អ្នកគាំទ្រ​ភាពយន្ត​ខ្មែរ និង​ថៃ​ទាស់ទែង​គ្នា ខណៈ​មេដឹកនាំ​ប្រទេស​ទាំងពីរ​កំពុង​ល្អូកល្អិន

0:00 / 0:00

អស់ពី​ជម្លោះ​តាម​ព្រំដែន វិវាទ​វប្បធម៌​ប្រពៃណី និង​ក្បាច់គុន​ប្រដាល់​ហើយ ពេល​នេះ វិវាទ​រវាង​អ្នកលេង​បណ្ដាញ​សង្គម​កម្ពុជា និង​ថៃ បាន​កើត​ឡើង​ម្ដង​ទៀត​ហើយ នោះ​គឺ​ការ​មិន​យល់​ស្របគ្នា​អំពី​ភាពយន្ត ដែល​អ្នកគាំទ្រ​ប្រទេស​ទាំងពីរ​ធ្វើ​ពហិការ ឈប់​មើល​ភាពយន្ត​គ្នា​ទៅវិញទៅមក​។ ចំពោះ​អ្នកប្រវត្តិសាស្ត្រ មើលឃើញ​ថា វិវាទ​នេះ កើត​ចេញ​ពី​ចំហាយ​នៃ​វិវាទ​វប្បធម៌ ប៉ុន្តែ​ចំពោះ​អ្នក​តាមដាន​នយោបាយ យល់​ឃើញ​ថា វិវាទ​នេះ អាច​ជា​សេនារីយោ របស់​អ្នកនយោបាយ ដើម្បី​បង្វែរ​ព្រឹត្តិការណ៍​សង្គម។

អ្នកគាំទ្រ​ភាពយន្ត​ខ្មែរ និង​ថៃ​ទាស់ទែង​គ្នា បន្ទាប់ពី​ផលិតកម្ម​ភាពយន្ត​ខ្មែរ ដ៏​មាន​ប្រជាប្រិយភាព​មួយ បាន​ផលិត​ភាពយន្ត​ខ្មោច ដែល​មាន​ចំណងជើង​ថា «​ម៉ែ​ក្រឡាភ្លើង​» ហើយ​ត្រូវ​បាន​ម្ចាស់​រោងភាពយន្ត​ថៃ ទិញ​សិទ្ធិ​យក​ទៅ​ចាក់​បញ្ចាំង​បន្ត។ ប៉ុន្តែ​ក្រោយ​មក​អ្នក​លេង​បណ្ដាញ​សង្គម​ថៃ បាន​ប្រតិកម្ម​ថា ភាពយន្ត​នេះ គឺ​ចម្លង​លំនាំ​តាម​ភាពយន្ត​ថៃ រឿង​«​នាងណាត» ដែល​ធ្វើ​ឱ្យ​ពួកគេ​មិន​ពេញចិត្ត និង​ធ្វើ​ពហិការ​ឈប់​មើល​ភាពយន្ត​ខ្មែរ ដែល​ដាក់​បញ្ចាំង​នៅក្នុង​រោងកុន​ថៃ ដែល​ធ្វើ​ឱ្យ​ការ​ចាក់​បញ្ចាំងភាពយន្ត​ខ្មែរ​មួយ​នេះ នៅក្នុង​រោងកុន​ថៃ ទទួល​បរាជ័យ​បី​ថ្ងៃ​ជាប់ៗ​គ្នា។

