ខ្មែរ​មួយ​ចំនួន​នៅ​អូស្ត្រាលី​ប្រតិកម្ម​ការ​ប្រគំ​តន្ត្រី​លោក ព្រាប សុវត្ថិ ដែល​ពាក់ព័ន្ធ​រឿង​រំលោភ​ដីធ្លី

0:00 / 0:00

ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​មួយចំនួន​មិន​គាំទ្រ​ការ​ប្រគំ​តន្ត្រី ឬខនស៊ត (Concert) របស់​លោក ព្រាប សុវត្ថិ នៅ​លើ​ទឹកដី​អូស្ត្រាលី​ឡើយ ដោយ​ពួកគាត់​យល់​ថា ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក មាន​ជាប់​ឈ្មោះ​អាស្រូវ​រឿង​ទទួល​បាន​ដី​នៅ​បឹង​តាមោក កំពុង​មាន​ការ​តវ៉ា​ពី​ពលរដ្ឋ​រងគ្រោះ និង ជម្លោះដីធ្លី នៅ​ខេត្ត​រតនគិរី។

លោក ព្រាប សុវត្ថិ ដែល​ជា​កំពូល​តារា​ចំរៀង​ខ្មែរ​ប្រចាំ​ប្រទេស​កម្ពុជា កំពុង​រៀបចំ​សម្ដែង​ខុន​សិត (Concert) ក្នុង​ប្រទេស​អូស្ត្រាលី នៅ​ចុង​សប្តាហ៍​នេះ និង​សប្តាហ៍​ក្រោយ ប៉ុន្តែ​ខុស​ពី​ពេល​មុន​ដែល​លោក​តែង​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ លើក​នេះ លោក​ត្រូវ​បាន​អ្នក​ដែល​ធ្លាប់​គាំទ្រ​រិះគន់ និង​ប្រតិកម្ម​ប្រឆាំង​វត្តមាន​របស់​លោក និង​ក្រុម​គ្រួសារ។

ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី ពី​ទីក្រុង​ស៊ីដនី (Sydney) លោក សុខ ខេមា មាន​ប្រសាសន៍​ថា លោក ព្រាប សុវត្ថិ ក្នុង​នាម​ជា​តារា​ចំរៀង​តំណាង​ឲ្យ​ប្រទេស​ជាតិ​ទាំងមូល ត្រូវតែ​មាន​គុណធម៌​ក្នុង​ខ្លួន ដើរ​លើ​ផ្លូវ​កណ្តាល ​ដោយ​រក្សា​ភាព​យុត្តិធម៌ មិន​ត្រូវ​គាំទ្រ​អ្នក​ដែល​ជាន់​ឈ្លី​សិទ្ធិមនុស្ស រំលោភ​ដីធ្លី​ពលរដ្ឋ និង​បំផ្លាញ​ធនធាន​ជាតិ ដែល​ជា​សម្បត្តិ​រួម​នោះ​ទេ។ លោក សុខ ខេមា ថា រដ្ឋាភិបាល​កម្ពុជា​សព្វ​ថ្ងៃនេះ បាន​ប្រើ​អំពើ​ទុច្ចរិត​ជាច្រើន​ក្នុង​ការ​អូសទាញ​អ្នក​ដែល​មាន​ប្រជាប្រិយភាព ដើម្បី​ទាក់ទាញ​យុវជន ឲ្យ​មក​ប្រឡូកប្រឡាក់ ដើម្បី​បិទបាំង​នូវ​អំពើ​ទុច្ចរិត​របស់​ខ្លួន។

លោក សុខ ខេមា៖ «នៅក្នុង​របប​ផ្ដាច់ការ​សព្វថ្ងៃ​គេ​យកៗ​អ្នក​ទាំងនោះ​ដើម្បី​យក​មក​ជួយ​បិទបាំង ការពិត​របស់​គេ អ៊ីចឹង​មើលឃើញ​ដី​តាមោក សួរ​ថា លោក ព្រាប សុវត្ថិ ចង់​បានទេ ខ្ញុំ​មើល​ទៅ​ថា គាត់​ចង់​បានទេ?ចង់​មិន​ចង់​យើង​យល់​ហើយ ដី​បឹង​តា​មោក​នេះ​តា​មោក​នេះ សួរ​ថា​គាត់​ដាក់​ដេញថ្លៃ​ទេ គាត់​ទៅ​ទិញ​ពី​គេ​ទេ ខ្ញុំ​មិន​ជឿ​ថា គាត់​ចង់​បាន​ទេ អ៊ីចឹង​ទេ​លោក ហ៊ុន សែន គាត់​ចែក​ឲ្យ គាត់​មិន​តែ​ចែក​ឲ្យ ព្រាប សុវត្ថិ ទេ គាត់​ចែក​ឲ្យ សៅ សុខា»។

