ក្រុមកម្មករប្រមូលនិងដឹកសំរាមនៃក្រុមហ៊ុនស៊ីនទ្រីជាង ១ពាន់នាក់ នៅតែបន្តធ្វើកូដកម្មទាមទារឲ្យភាគីថៅកែ និងអាជ្ញាធរគិតគូរលក្ខខណ្ឌការងារ ២ចំណុចជាមុនសិន ទើបពួកគាត់វិលចូលធ្វើការវិញ។ ចំណែកខាងក្រុមហ៊ុន និងសាលារាជធានីភ្នំពេញថា ការទាមទាររបស់កម្មករ មិនស្របតាមច្បាប់ស្ដីពីការងារ ខណៈក្រុមហ៊ុនមិនទាន់បិទទ្វារ ឬបញ្ឈប់ពួកគេពីការងារនៅឡើយ។
តំណាងកម្មករស៊ីនទ្រី លោក រ៉ង សារ៉ាយ ប្រាប់អាស៊ីសេរី នៅថ្ងៃទី១២ តុលា ថា ការព្រមមិនវិលចូលធ្វើការប្រមូលនិងដឹកសំរាមពីក្រុមកម្មករជាង១ពាន់នាក់នេះ ដោយសារតែពួកគាត់មិនជឿទុកចិត្តចំពោះដំណោះស្រាយរបស់ក្រុមហ៊ុន និងរដ្ឋបាលសាលារាជធានីភ្នំពេញ ដែលបានផ្ដល់ឲ្យកន្លងមក។
លោក បន្តថា ខាងកម្មករនៅតែស្នើភាគីក្រុមហ៊ុនបញ្ចប់កិច្ចសន្យាការងារ ហើយផ្ដល់កញ្ចប់ថវិកា ប្រាក់បំណាច់ឆ្នាំ និងប្រាក់អតីតភាពការងារជាមុនសិន ទើបពួកគាត់វិលចូលធ្វើការជាធម្មតាវិញ។ ជាងជួលជុលឡានដឹកសំរាមរូបនេះ បញ្ជាក់ថា ប្រសិនបើកម្មករមិនទទួលបានដំណោះស្រាយពីរចំណុចខាងលើនេះទេ ពួកគាត់នឹងមិនចេញទៅប្រមូលសំរាមនោះទេ៖ «សេចក្ដីព្រួយបារម្ភរបស់ពួកគាត់ហ្នឹង គឺស្ថិតលើចំណុចហ្នឹង។ គាត់ទាមទារទទូចសូមឲ្យភាគីពាក់ព័ន្ធ មិនថាក្រុមហ៊ុន និងសាលាក្រុងទេ គាត់អត់ដឹងទេ។ គាត់ដឹងតែទាមទារ២ចំណុចហ្នឹង សុំឲ្យមានការគិតជាកញ្ចប់ហើយបញ្ចប់កិច្ចសន្យាជាមួយពួកគាត់ រួចហើយគាត់នឹងចាប់ផ្ដើមសារជាថ្មី តែប៉ុណ្ណឹងទេ»។
អនុប្រធានក្រុមហ៊ុនស៊ីនទ្រី ឧកញ៉ា សុខ ហួត មានប្រសាសន៍ថា ការទាមទាររបស់កម្មករនៅពេលនេះ គឺផ្ទុយពីច្បាប់ស្ដីការងារ និងប្រាសចាកពីលទ្ធផលកំណត់ហេតុ ដែលភាគីពាក់ព័ន្ធទាំងអស់ចូលរួមដំណោះស្រាយ កាលពីថ្ងៃទី៧ ខែតុលា។
លោក បន្តថា ខាងភាគីមិនអាចផ្ដល់ជូនតាមអ្វីដែលក្រុមកម្មករស្នើសុំបានទេ ព្រោះថាក្រុមហ៊ុននៅតែដំណើរជាធម្មតា ហើយក៏មិនបានបញ្ឈប់កម្មករណាម្នាក់ចេញពីការងារដែរ ។ លោកអំពាវនាវដល់កម្មករដែលកំពុងធ្វើកូដកម្មវិលចូលធ្វើការវិញ ដើម្បីប្រយោជន៍ការងារទៅថ្ងៃមុខ និងជួយសំអាតទីក្រុងភ្នំពេញឲ្យមានសោភ័ណភាពស្អាតឡើងវិញ៖ «ការទាមទាររបស់គាត់ គឺមិនអាចធ្វើអ្វីបាន ផ្អែកតាមច្បាប់ស្ដីពីការងារ។ ក្រុមហ៊ុនមិនទាន់បញ្ឈប់គាត់ផង គាត់ទាមទារសុំឲ្យក្រុមហ៊ុនបញ្ឈប់ ហើយបង់លុយជូនគាត់។ ខ្ញុំជឿថាប្រទេសណា ក្រុមហ៊ុនណាក៏មិនអាចធ្វើទៅកើតដែរ។ អ៊ីចឹង! មិនទាន់បញ្ឈប់ផង គាត់ទាមទារប្រាក់បំណាច់ ប្រាក់បញ្ឈប់ គឺអត់ត្រឹមត្រូវ»។
ទាក់ទងនឹងការធ្វើកូដកម្មអស់រយៈ១០ថ្ងៃមកនេះ រដ្ឋបាលសាលារាជធានីភ្នំពេញ ចេញលិខិតមួយនៅថ្ងៃទី១២ តុលាថា កម្មករផ្នែកបើកបរ និងផ្នែកប្រមូលសំរាម នៅតែបន្តធ្វើការទាមទារខុសច្បាប់ បើទោះបីជាសាលារាជធានីភ្នំពេញ បានផ្ដល់ដំណោះស្រាយវិវាទការងារមួយនេះ ដោយធានានិរន្តរភាពនិងអត្ថប្រយោជន៍ការងារជូនកម្មករក៏ដោយ។
សាលារាជធានីភ្នំពេញបញ្ជាក់ថា ប្រសិនបើកម្មករនៅតែបន្តទាមទារអត្ថប្រយោជន៍នានាខុសពីច្បាប់ការងារនោះ សាលាក្រុងមិនអាចធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាជូនកម្មករបានឡើយ។ សាលារាជធានីភ្នំពេញនៅតែអំពាវនាវដល់កម្មករឲ្យបញ្ឈប់ការធ្វើកូដកម្មតទៅទៀត និងវិលចូលធ្វើការតាមវេនរបស់ខ្លួនវិញ ដើម្បីកុំឲ្យបាត់អត្ថប្រយោជន៍ការងាររបស់ពួកគេដែលមានចែងក្នុងច្បាប់។
កាលពីថ្ងៃទី៧ ខែតុលា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានសន្យានឹងកម្មករ ដោយមានលាយលក្ខណ៍អក្សរថា ភាគីក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ។ សាលារាជធានីភ្នំពេញ ធានារក្សាការងារជូនកម្មករមិនឲ្យបាត់បង់ឡើយ ទោះបីជាក្រុមហ៊ុនស៊ីនទ្រី ដេញថ្លៃបាន ឬមិនបានក៏ដោយ។
បើទោះបីជាមានដំណោះស្រាយយ៉ាងនេះក្ដី ក្រុមកម្មករស៊ីនទ្រីនៅតែមិនព្រមចូលធ្វើការ ដោយប្រកាន់ជំហរចង់បានដំណោះស្រាយ ៥ចំណុច រួមមាន ប្រាក់បំណាច់អតីតភាព ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹង ប្រាក់ខែចុងក្រោយ និងប្រាក់ឈប់សម្រាកប្រចាំឆ្នាំនៅសល់។
ប្រាក់ឈ្នួលកម្មករបោសសំរាមតាមផ្លូវក្នុងម្នាក់ គឺចន្លោះពី ៦០ម៉ឺនដល់ ៧០ម៉ឺនរៀល។ កម្មករកើបសំរាមទទួលបានប្រាក់ឈ្នួល ចាប់ពី ៧០ម៉ឺនដល់ ៨០ម៉ឺនរៀល ហើយអ្នកបើកឡានដឹកសំរាម គឺទទួលបានពី២៥០ដុល្លារដល់ ៣០០ដុល្លារ។
ប្រធានសហព័ន្ធសហជីពកម្មករ និយោជិកវិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល ឲ្យដឹងថា ក្រោយពីមានដំណោះស្រាយកាលពីថ្ងៃទី៧ តុលា លោកបានពន្យល់ផ្លូវច្បាប់ដល់កម្មករដែលធ្វើការតវ៉ាទាំងអស់ថា ថាការទាមទារប្រាក់ឈ្នួលនិងលក្ខខណ្ឌការងារផ្សេងទៀត នៅពេលនេះ គឺធ្វើមិនត្រឹមត្រូវតាមច្បាប់នោះទេ ដោយសារតែក្រុមហ៊ុនមិនទាន់បិទទ្វារ ឬបញ្ឈប់កម្មករចេញពីការងារនៅឡើយ។
លោក បន្តថា មានកម្មករមួយចំនួនមិនពេញចិត្តនឹងការនិយាយរបស់លោកឡើយ ដោយសារពួកគាត់គិតថា លោកមិនអាចជួយស្វែងរកដំណោះស្រាយដូចបំណងរបស់ពួកគាត់បាន។ លោកស្នើឲ្យខាងកម្មករចូលធ្វើការវិញ ដើម្បីរក្សាស្ថេរភាពការងារតទៅទៀត និងជួយប្រមូលសំរាមសំអាតទីក្រុងឲ្យបានស្អាតឡើងវិញ៖ «ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំចង់ផ្ញើសារទៅដល់បងប្អូនកម្មករទាំងអស់ដែលធ្វើការនៅក្នុងក្រុមហ៊ុនស៊ីនទ្រី ខេមបូឌា ហ្នឹង។ សូមឲ្យបងប្អូនចូលធ្វើការងារវិញទៅ អត្ថប្រយោជន៍របស់បងប្អូននឹងមិនបាត់បង់ទេ។ ពេលដែលក្រុមហ៊ុនស៊ីនទ្រី ដេញមិនបាន ឬបានចំណែកណាមួយនោះ ក្រុមហ៊ុនស៊ីនទ្រី កាត់បន្ថយបុគ្គលិក ក្រុមហ៊ុននឹងទូទាត់ស្របទៅតាមច្បាប់ ហើយមានអភិបាលរាជធានីភ្នំពេញ លោកបានដឹងឮផង។ មួយទៀត សូមបងប្អូនកុំមានព្រួយបារម្ភទៅលើស្ថេរភាពការងារ ពីព្រោះឯកឧត្ដមក៏បានសន្យាក្នុងកំណត់ដែរថា បើក្រុមហ៊ុនកាត់បន្ថយបុគ្គលិក ឯកឧត្ដមនឹងរៀបចំឲ្យក្រុមហ៊ុន ២ ផ្សេងទៀត ដែលដេញបាននេះ ទទួលយកបងប្អូនចូលធ្វើការងារវិញ»។
ក្នុងដំណាក់កាលនេះ ប្រធានសហព័ន្ធសហជីពកម្មករ និយោជិកវិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល យល់ថា ក្រុមកម្មករគួរពិភាក្សាគ្នា ហើយងាកមកចូលធ្វើការជាធម្មតាវិញ ដើម្បីរក្សាស្ថេរភាពការងាររបស់ពួកគេ និងបន្តតាមដានព័ត៌មានដេញថ្លៃនៅពេលខាងមុខ ដែលមានក្រុមហ៊ុនចំនួន ៣ ប្រជែងគ្នា ក្នុងសេវាប្រមូលសំរាមនៅរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។