កាកបាទក្រហមកម្ពុជា រង​ការ​រិះគន់​ដោយសារ​ការ​ជួយ​សង្គ្រោះ​យឺតយ៉ាវ និង​មិន​គ្រប់គ្រាន់

ដោយ សុ ជីវី
2018-08-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​អំណោយ​ដល់​ជន​រងគ្រោះ​ដោយសារ​ទឹក​ជំនន់ នៅ​ស្រុក​មុខកំពូល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៧ វិច្ឆិកា ឆ្នាំ​២០១១។
ប្រធាន​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​អំណោយ​ដល់​ជន​រងគ្រោះ​ដោយសារ​ទឹក​ជំនន់ នៅ​ស្រុក​មុខកំពូល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៧ វិច្ឆិកា ឆ្នាំ​២០១១។
Photo: RFA

ប្រជាពលរដ្ឋរងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​មួយ​ចំនួន រិះគន់​កាកបាទ​ក្រហម​កម្ពុជា​ថា ផ្តល់​ជំនួយ​សង្គ្រោះ​យឺតយ៉ាវ និង​មិន​គ្រប់គ្រាន់​តាម​តម្រូវការ ហើយ​មាន​ការ​រើសអើង​ថែម​ទៀត។ មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​បរិស្ថាន​លើក​ឡើង​ថា ពលរដ្ឋ​រងគ្រោះ​ទឹក​ជំនន់ កំពុង​ជួប​ការ​លំបាក​ធ្ងន់ធ្ងរ​ក្នុង​ជីវភាព​នៅ​ឡើយ ដោយសារ​បាត់បង់​ផល​ដំណាំ និង​ផ្ទះ​សម្បែង និង​មុខ​របរ។ ដូច្នេះ​ស្ថាប័ន​មនុស្សធម៌​របស់​រដ្ឋ​មួយ​នេះ គួរ​តែ​បន្ត​ជួយ​ពង្រីក​ការ​ចែក​អំណោយ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ហើយ​អាជ្ញាធរ ក៏​គួរ​តែ​មាន​វិធានការ​ជួយ​ស្តារ​ជីវភាព​ប្រជា​ពលរដ្ឋ​ឡើង​វិញ។

ស្រប​ពេល​ដែល​ប្រជា​ពលរដ្ឋ​ជាង ៦​ម៉ឺន​គ្រួសារ កំពុង​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ទឹក​ជំនន់​នោះ កាកបាទ​ក្រហម​កម្ពុជា ដែល​ជា​អង្គការ​មនុស្សធម៌​ធំ​បំផុត និង​ដែល​ទទួល​បាន​មូលនិធិ​ច្រើន​ជាង​គេ​បំផុត នៅ​ក្នុង​ប្រទេស​កម្ពុជា រង​ការ​រិះគន់​ថា ពុំ​សូវ​មាន​សកម្មភាព​ចែក​អំណោយ​ជួយ​ដល់​ជន​រង​គ្រោះ។ លើស​ពី​នេះ​ទៅ​ទៀត អំណោយ​ដែល​បាន​ចែក​ខ្លះ​ហើយ​នោះ ក៏​មាន​ចំនួន​តិចតូច មិន​គ្រប់​គ្រាន់​ដល់​ប្រជា​ពលរដ្ឋ នៅ​ក្នុង​តំបន់​រង​គ្រោះ​មួយ​ចំនួន​នោះ​ទេ។ ពលរដ្ឋ​ត្អូញត្អែរ​ថា ពួក​គាត់​កំពុង​នៅ​តែ​​ជួប​ការ​លំបាក​នៅ​ឡើយ។

ប្រជា​ពលរដ្ឋ​រង​គ្រោះ​ម្នាក់ នៅ​ឃុំ​បូរី ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង រៀបរាប់​ថា អ្នក​ភូមិ​របស់​ពួក គាត់​បាន​បាត់​បង់​ស្រូវ​ស្រែ​ទាំង​ស្រុង ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ធ្ងន់ធ្ងរ​រយៈ​ពេល​វែង។ ពលរដ្ឋរូបនេះ បន្តថាតាំងពីគ្រោះទឹកជំនន់កើតឡើង គឺ​មាន​ខាងអាជ្ញាធរ និងខាងកាកបាទក្រហម ចុះចែកអំណោយម្តងគត់។ ហើយ​ក៏​បាត់​ឈឹង មិនឃើញវត្តមានចុះសួរសុខទុក្ខពួកគាត់ទៀតឡើយ ស្របពេលអំណោយ ទាំង​នោះប្រើប្រាស់អស់ទៅហើយ៖ «»

