កម្ពុជា​​​​​ បាន​ពិន្ទុ​ផ្នែក​​​​​​ពុក​រលួយ​ល្អ​​ជាង​ឆ្នាំ​​មុន​​​២​ពិន្ទុ​ តែ​​​​បន្ត​​​ជាប់​លេខ​រៀង​អាក្រក់​ជាង​គេ​​​​​​នៅ​ក្នុង​តំបន់​អាស៊ាន​​

0:00 / 0:00

អង្គការ​តម្លាភាព​អន្តរជាតិ ​(Transparency International)​ បាន​​ដាក់​​ចំណាត់​ថ្នាក់​​​ផ្នែក​អំពើ​ពុក​រលួយ​​​សម្រាប់​​ឆ្នាំ​២០២១ ឲ្យ​​រដ្ឋាភិបាល​កម្ពុជា​​​ល្អ​ជាង​ឆ្នាំ​២០២០ ​បន្តិច គឺ​កើន​ឡើង​ ២​ពិន្ទុ​​។ ប៉ុន្តែ​​តួលេខ​នេះ​នៅ​តែ​បង្ហាញ​ថា ​កម្ពុជា​​ជាប់​លេខ​រៀង​​ខាង​ប្រព្រឹត្តអំពើ​ពុក​រលួយ​អាក្រក់​​​ជាង​គេ ​នៅ​ក្នុង​តំបន់​អាស៊ាន​ដដែល។ សង្គម​ស៊ីវិលជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រឹងប្រែង​​​ពន្លឿន​​ធ្វើ​​កំណែ​ទម្រង់​ឲ្យ​មាន​ប្រសិទ្ធភាព​​ ពង្រឹង​នីតិរដ្ឋ គោរព​​លទ្ធិ​ប្រជាធិបតេយ្យ​ និង​បង្កើត​បរិយាកាស​នយោបាយ​​​ឲ្យ​មាន​​ភាព​សេរី​ឡើង​វិញ។

ក្នុង​ឆ្នាំ​២០២១ ​​កម្ពុជា​នៅតែ​បន្ត​​លេខ​រៀង​បាត​តារាង​​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​ខាង​​ប្រព្រឹត្តអំពើ​ពុក​រលួយ​​​ខ្លាំង​ជាង​​​គេ​​​។ ​​ អង្គការ​តម្លាភាព​អន្តរជាតិ (Trans​paren​cy International) ​ចេញ​ផ្សាយ​របាយការណ៍​ថ្ងៃ​ទី​២៥ ខែមករា​​បង្ហាញ​ថា ក្នុង​ចំណោម ១៨០​ប្រទេស​នៅ​ទូទាំង​ពិភពលោក កម្ពុជា​ស្ថិត​​នៅ​លេខ​រៀង​ទី​១៥៧​ ដោយ​​ទទួល​​បាន​​ពិន្ទុ​ល្អ​ជាង​ឆ្នាំ​​មុន ២​ពិន្ទុ​។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជាលោក ប៉ិច ពិសី ​ឲ្យ​ដឹង​ថា ​ការ​កើន​បាន​ ២​​​ពិន្ទុ​​នេះ ​ដោយសារ​ក្រុម​វិនិយោគ និង​​អ្នក​ធុរកិច្ច​​មួយ​ចំនួន​វាយ​តម្លៃ​ថា​ ​ស្ថាន​ភាព​​អំពើ​ពុក​រលួយ​មាន​ភាព​ប្រសើរ​ជាង​​ឆ្នាំ​២០២០​​​ បន្តិច។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក ប៉ិច ពិសី សង្កេត​ឃើញ​ថា ​វិស័យ​សេដ្ឋកិច្ច​​នៅ​​ជោគជាំ​ដោយ​អំពើ​ពុក​រលួយ និង​ការ​ស៊ី​សំណូក​សូក​ប៉ាន​​ក្នុង​ប្រតិបត្តិ​ការ​អាជីវកម្ម​​ដដែល។

TI Pech Pisey.jpgOpens in new window
លោក ប៉ិច ពិសី នាយកអង្គការតម្លាភាពកម្ពុជា (TI)។ រូប៖ TI

ចំណែក​វិស័យ​ស្ថាប័ន​សាធារណៈ​ផ្សេង​ទៀត រួម​ទាំង​ប្រព័ន្ធ​តុលាការ​ផង​នោះ ​នៅតែ​កើត​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​ដដែល។ តំណាង​សង្គម​ស៊ីវិល​រូប​នេះ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​កម្ពុជា​​ បន្ត​ជាប់​ឈ្មោះ​មិន​ល្អ​ខាង​អំពើ​ពុក​រលួយ​បន្ត​ទៀត នឹង​ក្លាយ​ជា​ឧបសគ្គ​ធំ ដែល​និង​​ធ្វើ​ឲ្យ​​មាន​​​ការ​ប៉ះ​ពាល់​​ដល់​​ពលរដ្ឋ​។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​ខិត​ខំ​ទ្វេ​ដង​ទៀត ដើម្បី​ទប់​ស្កាត់​អំពើ​ពុក​រលួយ​ឲ្យ​មាន​ប្រសិទ្ធភាព៖ « ទាមទារ​ឲ្យ​មាន​ការ​បន្ត​ បន្ត​​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​​​ ចំពោះ​ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​នៅ​ក្នុង​វិស័យ​ធុរកិច្ច ការ​កាត់​បន្ថយ​ការិយាធិបតេយ្យ អំពើ​ពុក​រលួយ ហើយ​ជា​ពិសេស​នោះ គឺ​ការ​ជំរុញ​​ការ​អនុ​លោម​​តាម​គោលការណ៍​​ច្បាប់​ដែល​មាន​ជា​ធរមាន​»

សន្ទស្សន៍​នៃ​ការ​ស្រាវជ្រាវ​បែប​វិទ្យា​សាស្ត្រ​​​ពី​អំពើ​ពុករលួយ (CPI) ឆ្នាំ​២០២១ របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ ផ្សាយ​ចេញ​ពី​​ទីក្រុង​ប៊ែរឡាំង ​​(Berlin) ប្រទេស​អាល្លឺម៉ង់​ ​​​​បង្ហាញ​ថា​ ស្ថានភាព​អំពើ​ពុក​រលួយ​នៅ​​កម្ពុជា​​​កើន​​បាន​ ២​ពិន្ទុ បើ​ធៀប​នឹង​ឆ្នាំ​២០២០​ គឺ​ពី​ ២១​ពិន្ទុ​ មក​ ២៣​ពិន្ទុ សម្រាប់​​ឆ្នាំ​២០២១។ ឯ​​ចំណាត់ថ្នាក់​​វិញ គឺ​​កម្ពុជា​​ថយ​ពី​លេខ​រៀង​ទី​១៦០ ​មក​នៅ​​​លេខ​រៀង​ទី​​១៥៧​ ក្នុង​ចំណោម​ប្រទេស និង​ដែនដី​សរុប​ចំនួន១៨០។​

TI Corruption Report on 25_01_2022_02.jpgOpens in new window
អ្នកចូលរួមថតតារាងស្តីពីសន្ទស្សន៍នៃអំពើពុករលួយនៅក្នុងរបាយការណ៍ដែលបង្ហាញកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅឯសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។ (រូប៖ TI)

អង្គការ​អន្តរជាតិ​មួយ​នេះ បញ្ជាក់​ថា​ ពិន្ទុ​​​​ដែល​​កម្ពុជា​ទទួល​បាន​​​នៅ​ឆ្នាំ​​នេះ ​មិន​មែន​ជា​សញ្ញា​វិជ្ជមាន​ទេ​ ព្រោះ​ពិន្ទុ​​នេះ​នៅ​តែ​មាន​កម្រិត​ទាប​ដែល​បង្ហាញ​ថា កម្ពុជា​​​​បោះ​ជំហាន​យឺត​​ស្ថិត​នៅ​ពី​ក្រោយ​បណ្តា​ប្រទេស​ក្នុង​តំបន់​​ និង​​ពិភព​លោក​។ ​ពិន្ទុ និង​លេខ​រៀង​នេះ ​​ក៏​បាន​បង្ហាញ​ថា​ កម្ពុជា ​គឺជា​ប្រទេស​ដែល​​មាន​​អំពើ​ពុក​​រលួយ​ខ្លាំង​ជាង​គេ​ដែរ​ គឺ​​​​​ពុក​រលួយ​​ជាង​​របប​សឹក​​នៅ​​មីយ៉ាន់ម៉ា​ ​(Myanmar) ​ឬ​​ ភូមា ​​(Bumar)​ និង​​ឡាវ​ ​(Laos) ទៅ​ទៀត​។ ស្ថិត​​​ក្នុង​​កម្រិត​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​វិញ​​ ​​កម្ពុជា​​​ក៏​​ជាប់​ឈ្មោះ​ក្នុង​លេខ​រៀង​​ ៣​ប្រទេស ​ដែល​មាន​​ពិន្ទុ​ទាប​ជាង​គេ​​​ ដោយ​នៅ​លើ​តែ​​ប្រទេស​អាហ្វ​ហ្កានី​ស្ថាន​ (Afghanista) ​និង​​​​កូរ៉េ​ខាង​ជើង​​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​នឹង​របាយការណ៍​នេះ​ វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយលោក ឱម យិនទៀង និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែមករា។ ប៉ុន្តែ​​​​កន្លង​មក​ ក្រុម​មន្ត្រី​រដ្ឋាភិបាល​តែងតែ​ច្រាន​ចោល​របាយការណ៍​​​ពី​បញ្ហា​ពុក​រលួយ​​នេះ និង​បាន​ចោទ​ប្រកាន់​​បក​ទៅ​វិញ​ថា អង្គការ​តម្លាភាព​​អន្តរជាតិ ចេញ​ផ្សាយ​របាយការណ៍​មិន​ពិត ឬ​​ក៏​ជា​របាយការណ៍​មាន​និន្នាការ​ប្រឆាំង​ជាដើម​។