ពលរដ្ឋ​ខ្មែរ​មួយ​រូប​ទៀត​ពី​ទីក្រុង​ស៊ីដនី (Sydney) ដដែល លោក កូន សម្បត្តិ យល់ឃើញ​ថា លោក ព្រាប សុវត្ថិ មិនមែន​មើល​មិន​ឃើញ​នូវ​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​ប្រទេស​ជាតិ​របស់​ខ្លួន​នោះ​ទេ តែ​លោក​បិទ​ភ្នែក​ធ្វើជា​មិនឃើញ ដោយសារតែ​លាភ​សក្ការៈ ដែល​បាន​ផ្តល់​ដោយ​គណបក្ស​ប្រជាជន ដូចជា​មុខ​តំណាង​ក្នុង​ជួរ​ទាហាន និង​មានបុណ្យ​ស័ក្តិ​ទៀត​ផង។ លោក កូន សម្បត្តិ ថា ប្រទេស​កម្ពុជា​មិនមែន​មាន​សង្គ្រាម ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ ឬ​តារា​ចម្រៀង​ចូល​ធ្វើ​ទាហាន​ដើម្បី​ការពារ​ជាតិ​ទេ។ លើស​ពី​នេះ លោក​ថា ខណៈ​ណា​កម្ពុជា​គ្មាន​សង្គ្រាម​ឈ្លានពាន ហើយ​ប្រទេស​កម្ពុជា​បាន​ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ តារាចម្រៀង​ទាំងអស់​ត្រូវតែ​រក្សា​ភាព​អព្យាក្រឹត្យ មិន​ប្រកាន់​បក្ខពួក​ឬ​បក្សសម្ព័ន្ធ​នោះ​ឡើយ។

លោក កូន សម្បត្តិ៖ «ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មិន​គាំទ្រ​ក្រុម​សិល្បៈ​របស់​គ្រួសារ ព្រាប សុវត្ថិ ទេ ដែល​គាត់​នឹង​សម្ដែង​នៅ​រដ្ឋ​វ៉ិកតូរីយ៉ា(Victoria)ហើយ​នៅ​រដ្ឋ​ញូសៅវែល(New South Wales)អត់​ទាន់​ដឹង​ថ្ងៃខែ​ទេ ​វ៉ិកតូរីយ៉ា​គាត់​នឹង​សម្ដែង ថ្ងៃទី ២១ ខែតុលា ២០២៣ នេះ អ្វី​ដែល​ខ្ញុំ​មិន​គាំទ្រ ព្រោះ​គាត់​ជា ក្រុម​គ្រួសារ​គាត់​ជា​មន្ត្រី ជា​ឧកញ៉ា ដែល​គាំទ្រ​គណបក្ស​ប្រជាជន​ខ្មែរ ដែល​ក្រុម​ឧក្រិដ្ឋជន ដែល​គាត់​មានការ​ចូលរួម​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ច្បាម​យក​ដី​ប្រទេសជាតិ និង​ច្បាម​យក​ធនធាន​ធម្មជាតិ​នៅ​ប្រទេស​ខ្មែរ​យើង ហើយ​ខ្ញុំ​មិន​គាំទ្រ​ទេ​ដោយសារ​គាត់​នៅក្នុង​ហ្នឹង​ជាមួយ​គេ»។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ខ្មែរ​ពី​ទីក្រុង​ម៉ែលប៊ន (Melbourne) កញ្ញា សាន សេរីដា យល់​ឃើញ​ថា បើ​តាម​ការ​តាមដាន​សកម្ម​ភាព​របស់​កញ្ញា ទៅលើ​កំពូល​តារាចំរៀង លោក ព្រាប សុវត្ថិ គឺ​មិនដែល​ឃើញ​តារាចម្រៀង​រូប​នេះ​បាន​ធ្វើ​កិច្ចការ​សង្គម​អ្វី​ទល់​តែ​សោះ ក្នុង​គ្រា​ប្រទេសជាតិ​កំពុង​លិចលង់ ពោរពេញ​ដោយ​អំពើពុករលួយ ធនធានធម្មជាតិ​កាន់​បាត់បង់ ដោយសារ​អ្នកកាន់អំណាច​នាំគ្នា​ច្បាម​យក​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ហើយ​ពលរដ្ឋ​រាប់​លាន​នាក់​កាន់តែ​រង​ទុក្ខ​លំបាក។

កញ្ញា សាន សេរីដា៖ «ពួក​ខ្ញុំ​គឺ​គាំទ្រ​ពួកគាត់​ពី​មុន​ចា ដល់​ពេល​អ៊ីចឹង ដល់​ពេល​ឥឡូវ គាត់​ទៅ​ជា​បែកឆ្វេង ដោយសារ​គាត់​ទ្រ ស៊ីភីភី(CPP)ផង គាត់​ធ្វើ​ឲ្យ​ប្រជាជន​មាន​ការ​ឈឺចាប់​ដោយសារ​យក​ដី​យក​ទឹក​អ៊ីចឹង​ណា​បង កាប់​ព្រៃឈើ ចូលរួម​បំផ្លាញ​ព្រៃឈើ ចូលរួម​បំផ្លាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ហ្នឹង ដោយសារ​លប់​បឹង​តាមោក បង​ដឹង​ស្រាប់​ហើយ បឹង​ហ្នឹង​ធំៗ​មែនទែន​តែម្តង សម្រាប់​ទប់ទឹក​ដែល​ហូរ​ចូល​មក​អ៊ីចឹង កុំ​ឲ្យ​លិច​ទីក្រុង​ភ្នំពេញ​អ៊ីចឹង​»។