ចំណែកពលរដ្ឋមួយគ្រួសារទៀត ដែលរស់នៅឃុំសេកុង ស្រុក​សៀមប៉ាង ដែល​ជា​តំបន់​រងគ្រោះ​ធ្ងន់​មួយ​ទៀត ឲ្យ​ដឹង​ថា លោក​ និង​ប្រជា​ពលរដ្ឋ​រង​គ្រោះ​មួយ​ចំនួន​ទៀត មិន​ទាន់​ទទួល​បាន​អំណោយ ពី​កាកបាទ​ក្រហម​នោះ​ទេ ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​ថា មិន​មាន​ឈ្មោះពួកគាត់ត្រូវ​ទទួល​អំណោយ៖ «»

ចំណែកប្រជាពលរដ្ឋមួយគ្រួសារទៀត ដែល​រស់​នៅ​ស្រុក​សៀមប៉ាង​ដែរ អះអាង​ថា គាត់​បាន​ទទូល​អំណោយ​ដែរ ប៉ុន្តែ​មិន​មាន​គ្រឿង​ឧបភោគ និង​បរិភោគ​ច្រើន​នោះ​ទេ ។ ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​រង​គ្រោះ​ធ្ងន់​បំផុត​មួយ​ចំនួន ក៏​បាន​លើក​ឡើង​ថា ពួក​គាត់​កំពុង​រង់​ចាំ​កាកបាទ​ក្រហម​កម្ពុជា ចុះ​ជួយ​បន្ត​ទៀត​ដែរ ក្នុង​ពេល​កំពុង​មាន​ការ​ខ្វះ​ខាត​ស្បៀង​អាហារ​យ៉ាង​ខ្លាំង៖ «»

លោកស្រី ប៊ុន រ៉ានី ភរិយារបស់លោក ហ៊ុន សែន គឺជា​ប្រធាន​អង្គការ​កាក​បាទ​ក្រហម​កម្ពុជាដែល មានសាខានៅគ្រប់ខេត្តទាំងអស់ ទូទាំងប្រទេស និង​ដែល​ទទួល​បាន​ប្រាក់​បរិច្ចាគ​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ទីស្នាក់ការ​កណ្តាល​កាកបាទ​ក្រហម​កម្ពុជា និង​សាខា​កាកបាទ​ក្រហម​កម្ពុជា​នៅ​ខេត្ត​ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​កំពង់ចាម​បាន​ទេ នៅ​ថ្ងៃ​ទី១៣ ខែ​សីហា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

នាយក​ប្រតិបត្តិ​អង្គការ​បណ្តាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ សង្កេតឃើញថា សកម្មភាព ចុះចែកអំណោយ និងជួយសង្គ្រោះប្រជាពលរដ្ឋនោះ គឺ​មាន​សកម្មភាព​ខ្លាំង​ក្លា​នៅ​មុន​ពេល​បោះ​ឆ្នោត។ ប៉ុន្តែ​ក្រោយ​ពេល​បោះ​ឆ្នោត សកម្មភាព​ចុះ​ចែក​អំណោយ​ដល់​ជន​រង​គ្រោះ ហាក់​ស្ងប់​ស្ងាត់​ទៅ​វិញ។ លោកបន្តថា មកដលពេលនេះ ថ្វីត្បិតតែទឹកស្រកទៅវិញបណ្តើរ ហើយប្រជាពលរដ្ឋ មួយវិលទៅរកលំនៅឋានក្តី ប៉ុន្តែពួកគាត់នៅតែជួបការលំបាកខ្លាំងនៅឡើយ ដោយសារគ្រួសារខ្លះ ខូចខាត​ផល​ដំណាំ និងទ្រព្យសម្បត្តិធ្ងន់ធ្ងរ។លោក ស្នើសុំឲ្យអាជ្ញាធរ និង​កាកបាទក្រហម បន្ត ចុះ​ជួយប្រជាពលរដ្ឋរងគ្រោះជាបន្តទៀតឲ្យបានគ្រប់ជ្រុងជ្រោយ៖ «»

