ពលករខ្មែរធ្វើការសំណង់នៅថៃនឹកស្រុកកំណើត តែគ្មានលុយមកលេងនៅរដូវបុណ្យភ្ជុំបិណ្ឌ
2024.10.02
ពលករខ្មែរធ្វើការសំណង់នៅប្រទេសថៃភាគច្រើន ខកខានទៅលេងស្រុកកំណើត នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ដោយសារតែគ្មានលុយកាក់ ខណៈពលករខ្មែរខ្លះទៀតត្រូវប៉ូលិសថៃចាប់ដាក់គុក ដោយសារ តែគ្មានលិខិតឆ្លងដែនត្រឹមត្រូវ។ ពួកគាត់ថា នៅពេលបុណ្យទានម្ដងៗ មានតែខាំធ្មេញសង្កត់ចិត្ត ហើយរហូតពេលខ្លះដេកយំ តូចចិត្តនឹងខ្លួនឯង មិនដឹងពេលណាបានអាចមានជីវភាពសមរម្យ បានជួបជុំគ្រួសារពេលបុណ្យទានម្ដងៗ។
ខណៈដែលពលរដ្ឋខ្មែរជា ច្រើនកំពុងតែ ប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ធ្វើបុណ្យទានឧទ្ទិសកុសលតាមប្រពៃណីព្រះពុទ្ធសាសនា និងជួបជុំគ្រួសារ ជិតឆ្ងាយ ពលករខ្មែរមួយចំនួនធំ ធ្វើការនៅប្រទេសថៃ ពុំបានសម្រាកពីការងារ ដើម្បីមកជួបជុំគ្រួសារ នៅឯស្រុកកំណើតនោះទេ ព្រោះគ្មានលុយកាក់ គ្រប់គ្រាន់សម្រាប់ធ្វើដំណើរ ហើយពលករខ្មែរ ខ្លះទៀតត្រូវបានប៉ូលិសថៃ ចាប់ដាក់គុក ដែលជាហេតុធ្វើឱ្យពួកគាត់ពុំអាចទៅជួបជុំ គ្រួសារនៅថ្ងៃបុណ្យភ្ជុំ។
ពលករខ្មែរធ្វើការសំណង់នៅប្រទេសថៃ លោក វឿន ពុទ្ធារឹទ្ធ ដែលមានស្រុកកំណើតនៅស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ ខែកញ្ញា ថា ជាង៥ឆ្នាំហើយ លោកពុំដែលបានមកលេងស្រុកកំណើត ជួបជុំគ្រួសារ និងធ្វើបុណ្យទាន នៅរដូវភ្ជុំបិណ្ឌនោះទេ ព្រោះគ្មានលុយ។
លោកបន្តថា នៅពេលដែលបុណ្យទានម្ដងៗ ឃើញគ្រួសារគេជួបជុំគ្នា សើចលេងសប្បាយ ទៅវត្តវ៉ាធ្វើបុណ្យទាន លោកមានអារម្មណ៍ថា នឹកស្រុកកំណើតជាខ្លាំង ។ ការណ៍នេះ ធ្វើឱ្យលោក និងប្រពន្ធ ពេលខ្លះ ដេកយំ តូចចិត្តនឹងខ្លួនឯងថា ហេតុអ្វី បានជីវិតនេះ ជួបតែការលំបាក ធ្វើការសំណង់នៅប្រទេសគេ បានថវិកា បន្តិចបន្តូចមក ក៏សម្រាប់តែទុកតវីសា (VISA) បង់ធនាគារ ចំណាយលើការហូបចុកប្រចាំថ្ងៃខ្លះ និងផ្ញើទៅឱ្យគ្រួសារនៅឯស្រុកខ្លះ។
លោក វឿន ពុទ្ធារឹទ្ធ៖ «វាពុំមានលុយទៅ(លេងស្រុក)ខ្ញុំមិនដែលបានទៅលេងភ្ជុំបិណ្ឌ ប្រហែលជា៣ ៤ទៅ៥ឆ្នាំហើយ មិនដែលបានទៅលេងភ្ជុំបិណ្ឌនឹងគេ សូម្បីតែម្ដង។ វាពុំមានលុយទៅ»។
លោក វឿន ពុទ្ធារឹទ្ធ ធ្វើការនៅក្រុងបាងកក (Bangkok) ប្រទេសថៃ ជាមួយនឹងពលករខ្មែរមកពីបណ្ដាខេត្តផ្សេងៗដូចបាត់ដំបង ពោធិ៍សាត់ និងព្រៃវែង ជាង១០០នាក់។ លោកថា ឆ្នាំនេះ អ្នកដែលទៅលេងស្រុក ក្នុងរដូវភ្ជុំបិណ្ឌមានតែ ១០នាក់ប៉ុណ្ណោះ។ ពួកគាត់ថា ពលករខ្មែរធ្វើការនៅប្រទេសថៃនេះភាគច្រើន មួយឆ្នាំទៅលេងស្រុកបានតែម្ដងគត់ គឺនៅថ្ងៃចូលឆ្នាំខ្មែរ។