ដោយឡែក ពលរដ្ឋ​ខ្មែរ​មួយ​រូប​ទៀត មក​ពី​ទីក្រុង​ម៉ែលប៊ន (Melbourne) ដដែល លោក ហ៊ុច សេរីវុឌ្ឍិ មើលឃើញ​ថា លោក ព្រាប សុវត្ថិ គួរតែ​ដកខ្លួន​នៅ​ឲ្យ​ឆ្ងាយ​ពី​គណបក្ស​កាន់អំណាច បើ​មិន​ចង់​បាត់បង់​អ្នកគាំទ្រ ហើយ​ត្រូវ​បែរមក​ជួយ​អ្នក​ដែល​កំពុង​រងទុក្ខ​វេទនា​ដោយ​ការដឹកនាំ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ។

លោក ហ៊ុច សេរីវុឌ្ឍិ៖ «ប្រជាជន​ខ្វះ​កា​អារ​ច្រើន ហើយ​ចំណាកស្រុក​ក៏​ច្រើន​មែនទែន ចំណុច​ហ្នឹងហើយ ហើយ​គាត់​ជា​តារាចម្រៀង​កំពូល ហេតុអ្វី​បាន​គាត់​ទៅ​ឈរ ទៅ​ប្រឡូកប្រឡាក់​ជាមួយ​ខាង​នយោបាយ ខាង​ស៊ីភីភី(CPP)នោះ អ៊ីចឹង​ជាហេតុ​ផល​មួយ​ជ្រុង ដែល​ពួក​ខ្ញុំ មិន​ពេញចិត្ត ហើយក៏​មិន​ចូលរួម​គាំទ្រ​ត​ទៀត អ៊ីចឹង​បង»។

ជុំវិញ​ការ​សម្ដែង​ខនស៊ត (Concert) របស់​លោក ព្រាប សុវត្ថិ និង​តារាចម្រៀង​ក្រុម​គ្រួសារ​លោក​ក្នុង​ប្រទេស​អូស្ត្រាលី​នេះ វិទ្យុ​អាស៊ីសេរី​បាន​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​រៀបចំ​កម្មវិធី ក្នុង​ទីក្រុង​ម៉ែលប៊ន​(Melbourne) លោក សុ កាន់ នៅ​ថ្ងៃទី​១៧ តុលា ប៉ុន្តែ​លោក​បាន​បដិសេធ សុំ​មិន​ឆ្លើយតប​អ្វី​ទេ។

ទោះជា​យ៉ាងណា ក្នុង​សារ​វីឌីអូ​មួយ ដែល​ផ្សព្វផ្សាយ​ពី​ការ​សម្ដែង​ខនស៊ត របស់​លោក ព្រាប សុវត្ថិ ក្នុង​ទំព័រ Facebook សមាគម​ខ្មែរ​នៃ​ទីក្រុង​ម៉ែលប៊ន ដែល​មាន លោក ជា យូហ៊ន ជា​ប្រធាន មានប្រសាសន៍ថា សិល្បៈ​តន្ត្រី តារាចម្រៀង​ខ្មែរ​ក្តី គឺជា​ផ្នែក​មួយ​តំណាង​ឲ្យ​អត្តសញ្ញាណ​របស់​ជាតិ។ លោក ជា យូហ៊ន ថា លោក​ព្រាប សុវត្ថិ រស់នៅ​ក្រោម​ការដឹកនាំ​ដោយ​គណបក្ស​ប្រជាជន ដូច្នោះ​ចង់​មិន​ចង់​លោក​ត្រូវតែ​ចូលរួម​ជាមួយ​គណបក្ស​មួយ​នេះ។

កាលពី​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២២ អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ កាត់​ដី​បឹងតាមោក​ចំនួន ៣​ហិកតារ ក្នុង​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ​ឲ្យ​លោក ព្រាប សុវត្ថិ។ ពលរដ្ឋ​ធ្លាប់​រិះគន់​ថា លោក ព្រាប សុវត្ថិ ដែល​ធ្លាប់​តែ​មាន​អ្នកគាំទ្រ​ច្រើន និង​ជា​បុគ្គល​ស្អាតស្អំ មិន​គួរ​ចង់​បាន​ដី​បឹង​ធម្មជាតិ​នេះ​ទេ។

ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​លើកឡើង​ថា ដរាបណា​លោក ព្រាប សុវត្ថិ មិន​ដកខ្លួន​នៅ​ឲ្យ​ឆ្ងាយ​ពី​ក្រុម​អ្នក​នយោបាយ​ទុច្ចរិត​នៅ​កម្ពុជា ពួកគេ​នឹង​បន្ត​ប្រឆាំង ការ​សម្ដែង​ខនស៊ត (Concert) របស់​លោក ព្រាប សុវត្ថិ នៅក្នុង​ប្រទេស​អូស្ត្រាលី​លើក​ក្រោយៗ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។