នាយក​ខុទ្ទកាល័យ និងជាអ្នកនាំពាក្យគណៈកម្មាធិការ​ជាតិ ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី ប្រាប់សារព័ត៌មានក្នុងស្រុកថា គិតត្រឹម​ថ្ងៃ​ទី១១​សីហា មាន​ប្រជាពលរដ្ឋ​ចំនួន១៤នាក់ស្លាប់ និង​បង្កផលប៉ះពាល់ដល់​ប្រជាពលរដ្ឋ​ជាង៦ម៉ឺន​គ្រួសារ​នៅក្នុង​ខេត្ត​ចំនួន៦ នៅ​តាម​ដងទន្លេមេគង្គមាន ខេត្តក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងខេត្តកណ្ដាល។

អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីលោកកែវ វី បានទេ ដោយលោក​ប្រាប់​មិន​មាន​តួនាទីនិ​យាយជាមួយ ប្រព័ន្ធផ្សព្វផ្សាយនៅក្រៅប្រទេស។ ចំណែក​អនុ​ប្រធាន​​ទី១​នៃ​​គណៈ កម្មាធិការ​​ជាតិ​​គ្រប់គ្រង​​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា ប្រាប់ថា លោកជាប់រវល់ មិនអាចនិយាយបាន។

តាមការព្យាករណ៍កម្ពស់ទឹកទន្លេ នឹងស្រកចុះទៅវិញបន្តិច។ ទឹកជំនន់​នៅ​កម្ពុជា​កន្លង​ទៅ​នេះ កើត​ឡើង​ដោយសារ​រងឥទ្ធិពល​ទឹកភ្លៀង​ផង និង​ការបាក់ទំនប់​វារី​អគ្គិសនី សេពាន សេណាម​ណយ ឋិត​ក្នុង​ស្រុក​សាណាមសៃ ខេត្ត​អត្តពឺ (Attapeu) ប្រទេស​ឡាវ។

នាយក​ប្រតិបត្តិ​អង្គការ​បណ្តាញ​ការពារ​ទន្លេ​បី កត់សម្គាល់ដែរថា ក្រៅ​ពីមិនសូវ​មានសកម្មភាពជួយ សង្គ្រោះបឋមដល់ប្រជាពលរដ្ឋហើយនោះ គឺអាជ្ញាធរ ក៏មិនទាន់​ឃើញ​ធ្វើ​របាយការណ៍​ជាក់លាក់ ឬ​ចេញ​សេចក្តី​ថ្លែងកាណ៍​ណា​មួយ ដើម្បី​ប្តឹងទៅ​ក្រុមហ៊ុន​ទំនប់វារីអគ្គិសនី និង​អាជ្ញាធរ​ឡាវ​ឲ្យ​ផ្តល់​សំណង់​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​រង​គ្រោះ ពី​ការ​បាក់​ទំនប់​នេះ​ឡើយ។ លោក​បញ្ជាក់​ថា តាម​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​គណៈកម្មាធិការ​ទន្លេ​មេគង្គ (MRC) ឆ្នាំ​១៩៩៥ គឺ​ក្រុមហ៊ុន​ទំនប់​វារី​អគ្គិសនី និង​អាជ្ញាធរ​ឡាវ គួរ​តែ​មាន​ចំណែក​ទទួល​ខុសត្រូវ ចំពោះ​ផល​ខូចខាត​របស់​កម្ពុជា៖ «»

ថ្វី​ដ្បិត​តែ​កាកបាទ​ក្រហម មាន​គោលការណ៍​គ្រឹះ​ទាំង ៧​ចំណុច រួម​មាន ភាព​មនុស្សធម៌ ភាព​មិន​លំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្ម​ស្ម័គ្រ​ចិត្ត ឯកភាព និង​សកល​ភាព​ក្តី ប៉ុន្តែ​ប្រជាពលរដ្ឋ មើលឃើញ​ថា ស្ថាប័ន​មនុស្សធម៌​មួយ មិន​បាន​ប្រកាន់ខ្ជាប់​តាម​គោលការណ៍​របស់​ខ្លួន​ឡើយ។ ជាក់​ស្តែង​មិន​មែន​តែ​ប្រជា​ពលរដ្ឋ ដែល​រង​គ្រោះ​ទឹក​ជំនន់​នេះ​ទេ សូម្បី​តែ​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ បាត់​បង់​ដី​ធ្លី ពលរដ្ឋ​ក្រីក្រ​តាម​តំបន់​ព្រំដែន និង​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ផ្សេងៗ ទៀត ក៏​មិន​ដែល​ទទួល​បាន​អំណោយ​ពី​ស្ថាប័ន​កាកបាទ​ក្រហម​គ្រប់គ្រង​ដោយ​ភរិយា​លោក ហ៊ុន សែន នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល