ពលរដ្ឋ​នៅ​ព្រំដែន​កម្ពុជា​ថៃ​បារម្ភ​បាត់​ដី​ដូច​បាត់​ទៅ​វៀតណាម

ប្រជាពលរដ្ឋ​ខ្មែរ និង​សកម្មជន​ព្រំដែន​មួយ​ចំនួន​កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ទឹកដី​មួយ​ផ្នែក​ទៀត ទៅ​ឲ្យ​ប្រទេស​ថៃ ដូច​ករណី​ដែល​អ្នក​ស្រុក​ចោទ​ថា បាត់​ដី​ទៅ​ឲ្យ​ប្រទេស​វៀតណាម ចំពោះ​ផែនការ​កំណត់​បង្គោល​ព្រំដែន​គោក​ជាមួយ​ប្រទេស​ថៃ នា​ពេល​ខាង​មុខ។
ដោយ ដែន អយុធ្យា
2013-03-22
Share
បង្គោល​លេខ​១៧ ព្រំដែន​ខ្មែរ​ថៃ ៣០៥ ២០-កុម្ភៈ-២០១៣៖ បង្គោល​លេខ​១៧ ធ្វើ​ពី​ស៊ីម៉ង់ នៅ​ចំណុច​ភ្នំ​ប៉ោយ លើ​ភ្នំ​ដងរែក ខេត្ត​ឧត្តរមានជ័យ ត្រូវ​គេ​រំកិល​ចូល​ដី​ខ្មែរ​ប្រហែល​ជិត​កន្លះ​គីឡូម៉ែត្រ​ពី​ព្រំប្រទល់​ចាស់ ក្នុង​សម័យ​អាណានិគម​និយម​បារាំង ដែល​ត្រួតត្រា​ប្រទេស​កម្ពុជា។
RFA/Morm Moniroth

ការ​ព្រួយ​បារម្ភ​នេះ កើត​មាន​បន្ទាប់​ពី​សកម្មភាព​បោះ​កំណត់​ព្រំដែន​គោក​រវាង​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម កន្លង​មក នាំ​ឲ្យ​បាត់​បង់​ដី​កសិកម្ម​កសិករ​ខ្មែរ​តាម​បន្ទាត់​ព្រំដែន​អស់​ជាច្រើន​ហិកតារ​ទៅ​ឲ្យ​វៀតណាម រួច​មក។

តើ​កង្វល់ និង​ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ​រស់​តាម​ព្រំដែន​កម្ពុជា-ថៃ មាន​ទំហំ​ប៉ុណ្ណា ហើយ​ពួក​គាត់​បាន​ជួប​បញ្ហា​អ្វី​ចំពោះ​រឿង​នេះ?

មិន​មែន​មាន​តែ​ប្រជា​កសិករ​មាន​លំនៅឋាន​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ទេ ដែល​បារម្ភ​ពី​ការ​បាត់​បង់​ដី​ធ្លាប់​បង្កបង្កើនផល​ទៅ​ប្រទេស​ជិត​ខាង ដោយសារ​ផែន​ការ​កំណត់​ព្រំដែន​គោក​របស់​រដ្ឋាភិបាល​នោះ​ទេ ដោយ​ឡែក​ពលរដ្ឋ​មាន​លំនៅឋាន​ជាប់​ព្រំដែន​កម្ពុជា-ថៃ ក៏​ព្រួយ​បារម្ភ​រឿង​នេះ​ដែរ។

ក្តី​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ​ទាំង​នោះ មាន​ដូច​ជា នៅ​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន ជាដើម។ ពួក​គេ​មើល​ឃើញ​ថា សព្វថ្ងៃ​នេះ​ទឹកដី​ខ្មែរ​តាម​បន្ទាត់​ព្រំដែន​មួយ​ផ្នែក ដែល​ធ្លាប់​គ្រប់គ្រង​ដោយ​អតីត​កងទ័ព​ខ្មែរ​ក្រហម រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ និង​រណសិរ្ស​ហ៊្វុនស៊ិនប៉ិច ត្រូវ​ថៃ កាន់​កាប់​ស្ទើរ​ទាំង​ស្រុង។ ជាង​នេះ​ទៀត រដ្ឋាភិបាល​ក្រុង​បាងកក បាន​យក​បង្គោល​ថ្ម​ជាច្រើន​បង្គោល​មក​កប់​តាម​ព្រំដែន​ជា​ឯកតោ​ភាគី​ថែម​ទៀត។

