ពលរដ្ឋមួយចំនួនលើកឡើងថា ល្បែងស៊ីសងផ្សេងៗកំពុងមានការកើនឡើងនៅក្នុងសហគមន៍របស់ពួកគាត់ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធមិនអើពើ និងបណ្ដោយឱ្យបនល្បែងតាមហាងកាហ្វេនេះកាន់តែរីកដុះដាលឡើង។ សង្គមស៊ីវិលមើលឃើញថា ល្បែងទាំងនោះកំពុងពង្វក់ពលរដ្ឋឱ្យខាតបង់លុយកាក់ ពេលវេលា ជាប្រភពបង្កអំពើហិង្សា និងបង្កភាពអសន្តិសុខក្នុងមូលដ្ឋាន។
ល្បែងស៊ីសងជាច្រើនប្រភេទកំពុងរីកដុះដាលដូចផ្សិត និងកំពុងមានការពេញនិយមពីសំណាក់ប្រជាពលរដ្ឋមួយចំនួនទាំងនៅតាមទីប្រជុំជន និងតាមទីជនបទ។
អនុប្រធានក្រុមការងារបណ្ដោះអាសន្នគណបក្សភ្លើងទៀនខេត្តព្រះសីហនុ លោក ម៉ៃ ហុងស្រៀង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ សីហា ថា ខេត្តព្រះសីហនុ មានការលេងល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសល្បែងតាមប្រព័ន្ធអនឡាញ។ លោកមើលឃើញថា ល្បែងទាំងនោះមានលក្ខណៈចម្រុះ រាប់ចាប់តាំងពីការលេងបៀរ ឡូតូ អាប៉ោង ជល់មាន់ ចាក់កន្ទុយលេខ ព្រមទាំងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញដែលមានដាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ធំៗ តាមផ្សារ តូបចាប់ហួយ ហាងកាហ្វេ នៅតាមផ្ទះប្រជាពលរដ្ឋ រហូតដល់កាស៊ីណូ។ លោកចាត់ទុក ល្បែងទាំងនោះខុសច្បាប់ និងជាអំពើពាលាអាវ៉ាសែ ដែលបានពង្វក់ប្រជាពលរដ្ឋឱ្យឈ្លក់វង្វេងរហូតដល់បាត់បង់ទ្រព្យសម្បត្តិ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់សីលធម៌ សណ្ដាប់ធ្នាប់ សន្តិសុខសង្គមផងដែរ។ លោកស្នើឱ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យនិងចាត់វិធានការទៅលើរឿងនេះ ដើម្បីទប់ស្កាត់កុំឱ្យមានល្បែងស៊ីសងបន្តទៅទៀត៖ «ខ្ញុំឃើញមនុស្សខ្មែរចេញចូលៗនៅកន្លែង ( ល្បែង ) អនឡាញហ្នឹង។ អាហ្នឹងហើយដែលវាបណ្ដាលឱ្យមានអំពើចោរកម្ម មានអំពើឆក់ប្លន់។ ពាក្យថាល្បែងស៊ីសង គឺជាអំពើអាវ៉ាសែពាលាហើយ ដែលធ្វើឱ្យប៉ះពាល់មិនមែនតែទៅលើសេដ្ឋកិច្ចទេ តែប៉ះពាល់តាំងពីសណ្ដាប់ធ្នាប់ សន្តិសុខ»។
ទន្ទឹមគ្នានេះ យុវជននៅខេត្តបាត់ដំបង និងជាសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ កញ្ញា ហុក គឹមលាង សង្កេតឃើញថា យុវជននិងប្រជាពលរដ្ឋខ្មែរមួយចំនួនកំពុងញៀននឹងល្បែងស៊ីសងដែលឃោសនាលើបណ្ដាញសង្គម និងខិត្តប័ណ្ណព្រោងព្រាត។ កញ្ញាបន្តថា មានយុវជនមួយចំនួនបានលះបង់ការសិក្សា ហើយទៅចំណាយពេលលេងល្បែងស៊ីសងទាំងនោះ ដែលធ្វើឱ្យប៉ះពាល់ទៅដល់អនាគតពួកគេ និងអនាគតប្រទេសជាតិ។ កញ្ញាមើលឃើញថា ការរីកដុះដាលចូលក្នុងសហគមន៍នូវល្បែងទាំងនោះ គឺចាប់តាំងពីការមានវត្តមានជនជាតិចិន ដែលមករកស៊ីលើទឹកដីកម្ពុជា។ កញ្ញាស្នើឱ្យ អាជ្ញាធរក៏ត្រូវតែយកចិត្តទុកដាក់ទប់ស្កាត់ល្បែងស៊ីសងនេះ ជាពិសេសច្បាប់អន្តោប្រវេសន៍ និងមិនគួរបណ្ដែតបណ្ដោយឱ្យជនបរទេស មកបណ្ដាក់ទុនវិនិយោគបើកបនល្បែងលើទឹកដីកម្ពុជា យ៉ាងអនាធិបតេយ្យបែបនេះឡើយ៖ «ខ្ញុំគិតថា នៅពេលដែលពួកគាត់ ( ពលរដ្ឋ ) រងគ្រោះដោយសារល្បែងអនឡាញ អត់មានចំណាត់ការមួយណា អត់ទាន់ឃើញមានអាជ្ញាធរដែលគាត់ចុះទៅអន្តរាគមន៍ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋទេ បើទោះបីប្រាក់ទាំងនោះបានបាត់បង់ទៅហើយ តែអាជ្ញាធររបស់យើងហាក់បីដូចជាព្រងើយកន្តើយ»។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ដើម្បីសុំការបំភ្លឺទាក់ទិននឹងក្ដីបារម្ភនេះ បាននៅឡើយ នៅថ្ងៃទី២៦ សីហា។
ជុំវិញរឿងនេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ លើកឡើងថា បញ្ហាការកើនឡើងល្បែងស៊ីសងក្នុងសហគមន៍ជាការព្រួយបារម្ភទាក់ទងនឹងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ លោកមើលឃើញថា អ្នកដែលលេងល្បែងទាំងនោះភាគច្រើនជាប្រជាពលរដ្ឋដែលមានកម្រិតជីវភាពមធ្យម និងខ្លះក្រីក្រ។ លោកបន្តថា ពួកគេចំណាយពេលវេលាយកទៅផ្សងសំណាងពីល្បែងទាំងនោះ ដោយមិនខ្វល់ខ្វាយពីការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃនោះឡើយ។ លោកបន្តទៀតថា រដ្ឋាភិបាលត្រូវតែមានវិធានការទប់ស្កាត់ករណីនេះជាបន្ទាន់ បើពុំនោះទេវានឹងធ្វើឱ្យសេដ្ឋកិច្ចប្រជាពលរដ្ឋកាន់តែធ្លាក់ចុះបន្តិចៗម្ដងទៅក្នុងបន្ទាត់នៃភាពក្រីក្រ ទាំងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ៖ «ទីមួយគឺធ្វើឱ្យអ្នកប្រកបមុខរបរទាំងនោះឈ្លក់វង្វេង យកពេលវេលាទៅលេងល្បែងស៊ីសង ភ្លេចការរកស៊ីរបស់ខ្លួនធ្វើឱ្យប្រាក់ចំណូលធ្លាក់ចុះមួយហើយ ហើយបន្ទាប់មកចាញ់ល្បែងវារិតតែធ្ងន់ជាងហ្នឹងទៀត។ អាហ្នឹងហើយដែលធ្វើឱ្យស្ថានភាពកំពុងតែក្រហើយ វាជាន់ថែមដោយល្បែងស៊ីសងមកញាំញីថែមទៀត វាជារឿងមួយដែលធ្ងន់ធ្ងរខ្លាំងមែនទែនសម្រាប់ខ្ញុំ គឺការព្រួយបារម្ភខ្លាំងណាស់ចំពោះស្ថានភាពល្បែងស៊ីសងរីកដូចផ្សិតសព្វថ្ងៃនេះ»។
ល្បែងស៊ីសងនៅកម្ពុជាត្រូវបានគេមើលឃើញថា មានការរីកដុះដាលសាជាថ្មីម្ដងទៀត បន្ទាប់ពីការចូលមកដល់របស់ជនជាតិចិនក្នុងប្រទេសកម្ពុជាកាលពីអំឡុងឆ្នាំ២០១៩ ជាពិសេសនៅតំបន់ប៉ូលសេដ្ឋកិច្ចមួយចំនួនដូចជា ក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងប៉ោយប៉ែត និងរាជធានីភ្នំពេញ។ ល្បែងទាំងនោះ កំពុងដំណើរការក្នុងរូបភាពតាមប្រព័ន្ធអនឡាញ ក្នុងកាស៊ីណូ និងនៅតាមកន្លែងប្រជុំជន ព្រមទាំងចាប់ផ្ដើមរីកដុះដាលទៅតាមតំបន់ជនបទទៀតផង។ ក្នុងនោះនៅតាមហាងកាហ្វេ កន្លែងលក់អីវ៉ាន់មួយចំនួន មានការដាក់តាំងនៅទូរទស្សន៍ធំ ដែលមានអ្នកចាំអង្គុយមើលលទ្ធផលនៃការភ្នាល់ព្រោងព្រាត ខណៈសកម្មភាពនោះប្រព្រឹត្តឡើងដោយបើកចំហ មិនមានការបិទបាំងពីភ្នែកច្រមុះអាជ្ញាធរដូចមុននោះឡើយ។
ទោះបីយ៉ាងនេះក្ដី ពលរដ្ឋលើកឡើងថា មិនឃើញសមត្ថកិច្ចមានចំណាត់ការចុះបិទកន្លែងទាំងនោះទេ ដែលករណីនេះបង្កឱ្យមានការសង្ស័យថា សមត្ថកិច្ចទាំងនោះឃុបឃិតទទួលសំណូកពីម្ចាស់បនល្បែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។