អង្គការ-សមាគម សហជីព គ្រោងជួបគ្នារំលឹកវិញ្ញាណក្ខន្ធ និងបង្សុកូលជូនបណ្ឌិត កែម ឡី នៅស្ដុបបូកគោ ថ្ងៃទី១០ កក្កដា
2022.07.08
ក្រុមមន្ត្រីអង្គការ-សមាគម សហជីព គ្រោងជួបជុំគ្នា ដើម្បីរំលឹកវិញ្ញាណក្ខន្ធ និងបង្សុកូលតាមបែបព្រះពុទ្ធសាសនា ជូនបណ្ឌិត កែម ឡី នៅស្ដុបបូកគោ ដែលជាកន្លែងឃាតកម្ម នៅថ្ងៃទី១០ ខែកក្កដា។ កម្មវិធីជួបជុំនៅស្តុបបូកគោនោះ ធ្វើឡើងនៅម៉ោង៨ព្រឹក។ បន្ទាប់មកពួកគាត់ នឹងទៅជួបជុំគ្នានៅការិយាល័យផ្ទះសាមគ្គី នៅម៉ោង១០ ព្រឹកដោយនិមិត្តព្រះសង្ឃ២អង្គ បង្សុកូលឧទ្ទិសកុសលជូនបណ្ឌិត កែម ឡី។ ពិធីនោះ ក៏មានតំណាងអង្គការសង្គមស៊ីវិល ថ្លែងសារទៅកាន់ក្រុមអ្នកសារព័ត៌មាន អំពីការបន្តទាមទារយុត្តិធម៌ពេញលេញសម្រាប់ក្រុមគ្រួសារ និងជនរងគ្រោះ។
ជាន់ខ្ពស់ផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ម៉ា ចិត្រា ឲ្យដឹងថា ពិធីជួបជុំបែបពុទ្ធសាសនានេះ មិនបានដាក់លិខិតសុំការអនុញ្ញាតពីអាជ្ញាធរនោះទេ ព្រោះនេះជាការអនុវត្តសិទ្ធិសេរីភាពស្របតាមច្បាប់ ហើយពិធីនេះ ក៏មិនកំណត់អ្នកចូលរួមដែរ។លោក សង្ឃឹមថា អាជ្ញាធរ នឹងមិនរារាំងពិធីជួបជុំតាមបែបពុទ្ធសាសនារបស់ក្រុមអង្គការ-សមាគមនោះទេ៖ «ខ្ញុំគិតថា បើសិនជារដ្ឋាភិបាលឆ្លាត គាត់ប្រាកដជាមិនរារាំងទេ ព្រោះការធ្វើពិធីរម្លឹកខួបនេះ យ៉ាងច្រើនចំណាយពេល ១ម៉ោងទៅ ២ម៉ោង ហើយចប់កម្មវិធី យើងទៅផ្ទះរៀងខ្លួន ហើយបើសិនជាមានការរារាំងវាជារូបភាពមួយ អាក្រក់មើលសម្រាប់សាធារណជន។ខ្ញុំគិតថា ជារឿងល្អ ប្រសិនបើរដ្ឋាភិបាល ព្យាយាម រក យុត្តិធម៌ជូនបណ្ឌិត កែម ឡី វាជាជាងការរារាំង ព្រោះអីទោះបីជាគាត់រារាំង ក៏គេនៅតែធ្វើដែរ។ នេះបើតាមយើងមើល»។
ទាក់ទងរឿងនេះវិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានទេ ដោយសារទូរស័ព្ទចូលពុំមានអ្នកទទួល។ទោះជា យ៉ាងណា កន្លងមក អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន តែងតែរារាំង និងចាប់ខ្លួន អ្នកប្រារព្ធខួប និងថែមទាំងហាមមិនឲ្យពលរដ្ឋពាក់អាវមានរូប និងទស្សនៈបណ្ឌិត កែម ឡី ទៀតផង។
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ បណ្ឌិត កែម ឡី ដែលជាអ្នកអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយដ៏លេចធ្លោ ត្រូវបានឃាតកបាញ់សម្លាប់ក្នុងថ្លុកឈាមនៅហាងកាហ្វេមួយកន្លែងនៅក្នុងស្ថានីយប្រេងឥន្ធនៈ នៅកណ្ដាលរាជធានីភ្នំពេញ។ ការបាញ់ប្រហារនេះ កើតឡើងក្រោយពីអ្នកវិភាគរូបនេះបានផ្តល់ការអធិប្បាយដល់បណ្ដាញព័ត៌មានអំពីការកាន់កាប់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលាតត្រដាងនៅក្នុងរបាយការណ៍អង្គការឃ្លាំមើលពិភពលោក គ្លូបលវីតណេស (Global Witness)។
រហូតមកដល់ពេលនេះ រដ្ឋាភិបាល លោក ហ៊ុន សែន នៅតែខកខានក្នុងការស្វែងរកយុត្តិធម៌ជូន បណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់គាត់។ ក្នុងឱកាសប្រារព្ធខួប ៦ឆ្នាំនេះ ក្រុមអង្គការសង្គមស៊ីវិល និងអ្នកគោរពស្រឡាញ់បណ្ឌិត កែម ឡី នៅតែបន្តទាមទារឲ្យអាជ្ញាធរវែកមុខចាប់ជនដៃដល់ពិតប្រាកដ និងអ្នកពាក់ព័ន្ធ ជាពិសេស អ្នកបញ្ជាពីក្រោយខ្នង យកមកកាត់ទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។