ក្រោយមក មិន​ចាំ​យូរ​នោះ​ទេ អ្នកគាំទ្រ​ភាពយន្ត​ខ្មែរ ក៏​មាន​អ្នក​អភិរក្ស និង​អ្នក​ស្រលាញ់​វប្បធម៌​ខ្មែរ​មួយចំនួន ប្រតិសកម្ម​តប​វិញ ដោយ​ពួកគេ បាន​ធ្វើ​ពហិការ​ឈប់​មើល និង​ឈប់​គាំទ្រ​ភាពយន្ត​ថៃ ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម និង​តាម​រោងភាពយន្ត​នានា​។ បើ​តាម​កម្មវិធី​កក់​សំបុត្រ​នៅ​លើ​ទូរស័ព្ទ​ដៃ បង្ហាញ​ថា នៅ​តាម​រោងភាពយន្ត​មួយចំនួន មាន​ចំនួន​អ្នកទស្សនា​ធ្លាក់ចុះ​យ៉ាង​គំហុក ខណៈ​រោងភាពយន្ត​ខ្លះទៀត គ្មាន​អ្នក​ចូល​ទៅ​ទស្សនា​តែម្ដង​នៅពេល​ចាក់​បញ្ចាំង​រឿង​ថៃ។

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណ្ណារ៉ា យល់ឃើញ​ថា ជម្លោះ​នេះ កើត​ចេញ​ពី​ទឹកចិត្ត​ស្នេហា​ជាតិនិយម​ជ្រុល និង​ការ​ប្រកាន់​ថា ភាគី​ម្ខាងៗ​ជា​អ្នក​លួច​ចម្លង​ស្នាដៃ ឬ​វប្បធម៌​របស់​ខ្លួន ដែល​ការ​ទាស់ទែង​បែបនេះ​គ្មាន​ផ្ដល់​ផល​ចំណេញ​ទៅដល់​ភាគី​ណាមួយ​ឡើយ​។ ផ្ទុយទៅវិញ​លោក​ជំរុញ​ឱ្យ​ពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ ត្រូវ​ឱ្យ​តម្លៃ​ទៅលើ​ជាតិ​សាសន៍ ស្នាដៃ និង​វប្បធម៌​គ្នា​ទៅវិញទៅមក ជាពិសេស​ភាគី​ថៃ ត្រូវ​មាន​គុណធម៌ ក្នុងនាម​ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ផ្នែក​ខ្សែភាពយន្ត​ជាង​កម្ពុជា​ក្នុង​សម័យថ្មី​នេះ។

លោក សំបូរ ម៉ាណ្ណារ៉ា៖ «វា​ប៉ះពាល់​អី​តែ​ថៃ​ហើយ​និង​ខ្មែរ ខ្មែរ​ហើយ​និង​ថៃ។ អាហ្នឹង​មកពី​ប្រជាជន​ទាំងអស់​ត្រូវ​បាន​អប់រំ​ជាតិនិយម​វា​ជ្រុល​។ ដល់​ពេល​ជាតិនិយម​ជ្រុល​ទៅ​វា​ធ្វើ​ឱ្យ​មនុស្ស​ទាំងអស់​ហ្នឹង ផ្នត់គំនិត​ទាំងអស់​ហ្នឹង នាំគ្នា​ទៅ​រក​ការ​ច្រណែន កាលណា​អ្នកណា​គ្រាន់បើ​ជាង លេចធ្លោ​ជាង ចាប់ផ្ដើម​ច្រណែន។ តាមពិត​តាម​ខ្ញុំ​និយាយ​ឱ្យ​ច្បាស់លាស់​ទៅ យើង​ជា​អ្នកជិតខាង​ភូមិ​ផង​របង​ជាមួយ ត្រូវតែ​ចេះ​ស្រឡាញ់​គ្នា ត្រូវ​ចេះ​អាណិត និង​ជួយ​យកអាសា​។ អ្នកណា​អន់​ជាង អ្នកណា​ទាប​ជាង ជួយ​គ្នា​ឱ្យ​ផុស​ឡើង ងើប​ឡើង ពិសេស​ប្រទេស​នៅក្នុង​អាស៊ាន​ជាមួយគ្នា​ទៀត​ផង»។

