោនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើតាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា ដោយសារតែក្រុមឧក្រិដ្ឋជនចិនមួយចំនួន និងជនបរទេសផ្សេងទៀតមានអង្គការចាត់តាំងនៅក្រៅប្រទេស ដែលពួកគេធ្វើសកម្មភាពដឹកជញ្ជូនសារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធ ដើម្បីយកផលិតនៅកម្ពុជាក្រោមរូបភាពវិនិយោគផ្នែកសិប្បកម្ម។
ចាប់តាំងពីចុងឆ្នាំ២០២១ មក អាជ្ញាធរបិទរោងចក្រសិប្បកម្មមួយចំនួនដូចជាខេត្តកំពង់ស្ពឺ ព្រៃវែង ស្វាយរៀង កណ្ដាល ខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ ក្រោយពីរកឃើញមានក្រុមឈ្មួញជនជាតិចិនមួយចំនួនលួចផលិតគ្រឿងញៀនទ្រង់ទ្រាយធំ។ លើសពីនេះ ពេលសមត្ថកិច្ចចុះបង្ក្រាបម្ដងៗ ក្នុងឃ្លាំងរោងចក្រក្រុមឈ្មួញមានផ្ទុកសារធាតុរំលាយចម្រុះ គ្រឿងញៀន និងសារធាតុគីមីផ្សេងទៀតរាប់រយតោន។
មន្ត្រីសង្គមស៊ីវិលព្រួយបារម្ភចំពោះការកើនឡើងនៃលំហូរចូលគ្រឿងញៀនចូលកម្ពុជាដែលធ្វើឱ្យប៉ះពាល់កិត្តិយសប្រជាជាតិ និងគំរាមកំហែងដល់ប្រជាពលរដ្ឋ ជាពិសេសក្រុមយុវជនជំនាន់ក្រោយ។
ប្រធានអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា មានប្រសាសន៍ថា ការចរាចរគ្រឿងញៀនធំៗនៅកម្ពុជាពុំមានអ្នកណាដឹងច្បាស់ក្រៅពីមន្ត្រីអាជ្ញាធរជំនាញនោះទេ ហើយលោកបដិសេធចំពោះមន្ត្រីរដ្ឋាភិបាលដែលលើកឡើងថា ករណីគ្រឿងញៀនខ្លះពុំមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាមួយអ្នកមានអំណាច។ លោកថា រដ្ឋាភិបាលអាចដោះស្រាយបញ្ហានៃលំហូរគ្រឿងញៀន លុះត្រាតែរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដស៊ើបអង្កេតរកមេខ្លោងធំៗ និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពលើក្រុមឧក្រិដ្ឋជន។
លោក រស់ សុដ្ឋា៖ «ខ្ញុំនៅតែមានការព្រួយបារម្ភចំពោះសីលធម៌របស់អាជ្ញាធរក្នុងស្ថានភាពនៃការការពារអំណាចនយោបាយនេះ ខ្លាចពួកគាត់ប្រើប្រាស់ឱកាស ឬក៏ធ្វើជាត្រីងៀតឆ្លៀតពងក្នុងការចរាចរគ្រឿងញៀនទាំងនេះ ដែលជាហេតុធ្វើឱ្យបញ្ហាគ្រឿងញៀននេះមិនទាន់អាចគ្រប់គ្រងល្អប្រសើរ»។
ជារឿយៗ ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការអនុវត្តច្បាប់លើក្រុមឧក្រិដ្ឋជនដែលប៉ុនប៉ងយកកម្ពុជាធ្វើជាកន្លែងផលិត និងជួញដូរគ្រឿងញៀន។ ទោះជាយ៉ាងណា បទបញ្ជារបស់លោក ហាក់ពុំមានប្រសិទ្ធភាពនោះឡើយ។ ជាក់ស្ដែងកន្លងមក តុលាការ បានដោះលែង បងប្រុសរបស់ឧកញ៉ា គិត ម៉េង និងជាម្ចាស់ក្លឹបកម្សាន្តរ៉ក (ROCK) ឧកញ៉ា គិត ធាង ដែលជាប់ចោទក្នុងសំណុំរឿងគ្រឿងញៀនជិត ៥០គីឡូក្រាមនោះ ត្រូវបានសាលាឧទ្ធរណ៍ សម្រេចដោះលែងដោយស្ងាត់ៗជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
