ស្នងការនគរបាលរាជធានីភ្នំពេញតាមចាប់ខ្លួនថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីពដែលជាបុគ្គលិកក្រុមហ៊ុនបនល្បែងណាហ្គា វើលដ៍(Naga World) ជាបន្តបន្ទាប់នៅយប់ឆ្លងឆ្នាំសាកល២០២១ -២០២២នេះ។
សកម្មជនសហជីពឲ្យដឹងថា សមត្ថកិច្ចបានដាក់កម្លាំង ៣ឡានចុះទៅព័ទ្ធចាប់ពួកគេដល់ទីស្នាក់ការសហជីព និងនៅកន្លែងតវ៉ាដោយសន្តិវិធី នៅខាងមុខអគារទី១ និងទី២នៃក្រុមហ៊ុនណាហ្គាវើលដ៍។
គិតត្រឹមម៉ោងប្រមាណ ១១ យប់ ថ្ងៃទី៣១ ធ្នូ សមត្ថកិច្ចចាប់ខ្លួនពួកគេបានចំនួន ៩នាក់ហើយ។ មន្ត្រីសហជីព និងក្រុមអង្គការសង្គមស៊ីវិលហៅការចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ចដែលចាប់ខ្លួនអ្នកតវ៉ារកដំណោះស្រាយការងារក្នុងក្រុមហ៊ុនណាហ្គាវើលដ៍(Naga World) ថា មានចេតនាដើម្បីបញ្ឈប់សកម្មភាពតវ៉ា ក្រោមរូបភាពគំរាមកំហែងមិនផ្ដល់ដំណោះស្រាយឲ្យពួកគេ។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ឲ្យដឹងថា ក្នុងចំណោមអ្នកត្រូវចាប់ខ្លួនទាំង៩នាក់នោះ មានសកម្មជនសហជីពដែលជាបុគ្គលិកក្រុមហ៊ុនចំនួន ៨នាក់ និងអគ្គលេខាធិការសហជីពកញ្ញា ឈឹម សុខន ម្នាក់ផង ពួកគេគឺជាស្ត្រីទាំងអស់។
កញ្ញា ឈឹម ស៊ីថរ យល់ថា ការចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធីបែបនេះ គឺជាការបន្ថែមភាពអយុត្តិធម៌លើក្រុមបុគ្គលិកនិងកម្មករ៖ « នេះគឺជារូបភាពនៃការគំរាមកំហែងមួយធ្ងន់ធ្ងរណាស់ពីខាងអាជ្ញាធរ។ មែនទែនទៅអាជ្ញាធរត្រូវធានាអំពីសិទ្ធិក្នុងការសម្ដែងមតិហើយនៅពេលដែលការតវ៉ាបញ្ហាដែលជាប់គាំងរវាងបុគ្គលិក និងក្រុមហ៊ុនដែលដោះស្រាយគ្នាមិនបានតាមនីតិវិធីច្បាប់ចុងក្រោយនៅពេលដែលបុគ្គលិកគាត់សម្រេចចិត្តថា ធ្វើកូដកម្មដើម្បីទាមទាររកដំណោះស្រាយឥឡូវថ្នាក់ដឹកនាំ និងសកម្មជនសហជីពដែលជាតំណាងនៅក្នុងការចរចា ដើម្បីដោះស្រាយបញ្ហាហ្នឹងបែរជាត្រូវបានចាប់ខ្លួន ទាំងកណ្ដាលយប់ហើយយើងអត់ដឹងថា បទចោទអីទៀត។ នេះគឺជាចេតនាមួយនៅក្នុងការ គំរាមកំហែងមួយដល់កម្មករនិយោជិកទាំងអស់កុំឲ្យធ្វើកូដកម្មតវ៉ាទៀត។ ចេតនាគឺលែងចង់ឲ្យមានសកម្មភាពតវ៉ា ក៏ប៉ុន្តែក្រោមរូបភាពគំរាមកំហែង ចាប់ចង មិនមែនក្រោមរូបភាពរកដំណោះស្រាយឲ្យ»។
ក្នុងគ្រាចាប់ខ្លួនមន្ត្រីសហជីពនៅឯទីស្នាក់ការសហជីព នៅឯកន្លែងតវ៉ាខាងមុខអាគារទី២នៃក្រុមហ៊ុនណាហ្គាវើលដ៍ ឯណោះវិញ មានការដាក់ពង្រាយកម្លាំងសមត្ថកិច្ចរាប់រយនាក់ ហើយបានប្រវាយ និងចាប់ខ្លួន សកម្មជនសហជីពម្នាក់ គឺកញ្ញាទូច សេរីមាស បើទោះជាកូដករស្រាក់ដៃគ្នា រារាំងមិនឲ្យសមត្ថកិច្ចចាប់ក៏ដោយ។
បុគ្គលិកផ្នែកកាស៊ីណូ កញ្ញា មៀច ស្រីអូន ថ្លែងថា អាជ្ញាធរបានប្រកាសប្រាប់ឲ្យពួកគេរំសាយ តែបែរជាសមត្ថកិច្ចរាប់រយនាក់ មានទាំងស្លៀកពាក់ឯកសណ្ឋាន និងស៊ីវិលផង មកឡោមព័ទ្ធ ចាប់ក្រុមកូដករទៅវិញ៖ « រំសាយហើយ តែប៉ូលិសគាត់អត់ទៅណាទេ គាត់នៅតាមចាប់តែម្ដង។ ពួកខ្ញុំនៅការពារគ្នាខ្ញុំដែលត្រូវប៉ូលិសដាក់មុខសញ្ញាតាមចាប់ហ្នឹង។ ភ័យខ្លាចខ្លាំងណាស់គាត់តែតស៊ូដើម្បីសិទ្ធិការងារនិងសិទ្ធិប្រជាពលរដ្ឋរស់នៅក្នុងប្រទេសសោះបែរជាក្រុមអាជ្ញាធរចាប់ប្រជាជនស្លូតត្រង់»។
ការចាប់ខ្លួននេះ ធ្វើឡើងក្នុងថ្ងៃទី១៤ នៃការជួបជុំតវ៉ារបស់ក្រុមកម្មករនិយោជិក ណាហ្គា វើលដ៍ (Naga World) ជាង១ពាន់នាក់ ទាមទារឲ្យខាងក្រុមហ៊ុនទទួលយកបុគ្គលិកជាង៣រយនាក់ចូលធ្វើវិញ ហើយកូដករប្រកាន់ជំហរថា នឹងធ្វើកូដកម្មដោយសន្តិវិធី នៅខាងមុខក្រុមហ៊ុន រហូតដល់ពេលយប់ឆ្លងចូលឆ្នាំថ្មី ឆ្នាំ២០២២ ទើបពួកបំបែកគ្នាទៅផ្ទះវិញ។
គិតត្រឹមម៉ោងប្រមាណ ១១ យប់ ថ្ងៃទី៣១ ធ្នូ ម្សិលមិញ សមត្ថកិច្ចចាប់ខ្លួនពួកគេបានចំនួន ៩នាក់ហើយ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមិនបង្ហាញដីកា និងបង្ហាញពីបទចោទពីរឿងអ្វីមួយនោះទេ។ ក៏ប៉ុន្តែមួយថ្ងៃមុនមានការចាប់ខ្លួននេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតចោទប្រកាន់កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គា វើលដ៍(Naga World) និងបុគ្គលិកណាហ្គាវើលដ៍ (Naga World) មួយចំនួនទៀត ថា បានធ្វើសកម្មភាពសម្ដែងមតិដោយខុសច្បាប់ ប៉ះពាល់ទ្រព្យសម្បត្តិសាធារណៈ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ និងសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន ជាពិសេសពុំបានចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺជុំវិញរឿងចាប់ខ្លួននេះ ពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បាននៅឡើយបានទេ នៅយប់ថ្ងៃទី៣១ ធ្នូ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ថា ការឃាត់ខ្លួនអ្នកតវ៉ាពេលនេះគឺមិនសមហេតុផលនោះទេ។ លោកថា អ្វីដែលសំខាន់នោះគឺអាជ្ញាធរពាក់ព័ន្ធជាមួយភាគីក្រុមហ៊ុនរួមទាំងបុគ្គលិកកម្មករដែលធ្វើកូដកម្មត្រូវជួបគ្នាស្វែងរកដំណោះស្រាយដោយតម្លាភាព និងយុត្តិធម៌ពីការទាមទារនេះ ដែលជាដំណោះស្រាយមួយ អាចទទួលយកបាន និងស្របទៅតាមច្បាប់ការងារ ច្បាប់ជាតិ អន្តរជាតិ៖ «ការឃាត់ខ្លួនការចាប់ខ្លួនដើម្បីបន្ទច់បង្អាក់ឬក៏បញ្ចប់នូវកូដកម្មខ្ញុំគិតថាក៏មិនអាចទៅរួចដែរ វាបង្កឲ្យមានបញ្ហានាំឲ្យមានការរិះគន់ធ្ងន់ធ្ងរបន្ថែមទៀតទាក់ទងនឹងថា កម្ពុជាយើងគេរិះគន់ថា ស្ថានភាពសិទ្ធិមនុស្សនៅតែធ្លាក់ចុះ មិនទាន់មានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់។ ឥឡូវនេះគេកំពុងរិះគន់ថា រើសអើងសហជីពនៅណាហ្គា វើលដ៍ ហ្នឹងទៀត អ៊ីចឹងដល់ចាប់ខ្លួនសមាជិកសហជីពទៀតកាន់តែមានការរិះគន់ថែមទៀត»។
ទាក់ទងរឿងនេះ អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃអង្គការសង់ត្រាល់ (Central) លោក ឃុន ថារ៉ូ ចាត់ទុកការផ្ដាច់កិច្ចសន្យាចំពោះបុគ្គលិកជាង៣រយនាក់ដោយក្រុមហ៊ុនណាហ្គាវើលដ៍នេះ ថាជាការរើសអើង និងរំលោភសិទ្ធិការងារសហជីពដែលត្រូវបានការពារដោយច្បាប់។ លោកស្នើឲ្យភាគីក្រុមហ៊ុនទទួលយកបុគ្គលិកជាង៣រយនាក់ ចូលធ្វើការវិញ ហើយបើកលំហសិទ្ធិសេរីភាពការងារដល់កម្មករទៅតាមច្បាប់។
រហូតដល់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១ មករា ឆ្នាំ២០២២ ក្រុមអ្នកតវ៉ាបានរំសាយទៅផ្ទះវិញ និងនៅមិនទាន់ដឹងថា បន្តជួបជុំតវ៉ាទៀតឬយ៉ាងណានៅឡើយទេ។ រីឯមន្ត្រីសិទ្ធិមនុស្សជាតិ និងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNOHCR) បន្តតាមដានឃ្លាំមើលដំណើរការចាប់ខ្លួនសហជីព និងបុគ្គលិកក្រុមហ៊ុនបនល្បែងនេះបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
