ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន​សហជីព និង​បុគ្គលិក​ណាហ្គា វើលដ៍ ៩​នាក់

0:00 / 0:00

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​តាម​ចាប់ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព និង​សកម្មជន​សហជីព​ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គា វើលដ៍​(Naga World) ជា​បន្តបន្ទាប់​នៅ​យប់​ឆ្លង​ឆ្នាំ​សាកល​២០២១ -២០២២​នេះ។

សកម្មជន​សហជីព​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ដាក់​កម្លាំង ៣​ឡាន​ចុះទៅ​ព័ទ្ធ​ចាប់​ពួកគេ​ដល់​ទីស្នាក់ការ​សហជីព និង​នៅ​កន្លែង​តវ៉ា​ដោយ​សន្តិវិធី នៅ​ខាង​មុខ​អគារ​ទី​១ និង​ទី​២​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។

គិត​ត្រឹម​ម៉ោង​ប្រមាណ ១១ យប់ ថ្ងៃទី​៣១ ធ្នូ សមត្ថកិច្ច​ចាប់ខ្លួន​ពួកគេ​បាន​ចំនួន ៩​នាក់​ហើយ។ មន្ត្រី​សហជីព និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ហៅ​ការ​ចំណាត់ការ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​ចាប់ខ្លួន​អ្នក​តវ៉ា​រក​ដំណោះស្រាយ​ការងារ​ក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​(Naga World) ថា មាន​ចេតនា​ដើម្បី​បញ្ឈប់​សកម្មភាព​តវ៉ា ក្រោម​រូបភាព​គំរាមកំហែង​មិន​ផ្ដល់​ដំណោះស្រាយ​ឲ្យ​ពួកគេ។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ឲ្យ​ដឹង​ថា ក្នុងចំណោម​អ្នក​ត្រូវ​ចាប់ខ្លួន​ទាំង​៩​នាក់​នោះ មាន​សកម្មជន​សហជីព​ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​ចំនួន ៨​នាក់ និង​អគ្គលេខាធិការ​សហជីព​កញ្ញា ឈឹម សុខន ម្នាក់​ផង ពួកគេ​គឺជា​ស្ត្រី​ទាំងអស់។

កញ្ញា ឈឹម ស៊ីថរ យល់​ថា ការ​ចាប់ខ្លួន​អ្នក​តវ៉ា​ដោយ​សន្តិវិធី​បែបនេះ គឺជា​ការ​បន្ថែម​ភាព​អយុត្តិធម៌​លើ​ក្រុម​បុគ្គលិក​និង​កម្មករ​៖ « នេះ​គឺជា​រូបភាព​នៃ​ការ​គំរាមកំហែង​មួយ​ធ្ងន់ធ្ងរ​ណាស់​ពី​ខាង​អាជ្ញាធរ​។ មែនទែន​ទៅ​អាជ្ញាធរ​ត្រូវ​ធានា​អំពី​សិទ្ធិ​ក្នុង​ការ​សម្ដែង​មតិ​ហើយ​នៅ​ពេល​ដែល​ការ​តវ៉ា​បញ្ហា​ដែល​ជាប់​គាំង​រវាង​បុគ្គលិក និង​ក្រុមហ៊ុន​ដែល​ដោះស្រាយ​គ្នា​មិន​បាន​តាម​នីតិវិធី​ច្បាប់​ចុងក្រោយ​នៅ​ពេល​ដែល​បុគ្គលិក​គាត់​សម្រេច​ចិត្ត​ថា ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ឥឡូវ​ថ្នាក់ដឹកនាំ និង​សកម្មជន​សហជីព​ដែល​ជា​តំណាង​នៅ​ក្នុង​ការចរចា ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង​បែរជា​ត្រូវ​បាន​ចាប់ខ្លួន ទាំង​កណ្ដាលយប់​ហើយ​យើង​អត់​ដឹង​ថា បទ​ចោទ​អី​ទៀត​។ នេះ​គឺជា​ចេតនា​មួយ​នៅក្នុង​ការ គំរាមកំហែង​មួយ​ដល់​កម្មករ​និយោជិក​ទាំងអស់​កុំ​ឲ្យ​ធ្វើ​កូដកម្ម​តវ៉ា​ទៀត។ ចេតនា​គឺ​លែង​ចង់​ឲ្យ​មាន​សកម្មភាព​តវ៉ា ក៏ប៉ុន្តែ​ក្រោម​រូបភាព​គំរាមកំហែង ចាប់ចង មិនមែន​ក្រោម​រូបភាព​រក​ដំណោះស្រាយ​ឲ្យ»។