ចំណែក ពលករខ្មែរម្នាក់ទៀតមានស្រុកកំណើត នៅខេត្តព្រៃវែង លោក ស្វាយ សារឿន ក៏មិនបានទៅលេងស្រុក ក្នុងថ្ងៃភ្ជុំបិណ្ឌនោះដែរ ព្រោះកន្លែងធ្វើការអត់ឈប់សម្រាក រួមនឹងគ្មានលុយ។ ប៉ុន្តែ លោក និងពលករដទៃទៀតបានផ្ញើលុយ ជូនពុកម្ដាយ និងសាច់ញាតិខ្លះ នៅឯស្រុក នៅក្នុងរដូវភ្ជុំបិណ្ឌតាមទំនៀមទម្លាប់។
លោក ស្វាយ សារឿន មិនអាចទៅស្រុកកំណើតនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ បាន ដោយសារតែ លោករវល់ធ្វើការ ក្រែងបានថវិកាខ្លះដើម្បីបង់ធនាគារ ដែលលោកជំពាក់ ជិត ១ម៉ឺនដុល្លារ។ ការណ៍នេះតម្រូវឱ្យលោក និងប្រពន្ធធ្វើការដោយពុំគិតពីការនឿយហត់ និងថ្ងៃសម្រាកបានត្រឹមត្រូវនោះទេ បើទោះបីថ្ងៃបុណ្យទានក្ដី។
ទោះបីជាពលករទាំងនោះ ពុំបានទៅលេង ស្រុកកំណើត នៅស្រុកខ្មែរ ដើម្បីជួបជុំសាច់ញាតិ ធ្វើបុណ្យទានក្ដី ប៉ុន្តែ ពលករខ្មែរខ្លះ បានឆ្លៀតពេលទំនេរពីការងារ ទៅវត្តនៅក្បែរៗកន្លែងធ្វើការ ក្នុងប្រទេសថៃ ដើម្បីប្រគេនចង្ហាន់ និងទេយ្យទានមួយចំនួនដល់ព្រះសង្ឃ ជាការឧទ្ទិសកុសល ដល់សាច់ញាតិ ដែលបានស្លាប់តាមជំនឿ ដែលពលរដ្ឋខ្មែរ តែងតែ គោរពជឿជាយូរមកហើយ។
ដោយឡែក ពលករខ្មែរខ្លះទៀត ពុំបានទៅលេងស្រុកកំណើតនោះទេ ដោយ សារតែត្រូវបាន ប៉ូលិសថៃចាប់ខ្លួនដាក់គុក ដោយសារតែគ្មានលិខិតឆ្លងដែនត្រឹមត្រូវ។ ពលករខ្មែរធ្វើការនៅខេត្តប៉ាថុមថានី (Pathum Thani) ប្រទេសថៃ លោក ប៉ែន ប៊ុនថន ប្រាប់វិទ្យុអាស៊ីសេរីថា ជាង៣ខែមកនេះ មានពលករខ្មែរ ដែលលោកស្គាល់ជាង ១ពាន់នាក់ហើយ ដែលត្រូវបានប៉ូលិស ចាប់ខ្លួនដាក់គុក ដោយសារតែគ្មានលិខិតឆ្លងដែនត្រឹមត្រូវ ក្នុងនោះ ក៏មាន ក្រុមការងាររបស់លោក១០ក៏ត្រូវបានប៉ូលិសចាប់ខ្លួនដែរ កាលពីដើមខែកញ្ញា ដែល ពុំទាន់បានដោះលែង នោះឡើយ។ ការណ៍នេះ ធ្វើឱ្យក្រុមគ្រួសារបារម្ភ ហើយខកខាន បានជួបជុំគ្រួសារនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ។
លោក ប៉ែន ប៊ុនថន៖ «ជាការសោកស្ដាយមួយដែរ ដែលយើងមានស្ថានទូតកម្ពុជារបស់យើង ប្រចាំនៅប្រទេសថៃ គឺជំនួសមុខឱ្យរដ្ឋាភិបាលកម្ពុជា ដែលមើលការខុសត្រូវ ពលករ មកធ្វើការនៅប្រទេសថៃ។ ធម្មតាដូចជាម៉ែឪរបស់ពួកគាត់មួយដែរ តែភាគច្រើន និយាយរួមទៅពេលខ្ញុំ តេ (ហៅទូរស័ព្ទ)ទៅ មិនដែលឃើញលើក(ទូរស័ព្ទ) ។
