សមាជិក​ព្រឹទ្ធសភា​កម្ពុជា​សាងសង់​អគារ​ជួល​ឱ្យ​ជនជាតិ​ចិន​នៅ​ខេត្ត​កោះកុង

0:00 / 0:00

មន្ត្រី​សិទ្ធិមនុស្ស​នៅ​ខេត្ត​កោះកុង​អះអាង​ថា ក្រុមហ៊ុន លោក លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់អំណាច និង​ជា​មហាសេដ្ឋី​បន​ល្បែង កំពុង​សាងសង់​អគារ​សម្រាប់​ឱ្យ​ជនជាតិ​ចិន​ជួល​ស្នាក់នៅ និង​ធ្វើ​ការងារ​នៅ​ខេត្ត​កោះកុង។ សង្គម​ស៊ីវិល​សំដែង​ក្តី​កង្វល់​ថា ការសាងសង់​អគារ​នេះ នឹង​បណ្ដាល​ឱ្យ​មាន​ជនជាតិ​ចិន​ច្រើន​បន្ថែម​ទៀត​មក​រស់នៅ​ក្នុង​ខេត្ត​នេះ ហើយ​អាច​បង្ក​អំពើ​អសន្តិសុខ និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ នៅ​ខេត្ត​កោះកុង លោក ហួរ អ៊ីន លើក​ឡើង​ថា ជនជាតិ​ចិន​រាប់​ម៉ឺន​នាក់ នឹង​អាច​មក​ស្នាក់នៅ​ក្នុង​តំបន់​ជាប់​ព្រំដែន និង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុងស្រុក​មណ្ឌលសីមា បើសិនជា​អគារ​ទាំងនេះ​សាងសង់​រួច ហើយ​លោក​ថា​អគារ​ទាំងអស់​នេះ មិន​គ្រប់គ្រាន់​សម្រាប់​ជនជាតិ​ចិន​ទេ ព្រោះ​អាច​នឹង​មាន​ចំនួន​ច្រើន។

មន្ត្រី​សាលាខេត្ត​កោះកុង ឱ្យ​ដឹង​ថា ក្រុមហ៊ុន អ៊ិល វ៉ាយភី គ្រុប (LYP Group) កំពុង​សាងសង់​សំណង់​ជាច្រើន​នៅ​ជាប់​ព្រំដែន និង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស សម្រាប់​ការ​វិនិយោគ រោងចក្រ​សហគ្រាស​ផ្សេងៗ ដែល​បាន​សហការ​និង​ក្រុមហ៊ុន​បរទេស​មួយ​ចំនួន។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ នៅ​ខេត្ត​កោះកុង លោក ហួរ អ៊ីន បន្ត​ថា បច្ចុប្បន្ន មិន​ទាន់​មាន​កង្វល់​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​នៅឡើយ​ទេ ព្រោះ​នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម តែ​លោក​បារម្ភ​ថា នៅ​ពេល​អគារ​សង់​រួច និង​មាន​ជនជាតិ​ចិន​ច្រើន​ចូល​មក​រស់នៅ ហើយ​អាច​បង្ក​ភាព​អសន្តិសុខ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​ដូច​នៅ​ខេត្ត​ព្រះសីហនុ​ដែរ។

អតីត​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ធ្លាប់​បាន​ធ្វើ​របាយការណ៍​មួយ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ហើយ​លោក​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​អំពី​ការ​កើនឡើង​នៃ​វត្តមាន​របស់​ជនជាតិ​ចិន​នៅ​ក្នុង​ខេត្ត​នេះ។

លោក យន្ត មីន ថា ប្រជាជន​ចិន​មួយ​ចំនួន​បាន​ចូលរួម​ក្នុង​សកម្មភាព​បទឧក្រិដ្ឋ ហើយ​ពួកគេ​ក៏បាន​ចូលរួម​ក្នុង​ការ​ជំរិត​យក​ប្រាក់​ពី​វិនិយោគិន និង​ពលករ​បរទេស ហើយ​ជន​ជាតិ​ចិន​ភាគច្រើន​កំពុង​ឈ្លោះប្រកែក​ជាមួយ​អ្នកស្រុក។

