មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ក្រសួង​អប់រំ​ពង្រឹង​គុណភាព​អប់រំ​នៅ​តាម​សាលា

ដោយ យ៉ង ចាន់តារា
2023.11.14
មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ក្រសួង​អប់រំ​ពង្រឹង​គុណភាព​អប់រំ​នៅ​តាម​សាលា (រូបឯកសារ) អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ក្នុង​ពិធី​ប្រារព្ធទិវា​គ្រូបង្រៀន​ពិភពលោក កាល​ពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ២០២០។
រូបពីពលរដ្ឋ

មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ក្រសួង​អប់រំ និង​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​គុណភាព​អប់រំ​នៅ​តាម​សាលា​ចាប់​តាំង​ពី​ថ្នាក់​បឋម​រហូត​ដល់​វិទ្យាល័យ ដើម្បី​លើក​កម្ពស់​ធនធាន​មនុស្ស​នៅ​កម្ពុជា។ ពួកគាត់​សង្កេត​ឃើញ​ថា បញ្ហា​សិស្ស​បោះបង់​ការ​សិក្សា​កាន់​តែ​បន្ត​កើន​ឡើង​គួរ​ឱ្យ​កត់​សំគាល់។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៤ ខែវិច្ឆិកា​ថា ក្រសួង​អប់រំ​គួរតែ​អនុវត្ត​តាម​គោលនយោបាយ​ដែល​បាន​ដាក់​ចេញ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី ពង្រឹង​គុណភាព​អប់រំ​នៅ​តាម​សាលារៀន។ អ្នកស្រី​កត់​សំគាល់​ថា ក្រសួង​អប់រំ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព គំរាមកំហែង​គ្រូ​បង្រៀន​ដោយ​មិន​ឱ្យ​ពួកគាត់​និយាយ​ពី​បញ្ហា​នយោបាយ ឬ​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​សាលារៀន​ឡើយ។ អ្នកស្រី​ថា កត្តា​ទាំង​អស់​នេះ​ធ្វើ​ឱ្យ​គ្រូបង្រៀន​មួយ​ចំនួន​ដែល​មាន​ឆន្ទៈ​បង្រៀន​សិស្ស​លែង​សូវ​ហ៊ាន​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន។

អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «ជា​ធម្មតា​អ្វី​ដែល​ប៉ះពាល់ មិន​ទាំង​ស្មារតី​ការ​ហូបចុក​អី​ទេ គឺជា​ចលករ ដែល​រុញ​ឱ្យ​ធនធាន​មនុស្ស ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាត់បង់​ហើយ បាន​ន័យ​ថា ធ្លាក់​ចុះ​ដូច​យើង​ឃើញ​ហើយ ប្រទេស​មួយ​អាច​អភិវឌ្ឍន៍​បាន ដោយសារ​តែ​ការ​អប់រំ​ដោយសារ​ធនធាន​មនុស្ស ហើយ​ប្រសិនបើ​ធនធាន​មនុស្ស​អត់​មាន​ការ​អប់រំ អត់​មាន​អ៊ីចឹង មាន​តែ​យក​តុក្កតា​មក​ធ្វើ​ទៅ»

