សង្គម​ស៊ីវិល ​និង​អ្នក​ដែល​មាន​សមាជិក​គ្រួសារ​បាត់ខ្លួន​ស្នើ​ឱ្យ​អាជ្ញាធរ​រក​ជនរងគ្រោះ​ករណី​ឆេះ​អគារ​កាស៊ីណូ​នៅ​ក្រុងប៉ោយប៉ែត

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល ​និង​គ្រួសារ​ជនរងគ្រោះ​ជំរុញ​ឱ្យ​អាជ្ញាធរ​បន្ត​ការស្រាវជ្រាវ ​និង​ស្វែងរក​អ្នក​ដែល​បាត់ខ្លួន ​ក្នុង​ករណី​ឆេះ​អគារ​កាស៊ីណូ ហ្គ្រេនដាយមិន ស៊ីធី​ (Grand Diamond City) ​នៅ​ក្រុង​ប៉ោយប៉ែត។ មន្ត្រី​អាជ្ញាធរ​ថា ​ការ​បិទ​បញ្ចប់ ​ការស្រាវជ្រាវ​និង​រុករក​ក្នុង​ករណី​នេះ ​ដើម្បី​ស៊ើប​អង្កេត ​និង​វាយ​តម្លៃ​ពី​ការខូចខាត។

មន្ត្រី​សង្គម​ស៊ីវិល ​និង​គ្រួសារ​អ្នក​បាត់ខ្លួន​ក្នុង​ហេតុការណ៍​ឆេះ​អាគារ​ការស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត ​ទទូច​ឱ្យ​អាជ្ញាធរ​បន្ត​ការស្រាវជ្រាវ ​និង​រុករក​សមាជិក​គ្រួសារ​របស់​ពួកគេ​ដែល​បាត់ខ្លួន​ក្នុង​អំឡុង​ពេល​ធ្វើការ​នៅ​ថ្ងៃកើត​ហេតុ។

សមាជិក​គ្រួសារ​​​ដែល​មាន​សាច់ញាតិ​បាត់ខ្លួន​លោក ​ហៀង ប៊ុននឿន ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី២ មករា ​ថា ​លោក​បាត់​ប្អូនថ្លៃ​ម្នាក់​គឺ​លោកស្រី​ អឿ ធី ​វ័យ​៤០ឆ្នាំ ​បម្រើ​ការ​ផ្នែក​អនាម័យ​នៅ​ក្នុង​កាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី។ លោក​ថា ​លោក​បាន​ទាក់ទង​ទៅ​អាជ្ញាធរ​ដើម្បី​ស្វែងរក​ប្អូនស្រី​តាំងតែពី​ថ្ងៃកើត​ហេតុ​មក​ម្ល៉េះ ​ហើយ​មកដល់ពេលនេះ​នៅ​មិនទាន់​មានដំណឹង​ណាមួយ​ពី​ប្អូនស្រី​នោះ​ឡើយ។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​បន្ត​ការស្វែងរក ​និង​ផ្ដល់​ព័ត៌មាន​ពិតប្រាកដ​ដល់​សាច់ញាតិ​ជនរងគ្រោះ ​ត្បិត​បុគ្គលិក​សញ្ជាតិ​ខ្មែរ​ដែល​បម្រើ​ការ​នៅ​ទីនោះ​មាន​ចំនួន​ច្រើន​នាក់ ​មិន​សម​ថា​គ្មាន​អ្នក​គ្រោះថ្នាក់​នោះ​ឡើយ៖

«ព្រោះ​ក្នុង​អាគារ​មួយៗ​ខ្មែរ​ធ្វើការ​រាប់រយ​នាក់ ​ប្រសិន​ថា​គ្មាន​ខ្មែរ​ស្លាប់​មួយ ​មិន​ដឹង​យ៉ាងណា? មិន​ដឹង​និយាយ​ថា​ម៉េច? រក​សព្វ​អស់ហើយ ​នៅ​វត្តត្រាច​ខ្ញុំ​ទៅ​អង្គុយ​ចាំ ​៤៨ម៉ោង។ រក​អស់ហើយ ​វត្ត​បាលិល័យ ​ដើររក​អស់ហើយ ​អត់មាន​ឃើញ​ទេ។ ឱ្យ​តែ​ឮ​វត្ត​ណា​គឺ​យើង​ទៅ​វត្ត​ហ្នឹង ​ចេះតែ​ទៅៗ​ក្រែង​បាន​ជួប»។

កាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី ​មាន​បុគ្គលិក​បម្រើ​ការ​ប្រចាំ​វេន​ក្នុង​ថ្ងៃកើត​ហេតុ​ប្រមាណ​៤០០នាក់។ បន្ទាប់ពី​រុករក​សាកសព ​អ្នករបួស​អស់​រយៈពេល​២ថ្ងៃ ​កម្លាំង​សមត្ថកិច្ច​កម្ពុជា ​បាន​សម្រេច​បិទ​បញ្ចប់​ប្រតិបត្តិការ​រុករក ​ជនរងគ្រោះ ​ទាំងស្រុង ​កាលពី​ល្ងាច​ថ្ងៃទី៣០ ​ខែធ្នូ ​ដោយមាន​អ្នក​ស្លាប់​សរុប​២៦នាក់ ​និង​រង​របួសធ្ងន់​ស្រាល​៥៧នាក់។ អាជ្ញាធរ​កម្ពុជា​អះអាង​ថា ​ក្រុម​រុករក ​បាន​រក​ឃើញ​សាកសព​ជនរងគ្រោះ​ក្នុង​អាគារ​អស់ហើយ ​ចំណែក​អ្នករបួស ​និង​អ្នក​ស្លាប់ ​មិន​មាន​ជន​ជាតិខ្មែរ​ឡើយ។ អាជ្ញាធរ​បញ្ជាក់​ថា ​មាន​សាកសព​ចំនួន៦នាក់​ទៀត ​ដែល​មិន​អាច​កំណត់​អត្តសញ្ញាណ ​កំពុង​រក្សាទុក ​ដើម្បី​ធ្វើ​កោសល្យវិច័យ ​និង​វិភាគ​ទៅលើ ​ឌី.អិន.អេ (DNA)។

ទោះជាយ៉ាងនេះក្ដី ​មាន​ពលរដ្ឋខ្មែរ​៣នាក់ ​និង​ថៃ​ចំនួន៩នាក់ ​កំពុង​ស្វែងរក​សមាជិក​គ្រួសារ​​​ដែល​បាត់ខ្លួន ​ក្នុង​គ្រោះថ្នាក់​អគ្គីភ័យ​នៅ​កាស៊ីណូក្រែនដាយមែនស៊ីតធី​នេះ។

ម្ដាយ​ជនរងគ្រោះ​កញ្ញា ​យ៉ាផា ខូថានុន (Yapha Khuthanon) ​គឺ​លោកស្រី ​រតនា ខូថានុន (Rathana Khothanon) ​រស់នៅ​ខេត្តស្រះកែវ​ (Sa Kaeo) ប្រទេស​ថៃ​ (Thailand)​ ប្រាប់​អាស៊ី​សេរី ​នៅ​ថ្ងៃទី​២ ខែ​មករា​ ​ថា ​ការ​បិទ​បញ្ចប់ ​បេសកកម្ម​រុករក​របស់​អាជ្ញាធរ​កម្ពុជា​ទាំង​តក់ក្រហល់​បែប​នេះ ​លោកស្រី​មើលឃើញ​ថា ​ខាង​ភាគី​កម្ពុជា ​ហាក់​គ្មាន​ការទទួលខុសត្រូវ ​និង​ស្វែងរក​ជនរងគ្រោះ​ឱ្យ​អស់ពី​លទ្ធភាព​ឡើយ។ លោកស្រី​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ​ដើម្បី​ស្វែងរក​ជនរងគ្រោះ​ដែល​បាត់ខ្លួន​ថែមទៀត។

ទាក់ទង​នឹង​បញ្ហា​នេះ ​អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ ​លោក ​សេក សុខុម ​ច្រាល​ចោល​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ថា​មាន​អ្នក​ស្លាប់ ​និង​របួស​ច្រើន​នាក់​នៅ​ក្នុង​ហេតុការណ៍​នោះ។ លោក​អះអាង​ថា ​ក្រុម​រុករក​បាន​រក​ឃើញ​សាកសព​ជនរងគ្រោះ​អស់ហើយ។ ​លោក​ថា ​បច្ចុប្បន្ន​អាជ្ញាធរ​បាន​បិទ ​ការ​ចរាចរ​ក្នុង​បរិវេណ​អាគារ​កាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី ​និង​បន្ត​ស្រាយ​ជ្រាវ ​ដើម្បី​វាយ​តម្លៃ​ពី​ការខូចខាត៖

«អាគារ​ទាំង​អស់ហ្នឹង ​បើ​កន្លែងណា​ដែល​មនុស្ស​ចូល​ទៅ​អត់​ចុះ ​ក្រុម​សង្គ្រោះ​ចូល​ទៅ​មិនបាន ​គឺ​យើង​ប្រើ​រហូតដល់​សុនខ​ចូល​ទៅ​ហិត​(ស្វែងរក)។ អ៊ីចឹង​បានន័យ​ថា ​យើង​រក​អស់ហើយ ​យើង​បិទ​បញ្ចប់​ការរុករក​គឺ​ឃើញ​ (សាកសព) ​តែ​២៦នាក់​ហ្នឹង​ទេ ​ហើយ​ក្នុង​នោះ​សាកសព៦នាក់​ដែល​យើង​កំណត់​អត្តសញ្ញាណ​មិនបាន ​ដោយសារ​ឆេះ​អស់​ច្រើន ​អ៊ីចឹង​គេ​ខ្ចប់​ជា​ធាតុ»។

ក្នុង​គ្រោះ​អគ្គិភ័យ​ដ៏​អាក្រក់​នេះ​អាជ្ញាធរ​បាន​ប្រើប្រាស់​កម្លាំង​សង្គ្រោះ ​សរុប​ចំនួនជាង​១ពាន់នាក់​ (១.០០៩នាក់) ​ក្រុម​មូលនិធិ​សង្គ្រោះ​និង​សមត្ថកិច្ច​ថៃ​ជាង​២០០នាក់​(២២១នាក់)។

