សហគមន៍​នៅ​កំពត​សង់​ផ្ទះ​សំណាក់​ក្បែរ​ព្រៃ​កោងកាង​ទាក់ទាញ​ភ្ញៀវ​ទេសចរ

0:00 / 0:00

ស្រប​ពេល​ដែល​ពាណិជ្ជករ​ធំៗ​សង់​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ទំនើបៗ មាន​ម៉ាស៊ីន​ត្រជាក់​នៅ​ទីក្រុង សហគមន៍​ត្រពាំង​សង្កែ បាន​សង់​ផ្ទះ​សំណាក់​ធ្វើ​ពី​កូន​ឈើ​បិទ​បាំង​ដោយ​ស្លឹក​ចាក នៅ​ក្នុង​ព្រៃ​ក្បែរ​មាត់​ព្រែក​មួយ​ក្នុង​ខេត្ត​កំពត អម​ទៅ​ដោយ​ព្រៃ​កោងកាង សម្រាប់​អ្នក​ទេសចរ​បរទេស​ស្នាក់នៅ ដោយ​យក​តម្លៃ​ថោកៗ ដើម្បី​រក​ប្រាក់​ចំណូល​ឲ្យ​សហគមន៍​បន្ថែម។

សហគមន៍​ត្រពាំង​សង្កែ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១០​គីឡូម៉ែត្រ ខាង​កើត​ខេត្ត​កំពត ជា​តំបន់​មួយ​នៅ​ក្បែរ​ដៃ​សមុទ្រ សម្បូរ​ទៅ​ដោយ​ជនជាតិ​ចាម រស់នៅ ដែល​ពួក​គាត់​ភាគ​ច្រើន​អាស្រ័យ​ផល​លើ​ធនធាន​សមុទ្រ។

សហគមន៍​នេះ រក​ប្រាក់​ចំណូល​ប្រហែល ៣​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​ចិត្ត​ជិះ​ទូក​មើល​ព្រៃ​កោងកាង ដែល​សហគមន៍​ការពារ និង​ថែ​រក្សា។

ប្រធាន​សហគមន៍​ត្រពាំង​សង្កែ លោក ហ៊ឹម ស៊ីម ឲ្យ​ដឹង​ថា ប្រាក់​ចំណូល​នេះ​តិច​ណាស់ មិន​អាច​ទ្រទ្រង់​ការ​ចំណាយ​ដែល​មាន​ទំហំ​ធំ​បាន​ទេ។ ដូច្នេះ គាត់​ត្រូវ​ស្វែងរក​ប្រាក់​ចំណូល​បន្ថែម ដោយ​សង់​ផ្ទះ​សំណាក់​បែប​ជា​បឹង​កាឡូ​នៅ​ក្បែរ​មាត់​ព្រែក សម្រាប់​ភ្ញៀវ​ទេសចរ​ស្នាក់។ លោក​ថា តម្លៃ​ស្នាក់​នៅ​មួយ​យប់ ៧​ដុល្លារ។ ចំណែក​បឹង​កាឡូ​នីមួយៗ​សង់​ឡើង​ពី​កូន​ឈើ ជញ្ជាំង​ស្លឹក​ចាក និង​ដំបូល​ស្លឹក​ចាក ក្នុង​បន្ទប់​មាន​គ្រែ​ពូក​មួយ និង​កង្ហារ​មួយ ជា​ការ​ស្រេច មិន​មាន​ម៉ាស៊ីន​ត្រជាក់​ទេ ព្រោះ​ចង់​ឲ្យ​ភ្ញៀវ​ស្រូប​ខ្យល់​បរិសុទ្ធ៖ «និយាយ​ទៅ យើង​មាន​ពូក​មាន​មុង វា​ខុស​ពី​ម៉ាស៊ីន​ត្រជាក់ អត់​មាន​មុង​វា​មូស យើង​មាន​មុង​មាន​ពូក យើង​ដាក់​កង្ហារ។ ប៉ុន្តែ​នៅ​នេះ ខ្ញុំ​នៅ​នេះ​បើ​ដាក់​កង្ហារ​ញាក់​ហើយ ត្រជាក់​ណាស់ វា​ខ្យល់​វូ តែ​ទោះ​យ៉ាង​ណា​ក៏​យើង​រៀប​ដែរ»