ម្ចាស់​ផលិតកម្ម​សាស្ត្រា ហ្វៀម (Sastra Film) ដែល​ផលិត​ភាពយន្ត «​ម៉ែ​ក្រឡាភ្លើង​» លោកស្រី ប៊ុន ចាន់និមល បាន​បកស្រាយ​នៅ​លើ​ហ្វេសប៊ុក ដោយ​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​ការរិះគន់ និង​ធ្វើ​ពហិការ​ចំពោះ​ភាពយន្ត​ខ្មែរ របស់​អ្នក​ជាតិនិយម​ថៃ​មួយ​ចំនួន ទាំង​ដែល​ពួកគេ​មិន​ទាន់​បាន​មើល​សាច់រឿង​ពេញ​នៅឡើយ​។ លោកស្រី​អះអាង​ថា ភាព​អយុត្តិធម៌​ចំពោះ​ភាពយន្ត​ខ្មែរ​នេះ ក៏​មាន​ចំណែក​របស់​ម្ចាស់​អាជីវកម្ម​រោងភាពយន្ត​ថៃ មួយចំនួន​ផង​ដែរ ដោយសារ​ពួកគេ​មិន​បាន​ផ្ដល់​ទីកន្លែង និង​ពេល​វេលា​ពេញលេញ ដើម្បី​ចាក់​បញ្ចាំង​ភាពយន្ត​ខ្មែរ​ឡើយ។

លោកស្រី ប៊ុន ចាន់និមល៖ «ខាង​អ្នក​ធ្វើ​អាជីវកម្ម​រោងភាពយន្ត​ថៃ មិន​គួរ​បំបិទរឿង​របស់​យើង មិន​មាន​ការ​ចាក់​បញ្ចាំង។ ពីព្រោះ​ការ​ផ្ដល់Show (​ការ​ចាក់​បញ្ចាំង​)ឱ្យ​ចាក់​បញ្ចាំង​ហ្នឹង គឺ​ផ្ដល់​ឱ្យ​តិច​មែនទែន ដោយសារ​រោងភាពយន្ត​នៅ​ប្រទេស​ថៃ មាន​ជាង​២​រយ​ទីតាំង ប៉ុន្តែ​ដោយឡែកShow(​ការ​ចាក់​បញ្ចាំង​)ដែល​ផ្ដល់​ឱ្យ​យើង​ហ្នឹង វា​បាន​ប្រហែល​តែ​២០​ទីតាំង​ទេ ហើយ​នៅ​តំបន់​ដែល​មិន​ជាទី​ពេញនិយម​ច្រើន​សម្រាប់​អ្នកមើល​ភាពយន្ត​ទេ។ បច្ចុប្បន្ន​នេះ ភាពយន្ត​របស់​យើង មិនមែន​ដើរ​ផ្ញើ​គេ​លក់ ហើយក៏​មិនមែន​សុំ​គេ​ចាក់​ដែរ គឺ​យើង​ចូល​ទៅ​ដល់​ស្តង់ដារ​មួយ ដែល​គេ​ទទួល​ស្គាល់​។ រឿង​ហ្នឹង​ខ្ញុំ​បាន​ធ្វើ​រួចហើយ»។

ទោះ​យ៉ាងណា អ្នកឃ្លាំមើល សង្កេត​ឃើញ​ថា កម្ពុជា គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ភាពយន្ត​ថៃ ក្នុង​នោះ ពលរដ្ឋ​ខ្មែរ​និយម​មើល​ភាពយន្ត​ថៃ តាំងពី​ទសវត្ស​ឆ្នាំ​៩០ មក​ម្ល៉េះ បន្ទាប់ពី​ភាពយន្ត​ចិន និង​ប្រទេស​លោកខាងលិច ហើយ​សង្គ្រាម​ពហិការ​ភាពយន្ត​នេះ ភាគី​ថៃ អាច​នឹង​ត្រូវ​ខាតបង់ ជាង​ភាគី​កម្ពុជា។

អ្នកវិភាគ និង​ជា​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក ប៉ា ចាន់រឿន លើកឡើង​ថា ពលរដ្ឋ​ទាំងពីរ​ប្រទេស​គួរ​ទម្លាក់​ចោល​នូវ​ភាព​ជាតិនិយម​ជ្រុល ដែល​បង្ក​ឱ្យ​មាន​ជម្លោះ​ទាស់ទែង​គ្នា អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ការទូត។