ចាប់តាំងពីខែមិថុនាដល់ខែកញ្ញា អាជ្ញាធរថៃបានចាប់ខ្លួនពលករខ្មែរចំណាកស្រុកខុសច្បាប់មានចំនួនជិត ៤ម៉ឺននាក់ (៣៩.៧៣៦)នាក់ ហើយក្នុងនោះមាន ពលករខ្មែរជាង២រយនាក់ (២៥៩) នាក់ ត្រូវបានកាត់ទោស ហើយ ពលករខ្មែរខ្លះ អាចប្រឈមជាប់ពន្ធនាគារចន្លោះពី៥ខែ ទៅ១ឆ្នាំ តាមបទល្មើសជាក់ស្ដែង។
ពលករខ្មែរ ទាំងនោះ ស្នើឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងមន្ត្រីស្ថានទូតខ្មែរ ប្រចាំនៅប្រទេសថៃ ឱ្យចុះសួរសុខទុក្ខពួកគាត់ ដើម្បីប្រឹក្សាយោបល់ផ្នែកច្បាប់ និងលុបបំបាត់ ក្រុមមេខ្យល់ ឬក្រុមហ៊ុនទាំងឡាយដែល រំលោភសិទ្ធិពលករខ្មែរ បោកប្រាស់ពួកគាត់ ដែលកំពុងធ្វើការនៅប្រទេសថៃ បើពុំដូច្នោះទេ ពលករខ្មែរកាន់តែមានជីវភាពលំបាកគ្មានលុយ សម្រាប់ផ្គត់ផ្គង់គ្រួសារ និងថ្លៃធ្វើដំណើរមកលេងស្រុកកំណើតពេលបុណ្យទានម្ដងៗនោះឡើយ។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងមន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដើម្បីឆ្លើយតបជុំវិញរឿងនេះ បានទេ នៅថ្ងៃទី៣០ ខែកញ្ញា។ រីឯ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន ក៏ពុំអាចទាក់ទងបានទេ នៅថ្ងៃទី០១ ខែតុលា ដោយហៅទូរស័ព្ទចូលគ្មានអ្នកទទួល។
ទាក់ទិនរឿងនេះ ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIREA) លោក ឌិន ពុទ្ធី មើលឃើញថា ពលករខ្មែរដែលធ្វើការក្នុងប្រទេសថៃ ភាគច្រើនពួកគាត់មិនបានវិលត្រឡប់ទៅលេងស្រុកកំណើតក្នុងរដូវភ្ជុំនេះទេ ព្រោះពលករខ្មែរមានបញ្ហាជីវភាពខ្វះខាត មានការងារតិចតួច និងកន្លែងខ្លះគ្មានការងារធ្វើតែម្ដង ដោយសារតែការចាញ់បោកក្រុមមេខ្យល់ ឬក្រុមហ៊ុន ដែលធានាពួកគាត់ ទៅធ្វើការនៅប្រទេសថៃ តាមរយៈការកេងប្រវ័ញ្ចកម្លាំងពលកម្ម ផ្សេងៗ ដែលធ្វើឱ្យពលករទាំងនោះ ពុំអាចមានជីវភាពល្អប្រសើរបានឡើយ។
លោក ឌិន ពុទ្ធី៖ «ក្រសួងទាំងអស់ ប្រសិនបើពុំបានតាមដាន ពិនិត្យទៅលើក្រុមហ៊ុន ដែលនាំពលករចេញទេ អាហ្នឹង វាមានការរំលោភសិទ្ធិមនុស្ស ឬការកេងប្រវ័ញ្ច អីផ្សេងៗ អាហ្នឹងជារឿងធម្មតាទេ។ រដ្ឋាភិបាលក៏ដូចជាក្រសួង ត្រូវតែយកចិត្តទុកដាក់ តាមដានពាក់ព័ន្ធរឿងហ្នឹង»។
របាយការណ៍អង្គការសង់ត្រាល់ (Central) ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការងារស្របច្បាប់ និងមិនស្របច្បាប់ជិត ២លាននាក់នៅប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។