មេបញ្ជាការវរការពារព្រំដែន១០១ រងការចោទថា ជំរិតទារប្រាក់ពលរដ្ឋពេលចូលព្រៃអារឈើធ្វើលំនៅឋាន។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីអ្នកភូមិមួយគ្រួសារ បានស្នើសុំលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ដើម្បីចូលព្រៃអារឈើធ្វើលំនៅឋានជាលក្ខណៈគ្រួសារ ត្រូវទាហានការពារព្រំដែនឃាត់ និងរឹបអូសម៉ាស៊ីនអារឈើពួកគាត់។
ពលរដ្ឋមួយគ្រួសារជាជនជាតិដើមភាគតិចខិះ រស់នៅភូមិខិះក្រោម នៃឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កំពុងស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ បន្ទាប់ពីគ្រួសារគាត់ត្រូវមេបញ្ជាការវរការពារព្រំដែន១០១ ឈ្មោះ ប៉េង ហៅ តាប៉េង រឹបអូសម៉ាស៊ីនអារឈើរបស់គាត់កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៥។
ជនជាតិដើមភាគតិចរស់នៅភូមិខិះក្រោម ជិតព្រំដែនកម្ពុជា-ឡាវ លោក ទា សន រៀបរាប់ថា គ្រួសារលោកមានជីវភាពក្រីក្រពុំមានផ្ទះសម្បែង បានដាក់ពាក្យស្នើសុំអារឈើក្នុងព្រៃធ្វើលំនៅឋានមួយខ្នង ទៅអាជ្ញាធរភូមិ-ឃុំ អាជ្ញាធរស្រុក និងរដ្ឋបាលព្រៃឈើ កាលពីចុងខែវិច្ឆិកា។ បន្ទាប់ពីដាក់ពាក្យស្នើសុំ អាជ្ញាធរបានអនុញ្ញាតឲ្យគ្រួសារលោកអារឈើក្នុងព្រៃធ្វើផ្ទះ តែត្រូវកម្លាំងយោធាមកពីវរការពារព្រំដែន១០១ ចំនួន ៦នាក់ មានអាវុធគ្រប់ដៃ ឃាត់ត្រង់សឺន័ររបស់ពួកគាត់ទុក។ លោកថា មេបញ្ជាការវរការពារព្រំដែន១០១ ដែលគេស្គាល់ឈ្មោះហៅក្រៅថា ប៉េង បានជំរិតទារប្រាក់ពួកគាត់ចំនួន ៥០ម៉ឺនរៀល ដើម្បីជាថ្នូរនៃការប្រគល់ម៉ាស៊ីនត្រង់សឺន័រវិញ តែលោកបដិសេធ ព្រោះពុំមានប្រាក់បង់។ លោកកត់សម្គាល់ថា កន្លងមក ករណីទាហានជំរិតទារប្រាក់នោះ ក៏មានអ្នកភូមិជាច្រើនមានបញ្ហានេះដែរ៖ «សុំច្បាប់មេឃុំមេភូមិស្រួលបួល មកចាប់ម៉ាស៊ីនដូចអយុត្តិធម៌ គាបសង្កត់យកលុយហើយ ៥០ម៉ឺន។ ផ្តល់ដល់រដ្ឋាភិបាលខ្លះមើល ថ្នាក់លើអើយ ចៅក៏ខ្លាំងសម្បើមម្ល៉េះ ប្រជារាស្ត្រខ្ញុំរស់នៅរបៀបម៉េច»។
លោក ទា សន បន្តទៀតថា លោក និងឪពុករបស់លោក កំពុងអារឈើក្នុងព្រៃត្រង់ចំណុចអូរក្ដូច មានកម្មកររបស់ក្រុមហ៊ុន ទ្រី ភាព បានប្រាប់លោកថា ឲ្យបញ្ឈប់អារឈើបន្ទាន់ ព្រោះព្រៃឈើនៅតំបន់អូរក្ដូច អូរគោល និងអូរត្រាច គឺបុគ្គលិកក្រុមហ៊ុន ទ្រី ភាព បានបង់ប្រាក់ទៅមន្ត្រីពាក់ព័ន្ធអស់ច្រើន ដើម្បីត្រៀមអារឈើតំបន់នេះ៖ «ក្រុមហ៊ុនគេអារបាន គេថាគេមានច្បាប់ហើយ យើងមានច្បាប់ពីភូមិពីឃុំ គេអត់យកភ្នែកមើលផង។ បើនិយាយធ្វើទុក្ខបុកម្នេញ ពួកវាគាបសង្កត់ទារយកប្រាក់តាមផ្លូវតាមអី»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេបញ្ជាការវរការពារព្រំដែន១០១ លោក ប៉េង ហៅ តាប៉េង ដើម្បីសុំការបំភ្លឺករណីចោទប្រកាន់នេះបានទេ នៅថ្ងៃទី២១ ធ្នូ។
