សាលា​រាជធានី​ភ្នំពេញ​យល់ព្រម​ឲ្យ​ធ្វើ​បុណ្យ​ខួប​១០០​ថ្ងៃ​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់

ដោយ រ៉ាន់ សំណាង
2016.10.12
សព​លោក កែម ឡី ២០១៦ ៨៥៥ ភរិយា កូនៗ និង​ក្រុម​គ្រួសារ​សព​លោក​បណ្ឌិត កែម ឡី ធ្វើ​ពិធី​បង្សុកូល​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​យប់​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស យល់ព្រម​ឲ្យ​ធ្វើ​បុណ្យ​ខួប ១០០​ថ្ងៃ​លោក​បណ្ឌិត កែម ឡី នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ វិញ បន្ទាប់​ពី​សាលា​ក្រុង​យល់​ពី​បំណង​ច្បាស់លាស់​របស់​គណៈកម្មការ​បុណ្យ។

បន្ទាប់​ពី​និមន្ត​ចូល​ប្រជុំ​ជាមួយ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស អស់​រយៈពេល​ជាង ១​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ តុលា ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា​ថា មាន​មូលហេតុ​ពីរ​ដែល​សាលា​រាជធានី​ភ្នំពេញ​កន្លង​ទៅ មិន​អាច​អនុញ្ញាត​ឲ្យ​ធ្វើ​បុណ្យ​ខួប​គម្រប់ ១០០​ថ្ងៃ​លោក​បណ្ឌិត កែម ឡី។ មូលហេតុ​ទី​មួយ​នោះ ខាង​សាលា​ក្រុង​ភ្នំពេញ​ថា​មាន​មនុស្ស​ជាច្រើន​ក្រុម​ដាក់​លិខិត​ស្នើ​ធ្វើ​បុណ្យ​លោក​បណ្ឌិត កែម ឡី ហើយ​មូលហេតុ​ទី​ពីរ​នោះ ដោយសារ​សាលា​ក្រុង​មិន​ទាន់​យល់​ច្បាស់​ពី​គោល​បំណង​របស់​គណៈកម្មការ​រៀបចំ​បុណ្យ​ខួប ១០០​ថ្ងៃ​លោក​បណ្ឌិត កែម ឡី«យើង​អ្នក កែម ឡី និយម គ្រាន់​តែ​ធ្វើ​បុណ្យ។ យើង​ឈ្លោះ​ប្រកែក​ជាមួយ​អ្នក​ពាក់ព័ន្ធ​អ្នក​ណា​ក៏ដោយ អត់​ល្អ​ទេ។ អាត្មា​គិត​ថា អាត្មា​ចង់​យក​វប្បធម៌ កែម ឡី សីលធម៌ កែម ឡី មក​អនុវត្ត ជាតិ​យើង​វា​បាន​សុខ វា​ចំណេញ។ បុណ្យ កែម ឡី បាន​ជោគជ័យ បាន​ផល​ពីរ។ ផល​ទី​១ គឺ​កិត្យានុភាព​របស់​គាត់​នៅ​ដដែល។ ផល​ទី​២ គឺ​ជាតិ​ខ្មែរ​បាន​ក្រោក​ឈរ ហើយ​ធ្វើ​ការ​ត្រឹមត្រូវ បង្ហាញ​សកម្មភាព​ចូលរួម​ដែល​ត្រឹមត្រូវ គឺ​ថា​ផល​បាន​ទៅ​ខ្មែរ។ អនាគត​ទៅ យើង​ចង់​ឃើញ​ខ្មែរ​ទទួល​ផល​ពី​កិត្យានុភាព​លោក​បណ្ឌិត ព្រោះ​លោក​ជា​សារណៈ​របស់​ជាតិ បើ​លោក​ស្លាប់​ដើម្បី​ជាតិ ជន​រួម​ជាតិ​ដែល​រស់​គួរ​បន្ត​បេសកកម្ម ហើយ​ធ្វើ​កិច្ចការ​ល្អ។ យើង​មិន​ចង់​ឃើញ​លោក​បណ្ឌិត កែម ឡី ស្លាប់ ហើយ​បេសកកម្ម​របស់​គាត់​ត្រូវ​បាន​ស្លាប់​ទេ»

ទាក់ទង​នឹង​គម្រោង​ដង្ហែ​រូប​សំណាក​លោក​បណ្ឌិត កែម ឡី ចេញ​ពី​ខេត្ត​កំពង់ស្ពឺ មក​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៣ តុលា វិញ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា​ថា ការ​ដង្ហែ​នេះ​ពុំ​អាច​ធ្វើ​ទៅ​បាន​ទេ ដោយសារ​ជាង​ស្មូន​រូប​លោក​បណ្ឌិត សម្ដែង​ក្ដី​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ ហេតុ​នេះ ព្រះតេជព្រះគុណ​សម្រេច​យក​រូប​សំណាក​បណ្ឌិត កែម ឡី មក​តម្កល់​កន្លែង​មួយ​ក្នុង​ក្រុង​ភ្នំពេញ។

សកម្មភាព​ដំឡើង​រោង ដើម្បី​ធ្វើ​ពិធី​បុណ្យ​ខួប​១០០​ថ្ងៃ បណ្ឌិត កែម ឡី នៅ​វត្ត​ពោធិយ៉ារ៉ាម ហៅ​ចាស់ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Ou Banung
សកម្មភាព​ដំឡើង​រោង ដើម្បី​ធ្វើ​ពិធី​បុណ្យ​ខួប​១០០​ថ្ងៃ បណ្ឌិត កែម ឡី នៅ​វត្ត​ពោធិយ៉ារ៉ាម ហៅ​ចាស់ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Ou Banung
RFA/Ou Banung