ក្នុង​គ្រា​ចាប់ខ្លួន​មន្ត្រី​សហជីព​នៅ​ឯ​ទីស្នាក់ការ​សហជីព នៅ​ឯ​កន្លែង​តវ៉ា​ខាងមុខ​អាគារ​ទី​២​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ឯណោះ​វិញ មានការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​រាប់​រយ​នាក់ ហើយ​បាន​ប្រវាយ និង​ចាប់​ខ្លួន សកម្មជន​សហជីព​ម្នាក់ គឺ​កញ្ញា​ទូច សេរីមាស បើ​ទោះ​ជា​កូដករ​ស្រាក់​ដៃ​គ្នា រារាំង​មិន​ឲ្យ​សមត្ថកិច្ច​ចាប់​ក៏ដោយ។

បុគ្គលិក​ផ្នែក​កាស៊ីណូ កញ្ញា មៀច ស្រីអូន ថ្លែង​ថា អាជ្ញាធរ​បាន​ប្រកាស​ប្រាប់​ឲ្យ​ពួកគេ​រំសាយ តែ​បែរជា​សមត្ថកិច្ច​រាប់រយ​នាក់ មាន​ទាំង​ស្លៀកពាក់​ឯកសណ្ឋាន និង​ស៊ីវិល​ផង មក​ឡោមព័ទ្ធ ចាប់​ក្រុម​កូដករ​ទៅវិញ​៖ « រំសាយ​ហើយ តែ​ប៉ូលិស​គាត់​អត់​ទៅណា​ទេ គាត់​នៅ​តាម​ចាប់​តែម្ដង​។ ពួក​ខ្ញុំ​នៅ​ការពារ​គ្នា​ខ្ញុំ​ដែល​ត្រូវ​ប៉ូលិស​ដាក់​មុខសញ្ញា​តាម​ចាប់​ហ្នឹង​។ ភ័យខ្លាច​ខ្លាំង​ណាស់​គាត់​តែ​តស៊ូ​ដើម្បី​សិទ្ធិ​ការងារ​និង​សិទ្ធិ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ប្រទេស​សោះ​បែរជា​ក្រុម​អាជ្ញាធរ​ចាប់​ប្រជាជន​ស្លូតត្រង់»។

ការ​ចាប់ខ្លួន​នេះ ធ្វើឡើង​ក្នុង​ថ្ងៃទី​១៤ នៃ​ការ​ជួបជុំ​តវ៉ា​របស់​ក្រុម​កម្មករ​និយោជិក ណាហ្គា វើលដ៍ (Naga World) ជាង​១​ពាន់​នាក់ ទាមទារ​ឲ្យ​ខាង​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក​ជាង​៣​រយ​នាក់​ចូល​ធ្វើ​វិញ ហើយ​កូដករ​ប្រកាន់​ជំហរ​ថា នឹង​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី នៅ​ខាងមុខ​ក្រុមហ៊ុន រហូតដល់​ពេលយប់​ឆ្លង​ចូល​ឆ្នាំថ្មី ឆ្នាំ​២០២២ ទើប​ពួក​បំបែក​គ្នា​ទៅផ្ទះ​វិញ។