លោក​បញ្ជាក់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក​មាន​គំនិត​សង់​បឹង​កាឡូ​នេះ​ឡើង មិន​ត្រឹម​តែ​ដើម្បី​ប្រាក់​ចំណូល​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​សម្រួល​នៃ​តម្រូវ​ការ​គូ​ស្នេហ៍​អ្នក​ទេសចរ​បរទេស ពេល​មក​លេង​សហគមន៍​នេះ​ដែរ៖ «គាត់​មក​ជា​គូ ហើយ​ខ្ញុំ​អៀន។ ខ្ញុំ​អៀន​ណាស់ ពេល​ដែល​គាត់​មក បរទេស​គាត់​ជញ្ជក់​មាត់​គ្នា​ពេញ​ហ្នឹង ហើយ​ដល់​អ៊ីចឹង យើង​មើល​យើង​អាណិត​គាត់​ដែរ ហើយ​រហូត​គាត់​ចូល​បន្ទប់​ទឹក​អី​នោះ អ៊ីចឹង​បាន​ថា​ខ្ញុំ​ឃើញ​អ៊ីចឹង ថា​យើង​ធ្វើ​រោង​ផ្សេង​ទៅ»

បឹង​កាឡូ​នេះ​សង់​លើ​ទឹក​ជាប់​មាត់​ព្រែក​នៃ​ដៃ​សមុទ្រ មាន​ចម្ការ​កូន​កោងកាង​ជុំវិញ ចម្ងាយ​ប្រមាណ ៥០០​ម៉ែត្រ​ពី​ភូមិ​ចាម មួយ មាន​ទេសភាព​ស្រស់​ត្រកាល។

សហគមន៍​ត្រពាំង​សង្កែ ស្ថិត​ក្នុង​ឃុំ​ត្រពាំងសង្កែ ស្រុក​ទឹកឈូ ខេត្ត​កំពត មាន​ប្រជាពលរដ្ឋ​ប្រហែល ១​ពាន់​គ្រួសារ មាន​ដែន​នេសាទ ៣៣៧​ហិកតារ ក្នុង​នោះ​មាន​ដី​ព្រៃ​លិច​ទឹក ឬ​ដី​ព្រៃ​កោងកាង​ទំហំ​ប្រហែល ៥០​ហិកតារ ជា​ជម្រក​ជីវចម្រុះ។ សព្វថ្ងៃ សហគមន៍​នេះ​មាន​ភ្ញៀវ​ទេសចរ​បរទេស និង​អ្នក​ទេសចរ​ក្នុង​ស្រុក​មួយ​ចំនួន​មក​មើល​ព្រៃ​កោងកាង ដោយ​សមាជិក​សហគមន៍​ដឹក​ភ្ញៀវ​តាម​ទូក​ទៅ​មើល​ព្រៃ​កោងកាង​នៅ​មាត់​សមុទ្រ យក​កម្រៃ​ក្នុង​ម្នាក់ ១០​ដុល្លារ។ ក្រៅ​ពី​នេះ សហគមន៍​ត្រពាំង​សង្កែ ដែល​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៩ នោះ មាន​រោង​មួយ​ធំ​ទូលាយ​មួយ​ខ្នង​ប្រក់​ស្បូវ អាច​ទទួល​ភ្ញៀវ​ស្នាក់នៅ​ជា​ក្រុម​បាន​ប្រហែល​ជិត ១០០​នាក់ ដោយ​យក​កម្រៃ​ភ្ញៀវ​ម្នាក់ ២​ដុល្លារ​កន្លះ​ក្នុង​មួយ​យប់។ រោង​នេះ​ក្រាល​រនាប​ក្ដារ ដំបូល​ស្បូវ ចំហ​ជញ្ជាំង មាន​តែ​កន្ទេល មុង និង​កង្ហារ សម្រាប់​ទទួល​ភ្ញៀវ។

លោក ហ៊ឹម ស៊ីម បន្ថែម​ថា៖ «ទាក់ទង​នឹង​ទេសចរណ៍ វា​អត់​ទៀង សម្រាប់​ខែ​វស្សា គឺ​អត់​មាន​ទេ សម្រាប់​ខែ​ប្រាំង​មាន។ ភាគ​ច្រើន​យើង​បាន​ប្រាក់​ចំណូល​ពី​ភ្ញៀវ​ទេសចរ​ខាង​ស្ម័គ្រចិត្ត​មក​ពី​គ្រប់​ប្រទេស​ទាំងអស់ ពួក​បរទេស ហើយ​ខាង​និស្សិត (ខ្មែរ) អ៊ីចឹង​មក។ ប៉ុន្តែ​ភាគ​ច្រើន យើង​អត់​សូវ​បាន​ចំណូល​ទេ​ពី​ទេសចរ​ខ្មែរ​យើង បើ​គាត់​មក គាត់​ជិះ​ទូក​មួយ​បួន​ដប់​នាក់​ទៅ​អ៊ីចឹង​ទៅ។ ប៉ុន្តែ​បើ​ភ្ញៀវ​បរទេស​គាត់​មក គាត់​ដេក​ហ្នឹង»

