ទោះបីជាមានការអំពាវនាវពីជនរងគ្រោះ ដែលដាក់ទុនវិនិយោគក្នុងក្រុមហ៊ុន ស៊ីអាយស៊ី (CIC) ឱ្យដោះស្រាយវិបត្តិនៃការបាត់ទុនវិនិយោគ រាប់សិបលានដុល្លារ ដែលលេចធ្លាយព័ត៌មាន តាំងពីអំឡុងពាក់កណ្ដាលឆ្នាំ២០២៣ ក៏ដោយក៏មិនសូវមានស្ថាប័នរដ្ឋណា អើពើឡើយ។
រហូតទាល់តែមានប្រតិកម្ម ពីអតីតសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុននេះ គឺអ្នកឧកញ៉ា គួច ម៉េងលី កាលពីថ្ងៃទី២៣ ខែមីនា ដែលទាមទារឱ្យមានការស៊ើបអង្កេត នាំជនល្មើសដែលកិបកេងលុយវិនិយោគទៅផ្ដន្ទាទោស ទើបឃើញ មានអន្តរាគមន៍ខ្លះៗ ពីស្ថាប័នពាក់ព័ន្ធ។
តើក្រុមហ៊ុន CIC មានប្រវត្តិយ៉ាងដូចម្ដេច មានបេសកកម្មវិនិយោគលើវិស័យអ្វីខ្លះ និង ធ្លាក់ចូលក្នុងវិបត្តិដោយរបៀបណា?
អ្នកឧកញ៉ា គួច ម៉េងលី បានលើកឡើងថា បើមិនរកយុត្តិធម៌ ហើយឱ្យរឿងអាស្រូវបែបនេះ នៅតែបន្តកើតឡើងទៀត នោះប្រជាជននឹងបាត់ជំនឿលើរដ្ឋាភិបាលនិងប្រព័ន្ធយុត្តិធម៌ រដ្ឋាភិបាលនឹងបាត់ជំនឿពីសហគមន៍អន្តរជាតិ ហើយនឹងឈានទៅដល់ការបំផ្លិចបំផ្លាញសេដ្ឋកិច្ចកម្ពុជា។
បន្ទាប់ពីការបង្ហាញយោបល់ របស់អ្នកឧកញ៉ា គួច ម៉េងលី ទើបឃើញមានការយកចិត្តទុកដាក់ពីស្ថាប័នរដ្ឋ និងមន្ត្រីជាន់ខ្ពស់ជាច្រើនស្ថាប័នទៀត ដូចជា និយ័តករមូលបត្រកម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ក្រសួងយុត្តិធម៌ និង ក្រសួងមហាផ្ទៃជាដើម ចេញមុខបំភ្លឺ និងណែនាំអំពីវិធីរកខុសត្រូវដោយឱ្យប្ដឹងទៅតុលាការ ឬអាជ្ញាធរពាក់ព័ន្ធ រួមទាំងការប្ដេជ្ញាយកចិត្តទុកដាក់ស្វែង រកដំណោះស្រាយ ដើម្បីការពារអ្នកវិនិយោគស្របច្បាប់។
ក្រុមហ៊ុន ស៊ីអាយស៊ី ភីអិលស៊ី (Cambodian Investors Corporation Plc.) ត្រូវបានបង្កើតឡើង ក្នុងខែមេសា ឆ្នាំ២០១៣។ ក្រុមហ៊ុន CIC នេះ មានក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ គឺក្រុមហ៊ុន Cambodian Investors Capital Partners Plc (CIC Capital Partners Plc.) ដែលពេលចាប់ផ្ដើមដំណើរការ គឺស្ថិតនៅក្រោមការដឹកនាំរបស់លោក គុយ វ៉ាត ជាប្រធានក្រុមប្រឹក្សាភិបាល ក្នុងរចនាសម្ព័ន្ធអ្នកគ្រប់គ្រងជាន់ខ្ពស់ ចំនួន ១៣នាក់។