គិត​ត្រឹម​ម៉ោង​ប្រមាណ ១១ យប់ ថ្ងៃទី​៣១ ធ្នូ ម្សិលមិញ សមត្ថកិច្ច​ចាប់ខ្លួន​ពួកគេ​បាន​ចំនួន ៩​នាក់​ហើយ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មិន​បង្ហាញ​ដីកា និង​បង្ហាញ​ពី​បទ​ចោទ​ពី​រឿង​អ្វីមួយ​នោះ​ទេ​។ ក៏ប៉ុន្តែ​មួយថ្ងៃ​មុន​មានការ​ចាប់ខ្លួន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​ចោទប្រកាន់​កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា វើលដ៍​(Naga World) និង​បុគ្គលិក​ណាហ្គាវើលដ៍ (Naga World) មួយ​ចំនួន​ទៀត ថា បាន​ធ្វើ​សកម្មភាព​សម្ដែង​មតិ​ដោយ​ខុសច្បាប់ ប៉ះពាល់​ទ្រព្យសម្បត្តិ​សាធារណៈ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ និង​សិទ្ធិ​ស្របច្បាប់​របស់​ក្រុមហ៊ុន ជាពិសេស​ពុំបាន​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​ចាប់ខ្លួន​នេះ ពី​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​នៅឡើយ​បានទេ នៅ​យប់​ថ្ងៃទី​៣១ ធ្នូ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់ថា ការ​ឃាត់​ខ្លួន​អ្នក​តវ៉ា​ពេលនេះ​គឺ​មិន​សម​ហេតុផល​នោះ​ទេ​។ លោក​ថា អ្វី​ដែល​សំខាន់​នោះ​គឺ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាមួយ​ភាគី​ក្រុមហ៊ុន​រួម​ទាំង​បុគ្គលិក​កម្មករ​ដែល​ធ្វើ​កូដកម្ម​ត្រូវ​ជួបគ្នា​ស្វែងរក​ដំណោះស្រាយ​ដោយ​តម្លាភាព និង​យុត្តិធម៌​ពី​ការ​ទាមទារ​នេះ ដែល​ជា​ដំណោះស្រាយ​មួយ អាច​ទទួល​យក​បាន និង​ស្រប​ទៅ​តាម​ច្បាប់​ការងារ ច្បាប់​ជាតិ អន្តរជាតិ​៖ «ការ​ឃាត់ខ្លួន​ការ​ចាប់​ខ្លួន​ដើម្បី​បន្ទច់បង្អាក់​ឬក៏​បញ្ចប់​នូវ​កូដកម្ម​ខ្ញុំ​គិតថា​ក៏​មិនអាច​ទៅរួច​ដែរ វា​បង្ក​ឲ្យ​មាន​បញ្ហា​នាំ​ឲ្យ​មានការ​រិះគន់​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ទាក់ទង​នឹង​ថា កម្ពុជា​យើង​គេ​រិះគន់​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅតែ​ធ្លាក់ចុះ មិនទាន់​មាន​អ្វី​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​។ ឥឡូវនេះ​គេ​កំពុង​រិះគន់​ថា រើសអើង​សហជីព​នៅ​ណាហ្គា វើលដ៍ ហ្នឹង​ទៀត អ៊ីចឹង​ដល់​ចាប់ខ្លួន​សមាជិក​សហជីព​ទៀត​កាន់តែ​មានការ​រិះគន់​ថែមទៀត»។

ទាក់ទង​រឿង​នេះ អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ ចាត់ទុក​ការ​ផ្ដាច់​កិច្ចសន្យា​ចំពោះ​បុគ្គលិក​ជាង​៣​រយ​នាក់​ដោយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នេះ ថា​ជា​ការ​រើសអើង និង​រំលោភសិទ្ធិ​ការងារ​សហជីព​ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​។ លោក​ស្នើ​ឲ្យ​ភាគី​ក្រុមហ៊ុន​ទទួលយក​បុគ្គលិក​ជាង​៣​រយ​នាក់ ចូល​ធ្វើ​ការ​វិញ ហើយ​បើក​លំហ​សិទ្ធិ​សេរីភាព​ការងារ​ដល់​កម្មករ​ទៅ​តាម​ច្បាប់។

រហូត​ដល់​រំលង​អាធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​១ មករា ឆ្នាំ​២០២២ ក្រុម​អ្នក​តវ៉ា​បាន​រំសាយ​ទៅផ្ទះ​វិញ និង​នៅ​មិនទាន់​ដឹង​ថា បន្ត​ជួបជុំ​តវ៉ា​ទៀត​ឬ​យ៉ាងណា​នៅឡើយ​ទេ​។ រីឯ​មន្ត្រី​សិទ្ធិ​មនុស្សជាតិ និង​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស (UNOHCR) បន្ត​តាមដាន​ឃ្លាំមើល​ដំណើរការ​ចាប់ខ្លួន​សហ​ជីព និង​បុគ្គលិក​ក្រុមហ៊ុន​បន​ល្បែង​នេះ​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។