បង្គោល​ទាំង​នោះ​មាន​នៅ​ស្រុក​បន្ទាយអំពិល តាម​ជួរ​ភ្នំ​ដងរែក នៅ​ក្រុង​សំរោង ម្តុំ​ច្រក​ព្រំដែន​អូស្មាច់ នៅ​ម្តុំ​ច្រក​ជាំសាងុំា ស្រុក​អន្លង់វែង នៅ​ព្រំដែន​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ និង​នៅ​ខេត្ត​ប៉ៃលិន ក្នុង​សង្កាត់​បរយ៉ាខា ជាដើម។ ទង្វើ និង​សកម្មភាព​នេះ មិន​មាន​ប្រតិកម្ម​ពី​រដ្ឋាភិបាល ឬ​អាជ្ញាធរ​មូលដ្ឋាន​ទេ។ ហេតុ​ដូច្នេះ ផែន​ការ​រុករក ឬ​កំណត់​បង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា និង​ថៃ នា​ថ្ងៃ​អនាគត ទំនង​ជា​រដ្ឋាភិបាល​មិន​អាច​ថែ​រក្សា ឬ​ការពារ​ទឹកដី​ខ្លួន​បាន​ទេ។

និយាយ​ឲ្យ​ចំ​ទៅ រឿង​នេះ​ទំនង​ជា​រដ្ឋាភិបាល​មិន​ហ៊ាន​ចេញ​មុខ​ប្រឈម​ជាមួយ​ថៃ ឬ​ខ្លាច​ថៃ ក៏​ថា​បាន ព្រោះ​កន្លង​មក រដ្ឋាភិបាល​បាន​ដឹង​ច្បាស់​ថា ថៃ បាន​ពង្រាយ​កងទ័ព​ចូល​ឈរ​ជើង​ក្នុង​ទឹក​ដី​ខ្មែរ​តាម​ព្រំដែន​ខ្លះ តែ​រដ្ឋាភិបាល​គ្មាន​ប្រតិកម្ម​ជា​ដុំ​កំភួន​ទេ គឺ​បាន​ប្រកាន់​ជំហរ​សម្របសម្រួល​ទៅ​តាម​ការ​ទាមទារ​របស់​ថៃ ជា​ដរាប។

កត្តា​ទាំង​នេះ​ហើយ នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់​តាម​ព្រំដែន​កម្ពុជា-ថៃ ព្រួយ​បារម្ភ​ខ្លាច​រដ្ឋាភិបាល​មិន​អាច​ការពារ​ទឹកដី​របស់​ខ្លួន​បាន​នា​ថ្ងៃ​អនាគត ព្រោះ​គេ​គិត​ថា សកម្មភាព​រុករក​បង្គោល ឬ​ផែន​ការ​បោះ​កំណត់​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ មិន​ទាន់​ដំណើរ​ការ​ផង កងទ័ព​ថៃ បាន​រុល​ចូល​ទឹកដី​ខ្មែរ​តាម​តំបន់​មួយ​ចំនួន​ទៅ​ហើយ​នោះ។

ការ​ដែល​ទាហាន​ថៃ បាន​រំលោភ​ចូល​ឈរ​ជើង​ក្នុង​វត្ត​កែវសិក្ខាគីរីស្វារៈ ខេត្ត​ព្រះវិហារ ប្រាសាទ​តា​មាន់ ខេត្ត​ឧត្តរមានជ័យ ឬ​តាម​ព្រំដែន​នានា​នៃ​ជួរ​ភ្នំ​ដងរែក ជាដើម គឺ​ជា​ឧទាហរណ៍​ខ្លះ​នៃ​សកម្មភាព​រុល​ចូល​ទឹកដី​ខ្មែរ​ពី​សំណាក់​ប្រទេស​ថៃ។

យ៉ាង​ណា​ក៏ដោយ ផែនការ​រុករក​បង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា-ថៃ រដ្ឋាភិបាល​ប្រទេស​ទាំង​២ បាន​ព្រមព្រៀង​យក​តាម​បង្គោល​ព្រំដែន​ដែល​មាន​ស្រាប់ និង​ទទួល​ស្គាល់​ដោយ​អាណាព្យាបាល​បារាំង ក្រោយ​ឆ្នាំ​១៩០៤ ចំនួន ៧៣​បង្គោល។ រឿង​នេះ រដ្ឋាភិបាល​បាន​ព្រលយ​ថា គ្មាន​នរណា​ទៅ​ឆោត​ល្ងង់​បោះ​បង្គោល​ព្រំដែន​នាំ​ឲ្យ​បាត់​បង់​ទឹកដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​ទេ។ ប៉ុន្តែ​ការ​ពិត វា​ខុស​ពី​ការ​អះអាង​នេះ។ ដី​ខ្មែរ​មួយ​ភាគ​ដែល​ពី​មុន​ជា​កម្មសិទ្ធិ​ខ្មែរ គ្រប់គ្រង​ដោយ​អតីត​អ្នក​តស៊ូ​ជាយ​ដែន ពេល​នេះ​ត្រូវ​ថៃ កាន់​កាប់​ស្ទើរ​ទាំង​ស្រុង។