ទាក់ទង​រឿង​នេះ ​ភ្នាក់ងារ​ជួយសង្គ្រោះ​មូលនីធិ ប៉តឹកតឹង ​ប្រទេស​ថៃ ​(POH TECK TUNG FOUNDATION) ​លោក​ ចានីន សាអាត​(Chanin Sa at) ​បដិសេធ​ការ​លើកឡើង​របស់​អាជ្ញាធរ​កម្ពុជា។ លោក​បញ្ជាក់​ថា ​ក្រុម​ជួយសង្គ្រោះ ​បាន​រុករក​តែ​អាគារ​សណ្ឋាគារ​ប៉ុណ្ណោះ។ ចំណែក​អាគារ​បនល្បែង​វិញ ​នៅ​មិនទាន់​រុករក​ឡើយ​ទេ ​ដោយសារ​អាគារ​មាន​សភាព​ទ្រេត ​និង​ប្រេះ​ខ្លាំង។ លោក​ជឿជាក់​ថា ​អាច​នឹង​មាន​សាកសព​ជនរងគ្រោះ​ជាប់​ក្នុង​អាគារ​ជាច្រើន​ទៀត ​ដែល​មិនទាន់​រក​ឃើញ។

បច្ចុប្បន្ន ​អាគារ​កាស៊ីណូក្រែនដាយអឺមែនស៊ីតធី ​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​នេះ ​នៅ​មិនទាន់​រុះរើ​ទេ។ ​ចំណែកខាង​មុខ​ផ្លូវចូល​កាស៊ីណូ ​មាន​ប៉ូលិស​យាមល្បាត​យ៉ាង​តឹងតែង ​និង​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​ចរាចរ​ឆ្លងកាត់​ឡើយ។ ចំណែក​បុគ្គលិក ​និង​សន្តិសុខ​ដែល​នៅ​ក្នុង​ហេតុការណ៍​ឆេះ​អាគារ​កាស៊ីណូក្រែនដាយអឺមែនស៊ីតធី ​នេះ ​មិន​ហ៊ាន​ផ្ដល់​ព័ត៌មាន​អំពី​ហេតុការណ៍​នេះ​ឡើយ ​ដោយសារ​ពួកគេ​ខ្លាច​បាត់បង់​ការងារ។

ទោះជាយ៉ាងណាក៏ដោយ​ចុះ ​ក្រុម​គ្រួសារ​ជនរងគ្រោះ ​និង​សង្គម​ស៊ីវិល ​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា ​បន្ត​រុករក​ជនរងគ្រោះ​ដែល​រក​មិនទាន់​ឃើញ​ឱ្យ​អស់​សិន ​មុននឹង​បិទផ្លូវ និង​វាយ​តម្លៃ​ពី​ការខូចខាត ​ដោយ​គិតគូរ​ពី​អារម្មណ៍​សមាជិក​គ្រួសារ​ជនរងគ្រោះ​ឡើយ។

ប្រធាន​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ លោក​ នីសុខា ​ការរុករក​ជនរងគ្រោះ​បន្តទៀត​ពិត​ជា​មាន​សារសំខាន់​សម្រាប់​ជនរងគ្រោះ​និង​សាច់ញាតិ​របស់​ពួកគេ៖

«យើង​នៅតែ​ស្នើ​ឱ្យ​អាជ្ញាធរ​ហ្នឹង​ធ្វើ​យ៉ាងណា ​ធ្វើ​ការស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់​ ឱ្យ​បាន​ដិតដល់​ ឱ្យ​មាន​របាយការណ៍​ច្បាស់លាស់​ ឱ្យ​ប្រជាពលរដ្ឋ ​ពិសេស​ក្រុម​គ្រួសារ​អ្នក​ដែល​រងគ្រោះ​ទាំង​អស់ហ្នឹង ​គឺ​គេ​អាច​ទទួលយក​បាន ​គេ​អាច​ស្ងប់ចិត្ត។ បើ​មិន​អ៊ីចឹង​ទេ ​វា​នៅតែ​មាន​មតិ​សង្ស័យ​ច្រើន ​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​របស់​អាជ្ញាធរ​ដែរ»។

ជនរងគ្រោះ ​និង​មហាជន ​ចាត់​ទុក​ហេតុការណ៍​អគ្គីភ័យ​នេះ​ថា​ជា​សោកនាដកម្ម​ដ៏​ធំ​មួយ ​ដែល​បណ្ដាលមកពី​ការ​ធ្វេសប្រហែស​របស់​ក្រុមហ៊ុន ​និង​អសមត្ថភាព​ក្នុង​ការ​ជួយសង្គ្រោះ​ទាន់​ពេល​របស់​អាជ្ញាធរ។ ពួកគេ​ស្នើ​ឱ្យ​រដ្ឋាភិបាល​រក​អ្នកទទួលខុសត្រូវ​ផ្លូវច្បាប់​លើ​ហេតុការណ៍​នេះ៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។