លោក ប៉ា ចាន់រឿន៖ «ខ្ញុំ​គិតថា​យើង​គួរតែ​ផ្ដោត​សំខាន់​ទៅលើ​ការ​ធ្វើ​ឱ្យ​ខ្លួនឯង​ហ្នឹង​ខ្លាំង ប្រឹង​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​របស់​ខ្លួន ប្រឹង​ធ្វើ​ឱ្យ​ខ្សែភាពយន្ត​របស់​ខ្លួន​កាន់​តែ​មាន​គុណភាព ធ្វើ​ឱ្យ​វិស័យ​កីឡា​ដូចជា​គុន​ខ្មែរ ប្រដាល់​ខ្មែរ ប្រដាល់សេរី​ខ្មែរ​ហ្នឹង​ឱ្យ​វា​មាន​ភាព​ខ្លាំងក្លា​ទៅ​។ នៅ​ពេល​នោះ គឺ​យើង​មិនបាច់​ទៅ​ឈ្លោះ​ទាស់ទែង​ជាមួយនឹង​អ្នកណា​ទៀត។ ពេល​យើង​ខ្លាំង​ពេល​យើង​ល្អ​គ្រប់គ្រាន់​ទៅ​ពិភពលោក​គេ​នឹង​ឱ្យ​តម្លៃ​យើង»។

ទោះជា​បែបនេះ​ក្ដី អ្នកជំនាញ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​អាស៊ីអាគ្នេយ៍ ថៃ លោក សមរិទ្ធិ លឿឆៃ (Somrit Luechai ) លើកឡើង​ក្នុង​បទសម្ភាសន៍​ជាមួយ សារព័ត៌មាន​ថៃ ឌឹ ភីផល (The People)​កាលពី​ថ្ងៃទី​២១ ខែ​កុម្ភៈ ថា រឿង​«​ម៉ែ​ក្រឡាភ្លើង​»​របស់​កម្ពុជា ស្រដៀង​នឹង​រឿង «​នាងណាត» របស់​ថៃ ដែរ ព្រោះ​ជនជាតិ​ខ្មែរ និង​ជនជាតិ​ថៃ មាន​ជំនឿ​ទៅលើ​ដំណាល​រឿង​ខ្មោច​ស្រដៀង​គ្នា​។ លោក សមរិទ្ធិ លឿឆៃ លើក​ជា​សំណួរ​ថា តើ​ខ្មោច​ក្នុង​លោក​នេះ​មាន​កម្មសិទ្ធិបញ្ញា​ទេ​? ហើយ​ខ្មោច​ត្រូវ​មាន​សញ្ជាតិ​ទេ​? តើ​ខ្មោច​មួយ​ណា​ជា​ថៃ ហើយ​មួយ​ណា​ជា​ខ្មែរ?

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ និង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក អាន សុខខឿន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​៤ ខែ​មីនា។

យ៉ាងណា​ក៏​ដោយ​ចុះ ទំនាស់​របស់​អ្នក​ជាតិនិយម​ប្រទេស​ទាំងពីរ​នេះ កើតឡើង​ដំណាលគ្នា​ទាំង​វិវាទ​ភាពយន្ត បញ្ហា​តំបន់​ត្រួតស៊ីគ្នា និង​ការ​ទាមទារ​ខេត្ត​កោះកុង យក​ទៅ​គ្រប់គ្រង​ពី​សំណាក់​ពលរដ្ឋ​ថៃ មួយ​ចំនួន ស្រប​ពេល​ដែល​មេដឹកនាំ​កម្ពុជា មាន​ទំនាក់ទំនង​ល្អូកល្អិន​គ្នា ជាមួយ​ឥស្សរជន​នយោបាយ​ដ៏​មាន​ឥទ្ធិពល​របស់​គណបក្ស​កាន់អំណាច​ថៃ។

អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ លើកឡើង​ថា ទោះបីជា​វិវាទ​នេះ កើត​ចេញ​ពី​អ្នក​ជាតិនិយម​ប្រទេស​ទាំងពីរ​នេះ​ក្ដី ឬ​ជា​សេនារីយោ របស់​មេដឹកនាំ​ប្រទេស​ណាមួយ​ក្ដី ក៏​ទំនាស់​នេះ នឹង​ផ្ដល់​ផល​ចំណេញ​ដល់​អ្នកនយោបាយ ក្នុង​ការ​ប្រើប្រាស់​ដើម្បី​បង្វែរ​ស្ថានការណ៍​សង្គម ឬ​ជា​វិធី​ស្ទង់​មតិ​របស់​ប្រជាពលរដ្ឋ។

លោក គឹម សុខ៖ «ខ្ញុំ​សង្ស័យ នយោបាយ​ស៊ីចង្វាក់​គ្នា របស់​លោក ហ៊ុន សែន និង​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា(Thaksin Sinawatra)ក្រោយពី​គាត់​ទាំងពីរ​ជួបគ្នា​។ មាន​ន័យថា រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ន ផុយ​ស្រួយ​ខ្លាំង​ណាស់ នៅ​ចំពោះមុខ​វិបត្តិ​សេដ្ឋកិច្ច សង្គម ស្តារ​មិន​ឡើង​ទេ​។ ដូច្នេះ ដើម្បី​រក​វិធី​សង្គ្រោះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ហ្នឹង ហ៊ុន សែន និង​ថាក់​ស៊ីន អាច​លេង​ជាមួយគ្នា ដោយ​បំផុល​ចលនា​ជាតិនិយម។ ថៃ​ទាមទារ​គ្រប់គ្រង​ខេត្ត​កោះកុង ទាមទារ​ផល​ប្រយោជន៍ នៅ​តំបន់​សមុទ្រ​អ៊ីចឹង​ទៅ»។

ជម្លោះ​ទាស់ទែង​គ្នា​រវាង​អ្នកគាំទ្រ​ខ្មែរ និង​ថៃ នេះ មិនមែន​ទើបតែ​កើតឡើង​លើកទីមួយ​នោះ​ឡើយ​។ ជាក់ស្ដែង វិវាទ​ការប្រើប្រាស់​ឈ្មោះ «​គុន​ខ្មែរ​» (Kun Khmer) និង «​មួយ​ថៃ​» (Muay Thai) ក្នុង​វិញ្ញាសា​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង កាលពី​ឆ្នាំ​២០២៣ បាន​បង្កើត​ទៅជា​ភាព​ចម្រូងចម្រាស ដោយសារ​ភាគី​ថៃ បដិសេធ​មិន​បញ្ជូន​កីឡាករ​ឱ្យ​ចូលរួម​ប្រកួត​ក្រោម​ឈ្មោះ​គុន​ខ្មែរ​។ ក្រៅ​ពី​នេះ កម្ពុជា និង​ថៃ ក៏​នៅ​មាន​ជម្លោះ​ជា​ហូរហែ ផ្សេងទៀត​ផង​ដែរ ពាក់ព័ន្ធ​នឹង​វប្បធម៌ ប្រពៃណី ការ​ស្លៀកពាក់ ម្ហូបអាហារ និង​បញ្ហា​ព្រំដែន​នៅ​ប្រាសាទ​តាមាន់ និង​ប្រាសាទ​ព្រះវិហារ រហូត​ដល់​មាន​ការ​តស៊ូ​ដោយ​ប្រើប្រាស់​អាវុធ​ទៀត​ផង។

អ្នកជំនាញ​ប្រវត្តិសាស្ត្រ និង​អ្នកវិភាគ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ សម្របសម្រួល​បញ្ចប់​វិវាទ​នេះ ដើម្បី​បង្ការ​កុំឱ្យ​បញ្ហា​នេះ​កាន់តែ​រីក​ធំ​ជាង​នេះ ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង នយោបាយ ការទូត និង​សេដ្ឋកិច្ច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។