កន្លង​ទៅ​គេ​សង្កេត​ឃើញ​ថា គ្រូ​បង្រៀន​មួយ​ចំនួន ដែល​គាំទ្រ​បក្ស​ប្រឆាំង និង​មិន​ព្រម​ចុះ​ចូល​ជា​មួយ​បក្ស​កាន់​អំណាច​ក្រសួង​អប់រំ​បាន ​លុប​ឈ្មោះ​ពួកគេ ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ និង​ឱ្យ​នាយក​សាលា​ហៅ​គ្រូ​បង្រៀន​រូប​ណា​ដែល​មិន​ស្រប​តាម​និន្នាការ​បក្ស​កាន់​អំណាច​មក​ព្រមាន និង​ដាក់​សម្ពាធ​ជា​ញឹកញាប់។ ជាក់ស្ដែង កាល​ពី​ថ្ងៃ​ទី៨ ខែ​មិថុនា រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លោក ហង់ ជួនណារ៉ុន បាន​ប្រកាស​លុប​ឈ្មោះ​មន្ត្រី​គណបក្ស​ភ្លើង​ទៀន គឺ​លោក ស៊ិន វត្ថា ដែល​បម្រើ​ការងារ​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ក្រោម​ហេតុផល​ថា គ្រូ​បង្រៀន​រូប​នេះ មាន​កំហុស​ឆ្គង​វិជ្ជាជីវៈ​ជា​មន្ត្រី​រាជការ។ លោក ស៊ិន វត្ថា ធ្លាប់​អះអាង​ថា ការ​លុប​ឈ្មោះ​គាត់​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ​នេះ គឺ​ដោយ​សារ​លោក​មិន​ព្រម​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច។

អ្នកស្រី អ៊ុក ឆាយ៉ាវី បន្ថែម​ថា បញ្ហា​បក្ខពួក​និយម អំពើ​ពុករលួយ​នៅ​ក្នុង​ស្ថាប័នរដ្ឋ និង​ប្រាក់​បៀវត្សរ៍​របស់​គ្រូ​បង្រៀន​ទាប ក៏​ជះ​ឥទ្ធិពល​ដល់​ប្រព័ន្ធ​អប់រំ​នៅ​តាម​សាលា​រៀន​ផង​ដែរ។ អ្នកស្រី​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​ក្រសួង​អប់រំ​នៅ​តែ​គ្មាន​ឆន្ទៈ​អនុវត្ត​តាម​គោល​នយោបាយ​លើក​កម្ពស់​ធនធាន​មនុស្ស​នោះ​ទេ គឺ​អាច​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​ការ​ខ្វះ​ធនធាន​មនុស្ស​អភិវឌ្ឍន៍​ប្រទេស​ជាតិ ហើយនិង​មាន​វិបត្តិ​ជាតិ​ជា​បន្ត​បន្ទាប់ ។

អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «បើ​រាល់​ថ្ងៃ​នេះ​ប្រាក់ខែ​ឡើង​ដូច​បន្តក់​សេរ៉ូម គ្រាន់តែ​បន្តក់​សេរ៉ូម​ឱ្យ​គាត់​រស់ អា​អំពើ​ពុករលួយ អា​អំពើ​លក់​មេ​រៀន​អី នៅ​តែ​មាន​អ៊ីចឹង ដោយសារ​តែ​ផ្ទះ ទំនិញ​ទី​ផ្សារ​ឡើង​ប៉ុន្មាន? យើង​ឃើញ​ថា នៅ​តែ​មិន​ទាន់​ប្រសិនបើ​ទប់​ទី​ផ្សារ​ដំឡើង​ប្រាក់ខែ​ហើយ​ទប់​ទី​ផ្សារ​ដាក់​ពិន័យ​ដាក់​ពិន័យ​ទៅ​គ្រូ​ដែល​គាត់​អត់​យក​សមិការ​ខ្លួន​មក​ប្រើ»

ការ​លើក​ឡើង​របស់​ប្រធាន​សមាគម គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​រូប​នេះ គឺ​បន្ទាប់​ពី​ក្រសួង​អប់រំ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី៧ វិច្ឆិកា ថា មាន​សិស្សានុសិស្ស​ចំនួន​ជាង ២ពាន់​នាក់ (.៣២៨) បាន​បោះបង់​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ។

ការ​ស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា យុវជន​មួយ​ចំនួន​បាន​បោះបង់​ការ​សិក្សា​ចោល ដោយសារ​បញ្ហា​ជីវភាព និង​ការ​រំលោភ​យក​ដីធ្លី​ពី​សំណាក់​អ្នក​មាន​លុយ​មាន​អំណាច​ដែល​ធ្វើ​ឱ្យ​ពួកគាត់​ធ្លាក់​ខ្លួន​ក្រីក្រ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌ​ក ហើយ​បង្ខំ​ឱ្យ​កូនៗ របស់​ពួកគាត់​ឈប់​រៀន។