បន្ថែម​លើ​នេះ ទាហាន​ថៃ ថែម​ទាំង​បាន​មក​ហាម​ពលរដ្ឋ​ខ្មែរ​តាម​ព្រំដែន មិន​ឲ្យ​ដាំ​ដំណាំ ឬ​សង់​ផ្ទះ​លើ​ដី​ធ្លាប់​រស់នៅ​ថែម​ទៀត មាន​ដូច​នៅ​ម្តុំ​ច្រក​ជាំសាងុំា ស្រុក​អូស្មាច់ ឬ​ច្រក​ជប់គគីរ ក្នុង​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ ជាដើម គឺ​ទាហាន​ថៃ តែង​មក​គំរាម​រារាំង​មិន​ឲ្យ​ពលរដ្ឋ​សង់​លំនៅឋាន ឬ​ដាំ​ដំណាំ​កសិកម្ម​លើ​ដី​ចម្ការ​របស់​ខ្លួន​ទេ។ ហើយ​រឿង​នេះ សូម្បី​រដ្ឋាភិបាល ឬ​សមត្ថកិច្ច​ប្រចាំ​ការ​នៅ​ច្រក​ព្រំដែន​កម្ពុជា-ថៃ ដែល​ចង់​សង់​ប៉ុស្តិ៍​ធ្វើ​ការ ឬ​ស្ថាបនា​ផ្លូវ ក៏​ត្រូវ​ថៃ គំរាម​ដែរ ប៉ុន្តែ​បើ​ថៃ វិញ គេ​ចង់​ធ្វើ​អី​ស្រេច​ចិត្ត​គេ​ចង់​ធ្វើ មាន​ដូច​ជា ថៃ បាន​ហាម​ខ្មែរ​មិន​ឲ្យ​ស្ថាបនា​ផ្លូវ​ឡើង​លើ​ប្រាសាទ​ព្រះវិហារ កាត់​មុខ​គោបុរៈ​ទី៥ ឬ​ថៃ ហាម​មិន​ឲ្យ​សង់​ប៉ុស្តិ៍​ច្រក​ជាំសាងុំា ជាដើម។ រីឯ​ភាគី​ថៃ វិញ គេ​អាច​ធ្វើ​សកម្មភាព​អ្វី​ក៏​បាន ដោយ​មិន​ចាំបាច់​សួរ​នាំ​រដ្ឋាភិបាល ឬ​សមត្ថកិច្ច​ខ្មែរ​ឡើយ។

ទង្វើ​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ថៃ មាន​មហិច្ឆតា​លេប​ត្របាក់​ទឹក​ដី​ខ្មែរ មិន​ថា​ពី​អតីតកាល ឬ​បច្ចុប្បន្ន​នោះ​ទេ។ មហិច្ឆតា​នេះ អាច​នឹង​បន្ត​កើត​មាន​នា​អនាគត​ទៀត បើ​ខ្មែរ​ទន់​ជ្រាយ ឬ​ក៏​ប្រកាន់​ជំហរ​ដូច​រាល់​ថ្ងៃ​ទៀត​នោះ។

ត្រង់​ចំណុច​នេះ សំណួរ​សួរ​ថា តើ​នៅ​ថ្ងៃ​អនាគត ផែន​ការ​រុករក ឬ​កំណត់​បង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា-ថៃ រដ្ឋាភិបាល​អាច​ការពារ​បូរណភាព​ទឹកដី​ខ្លួន​បាន​គង់វង្ស​ទេ?

ផ្អែក​ទៅ​លើ​ព្រឹត្តិការណ៍​ទាំង​នេះ ប្រសិន​រដ្ឋាភិបាល​មាន​ជំហរ និង​គោល​នយោបាយ​តឹងរ៉ឹង​ចំពោះ​អធិបតីភាព និង​បូរណភាព​ទឹកដី​ជាមួយ​ប្រទេស​ជិត​ខាង ស្រដៀង​នឹង​ការ​ដែល​រដ្ឋាភិបាល​តែង​ប្រតិកម្ម​ប្រឆាំង​អ្នក​នយោបាយ​ខ្មែរ កសិករ ឬ​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នោះ មាន​ន័យ​ថា ប្រទេស​កម្ពុជា ទំនង​ជា​នឹង​មិន​បាត់​បង់​ទឹក​ដី​បន្ថែម​ទៀត​ទៅ​ឲ្យ​ខាង​ថៃ ទេ។

ជា​ការ​ពិត រឿង​នេះ​ដរាប​ណា​រដ្ឋាភិបាល​ប្រកាន់​ជំហរ​សម្របសម្រួល ឬ​ចរចា​ទៅ​តាម​អ្វី​ដែល​ភាគី​ថៃ ទាមទារ​ជា​រហូត​នោះ គេ​ជឿ​ថា ទៅ​ថ្ងៃ​អនាគត ថៃ អាច​នឹង​នៅ​តែ​បន្ត​ឈ្លាន​ពាន​ដី​ខ្មែរ​ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល