ប្រជាពលរដ្ឋ​និង​សង្គម​ស៊ីវិល​​រិះ​គន់អាជ្ញាធរ ថា​បណ្ដោយ​​ឱ្យ​ជនជាតិចិន​យក​​ទឹកដី​​កម្ពុជា​​ធ្វើ​ជា​​កន្លែង​​រោងចក្រ​​ផលិត​​គ្រឿង​ញៀន​

0:00 / 0:00

ប្រជាពលរដ្ឋ​​ និង​​​មន្ត្រី​សង្គម​ស៊ីវិល​ រិះគន់​អាជ្ញាធរ​រដ្ឋាភិបាលក្រុងភ្នំពេញ ថា​អនុវត្ត​ច្បាប់​ធូរ​រលុង​ដែល​បណ្ដែតបណ្តោយ​ឱ្យ​ជនជាតិចិន​មានរោងចក្រ​ផលិត​គ្រឿង​ញៀន​​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា​តាម​ទំនើងចិត្ត​។ ប្រជាពលរដ្ឋ និងសង្គមស៊ីវិល​យល់ថា​ ការ​ផលិត​គ្រឿងញៀន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​កន្លងមកនេះ​ ទំនង​ជា​​មាន​ជាប់ពាក់ព័ន្ធ​ជាមួយ​មន្រ្តី​គ្រាក់ៗ​ក្នុង​ជួររដ្ឋាភិបាល​ឃុបឃិត​ជាមួយ​ជនជាតិចិន​ទើប​អាច​ដំណើរ​ការ​ទៅ​បាន។

សម្ព័ន្ធមិត្ត​ដែកថែប​សម្ដេចតេជោ​ដែលលោក ហ៊ុន សែន​ តែង​ប្រកាស​ហែហូរថា ​ជា​អ្នក​រួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍជាតិ​ គឺ​ជនជាតិចិន​ ក្នុងរយៈ​ពេលចុងក្រោយ​មក​នេះ ​បាន​បង្កការ​ភ្ញាក់ផ្អើលគួរ​ឱ្យ​ព្រឺក្បាល​ ក្នុង​នោះ ​មាន​ទាំងការ​បើកសមរភូមិប្រយុទ្ធ​ កាន់កាប់​អាវុធពេញៗដៃ​ ថែម​ទាំង​មានរោងចក្រកែច្នៃ​គ្រឿងញៀន​​ដ៍​ធំ​សម្បើម​នៅ​កម្ពុជា​។ ប្រជាពលរដ្ឋនិងសង្គមស៊ីវិល​រិះគន់ថា​ ការ​បង្កើត​ឱ្យ​មាន​រោងចក្រ​ដែល​អាចផលិត​គ្រឿងញៀន​ប្រមាណ ៨០ តោន​កន្លង​មក​​នេះ​ កាន់​តែ​ឆ្លុះបញ្ចាំង​ពី​ជនជាតិចិន​ធ្វើ​សកម្មភាព​កាន់​តែ​អាក្រក់​ទាំង​មិនមានការ​ភ័យខ្លាច​ជា​មួយ​អាជ្ញាធរខ្មែរ​ និង​មិន​ញញើត​ច្បាប់​នៅ​កម្ពុជា​ឡើយ​។

ពលរដ្ឋម្នាក់​រស់​នៅខេត្តកោះកុង ​ថ្លែងសុំមិន​បញ្ចេញឈ្មោះ​ សង្កេតឃើញថា​ បញ្ហា​គ្រឿនញៀន​ តាមរយៈឧក្រិដ្ឋជនជនជាតិចិន​ចែកចាយ​នៅ​កម្ពុជា​បាន​បន្ត​កើត​ឡើង​យ៉ាងគំហុក​ ទោះបី​ជាមាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ក៍ជនជាតិចិន​មិន​ញញើត​នឹង​អាជ្ញាធរខ្មែរដែរ​។ លោកស្រីយល់ថា​ រដ្ឋាភិបាល​មិន​ទាន់​អនុវត្តច្បាប់​ឱ្យ​​បានតឹងរ៉ឹង​នៅឡើយ​ ដែល​បណ្ដែតបណ្តោយ​ឱ្យ​ជនជាតិចិន​មាន​រោងចក្រផលិត​គ្រឿងញៀន​ទៅ​តាម​ទំនើងចិត្ត​នៅ​ក្នុង​សង្គមកម្ពុជា​។ លោកស្រីបន្តទៀត​ថា​ ប្រសិន​​បើ​កម្ពុជា​ជា​កន្លែងរកស៊ី​ផលិតគ្រឿនញៀន​ ដោយ​ក្រុមឧក្រិដ្ឋជន​ជនជាតិ​ចិន​ នោះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​ឈ្មោះ​កាន់​តែ​អាក្រក់​ និង​ធ្វើឱ្យ​ពាល់ប៉ះដល់​សន្តិសុខសង្គមជាតិ​ជា​មិនខាន​៖ « នៅពេលដែល​ជនជាតិចិន​មករស់នៅ​ប្រទេសកម្ពុជា​យ៉ាងអនាធិបតេយ្យ​រហូត​មានការផលិត​គ្រឿងញៀន​ដូច្នេះ​ ខ្ញុំយល់ថា​បង្ក្រាបហើយ​រដ្ឋាភិបាល​គួរតែ​បណ្តេញ​គាត់ចេញ​ពី​ប្រទេសកម្ពុជា​មិនគួរ​ឱ្យគាត់​នៅប្រទេសកម្ពុជា​ទៀតទេ​។ អ្វី​ដែល​ប្រជាពលរដ្ឋ​យើងព្រួយបារម្ភ​ គឺ​គ្រឿងញៀន​ហ្នឹង​ កាល​មានជំនួញគ្រឿងញឿន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋខ្មែររងគ្រោះ​ព្រោះ​គ្រឿនញៀន​ ដោយសារ​ជនជាតិចិន​មក​នៅកម្ពុជា​។ បើយើង​ទទួលពួកជនជាតិចិន​ទៀត​យើង​នៅ​តែ​បន្តរងគ្រោះ​ »

ស្ដ្រីដដែលបានបន្ថែមថា​ នេះ​ជាប្រវត្តិសាស្ត្រ​ហើយ​ដែល​សង្គម​ខ្មែរ​ចប្ចុប្បន្ន​មានជនជាតិចិន​ប្រមូលផ្ដុំ​មានកន្លែង​រោងចក្រ​ផលិត​គ្រឿនញៀន​ដ៍​ច្រើន​សន្ធឹកសន្ធាប់​​បែប​នេះ​ ហើយលោកស្រីយល់​ថា​ ក្នុង​ដំណើរ​ការដែលអាចផលិត​គ្រឿងញៀន​ដ៍​ច្រើន​សម្បើម​នេះ ​នឹង​អាច​មាន​ជាប់ពាក់ព័ន្ធ​ជា​មួយមន្ត្រី​ឃុបឃិត​ជា​មួយជនជាតិចិន​ដើម្បី​ឈរជើង​កាង​ការពារ​ពី​ក្រោយ​។ លើសពី​នេះ​លោកស្រី​ ទាមទារ​ឱ្យ​ក្រសួងជំនាញ​បើក​ការស៊ើបអង្កេត​ រក​មេខ្លោងពាក់ព័ន្ធទាំងអស់​ មកផ្ដន្ទាទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់​៖ « អ្នកប្រើប្រាស់​គ្រឿងញៀន​ខ្ញុំ​ឃើញចាប់រាល់ថ្ងៃ​ តែ​អ្នក​ផលិតគ្រឿងញៀន​នេះ​ យើង​ចាំ​មើលថា​ រដ្ឋាភិបាល​ចាត់វិធានការ​បែប​ណា​ដែរ​។ កាលណា​មាន​អ្នកជួញដូរ​ គឺ​មានអ្នកជក់គ្រឿងញៀន​ហើយ​ ចំណែក​អ្នកលក់ដូរ​ទៅឱ្យគ្នាជក់​ហើយ​ជាប់គុក​តែអ្នកជក់​ហ្នឹងហើយ​ តាម​ខ្ញុំ​មើលទៅ​ »

ជុំវិញរឿងនេះ ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍន៍លោក យង់ គឹមអេង​ ថ្លែងថា​ ការបង្ក្រាបឧក្រិដ្ឋកម្ម​គ្រឿនញៀន​យ៉ាងច្រើនបែបនេះ​ កាន់​តែ​​ឆ្លុះបញ្ចាំង​​ឱ្យ​ឃើញ​ថា​ ជនជាតិចិនទាំងនោះ​បាន​យក​ប្រទេសកម្ពុជា​ធ្វើ​ជា​ឧបករណ៍​កន្លែង​បង្កើត​គ្រឿងញៀន​សម្រាប់ការ​បង្កើត​ជំនួញ​ថ្មី​របស់ពួកគេ​មួយ​ទៀត​​នៅ​ក្នុងស្រុក​។ លោកសង្កត់ធ្ងន់​ថា​ អាជ្ញាធរ​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​ជនជាតិចិន​ និង​ត្រូវ​តែ​មាន​ការ​លុប​បំបាត់​ឧក្រិដ្ឋកម្មគ្រឿន​ញៀន​​នេះ​ ក្នុង​ការអនុវត្តច្បាប់​ឱ្យ​បានម៉ឺង​ម៉ាត់ ដោយធានា​ថា​ គ្មាន​ការឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​៖ «អ្នកវិនិយោគ​ជាតិសាសន៍​ណា​ក៍​យើងស្វាគមន៍​! ប៉ុន្តែ​ពួកគេ​ត្រូវតែ​គោរពច្បាប់កម្ពុជា​។ ម្យ៉ាងវិញទៀត​ជា​អ្នកវិនិយោគ​ដែល​មិន​បង្កអសន្តិសុខ​ដល់កម្ពុជា​។ រដ្ឋាភិបាលគួរ​តែ​កំណត់​មុខសញ្ញា​ជនជាតិចិន​ដែល​បង្កអន្តិសុខ​តាមផ្លូវច្បាប់​ បើ​មិនដូច្នោះ​ទេ​ កម្ពុជា​នឹង​មាន​ឈ្មោះអសោច​ និង​ប៉ះពាល់​ដល់​កិត្តិយស​មុខមាត់​ប្រទេសកម្ពុជា​យើង​»

ប្រតិកម្មនេះ​បានកើត​ឡើង​ក្រោយ​ពីសមត្ថកិច្ចជំនាញ​ បាន​ចុះ​បង្ក្រាបរោងចក្រផលិតគ្រឿងញៀន​មួយកន្លែងឈ្មោះ​ ​ហ្វា​ម​អេស៊ា (Fam Asia Co., Ltd.) ស្ថិតនៅ​ភូមិ​ដំបង​វេញ​ ​ឃុំ​សង្កែ​សា​ទ​ប​ ​ស្រុក​ឱ​រ៉ា​ល់ ​ខេត្ត​កំពង់ស្ពឺ ​កាល​ពី​យប់​ថ្ងៃទី១២ ខែធ្នូ​។ ការបង្ក្រាបនោះ ​ត្រូវបានជនជាតិចិន​ម្នាក់​បានស្លាប់​ ដោយសារ​តែ​មានការ​ផ្ទុះអាវុធ​ បាញ់តទល់​គ្នាជាមួយសមត្ថកិច្ច​ចម្រុះ។ គ្រឿងញៀន​ដែល​​សមត្ថកិច្ច​រឹបអូស​បាន ជា​ប្រភេទ​កេតាមីន​ (KETAMIN)​ ចំនួ​ន ៧៤ ការ៉ុង ឬជិត១តោនកន្លះ ក្រោយមកសមត្ថកិច្ច​បាន​បន្តចុះ​ឆែក​ឆេរ​ និងបាន​រកឃើញ​សារធាតុគីមី​ផ្សំកែច្នៃ​ទៅជា​គ្រឿងញៀន​​ប្រមាណ ៨០តោន កាំភ្លើងខ្លីម៉ាកខេ​៥៤​​ (K54) មួយដើម​ រថយន្ត ៤​ គ្រឿង និងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ។

វិទ្យុអាស៊ីសេរីទាក់ទងអគ្គ​ស្នងការ​រង​នគរបាល​ជាតិ ទទួល​បន្ទុក​បង្ក្រាប​គ្រឿងញៀនលោក ម៉ក់ ជីតូ ដើម្បីសុំអត្ថាធិប្បាយមិនបានទេនៅថ្ងៃទី១៣ និង១៤ ខែធ្នូ។

ចំណែក​ឯនាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀនលោក ឡឹ​ក​ ​វណ្ណៈ ប្រាប់ការសែត​ (កោះសន្តិភាព) ក្នុងស្រុក កាល​ពី​ថ្ងៃទី១៣ ខែធ្នូ​ថា​ ក្រោយ​ពី​មានការ​ផ្ទុះអាវុធ​ជាមួយឧក្រិដ្ឋជនជាតិចិន​ក្នុងចុះការបង្ក្រាប​ សមត្ថកិច្ច​បាន​រកឃើញ​សារធាតុគីមី​ផ្សំកែច្នៃ​ទៅជា​គ្រឿងញៀន​​ប្រមាណ ៨០តោន​ និង​បានឃាត់ខ្លួនមនុស្សជាង ១០ នាក់​។ លោកបន្តថា ក្រុមឧក្រិដ្ឋជនជនជាតិចិន និង​គ្រឿង​​ញៀនទាំងអស់រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ធំ ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀនបានរៀបចំ​កសាង​​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​តាម​នីតិវិធី​ហើយ។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់បន្ថែម​ក្នុងការ​ស៊ើបអង្កេត​ ស្វែងរកមុខមេខ្លោង​ និង​បុគ្គលពាក់ព័ន្ធ​អំពីរឿង​នេះ​នៅ​ឡើយ​។

