មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC)រកឃើញថា កូនគ្រាប់បែកចង្កោមមានចន្លោះពី ២៦លានទៅ ៣០លានគ្រាប់ ត្រូវបានប្រើប្រាស់លើទឹកដីកម្ពុជានៅសម័យសង្គ្រាម។
រយៈពេល ៦ខែ ដើមឆ្នាំ២០២១ នេះ ស៊ីម៉ាក់ អះអាងថា បានស្រាវជ្រាវរកឃើញគ្រាប់បែកចង្កោមជិត ២ពាន់គ្រាប់លើផ្ទៃដីចម្ការគ្រាប់ប្រមាណជាង ១៤គីឡូម៉ែត្រការ៉េ យកទៅបន្សាប និងបានកម្ទេចចោល។
គេហទំព័ររបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បង្ហាញថា គ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌពីសង្គ្រាមមួយប្រភេទនៅកម្ពុជា។ បរិមាណកូនគ្រាប់បែកចង្កោមតិច ឬច្រើនដែលទម្លាក់នៅទីតាំងនីមួយៗគឺទៅតាមប្រភេទមេគ្រាប់បែកដែលដឹកតាមប្រភេទយន្តហោះទម្លាក់គ្រាប់បែកនានាដែលអាចមានចំនួនពីជាង ៤០០កូនគ្រាប់បែកចង្កោមទៅជិត ៧០០គ្រាប់ក្នុងគ្រាប់បែកធំមួយ។
ប្រសិទ្ធភាពផ្ទុះនៃកូនគ្រាប់បែកចង្កោមមួយគ្រាប់អាចកម្ទេចសត្រូវនៅលើផ្ទៃដីទំហំ ២០មx២០ម ឬ ១២០មx២៤០ម ដោយអាស្រ័យលើកកម្ពស់ទម្លាក់ និងកម្រិតស្ថានភាពផ្ទុះរបស់កូនគ្រាប់បែកចង្កោមនីមួយៗ។
ស៊ីម៉ាក់ វាយតម្លៃថា ប្រហែល ១ ភាគ ៤ នៃកូនគ្រាប់ បែកចង្កោមទាំងនេះទម្លាក់មកមិនទាន់ផ្ទុះនោះទេ។ បើផ្អែកតាមការកំណត់ពីរោងចក្រផលិតគ្រាប់បែកនេះគឺកម្រិតកំហុសមិនផ្ទុះ មានចំនួនប្រមាណ ៥%។ ប៉ុន្តែប្រសិនបើកូនគ្រាប់បែកចង្កោមមិនទាន់ផ្ទុះទេនោះ វាស្ថិតនៅរាយប៉ាយអាចបន្តបង្កផ្ទុះគ្រោះថ្នាក់មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀតនៅពេលណាមួយដែលមានការប៉ះទង្គិចទៅលើវា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។