ក្រៅ​ពី​មើល​ព្រៃ​កោងកាង ភ្ញៀវ​ទេសចរ​អាច​មើល​ភូមិ​នេសាទ ដែល​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដោយ​ប្រើ​ឧបករណ៍​នេសាទ​បុរាណ ដូចជា បង់​សំណាញ់ ដាក់​សន្ទូច អូស​ឈឹប ជាដើម។ អ្នក​ទេសចរ​ក៏​អាច​ទិញ​ត្រី ងាវ មឹក បង្គា​ស្រស់ៗ​ទើប​ឡើង​ពី​ទូក​អ្នក​នេសាទ​នៅ​កំពង់ដ ក្បែរ​ច្រាំង​នោះ​បាន​ដែរ។

ទាក់ទង​អំពី​ជីវភាព​របស់​ប្រជា​សហគមន៍​វិញ ក៏​ធូរធារ​គ្រាន់​បើ​ជាង​មុន​ដែរ ដោយ​ពួក​គាត់​អាស្រ័យ​ផល​ពី​ជលផល​សមុទ្រ​ដ៏​សម្បូរ ដែល​សហគមន៍​បាន​ការពារ និង​ថែ​រក្សា​ពី​ការ​បំផ្លាញ​ព្រៃ​កោងកាង និង​នេសាទ​ខុស​ច្បាប់​កន្លង​មក។

ទោះ​យ៉ាង​ណា លោក ស៊ឹម ហ៊ីម ត្អូញត្អែរ​ថា សហគមន៍​នៅ​ប្រឈម​បញ្ហា​ជាច្រើន​ទៀត ជាពិសេស​ការ​ចំណាយ​លើ​ផ្នែក​ថែ​រក្សា​ការពារ​តំបន់​គ្រប់គ្រង​របស់​សហគមន៍ ដែល​លោក​ត្រូវ​លៃលក​ស្វែងរក​ប្រាក់​ចំណូល​បន្ថែម៖ «ប៉ុន្តែ​សម្រាប់ ៣​ពាន់​ដុល្លារ នេះ​អត់​ទប់ទល់​សម្រាប់​ចំណាយ​ទេ ចង់​និយាយ​ថា សម្រាប់​ភ្លើង និង​ទឹក​មួយ​ខែ​អស់ ១០​ម៉ឺន អ៊ីចឹង​សម្រាប់​ចំណូល​យើង​ចំណូល​តែ​ខែ​ប្រាំង​ទេ ហើយ​សម្រាប់​ល្បាត ខ្ញុំ​ចេញ​ល្បាត​មួយ​ខែ​បួន​ដង ហើយ​ខ្ញុំ​កំណត់​ចេញ​ម្ដង​អស់ ១២​ម៉ឺន។ អ៊ីចឹង​ក្នុង​មួយ​ខែ​អស់ ៤៨​ម៉ឺន អ៊ីចឹង​ក្នុង​១​ឆ្នាំ​វា​អស់​ច្រើន​ដែរ។ ហើយ​យើង​លើក​ទូក​ជួសជុល​១​ឆ្នាំ​យើង​លើក ២​ដង ហើយ​ទូក​យើង ២​លើក ៤​ដង លើក​វា​ជួសជុល ក្នុង​ម្ដង​យើង​លើក​អស់ ៨០​ម៉ឺន»

ក្រៅ​ពី​នេះ លោក​ថា សហគមន៍​បាន​រំលែក​ប្រាក់​ចំណូល​ខ្លះ​សម្រាប់​ជួយ​ឧបត្ថម្ភ​ដល់​កុមារ និង​ស្ត្រី​មេម៉ាយ​ទី​ទាល់ក្រ​រស់នៅ​ក្នុង​សហគមន៍​ថែម​ទៀត។

