អាជ្ញាធរ​ខ្មែរ និង​ចិន​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​ប្រកាស​ឱ្យ​ជួយ​សង្គ្រោះ​ពី​ការ​រំលោភ​បំពាន​ក្នុង​ប្រទេស​ចិន

ដោយ សុជីវី
2020.12.02
អាជ្ញាធរ​ខ្មែរ និង​ចិន​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​ប្រកាស​ឱ្យ​ជួយ​សង្គ្រោះ​ពី​ការ​រំលោភ​បំពាន​ក្នុង​ប្រទេស​ចិន ស្ត្រី​ខ្មែរ​ម្នាក់ ដែល​ប្រកាស​រក​ជំនួយ​សង្គ្រោះ​ចេញ​ពី​ការ​រំលោភ​បំពាន​ នៅ​ក្នុង​ប្រទេស​ចិន
រូប៖ ហ្វេសប៊ុក​អគ្គស្នងការនគរបាល​ជាតិ

អាជ្ញាធរ​កម្ពុជា​កំពុង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ប្រទេស​ចិន ដើម្បី​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ ដែល​ជួប​ការ​រំលោភ​បំពាន​នៅ​ក្នុង​ប្រទេស​ចិន ឱ្យ​បាន​វិល​ត្រឡប់​មក​ដល់ស្រុក​កំណើត​នៅ​​ប្រទេស​កម្ពុជា​វិញ។

អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​លោក កុយ គួង បាន​ប្រាប់​អាស៊ី​សេរី​តាម​បណ្ដាញ​តេលេក្រាម (Telegram) កាល​ពី​យប់​ថ្ងៃ​ទី១ ខែធ្នូ​ថា ស្ថានទូត និង​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន​កំពុង​ធ្វើការ​ជាមួយ​អាជ្ញាធរ​ចិន ដើម្បី​ជួយ​សង្គ្រោះ​នារី​ម្នាក់ ដែល​ប្រកាស​រក​ជំនួយ​សង្គ្រោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថ្មីៗ នេះ​ឱ្យ​បាន​ឆាប់​តាម ដែល​អាច​ធ្វើ​ទៅ​បាន។

ស្រ្តី​ខ្មែរ​ម្នាក់​បាន​ប្រើ​ហ្វេសប៊ុក​ឈ្មោះ វាសនា​កូនស្រី​ទី៤ បាន​សរសេរ​សារ​បង្ហោះ​កាលពី​ថ្ងៃទី២៨ ខែ​វិច្ឆិកា អំពាវនាវ​រក​ការ​ជួយ​សង្គ្រោះ​រូប​នាង ព្រោះ​នាង​ត្រូវ​បង្ខាំង​ទុក​ក្នុង​ផ្ទះ បាត់បង់​សេរីភាព និង​រង​ការ​រំលោភ​បំពាន​ទាំង​រាងកាយ និង​ផ្លូវ​ភេទ។

ចំណែក​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ស្រង់​សម្ដី​របស់​ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន លោក ជីវ ផល្លី មក​ផ្សាយ​ថា​ មន្ត្រី​នគរបាល​ពាក់ព័ន្ធ​បាន​ស្រាវជ្រាវ​រក​ឃើញ​គ្រួសារ​របស់​ស្ត្រី​ខ្មែរ​រូប​នោះ​នៅ​ក្នុង​ខេត្ត​ក្រចេះ និង​កំពុង​ស្វែង​រក​មេ​ខ្យល់​ក្នុង​រឿង​នេះ។

ទាក់ទង​នឹង​ស្ត្រី​ខ្មែរ​ជួប​បញ្ហា​រំលោភ​បំពាន​ក្នុង​ប្រទេស​ចិន​នេះ​ដែរ ព័ត៌មាន​ពី​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ ឱ្យ​ដឹង​ដែរ​ថា​អាជ្ញាធរ​កម្ពុជា​ក៏​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ចិន​ជួយ​ស្ត្រី​ខ្មែរ​ម្នាក់​ទៀត ដែល​បាន​បង្ហោះ​សារ​សំឡេង​តាម​ហ្វេសប៊ុក​​ថា នាង​ត្រូវ​មេ​ខ្យល់​បោក​យក​ទៅ​លក់​នៅ​ប្រទេស​ចិន។ នាង​អំពាវនាវ​ដល់​អាជ្ញាធរ​ជួយ​នាង​ឱ្យ​បាន​មក​ស្រុក​កំណើត​នៅ​ក្នុង​ខេត្ត​ក្រចេះ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។