មន្ត្រី​សង្គម​ស៊ីវិល ចង់​ឃើញ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​លើ​ជន​បង្ក​បុក​មនុស្ស​ស្លាប់​ដោយ​ពុំ​ចាំបាច់​មាន​បញ្ជា​ពី​ថ្នាក់លើ

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចង់​ឃើញ​សមត្ថកិច្ច​និង​តុលាការ​អនុវត្ត​ច្បាប់​លើ ជន​បង្ក​ដែល​បើកឡាន​បុក​មនុស្ស​ស្លាប់ ដោយ​មិន​ចាំបាច់​មាន​បញ្ជា​ពី​ថ្នាក់លើ ដើម្បី​បង្ហាញ​ថា ការអនុវត្ត​ច្បាប់​គ្មាន​ស្តង់ដារ​ពីរ និង​បញ្ចៀស​ការ​រិះគន់ ពី​សាធារណជន។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​តុលាការ​ឃុំខ្លួន​ឈ្មោះ​ព្រហ្ម វិចិត្រសុសក្ដា បើក​រថយន្ត​បុក​បុរស​ម្នាក់​ស្លាប់ កាល​ពី​ថ្ងៃទី​១៤ ធ្នូ។

ការ​លើកឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​២៤ ធ្នូ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន អ្នក​បើកបរ​រថយន្ត Jeep ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែល​បើករថយន្ត បុក​ជនរងគ្រោះ បណ្តាល​ឱ្យ​ស្លាប់​នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន។

ការ​ឃុំ​ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ជនសង្ស័យ ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បាន​ចូល​សារភាព​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បន្ទាប់​ពី​មាន​បញ្ជា​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​២១ ធ្នូ និង​ស្ថាប័ន​ក្រសួង​យុត្តិធម៌។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រពន្ធ​ជនរងគ្រោះ គឺ​លោកស្រី គ្រុយ ឈិញលាំង ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៥ ធ្នូ។

កាល​ពី​យប់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្ក​ដោយ​កូនប្រុស​របស់​មេធាវី ព្រហ្ម វិចិត្រសុភា គឺ​លោក ព្រហ្ម វិចិត្រសុសក្ដា ដែល​បាន​បើកឡាន​ទំនើប (Jeep) ប្រណាំង​ជាមួយ​ឡាន​ទំនើប​មួយ​ផ្សេងទៀត រួច​ក៏ ជ្រុល​ទៅ​បុក​លោក សៀង គីមហុង នៅ​សង្កាត់​បឹងកក់២ បណ្ដាល​ឱ្យ​ស្លាប់។

លោក សៀង គីមហុង គឺជា​កីឡាករ​វាយ​សី ដែល​បាន​ឈ្នះ​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង កាលពី​ខែឧសភា ឆ្នាំ​២០២៣ ។ ក្រោយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​រួច ឪពុក​ជនបង្ក​បាន​គំរាមកំហែង និង​ព្យាយាម​ផ្ដល់​លុយ​១​ពាន់​ដុល្លារ ឱ្យ​គ្រួសារ​ជនរងគ្រោះ​ក្នុង​ពិធី​បុណ្យសព ជា​ថ្នូរ​នឹង​ការ​ដក​ពាក្យបណ្ដឹង​វិញ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(ADHOC)​លោក នី សុខា ប្រាប់​វិទ្យុ​អាស៊ីសេរី ថ្ងៃទី ២៥ ធ្នូ ថា កន្លងមក​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដូចគ្នា​នេះ​ដែរ ប៉ុន្តែ​ដោយសារ​តែ ជន​បង្ក​ជា​អ្នកមាន​ប្រាក់ បុណ្យស័ក្ដិ និង​គ្មាន អន្តរាគមន៍ ពី​នាយករដ្ឋមន្ត្រី គឺ​បុគ្គល​នោះ​មិន​ត្រូវ​បាន​ចាប់ខ្លួន​ឡើយ។

