ប្រទេសកម្ពុជា ស្ថិតក្នុងលំដាប់ទី១៥ ជាកម្រិតទាបបំផុតក្នុងចំណោមប្រទេសជាង១០០ ដែលគេបានផ្សព្វផ្សាយព័ត៌មានស្ដីពីថវិកាជាតិ ដោយមានតម្លាភាព និងគណនេយ្យភាព សម្រាប់ឆ្នាំ២០១២។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក ឈិត សំអាត ថ្លែងនៅថ្ងៃទី៧ ខែមីនា ថា ថវិកាជាតិ គឺជាថវិការបស់ប្រជាពលរដ្ឋដែលបានបង់ពន្ធ និងបង់កម្រៃសេវាផ្សេងៗសម្រាប់ចំណូលរដ្ឋ និងទូទាត់បំណុលដែលរដ្ឋាភិបាលបានខ្ចីពីបរទេស។ ប្រជាពលរដ្ឋកម្ពុជា មានសិទ្ធិចង់ដឹងពីរបៀបប្រមូល និងប្រើប្រាស់ថវិកានោះ ហើយរាជរដ្ឋាភិបាលមានភារកិច្ចគ្រប់គ្រងថវិកា និងរាយការណ៍ជូនប្រជាពលរដ្ឋវិញនូវព័ត៌មានទាំងនេះ ប៉ុន្តែ ព័ត៌មានថវិកាខ្លះ រដ្ឋាភិបាលមិនបានបង្ហាញរបាយការណ៍ទាំងអស់ទេ។
លទ្ធផលអង្កេតលើការផ្សព្វផ្សាយព័ត៌មានថវិកាសម្រាប់ឆ្នាំ២០១២ បានបង្ហាញថា កម្ពុជា ជាប់លំដាប់លេខ១៥ ក្នុងចំណោមប្រទេសជាង១០០ ដែលបានបង្ហាញការផ្សព្វផ្សាយព័ត៌មានថវិកាជាតិ មានតម្លាភាព និងគណនេយ្យភាព៖ «តម្លាភាពថវិកា ជួយលើកកម្ពស់កិត្តិនាមរបស់ប្រទេសកម្ពុជា ក្នុងឆាកអន្តរជាតិ ហើយឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងតម្លាភាព និងគណនេយ្យភាព អាចជួយរដ្ឋាភិបាលរួមចំណែកក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ក៏ដូចជាការគ្រប់គ្រងជំនួយអភិវឌ្ឍន៍របស់កម្ពុជា ឲ្យកាន់តែប្រសើរជាងមុន។ ដើម្បីធានាឲ្យបានថា ថវិកាជាតិត្រូវបានប្រើប្រាស់សម្រាប់បំពេញសេចក្តីត្រូវការជាអាទិភាពនាពេលបច្ចុប្បន្ន និងវិនិយោគឲ្យចំគោលដៅ សម្រាប់អនាគតក្មេងជំនាន់ក្រោយប្រកបដោយប្រសិទ្ធភាព សមធម៌ និងមិនមានផលប៉ះពាល់អវិជ្ជមានដល់ជីវិតរបស់ពលរដ្ឋក្រីក្រ បរិស្ថាន និងសង្គមជាតិទាំងមូល»។
ពាក់ព័ន្ធការវាយតម្លៃពីលទ្ធផលអង្កេតការផ្សព្វផ្សាយព័ត៌មានថវិកាឆ្នាំ២០១២ នេះ លោក ហ្វិញ រិទ្ធិពល ប្រធានការិយាល័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា កង្វះធនធានមនុស្ស និងថវិកា បានជំរុញឲ្យការងារផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាលកម្ពុជា មិនបានផ្សាយបានទាំងអស់ទេ ប៉ុន្តែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចផ្តល់ព័ត៌មានអំពីថវិកានោះទៅរតនាគារជាតិ ដែលមានមន្ត្រីនៅទីនោះជាអ្នកសរសេររបាយការណ៍៖ «ឥឡូវហ្នឹង យើងកំពុងបង្រៀនក្រសួង ស្ថាប័ន ឲ្យចេះរៀបចំរបាយការណ៍លទ្ធផលមួយទៀត មិនត្រឹមរបាយការណ៍ហិរញ្ញវត្ថុទេ។ របាយការណ៍លទ្ធផលហ្នឹង ដែលយើងនឹងផ្សព្វផ្សាយឲ្យប្រជាជនដឹងនោះថា នៅពេលដែលយើងធ្វើរបាយការណ៍លទ្ធផលហ្នឹង តើលុយដែលយើងដាក់ទៅហ្នឹង យើងបានស្អីមកហើយ»។
លោក ឈិត សំអាត ឲ្យដឹងថា ការផ្សព្វផ្សាយលទ្ធផលអង្កេតលើការផ្សព្វផ្សាយព័ត៌មានថវិកាជាតិ នៅកម្ពុជា គឺបានធ្វើលើកទី៣ហើយ ដែលលើកទី១ ធ្វើនៅឆ្នាំ២០០៨ កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១១ លើកទី២ នៅឆ្នាំ២០១០ កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១៥ និងឆ្នាំ២០១២ កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១៥ ដូចគ្នា ព្រោះតែកម្ពុជា មិនបានផ្សាយអំពីថវិកាពលរដ្ឋ។ ការអង្កេតនេះ គឺវាយតម្លៃលើឯកសារថវិកាគោលចំនួន៨ តែប្រទេសកម្ពុជា មានឯកសារតែ៧ គឺនៅខ្វះឯកសារគម្រោងថវិកាប្រជាពលរដ្ឋ។
ចំណែកមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ហ្វិញ រិទ្ធិពល ឲ្យដឹងថា គម្រោងថវិកាពលរដ្ឋ គឺមិនបានធ្វើតែម្តង ដោយសារតែខ្វះធនធានមនុស្សផង និងខ្វះថវិកាក្នុងការបោះពុម្ពផ្សាយផង ប៉ុន្តែនៅឆ្នាំ២០១៣ ក្រសួងនេះកំពុងតែរៀបចំបណ្ដុះបណ្ដាលមន្ត្រីឲ្យចេះរៀបចំសរសេររបាយការណ៍នោះ ដើម្បីផ្សព្វផ្សាយ។
អ្នកស្រី ឡាច អាព្រីល (Leah April) តំណាងធនាគារពិភពលោក បានគាំទ្រទៅនឹងការប្រកាសលទ្ធផលអង្កេតលើការផ្សព្វផ្សាយព័ត៌មានថវិកាឆ្នាំ២០១២ ដែលបានរៀបចំដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា (NGO Forum in Cambodia)។ អ្នកស្រីក៏បានជំរុញឲ្យមានការបន្តអង្កេតបញ្ហានេះតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។