អង្គភាពការពារកុមារ ឬហៅកាត់ថា ស៊ី.ភី.យូ (The Child Protection Unit-CPU) រកឃើញអំពើឃាតកម្មលើកុមារនៅក្នុងប្រទេសកម្ពុជាចំនួន ២០០ករណី ក្នុងរយៈពេល ៩ឆ្នាំ គិតចាប់ពីឆ្នាំ២០១៣ មក។ អង្គភាព ស៊ី.ភី.យូ បញ្ជាក់ថា អំពើឃាតកម្មលើកុមារទាំង ២០០ករណីនេះ គឺជាចំនួនបទល្មើសដែលក្រុមការងាររបស់អង្គភាព ស៊ី.ភី.យូ បានចូលរួមស៊ើបអង្កេតជាមួយអាជ្ញាធរកម្ពុជា ហើយឈានទៅចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។
អង្គភាពស៊ី.ភី.យូ បង្ហោះសារលើទំព័រហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី១៥ ខែមីនាថា គ្រប់ករណីឃាតកម្មទៅលើកុមារទាំងអស់ ត្រូវបានក្រុមការងាររបស់អង្គភាព ស៊ី.ភី.យូ រន្ធត់ចិត្ត និងចងចាំជានិច្ច ហើយមានករណីមួយចំនួន បានបន្សល់ទុកនូវស្នាមខ្លោចផ្សារក្នុងបេះដូងរបស់ពួកគេជានិច្ច។ ពួកគេ បានឃើញផ្ទាល់នឹងភ្នែកពីភាពសាហាវឃោឃៅនិងភាពខ្មៅងងិតរបស់មនុស្សនៅក្នុងការប្រព្រឹត្តបទល្មើសឃាតកម្មនីមួយៗ ច្រើនជាងអ្នកជំនាញស៊ើបអង្កេតដទៃទៀត។ អង្គភាព ស៊ី.ភី.យូ បន្តថា ដោយសារតែមានអារម្មណ៍ខឹង និងស្អប់ខ្ពើមដល់ជនល្មើសនេះហើយ ទើបជំរុញឲ្យពួកគេ ខិតខំស្វែងរកភាពយុត្តិធម៌ និងធ្វើឲ្យប្រាកដថា គ្រប់បុគ្គលដែលបង្កគ្រោះថ្នាក់ដល់កុមារនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នូវអំពើរបស់ខ្លួន។
អង្គភាព ស៊ី.ភី.យូ គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ បង្កើតឡើងក្នុងឆ្នាំ២០១៣ មានគោលដៅការពារកុមារ។ អង្គភាពនេះ មានក្រុមការងារភាគច្រើនជាជនបរទេសនិងមានជំនាញស៊ើបអង្កេតករណីឃាតកម្មកុមារ។
ក្រុមអង្គការសង្គមស៊ីវិល ឲ្យដឹងថា ករណីឃាតកម្មលើកុមារភាគច្រើន គឺជាករណីរំលោភសម្លាប់។ ពួកគេពិនិត្យឃើញថា បញ្ហាទាំងនេះ ផ្តើមចេញពីភាពក្រីក្រ កង្វះការអប់រំ ការមើលរូបភាព និងវីដេអូអាសអាភាស ការអនុវត្តច្បាប់នៅទាន់ខ្សោយ ព្រមទាំងការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងកើនឡើង ដែលរដ្ឋាភិបាលបច្ចុប្បន្ន មិនសូវយកចិត្តទុកដាក់ដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