ប៉ុន្តែ​ករណីនេះ ជា​សញ្ញា​មួយ ដែល​បង្ហាញ​ថា តុលាការ​បាន​អនុវត្ត​ច្បាប់​ដោយ​សម្រេច​ឱ្យ​ជន​បង្ក​ទទួលខុស​ចំពោះ​មុខ​ច្បាប់។

លោក​កត់​សម្គាល់​ថា ករណីនេះ បើ​គ្មាន​បញ្ជា​ពី​នាយករដ្ឋមន្ត្រី​ទេ​ប្រហែលជា​ជន​បង្ក ក៏​មិនទាន់​ត្រូវ​បាន​ចាប់ ឬ​ឃុំខ្លួន​ឡើយ ដែល​នេះ​បង្ហាញ​ថា មិន​ទាន់​មាន​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ និង​រង់ចាំ តែ​មាន​បទ​បញ្ជា​ពី​ថ្នាក់លើ​ទើប​អនុវត្ត។

លោក នី សុខា៖ «ការអនុវត្ត​ច្បាប់​ចំពោះ​ជន​បង្ក​មាន​កម្រិត​ប៉ុណ្ណា តើ​ស្រប​នឹង​នីតិវិធី​ច្បាប់​ដែរ​ឬ​អត់​?ឬ​គ្រាន់តែ​ជា​ការ​អនុវត្ត​មួយ​ម្ដង​ម្ដា​ល​ឬ គេ​ហៅ​វា​មិន​អចិន្ត្រៃយ៍ ឬ​គ្រាន់តែ​ការអនុវត្ត​មួយ​ដើម្បី​បន្ធូរបន្ថយ​ឬ​បង្ហាញ​សាធារណជន​ដោយសារតែ​មាន​មតិ​រិះគន់​ច្រើន ហើយ​ចាប់​ហើយ​ឃុំខ្លួន​មិនទាន់​បាន​ប៉ុន្មាន​ដោះលែង​ទៅវិញ​ទៅ។ អាហ្នឹង​ជា​រឿង​មួយ​ដែល​យើង​កំពុង​រង់ចាំ​មើល​ថា តើ​តុលាការ​ពិត​ជា​បាន​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​ដូច​សមាសភាព​ចំពោះមុខ​ច្បាប់​ដូច​ប្រជាពលរដ្ឋ​ដ៏ទៃ​ទៀត​ដែរ​ឬក៏​អត់​?»។

លោក នី សុខា ថា បើសិនជា​មានការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ គឺ​មិន​ចាំបាច់ មាន​បញ្ជា​ពី​ថ្នាក់លើ​ទេ ពីព្រោះ​ស្ថាប័ន​នីមួយៗ​មាន​យុត្តាធិការ ទទួលខុស ត្រូវ​តួនាទី ឬ​ភារកិច្ច​របស់​ខ្លួន ក្នុង​ការ​ចាត់​វិធានការ​ចំពោះ​បទល្មើស​ព្រហ្មទណ្ឌ។

លោក នី សុខា៖ «យើង​នៅ​រង់​ចាំ​មើល​ករណី​ផ្សេង​ទៀត ករណី​បទល្មើស​ប្រហាក់ប្រហែល​សមត្ថកិច្ច​នឹង​មាន​វិធានការ ដោយ​មិន​ចាំបាច់​រង់ចាំ​បញ្ជា​ដែល​មិន​ចាំ​បាច់​មាន​បញ្ជា​ដែរ​ឬ​អត់​?អានេះ ជា​រឿង​មួយ​ដែល​យើង​កំពុង​រង់ចាំ​ហើយ​អ្វី​ដែល​យើង​ចង់​ឃើញ​ទៅ​ថ្ងៃ​អនាគត»។