ទោះយ៉ាងណា​ មន្រ្ដីអង្គការ​សង្គមស៊ីវិលទាមទារ​ឱ្យ​រដ្ឋាភិបាលផ្សព្វផ្សាយព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ​អំពី​រឿងនេះ​ និងស្នើឱ្យ​មានការ​ស៊ើបអង្កេត​ចាត់វិធានការ​ឱ្យបានម៉ឺង​ម៉ាត់​ ដើម្បី​កុំ​ឱ្យ​មានមន្ទិល​ និង​មាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ និង​សហគមន៍​អន្តរជាតិ​។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា​ គាំទ្រ​ចំពោះ​ការ​បង្ក្រាប​បទល្មើសគ្រឿនញៀន​ទ្រង់ទ្រាយធំ ​ដែល​មិន​ធ្លាប់​មាន​នៅ​ប្រទេសកម្ពុជា​។ ប៉ុន្តែលោកថា​ រដ្ឋាភិបាល​ត្រូវតែ​មានការប្រុងប្រយ័ត្ន​ខ្ពស់ ​ចំពោះជនជាតិចិន​ និង​ត្រូវ​តែ​ស្វែងរកមុខមេខ្លោង​ អ្នក​ដែលបានលក់កាំភ្លើង​ទៅ​ឱ្យ​ជនជាតិចិន​ ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​ផ្សព្វផ្សាយព័ត៌មាន​ឱ្យ​បានទូលំទូលាយ​។ លោកបន្តថា​ ការ​ផ្សព្វផ្សាយព័ត៌មានពិត​ចំពោះអ្នកសារព័ត៌មានចោទសួរ​អាជ្ញាធរ​មានសារៈសំខាន់​ ក្នុង​ដំណើរ​ការ​បង្ក្រាបបទល្មើស​គ្រឿងញៀន​នេះ​ និង​ការវែកមុខ​រក​មេខ្លោង​ប្រកបដោយតម្លាភាព​ ចៀសវាង​មាន​ការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​៖ «គ្រឿនញៀង៨០តោន​ នៅតំបន់អាស៊ី​ខ្ញុំមិនទាន់ឃើញ​មាន​ការបង្រ្កាបណា​ដូច​នៅ​កម្ពុជា​ទេ​។ ខ្ញុំយល់ថា​ ការ​ដែល​អាច​មាន​គ្រឿនញៀន​ដ៍​ច្រើនសន្ធឹកសន្ធាប់​បែប​នេះ​ដោយ​មានការផលិត​ នាំចូលវត្ថុធាតុដើម​ ហើយ​ចែកចាយ​ក្នុងប្រទេសកម្ពុជា​បានបែបនេះ​ វា​មិនអាចកើតឡើង​ដោយ​គ្មានការជ្រុមជ្រែង​​ពី​មន្រ្តីពាក់ព័ន្ធ​មួយចំនួន​ទេ​ ហើយ​ចំណុចទាំងអស់​ហ្នឹង ​ថ្នាក់ជាតិ​គួរ​តែ​បើកការ​ស៊ើបអង្កេត​ឱ្យ​បាន​ល្អិតល្អន់​ជុំវិញ​រឿងហ្នឹង»

ប្រជាពលរដ្ឋនិងសង្គមស៊ីវិល​យល់ថា​ ក្នុងដំណើរការ​វែកមុខ​រកប្រភពមេខ្លោង​ និង​អ្នកមានអំណាច​នៅ​ពី​ក្រោយ​ករណីឧក្រិដ្ឋកម្ម​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នេះ​យក​មកផ្តន្ទាទោស​ នឹង​អាចឆ្លុះបញ្ចាំង​ឱ្យ​កាន់​តែ​ច្បាស់​ពី​សមត្ថភាពអាជ្ញាធរ​ខ្មែរ​ ក្នុង​ការបង្ក្រាបបទល្មើស​របស់​ក្រុមក្រិដ្ឋជន​ជនជាតិ​ចិន​នៅ​សង្គមកម្ពុជា​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។