មេឃុំព្រែកមាស លោក ផួង លុន ទទួលស្គាល់ថា ការចាប់ម៉ាស៊ីនអារឈើរបស់អ្នកភូមិដោយទាហានវរការពារព្រំដែន១០១ ថាជាករណីខុសនីតិវិធី ព្រោះអ្នកភូមិពុំមានលំនៅឋានបានដាក់ពាក្យស្នើសុំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរដ្ឋបាលព្រៃឈើ។ លោកកត់សម្គាល់ថា បន្ទាប់ពីកើតមានករណីនេះ លោកបានអន្តរាគមន៍ទៅមេបញ្ជាការវរការពារព្រំដែន១០១ ដើម្បីប្រគល់ម៉ាស៊ីនអារឈើជូនអ្នកភូមិវិញ តែគេបដិសេធ៖ «ចំពោះឃុំ និងស្រុកគេអធ្យាស្រ័យតើ! ចំណែករដ្ឋបាលព្រៃឈើគេអនុលោមឲ្យដូចគ្នាដែរ។ មិនទាន់មានផ្ទះនៅ គាត់មិនទាន់មានផ្ទះនៅពិតប្រាកដ»។
ភូមិខិះក្រោម នៃឃុំព្រែកមាស ស្រុកសៀមប៉ាង ឋិតនៅទិសខាងកើតឆៀងខាងជើងពីទីរួមខេត្តស្ទឹងត្រែង ឆ្ងាយពីទីរួមខេត្តជាង ៨០គីឡូម៉ែត្រ។ ឃុំនេះមានពលរដ្ឋរស់នៅជាង ៧០០គ្រួសារ ស្មើនឹងពលរដ្ឋជិត ៤ពាន់នាក់។ ពលរដ្ឋរស់នៅទីនោះ ភាគច្រើនជាជនជាតិដើមភាគតិច ដូចជា ខិះ កាវែត និងជនជាតិភាគតិចឡាវ។ អ្នកភូមិអះអាងថា ព្រៃឈើនៅតំបន់នោះ លាតសន្ធឹងជាប់ប្រទេសឡាវ រាប់ម៉ឺនហិកតារ ក៏កំពុងរងហានិភ័យ ដោយក្រុមហ៊ុន ទ្រី ភាព និងឈ្មួញដែរ។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល កត់សម្គាល់ថា ករណីជំរិតទារប្រាក់នេះ ពុំមែនជារឿងថ្មីឡើយ។ លោកថា ការទារលុយនេះ ស្ទើរជាទម្លាប់របស់សមត្ថកិច្ចនៅតំបន់នោះទៅហើយ។ លោកបន្តថា ការយកកម្លាំងប្រដាប់អាវុធដើម្បីជំរិតទារប្រាក់ពីពលរដ្ឋ គឺជាការរំលោភសិទ្ធិមនុស្ស និងជាអំពើពុករលួយ ហើយប៉ះពាល់ជីវភាពរស់នៅរបស់អ្នកភូមិ៖ «ជាថ្នូរនៃការយកលុយ ហើយដោះលែង អាហ្នឹងវាចូលទៅក្នុងករណីពុករលួយហើយ អាហ្នឹងអាជ្ញាធរខេត្ត ឬក៏អភិបាលខេត្ត គួរតែពិនិត្យលើចំណុចហ្នឹងផង»។
កាលពីខែសីហា ឆ្នាំ២០១៥ ទាហាន និងសមត្ថកិច្ចស្រុកសៀមប៉ាង បានអាររំលំសរសេរផ្ទះអ្នកភូមិចំនួន ៨គ្រួសារ ឋិតនៅឃុំព្រែកមាស ស្រុកសៀមប៉ាង ជាប់ព្រំដែនកម្ពុជា-ឡាវ។ ការរំលំនេះ សមត្ថកិច្ចចោទថា អ្នកភូមិមកសង់ផ្ទះលើដីរបស់រដ្ឋដោយខុសច្បាប់។ ចំណែកមន្ត្រីសង្គមស៊ីវិល ធ្លាប់ស្នើឲ្យអាជ្ញាធរលើកទឹកចិត្តដល់ពលរដ្ឋរស់នៅជិតព្រំដែន ដើម្បីជាភ្នែកច្រមុះក្នុងការការពារព្រំដែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