ខេត្ត​កំពត ជា​ខេត្ត​មួយ​មាន​សក្ដានុពល​ធម្មជាតិ ដូចជា​សមុទ្រ ជួរ​ភ្នំ​បូកគោ ជ្រោះ​ទឹកឈូ ព្រែក​ដៃ​សមុទ្រ និង​ព្រៃ​កោងកាង ដែល​ធនធាន​ធម្មជាតិ​ទាំង​នេះ ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​បាន​ច្រើន​បង្គួរ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត លោក សយ ស៊ីណុល ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​បរទេស​ភាគ​ច្រើន​ចូល​ចិត្ត​មក​លេង​តំបន់​រមណីយដ្ឋាន​ធម្មជាតិ ដូចជា​ព្រៃ​កោងកាង ស្រូប​ខ្យល់​បរិសុទ្ធ​នៅ​មាត់​សមុទ្រ ហើយ​ចូល​ចិត្ត​សម្រាក​ផ្ទះ​សំណាក់​ដែល​សង់​ពី​ឈើ និង​ស្បូវ ស្ថិត​ក្នុង​តំបន់​បរិស្ថាន​ល្អ និង​ខ្យល់​បរិសុទ្ធ ខុស​ពី​ភ្ញៀវ​ខ្មែរ​ចូល​ចិត្ត​បន្ទប់​ម៉ាស៊ីន​ត្រជាក់ និង​កន្លែង​ទំនើបៗ។

ទាក់ទង​ទៅ​នឹង​ការ​សង់​បឹង​កាឡូ​របស់​សហគមន៍​ត្រពាំង​សង្កែ​នេះ លោក សយ ស៊ីណុល កោត​សរសើរ​ថា ជា​គម្រោង​ការ​ល្អ ហើយ​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​របស់​ក្រសួង​ទេសចរណ៍ ដែល​កំពុង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ទៀង​ផង៖ «អា​ហ្នឹង​ខ្ញុំ​គិត​ថា គាត់​ធ្វើ​របៀប​អេកូ (eco-) វា​ល្អ ខ្ញុំ​គាំទ្រ​ជាទូទៅ ពីព្រោះ​បើ​យើង​និយាយ​ទស្សនៈ​ពិភពលោក​ទូទៅ គេ​និយាយ​ទស្សនៈ​គ្ហ្រីន (Green = តំបន់​បៃតង) និង​អេកូ អា​ហ្នឹង​វា​ត្រូវ​តែ​ម្ដង។ យើង​បើក​ធនធាន​ដែល​យើង​មាន​នៅ​តំបន់​ហ្នឹង លទ្ធភាព​របស់​ប្រជាពលរដ្ឋ​ហ្នឹង ហើយ​ណា​មួយ​វា​នៅ​ក្បែរ​មាត់​ទឹក​នៅ​ក្នុង​ព្រៃ​អី​ហ្នឹង យើង​ធ្វើ​សំណង់​ថ្ម​អី​រឹងមាំ​ហ្នឹង បរទេស ឬ​ភ្ញៀវ​ទូទៅ​គាត់​មិន​ចូល​ចិត្ត​ទេ»

លោក​បន្ថែម​ថា ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​ភ្ញៀវ​ទេសចរ​មក​លេង​ខេត្ត​កំពត បាន​កើន​ឡើង​យ៉ាង​ខ្លាំង។ ចំណែក​ចំនួន​ភ្ញៀវ​ទេសចរ​មក​លេង​កាល​ពី​ឆ្នាំ​ទៅ មាន​ចំនួន​ប្រហែល ១​លាន​នាក់ គិត​ទាំង​ភ្ញៀវ​ទេសចរ​ជាតិ។

ទាក់ទង​ទៅ​នឹង​បឹង​កាឡូ​របស់​សហគមន៍​ត្រពាំង​សង្កែ​វិញ លោក ហ៊ឹម ស៊ីម ឲ្យ​ដឹង​ថា គ្រាន់​តែ​ចាប់​បើក​ទ្វារ​នៅ​ខែ​នេះ​ភ្លាម មាន​ភ្ញៀវ​សិង្ហបុរី (Singapore) ២០​នាក់ កក់​បន្ទប់​ទុក​ជា​ស្រេច។ ទោះ​យ៉ាង​ណា លោក​ថា បឹង​កាឡូ​របស់​លោក​ក៏​បើក​ទ្វារ​សម្រាប់​ទទួល​ទេសចរ​ខ្មែរ​ដូច​គ្នា​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។