ប្រធាន​អង្គការ​សម្ព័ន្ធភាព ការពារ​សិទ្ធិមនុស្ស​កម្ពុជា​ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា បើ​ការអនុវត្ត​ច្បាប់​នៅ​តែ​មាន​ស្តង់ដារ​ពីរ ដោយ​កូន​អ្នកមាន​ប្រាក់ និង​មាន​អំណាច​បង្ក​គ្រោះថ្នាក់​ហើយ​រួចខ្លួន​នោះ នឹង​បង្កើត​ឱ្យ​មាន​ភាព​ទំនើង​នៅក្នុង​សង្គម ធ្វើ​ឱ្យ​មនុស្ស​មួយចំនួន​ក្នុង ត្រកូល​អ្នកមាន លុយ​មានអំណាច គ្មាន​ការប្រុងប្រយ័ត្ន ហើយ​ប្រជាពលរដ្ឋ​ស្លូត ត្រង់​ចេះតែ បន្ត​រងគ្រោះ និង​មិន​ទទួល​បាន​យុត្តិធម៌។

លោក​ចាត់ទុក​ការ​ឃុំ​ខ្លួន​នេះ ថា ជា​រឿង​ត្រឹមត្រូវ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ដោយ​គ្មាន​ស្តង់ដារ​ពីរ ខណៈ​ប្រសិនបើ​ជា​នាយករដ្ឋមន្ត្រី​មិន​អន្តរាគមន៍​ទេ អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​មិន​ក៏​ត្រូវ​បាន​ចាប់ខ្លួន​ដែរ។

លោក រស់ សុដ្ឋា៖ «ចំពោះ​បញ្ហា​នេះ​កើតឡើង​ដដែលៗ​ជាច្រើន​ដង​ហើយ ដែល​ជា​រឿង​អយុត្តិធម៌ ពាក់ ព័ន្ធ​នឹង​សិទ្ធិ​ពាក់ព័ន្ធ​មនុស្សធម៌​ជា​មនុស្ស​គ្មាន​សេចក្ដី​មេត្តា គ្មាន​អាសូរ​ដល់​ជីវិត​គេ​ជីវិត​ឯង​។ យើង​គិតតែ​ការពារ​អំណាច​ខ្លួនឯង​ភ្លេច​ជីវិត​អ្នកដទៃ ត្រូវ​គិតថា អ្នកដទៃ​ក៏​គេ​ស្រឡាញ់​ជីវិត​គេ ស្រឡាញ់​សាច់ញាតិ​របស់​គេ​ផង​ដែរ​។ យើង​ស្រឡាញ់​ជីវិត​យើង​ប៉ុណ្ណា​ឬ​កូនចៅ​សាច់ញាតិ​ប៉ុណ្ណា គេ​ក៏​ស្រឡាញ់​ប៉ុណ្ណឹង​ដូចគ្នា​ហេតុអ្វី​មនុស្ស​មិន​គិត​ឃើញ មិន​យល់​ក្នុងនាម​ជា​មនុស្ស​ដែល​មាន​បញ្ញា​ដែរ ហើយ​មក​លេងសើច​អ៊ីចឹង»។

ទាក់ទង​នឹង​រឿង​នេះ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន ណារិន្ទ នៅ​ថ្ងៃទី២៥ ធ្នូ បាន​បញ្ជា​សមត្ថកិច្ច​ឱ្យ​ស្រាវជ្រាវ​ស្វែង​រក​ចាប់ខ្លួន អ្នក​បើក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក ហាំម័រ (Hummer) ដែល​បើកបរ​ក្នុង​ល្បឿន​លឿន និង​ជ្រុល​បុក​អ្នក​ជិះ​ម៉ូតូ បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់ និង​កុមារ​តូច ម្នាក់​ស្លាប់ ហើយ​បុរស ដែល​ជា​អ្នក​បើក​ម៉ូតូ រង​របួស​ធ្ងន់ កាលពី​ថ្ងៃទី​២៤ ឈាន​ចូល​ថ្ងៃទី​២៥ ធ្នូ។

វិធានការ​អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​មានការ​ដាក់​បញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ស្ថាប័ន ក្រសួង​យុត្តិធម៌ ក្រោយពី​មានការ​រិះគន់​ពី ប្រជា​ពលរដ្ឋ​រឿង អយុត្តិធម៌​ក្នុង​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។