លោក ហ៊ួរ អ៊ីន បន្ថែម​ទៀត​ថា អគារ​ជាច្រើន កំពុង​សាងសង់​ទាំង​ថ្ងៃ​ទាំង​យប់ នៅ​ជាប់​ព្រំដែន​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចាំ​យាម នៅ​ខេត្ត​កោះកុង និង​ទីតាំង​មួយ​កន្លែង​ទៀត កំពុង​បុក​គ្រឹះ​នៅ​លើ​ដី​ទំហំ ៦​ហិកតារ នៅ​ស្រុក​មណ្ឌលសីមា។

លោក​ប្រាប់​ថា ជនជាតិ​ចិន​នៅ​ក្នុង​តំបន់​នោះ មាន​ច្រើន​ខុស​ប្លែក​ពីមុន ហើយ​ឥឡូវនេះ​ពួកគេ បាន​បង្កើត​ភោជនីយដ្ឋាន​ចិន​មួយ​ទៀត សម្រាប់​ជនជាតិ​ចិន​ដែល​រស់នៅ​ទីនោះ៖ «ជា​កង្វល់​របស់​យើង យើង​មិន​យល់ យើង​ឆ្ងល់ តើ​ហេតុ​អី​បានជា​ប្រជាពលរដ្ឋ​ចិន មក​នៅ​តំបន់​ទល់ដែន​ចូល​ដល់​រាប់​ម៉ឺន​នាក់ យើង​មិន​ឃើញ​ថា ពួកគាត់​ធ្វើការ​ងារ​អី​ឱ្យ​ពិតប្រាកដ មិន​ដឹង​ថា​ពួកគាត់​មក​ហ្នឹង មក​ធ្វើ​អី ប្រកប​ការងារ​អី»។

លោក ហ៊ួរ អ៊ីន និយាយ​ថា នៅ​ពេល​លោក​ទៅកាន់​តំបន់​នោះ​ម្តងៗ ឃើញ​ជនជាតិ​ចិន​ច្រើន​នៅ​តំបន់ លោក លី យ៉ុងផាត់ គិត​ចាប់ពី​ព្រំដែន​មក​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស ព្រោះថា​អគារ​ថ្មីៗ​ដែល​ធ្វើ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ត្រូវ​បាន​ជួល​ឱ្យ​ចិន​ទាំងអស់​។ លោក​ថា ឥឡូវនេះ​ចាប់​តាំង​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ធ្លាប់​ធ្វើ​ជា​ផ្សារ នឹង​អគារ​មួយ​ចំនួន បាន​ជួល​ទៅ​ឱ្យ​ជនជាតិ​ចិន​ស្នាក់នៅ។

លោក​មិន​បាន​ដឹង​ថា ជនជាតិ​ចិន​ទាំងនេះ កំពុង​ធ្វើ​ការងារ​អ្វី​ទេ គាត់​គ្រាន់តែ​ដឹង​ថា ពួកគេ​អង្គុយ​នៅ​ពីមុខ​កុំព្យូទ័រ​ជាច្រើន​គ្រឿង និង​ប្រើ​ទូរស័ព្ទ។ លោក​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ ក៏​មាន​បើក​ខារ៉ាអូខេ មាន​ទាំង​ស្ត្រី​ខ្មែរ និង​ជនជាតិ​ចិន ហើយ​មាន​បើក​សេវា​បម្រើ​ផ្លូវ​ភេទ​ផង​ដែរ៖ «វា​ជៀស​មិន​ផុត​ទេ កាលណា​មក​ខុសច្បាប់​ច្រើន ពួកគាត់​ប្រកប​របរ​រកស៊ី ដូចជា​ការ​លេង​ល្បែង​តាម online ប្រកប​របរ​ម៉ាស្សា (massage) ប្រកប​របរ​រួមភេទ»។