ក្បាលម៉ាស៊ីនជាន់ខ្ពស់ទាំង ១៣នាក់ ក្រៅពីលោក គុយ វ៉ាត ដែលក៏ជាម្ចាស់អាហារដ្ឋាន Park Café ជាប្រធាន ក៏មានលោក ហ៊ុន មុន្នីវណ្ណ លោក លី លាង លោក សុខ ពិសិដ្ឋ លោក ឃីម សុខហេង និង អ្នកឧកញ៉ា គួច ម៉េងលី ស្ថិតនៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងផងដែរ ។

ចំពោះអ្នកឧកញ៉ា គួច ម៉េងលី លោកបានអះអាងកាលពីថ្ងៃទី២៥ មីនា ថាលោក បានលាលែងពីតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ស៊ីអាយស៊ី កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ រីឯសមាសភាពផ្សេងទៀត ដែលក្រោយមក ឃើញមានការរុះរើចេញដែរនោះ វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺបានទេ។
ក្រុមហ៊ុនបុត្រសម្ព័ន្ធ CIC Capital Partners មានគោលការណ៍ប្រមូលផ្ដុំក្រុមអ្នកវិនិយោគ និង ពលរដ្ឋក្នុងស្រុក ឱ្យចូលរួមទុនវិនិយោគ។
ឯកសារលក្ខន្តិកៈរបស់ក្រុមហ៊ុន កាលពីឆ្នាំ២០១៥ បានឱ្យដឹងថា ក្រុមហ៊ុនមានវត្ថុបំណងធ្វើអាជីវកម្ម ទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសដទៃទៀត លើមុខ ជំនួញមួយចំនួន ដូចជា សេវាហិរញ្ញវត្ថុ សេវាអចលនវត្ថុ ពាណិជ្ជកម្ម-ទិញ-លក់-នីហរ័ណអាហរ័ណ ផលិតផលកសិកម្ម ការចិញ្ចឹមសត្វ ឧស្សាហកម្មរោងចក្រ សិប្បកម្ម រោងម៉ាស៊ីនកិនស្រូវ គ្រឿងបរិក្ខារគ្រប់ប្រភេទ ការជួលឃ្លាំង ដាក់ផលិតផល ការជួលសម្ភារៈ ការជួលដីធ្លី-ផ្ទះសម្បែង ការបញ្ចាំ ការប្ដូរប្រាក់ ការកែច្នៃ ទិញ លក់គ្រឿងអលង្ការ សេវារកការងារជូនអតិថិជនធ្វើការក្នុងនិងក្រៅប្រទេស សេវាព័ត៌មានវិទ្យា សេវាផ្សាយពាណិជ្ជកម្ម សេវាបោះពុម្ព សេវាផលិតខ្សែភាពយន្ត សេវាដឹកជញ្ជូន វិស័យសាងសង់និងស្ថាបត្យកម្ម សេវាកម្មសុខាភិបាល និងសេវាកម្មទេសចរណ៍ជាដើម។
ប៉ុន្តែក្រុមហ៊ុន ស៊ីអាយស៊ី មិនបានផ្សព្វផ្សាយឱ្យលម្អិត ថា មកដល់ពេលនេះ បានវិនិយោគលើវិស័យអ្វីខ្លះនោះទេ។ យ៉ាងណា អ្នកឧកញ៉ា គួច ម៉េងលី ធ្លាប់បានប្រាប់វិទ្យុអាស៊ីសេរីថា ការវិនិយោគរបស់ក្រុមហ៊ុនមានពីរក្រុម គឺក្រុមអ្នកវិនិយោគនិងក្រុមអ្នកឱ្យលុយខ្ចី។
ក្នុងខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុននេះ បានកែសម្រួលរចនាសម្ព័ន្ធខ្លះ ដោយឱ្យមានអ្នកទទួលខុសត្រូវកំពូលចំនួន ៣រូប គឺលោក គុយ វ៉ាត ជាប្រធានក្រុមប្រឹក្សាភិបាលដដែល ហើយលោក លី លាង និងលោក ហុង លាងអ៊ី ជាអភិបាល។ ប៉ុន្តែពុំមានការពន្យល់ច្បាស់ អំពីការកែសម្រួលនេះទេ។
លុះដល់ខែមិថុនា ឆ្នាំ២០១៩ ដដែល ក្រុមហ៊ុននេះ ទទួលបានអាជ្ញាប័ណ្ណពីគណៈកម្មការមូលបត្រកម្ពុជា (SECC) ហើយក្លាយជា «ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ» ដំបូងនៅកម្ពុជា។
ក្រុមហ៊ុននេះ ធ្លាក់ក្នុងវិបត្តិលែងអាចផ្ដល់ការប្រាក់ប្រចាំខែ ឱ្យសមាជិកដែលផ្ដល់ប្រាក់កម្ចី ដើម្បីបានការប្រាក់ចាប់តាំងពីខែឧសភា ឆ្នាំ២០២៣ មក។ ក្នុងខែមិថុនា ឆ្នាំ២០២៣ ក៏មានការផ្លាស់ប្ដូររចនាសម្ព័ន្ធដឹកនាំរបស់ក្រុមហ៊ុន។
លោក សុខ ពិសិដ្ឋ ក្លាយជាប្រធានក្រុមប្រឹក្សាភិបាល រីឯលោក គុយ វ៉ាត ទៅជាអភិបាល រួមជាមួយអ្នកមានតួនាទីអភិបាលមួយចំនួនទៀត ដូចជា លោក ហុង លាងអ៊ី លោក សោម សម្បត្តិ និងលោក ឃីម សុខហេង ជាដើម ដែលភាគច្រើនគេស្គាល់ថា ជាក្រុមគ្រូជោគជ័យ។
គ្រានោះ លោក គុយ វ៉ាត ចុះចេញពីប្រធានក្រុមប្រឹក្សាភិបាល ក្រោយពីមានការសង្ស័យ ពីក្រុមអ្នកចូលទុនវិនិយោគមួយចំនួន ថា លោកបានធ្វើឱ្យបាត់លុយវិនិយោគរាប់សិបលានដុល្លារ។
មកដល់ពេលនេះ មិនទាន់ឃើញលោក គុយ វ៉ាត ចេញមុខបកស្រាយនៅឡើយទេ ហើយវិទ្យុអាស៊ីសេរី ក៏មិនទាន់អាចទាក់ទងសុំបំភ្លឺពីលោកបានដែរ នៅថ្ងៃទី២៦ ខែមីនា។
ក្រៅពីការរុះរើសមាសភាពក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនបុត្រសម្ព័ន្ធ CIC Capital Partners ក៏បានបង្កើតទម្រង់ដឹកនាំពិសេសមួយ ដើម្បីដោះស្រាយវិបត្តិផ្ទៃក្នុង ដែលមានការចោទប្រកាន់ថា មានការបាត់លុយវិនិយោគរាប់សិបលានដុល្លារ និង ទូទាត់សងប្រាក់ដល់សមាជិករងគ្រោះ។ ក្រុមហ៊ុននេះ បានជ្រើសរើសលោក ឡែម ចាន់សំរេច ជានាយកប្រតិបត្តិ និងលោក សុខ ពិសិដ្ឋ ជាប្រធានគណៈកម្មាធិការស្ដារក្រុមហ៊ុននិងមូលនិធិក្នុងក្រុមហ៊ុននេះ។
យ៉ាងណា វិបត្តិនេះ គឺជាបញ្ហាដ៏ពិបាកយល់ ថាតើវិបត្តិបាត់លុយវិនិយោគក្នុងក្រុមហ៊ុន ជាអំពើរបស់លោក គុយ វ៉ាត តែម្នាក់ ឬមានការឃុបឃិតពីលោក ឡែម ចាន់សំរេច និងលោក សុខ ពិសិដ្ឋ ដែលជាអ្នកដឹកនាំថ្មី ព្រមទាំងអ្នកផ្សេងទៀតដែរ ឬយ៉ាងណាទេ នៅពេលក្រុមក្បាលម៉ាស៊ីនថ្មីនេះ មិនបានសើរើកំហុសរបស់ប្រធានក្រុមប្រឹក្សាភិបាលចាស់ គឺលោក គុយ វ៉ាត។
ប៉ុន្តែមានព័ត៌មានក្រៅផ្លូវការថា លោក ឡែម ចាន់សំរេច និង លោក សុខ ពិសិដ្ឋ ក៏ជាជនរងគ្រោះខាតបង់ទ្រព្យដែរ។