ចំណែក​ការ​ដង្ហែ​រូប​សំណាក​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១៦ តុលា ពី​ភ្នំពេញ​ទៅ​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ វិញ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា​ឲ្យ​ដឹង​ថា រូប​សំណាក​លោក​បណ្ឌិត កែម ឡី នឹង​ហែ​ចេញ​ពី​វត្ត​ចាស់ នៅ​នៅ​ម៉ោង ៧​ព្រឹក អម​ដោយ​រថយន្ត ៥​គ្រឿង។ លុះ​ក្បួន​រថយន្ត​ចេញ​ផុត​ពី​វត្ត​ចាស់ បាន ៥​នាទី​ទៅ​ដល់ ១០​នាទី ទើប​អ្នក​ចូលរួម​ហែហម​ដោយ​ម៉ូតូ​ក្ដី និង​រថយន្ត​ក្ដី ចេញ​ដំណើរ​តាម​ក្រោយ ហើយ​ក៏​មាន​ក្បួន​ធំ​មួយ​ទៀត​ចាំ​នៅ​រង្វង់​មូល​ចោមចៅ​បែក​ទៅ​ផ្លូវ​ជាតិ​លេខ​៣។ ការ​រៀបចំ​ដង្ហែ​ក្បួន​នេះ គឺ​ធ្វើ​ទៅ​តាម​ការ​ព្រមព្រៀង​ជាមួយ​សាលា​ក្រុង​ភ្នំពេញ ដោយ​បញ្ចៀស​កុំ​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍។

កាល​ពី​ថ្ងៃ​ទី​៧ តុលា សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​មួយ​ច្រានចោល​សំណើ​របស់​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ ដោយ​ហាម​មិន​ឲ្យ​ធ្វើ​បុណ្យ​ខួប​គម្រប់ ១០០​ថ្ងៃ​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ដោយ​តម្រូវ​ឲ្យ​ក្រុម​គ្រួសារ​សព​រៀបចំ​ពិធី​បុណ្យ​តាម​បែប​ព្រះពុទ្ធសាសនា​នៅ​គេហដ្ឋាន ឬ​ទីកន្លែង​បញ្ចុះ​សព​នៅ​ក្នុង​ស្រុក​កំណើត​វិញ។

៣​ថ្ងៃ​ក្រោយ គឺ​នៅ​ថ្ងៃ​ទី​១០ តុលា ព្រះចៅ​អធិការ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ សម្រេច​ចេញ​លិខិត​មួយ​ដោយ​មិន​អនុញ្ញាត​ឲ្យ​គ្រួសារ និង​គណៈកម្មការ​បុណ្យ​សព​បណ្ឌិត កែម ឡី ធ្វើ​បុណ្យ​ខួប ១០០​ថ្ងៃ ដោយ​ឯកភាព​តាម​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ពុំ​អនុញ្ញាត​ឲ្យ​រៀបចំ​ពិធី​បុណ្យ​នេះ​ក្នុង​វត្ត។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កណ្ដាល​ថ្ងៃ​នៅ​ក្នុង​ស្ដារ​ម៉ាត (Star Mart) កាល់តិច (Caltex) ជិត​ស្ដុប​បូកគោ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា។ គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជាង​បី​ខែ​ហើយ ប៉ុន្តែ​សមត្ថកិច្ច​នៅ​មិន​ទាន់​វែក​មុខ​អ្នក​បញ្ជា​ពី​ក្រោយ​ខ្នង​ក្នុង​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ក្រៅ​តែ​ពី​បាន​ឃុំ​ខ្លួន​ជន​ជាប់​ចោទ អឿត អាង ហៅ ជួប សម្លាប់ ម្នាក់​គត់​នោះ​ឡើយ។

ជុំវិញ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ប្រទេស​ចំនួន​៣៦ ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ដូចជា សហរដ្ឋ​អាមេរិក ជប៉ុន កាណាដា និង​អូស្ត្រាលី រួម​នឹង​ប្រទេស​មួយ​ចំនួន​ទៀត ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លោក កែម ឡី ដោយ​ឯករាជ្យ ដើម្បី​ផ្ដល់​យុត្តិធម៌​ពិត​ប្រាកដ​ដល់​ក្រុម​គ្រួសារ​សព។ ការ​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​ឃាតកម្ម​លើ​អ្នក​វិភាគ​រូប​នេះ​ពី​បណ្ដា​ប្រទេស​ទាំង​ជិត ៤០​ប្រទេស​នេះ ធ្វើ​ឡើង​ដោយ​ចេញ​សេចក្ដី​ប្រកាស​រួម​គ្នា​មួយ បង្ហាញ​ពី​កង្វល់​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ នៅ​សល់​តែ ២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ បុណ្យ​ខួប ១០០​ថ្ងៃ​បណ្ឌិត កែម ឡី នឹង​ត្រូវ​ប្រារព្ធ​រយៈពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​តុលា នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​សាលា​រាជធានី​ភ្នំពេញ។ គណៈកម្មាធិការ​បុណ្យ​សព​បណ្ឌិត កែម ឡី កំពុង​ត្រៀម​រៀបចំ​យ៉ាង​សកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។