ទាក់ទិន​បញ្ហា​នេះ ប្រធាន​កម្មវិធី​ផ្នែក​ចងក្រង និង​ពង្រឹង​សិទ្ធិ​អំណាច​នៃ​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ម៉ើ ចាន់ដារ៉ា យល់​ឃើញ​ថា ទោះ​បី​ជា​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​គោលការណ៍​នយោបាយ​អភិវឌ្ឍន៍​ធនធាន​មនុស្ស និង​លើក​កម្ពស់​វិស័យ​អប់រំ​យ៉ាង​ក្ដី ក៏​លោក​មិន​រំពឹង​ថា រដ្ឋាភិបាល​នឹង​អាច​អនុវត្ត​បាន​ដែរ ពីព្រោះ​កន្លង​មក​ការ​អនុវត្ត​ច្បាប់​ធូររលុង​ធ្វើ​ឱ្យ​គុណភាព​អប់រំ​ធ្លាក់​ចុះ។

លោក ម៉ើ ចាន់ដារ៉ា៖ «សម្រាប់​ការ​បោះបង់​ការ​សិក្សា​របស់​យុវជន ខ្ញុំ​មើល​ឃើញ​ថា នៅ​មាន​កម្រិត​គួរ​តែ​ឱ្យ​ព្រួយ​បារម្ភ​នៅ​ឡើយ បើ​ទោះ​ជា​រដ្ឋាភិបាល​មាន​គោល​នយោបាយ​ឱ្យ​ពួក​គាត់​រៀន​រហូត​ដល់​ចប់​អនុវិទ្យាល័យ​ដោយ​ពុំ​មាន​ការ​បង់​ថ្លៃ​ក៏​ដោយ ប៉ុន្តែ​យើង​ឃើញ​ថា នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន ដូចជា កន្លែង​ខ្លះ​មាន​សាលា ប៉ុន្តែ​អត់​មាន​គ្រូ​បង្រៀន។ កន្លែង​ខ្លះ​មាន​គ្រូ​បង្រៀន ប៉ុន្តែ​អត់​មាន​សាលា​ល្អ។ កន្លែង​ខ្លះ​អត់​មាន​ទាំង​គ្រូ អត់​មាន​ទាំង​សាលា ដែល​ធ្វើ​ឱ្យ​កន្លែង​ប៉ះពាល់​ច្រើន​មែនទែន​ទៅ​ដល់​កម្រិត​គុណភាព​នៃ​អប់រំ​របស់​សិស្ស»

ឆ្លើយតប​បញ្ហា​នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា អ្នកស្រី ឃួន វិច្ឆិកា ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​តាម​រយៈ​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) ថា ក្រសួង​តែងតែ​យកចិត្តទុកដាក់​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ចាប់​តាំង​ពី​ថ្នាក់​បឋម​សិក្សា និង​ណែ​នាំ​ទៅ​មន្ត្រី​ថ្នាក់​ក្រោម​ឱ្យ​យក​ចិត្ត​ទុក​ដាក់​លើ​គ្រូ​បង្រៀន​ដើម្បី​កុំ​មាន​អំពើ​ពុករលួយ​កើត​មាន​នៅ​ថ្នាក់​ក្រោម។