អ្នកឧកញ៉ា គួច ម៉េងលី ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៣ ខែមីនា ថា អាចប៉ះពាល់ដល់ក្រុមអ្នកវិនិយោគជិត ៥០០នាក់ ដែលមានចំនួនទឹកប្រាក់ប្រមាណ ១៥០លានដុល្លារ។
អ្នកឧកញ៉ា គួច ម៉េងលី៖ «តាមខ្ញុំដឹងមានពីរក្រុម!ក្រុមមួយអ្នកវិនិយោគ!ក្រុមមួយទៀត ក្រុមឱ្យកម្ចីលុយ។ អ៊ីចឹងទាំងពីរក្រុមហ្នឹង ជិត ៥០០នាក់ដែរ តាមខ្ញុំដឹង។ក្រុមកម្ចីលុយខ្ញុំមិនដឹងពិតប្រាកដប៉ុន្មានទេ ប៉ុន្តែក្រុមវិនិយោគប្រហែលជិត ៥០០នាក់ ព្រោះប្រជុំម្ដងៗ ប្រកាសចំនួន គឺយើងដឹងប្រហែលជិត ៥០០នាក់។ក្រុមមួយហ្នឹង ប្រហែលជាជិត ៧០លានដុល្លារ ហើយក្រុមកម្ចីលុយ គឺយើងលឺថា ប្រហែលជា ៩០លានដុល្លារទៀត ខ្ញុំអត់ច្បាស់។ អាហ្នឹង ទាល់តែផ្ទៀងទិន្នន័យរបស់គាត់ អ៊ីចឹងបើយើងគិតជាលុយ គឺច្រើន!ច្រើនមែនទែន»។
ក្រោយពីមានការតវ៉ារបស់ជនរងគ្រោះ នៅថ្ងៃទី២៥ ខែមីនា ក្រុមហ៊ុន ស៊ីអាយស៊ី បានចេញសេចក្ដីបំភ្លឺថា ក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ មិនមែនជាសំណុំរឿងបោកប្រាស់ ដូចការចោទប្រកាន់តាមរយៈបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនឡើយ ប៉ុន្តែជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល និងភាពខ្វះចន្លោះក្នុងការត្រៀមខ្លួនរបស់ក្រុមហ៊ុន។
ក្រុមហ៊ុន ស៊ីអាយស៊ី ថា ក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ នៅតែរក្សាគោលជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ដោយធានាឱ្យបានជាអតិបរមា នូវផលប្រយោជន៍របស់វិនិយោគិនគ្រប់រូប ដោយអនុលោមទៅតាមគោលការណ៍ និងបទប្បញ្ញត្តិ ដែលកំណត់ដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក)។
និយ័តករមូលបត្រកម្ពុជាវិញ នៅល្ងាចថ្ងៃទី២៥ មីនា បានចេញប្រកាសព័ត៌មានថា ទ្រព្យសកម្មរបស់ក្រុមហ៊ុន ត្រូវបានប្រមូលមកវិញប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប។ និយ័តករមូលបត្រកម្ពុជា កំពុងជំរុញការរៀបចំវេចខ្ចប់ទ្រព្យទាំងនេះ ឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ និងបន្តពិនិត្យ គ្រប់គ្រងការងាររបស់គណៈកម្មការស្ដារក្រុមហ៊ុន និងមូលនិធិរបស់ក្រុមហ៊ុនជាបន្តទៀត ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