ទោះបីជា​យ៉ាងណា អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង លោក សុខ សុទ្ធី បាន​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​អង្គារ៍ ទី​២៤ កញ្ញា នេះ​ថា ពិត​ជា​មាន​សំណង់​ជាច្រើន កំពុង​សាងសង់​នៅ​ជាប់​ព្រំដែន និង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មែន តែ​មិនមែន​ធ្វើ​សម្រាប់​តែ​ជួល​ឱ្យ​ជនជាតិ​ចិន​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​ការ​វិនិយោគ រោងចក្រ​សហគ្រាស​ផ្សេងៗ​ផង​ដែរ។

លោក សុខ សុទ្ធី មាន​ប្រសាសន៍​ថា សំណង់​ដែល​កំពុង​សាងសង់​នៅ​ក្នុង​តំបន់​នោះ ជា​ការ​វិនិយោគ​រួមគ្នា​រវាង​អ្នក​វិនិយោគិន​ជាច្រើន មាន​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ហើយ​ក៏​មាន​ភាគី​ថៃ ភាគី​ជប៉ុន និង​កូរ៉េ ផង​ដែរ៖ «សម្រាប់​ការ​វិនិយោគ គេ​អត់​គិត​អ៊ីចឹង​ទេ ដូច​អាស៊ីសេរី គិត​ទេ ដូច​ខ្ញុំ​បាន​និយាយ​អ៊ីចឹង គឺ​គេ​គិត​ទៅលើ​ជា​រួម​ទាំងអស់ មិន​ថា​ចិន មិន​ថា​កូរ៉េ មិន​ថា​ជប៉ុន មិន​ថា​វៀតណាម មិន​ថា​អាមេរិក​ទេ»។

លោក​មិនបាន​ដឹង​ថា មាន​ជនជាតិ​ចិន​ប៉ុន្មាន​នាក់ កំពុង​ធ្វើ​ការ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទេ ហើយ​មាន​ជនជាតិ​ចិន​ប៉ុន្មាន​នាក់ ចូល​មក​ស្នាក់នៅ​បន្ទាប់​ពី​បញ្ចប់​ការ​សាងសង់​អគារ ប៉ុន្តែ​លោក​បាន​បង្វែរ​សំណួរ​ទៅ​លោក លី យ៉ុងផាត់។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី លោក លី យ៉ុងផាត់ តែ​មិន​អាច​ទាក់ទង​បាន កាលពី​ថ្ងៃ​ទី​២៥ កញ្ញា។

របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​កម្ពុជា បាន​បង្ហាញ​ថា បច្ចុប្បន្ន​មាន​ជនជាតិ​ចិន​ចំនួន ២៥​ម៉ឺន​នាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​នោះ​មាន​ប្រមាណ ១០​ម៉ឺន​នាក់ នៅ​រាជធានី​ភ្នំពេញ និង​ជាង ១១ ម៉ឺន​នាក់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។ ក្រៅ​ពី​នេះ​នៅ​ខេត្ត​ស្វាយរៀង មាន​ជនជាតិ​ចិន​ចំនួន​ជាង ២ ម៉ឺន​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ​មាន​ជិត ២​ម៉ឺន​នាក់ និង​នៅ​ខេត្ត​កណ្ដាល​មាន​ជាង ១​ម៉ឺន​នាក់។ កន្លងមក​អាជ្ញាធរ​កម្ពុជា បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៣៨៥​នាក់ ហើយ​បាន​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ បន្ទាប់ពី​រក​ឃើញ​ថា​ពួកគេ មាន​ជាប់​ពាក់ព័ន្ធ​ទៅ​និង​បទឧក្រិដ្ឋ​ខាង​លើ​នេះ ហើយ​មួយ​ចំនួន​មាន​ដីកា​តាម​ចាប់ខ្លួន​ពី​ប្រទេស​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។