នាយិកា​​​នៃ​អង្គការ​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ពុក​រលួយ​អ្នកស្រី ម៉ម ស៊ីថា ​ឲ្យ​ដឹង​​ថា ​​​កម្ពុជា​​​​នៅ​តែ​មាន​អំពើ​ពុក​រលួយ​ច្រើន​ជាង​គេ​ ដោយសារ​​​ការ​ស៊ី​សំណូក​​​កើត​មាន​​លក្ខណៈ​​ជា​ប្រព័ន្ធ​ ខណៈ​ការ​អនុវត្ត​​ច្បាប់​នៅ​ទន់​ខ្សោយ​ ​ឬ​មាន​ការ​រើស​អើង​។ អ្នកស្រីបន្ត​ថា ​​ការ​ច្រាន​ចោល​​របាយការណ៍​ស៊ើប​អង្កេត​បែប​វិទ្យាសាស្ត្រ​របស់​អង្គការ​អន្តជាតិ​​នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ខាត​ប្រយោជន៍​ទៅ​វិញ​ទេ។ អ្នកស្រី​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​យក​របាយការណ៍​​​​មក​សិក្សា​​ និង​ពន្លឿន​ការ​ធ្វើ​កំណែ​ទម្រង់​​ឲ្យ​មាន​ប្រសិទ្ធភាព​ ទើប​ជា​រឿង​ប្រសើរ៖« អំពើ​ពុក​រលួយ គឺ​ថា​ វា​រាល​ដាល។ យើង​មើល​​​ការ​បើក​ចូល​ឲ្យ​ជ្រៅ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​ឲ្យ​ជ្រៅ​បាន​ដឹង​ ហើយ​ការ​កើន​ពិន្ទុ​ហ្នឹង​មិន​មែន​ជា​ការ​ប្រសើរ​ទេ។ យើង​មិន​មាន​មោទន​អ្វី​ជាង​ឆ្នាំ​មុនៗ​ ទេ»

TI Talk on Corruption on 25_01_2022.jpg
វាគ្មិនដែលជាភាគីពាក់ព័ន្ធចូលរួមកិច្ចពិភាក្សាជុំវិញផលប៉ះពាល់ពីអំពើពុករលួយទៅលើវិស័យផ្សេងៗ នៅមុនពេលបង្ហាញលទ្ធផលវាយតម្លៃពីសន្ទស្សន៍នៃអំពើពុករលួយនៅកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។ (រូប៖ TI)

អង្គការ​តម្លាភាព​អន្តរជាតិ បញ្ជាក់​ថា ការ​ស្ថិត​នៅ​លេខ​រៀង​អាក្រក់​នេះ ក៏​ដោយសារ​​កម្ពុជា​​មិន​ទាន់​មាន​ភាព​ប្រសើរ​​​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​គុណភាព​​គោល​នយោបាយ​ ដែល​ធានា​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​​។ អង្គការ​មួយ​នេះ​បន្ត​ថា ​ការ​​គ្រប់គ្រង​បែប​រឹតត្បិត​​ ដែល​បាន​បំបិទ​សិទ្ធិ​សេរីភាព​ភាព​ពលរដ្ឋ និង​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ គឺជា​កត្តា​សំខាន់​​ដែល​ធ្វើ​ឲ្យ​មាន​ការ​​កើន​ឡើង​នៃ​កម្រិត​អំពើ​ពុក​រលួយ​កាន់​តែ​ខ្ពស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។