ជុំវិញ​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា វិស័យ​អប់រំ​នឹង​មិន​អាច​មាន​គុណភាព​នោះ​ទេ ដរាបណា​ការ​រើសអើង និង​ការ​ប្រកាន់​បក្ខពួក​នៅ​តែ​កើត​មាន​នៅ​ក្នុង​ស្ថាប័នរដ្ឋ។ លោក​បន្ត​ថា បើ​ចង់​ឱ្យ​វិស័យ​អប់រំ​មាន​គុណភាព ទាល់​តែ​ក្រសួង​អប់រំ​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ និង​បណ្ដុះ​ជំនាញ​យុវជន​ទៅ​តាម​ជំនាញ​របស់​ពួក​គាត់ ព្រមទាំង​ធានា​ពួក​គាត់​ឱ្យ​មាន​ការងារ​ធ្វើ ទើប​អាច​ធ្វើ​ឱ្យ​វិស័យ​អប់រំ​មាន​គុណភាព។

លោក យង់ គិមអេង៖ «ពាក់ព័ន្ធ​នឹង​ការ​បង្រៀន​គួរ​បង្រៀន​ហ្នឹង នៅ​តែ​កើត​មាន​ថា តើ​កម្ពុជា​គួរតែ​ដំណើរ​ការ​បែប​ហ្នឹង​រហូត ឬ​ក៏​បញ្ឈប់​កុំ​ឱ្យ​មាន​ការ​បង្រៀន​គួរ​ហ្នឹង​ទៅ​ហើយ បើ​ថា​កូន​សិស្ស​ណា គាត់​ទៅ​មិន​ទាន់ ខ្សោយ​អី​អ៊ីចឹង គួរតែ​មាន​កម្មវិធី​ឱ្យ​គាត់​រៀន​បំប៉ន​ទៅ ហើយ​រដ្ឋ​នេះ​ជា​អ្នក​ទទួល​ខុស​ត្រូវ ក្នុង​ការ​ចេញ​ថវិកា​ទៅ ហើយ​បញ្ហា​នេះ​ហើយ ដែល​គេ​ចោទ​សួរ​អំពី​ការ​អប់រំ​នោះ​ច្រើន​ណាស់»

កាល​ពី​ថ្ងៃ​ទី២ ខែតុលា ទស្សនាវដ្ដី​របស់​ប្រទេស​អង់គ្លេស ដែល​មាន​ឈ្មោះ​ថា (Time Higher Education) បាន​ចេញ​របាយការណ៍​មួយ ដោយ​កំណត់​ចំណាត់​ថ្នាក់​សាកលវិទ្យាល័យ​ចំនួន​ជិត​ពីរ​ពាន់ (.៩០៤) មក​ពី​ប្រទេស​ចំនួន១០៨ ដែល​មាន​គុណភាព​សិក្សា​ល្អ​ជាង​គេ​ក្នុង​ឆ្នាំ២០២៤។ ប៉ុន្តែ​ក្នុង​ចំណាត់​ថ្នាក់​នោះ​គ្មាន​កម្ពុជា​ឡើយ ខណៈ​សាកល​វិទ្យាល័យ​នៅ​ប្រទេស​ជិត​ខាង ដូចជា ថៃ និង​វៀតណាម ជាប់​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត​ចន្លោះ​លេខ​រៀង​ទី៦០១ ដល់ ៨០០។

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ដើម្បី​អាច​ពង្រឹង​គុណភាព​អប់រំ​នៅ​ក្នុង​ប្រទេស​មួយ​បាន ទាល់​តែ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ទប់ស្កាត់​អំពើ​ពុករលួយ​ក្នុង​ស្ថាប័ន និង​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ ដាក់​បញ្ចូល​មុខជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​គណិតវិទ្យា លើក​ទឹក​ចិត្ត​ឱ្យ​យុវជន​ជ្រើសរើស​ការ​សិក្សា​ជំនាញ ការ​ពង្រឹង​គុណភាព​អប់រំ​គ្រប់​កម្រិត និង​រក្សា​បុគ្គលិក​ឆ្នើម ហើយ​ពង្រឹង​ការ​ស្រាវជ្រាវ និង​បង្កើត​មូលនិធិ​ស្រាវជ្រាវ​ជាតិ និង​តាម​រយៈ​មធ្យោបាយ​មួយ​ចំនួន​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។