កម្ពុជាឈ្នះមេដាយមាសជាប់លេខ៤ក្នុងចំណោមប្រទេសប្រកួតកីឡាស៊ីហ្គេមលើកទី៣២
2023.05.15

លទ្ធផលបណ្ដោះអាសន្នបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមប្រទេសទទួលបានមេដាយមាសច្រើនជាងគេក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២។
គិតត្រឹមដំណាច់ថ្ងៃទី១៤ ខែឧសភា វៀតណាមគឺជាប្រទេសឈានមុខគេក្នុងការដណ្តើមបានមេដាយមាសច្រើនជាង គឺរហូតដល់ទៅ ១០៧គ្រឿង។ ប្រទេសថៃ និងប្រទេសឥណ្ឌូណេស៊ី (Indonesia) ជាប់លេខ២ និងលេខ៣ ខណៈកម្ពុជាជាប់លេខ៤។
កម្ពុជាទទួលបានមេដាយសរុប ២២៩គ្រឿង ក្នុងនោះមេដាយមាសចំនួន ៦៥គ្រឿង មេដាយប្រាក់ ៦១ គ្រឿង និងមេដាយសំរិទ្ធ ១០៣គ្រឿង។

កម្ពុជា ដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៦៤ឆ្នាំ កំពុងបំបែកឯតទគ្គកម្មកំណត់ត្រាខ្លួនឯងដោយទទួលបានមេដាយច្រើនបង្អស់ក្នុងប្រវត្តិចូលរួមប្រកួតកីឡាស៊ីហ្គេម។
កម្ពុជាធ្លាប់បំបែកឯតទគ្គកម្មចុងក្រោយទទួលបានមេដាយមាសច្រើនបំផុតកាលពីឆ្នាំ១៩៧១ នៅប្រទេសម៉ាឡេស៊ី (Malaysia)។ កាលនោះ កម្ពុជាទទួលបានមេដាយមាសសរុប ១៧គ្រឿង។
នេះគឺជាមោទនភាពរបស់ប្រជាជាតិកម្ពុជាទាំងមូល ខណៈកម្ពុជាមានប្រតិភូកីឡាសរុប ១.២០៣ នាក់ ក្នុងនោះមានកីឡាករចំនួន ៨៩៦ នាក់ ចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។