ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​បន្ទោស​អាជ្ញាធរ​ថា​មិន​ពិគ្រោះ​យោបល់​រឿង​ធ្វើ​ប្រឡាយ​ទឹក

ដោយ ជិន ជេដ្ឋា
2014-12-11
Share
ពលរដ្ឋ​កំពង់ឆ្នាំង ចូល​រួម​ទិវា​សិទ្ធិមនុស្ស ៦២០ សកម្មភាព​របស់​ប្រជា​ពលរដ្ឋ និង​បណ្ដាញ​សហគមន៍​ភ្នំ​គុក ចូល​រួម​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៦៦ នៅ​ភូមិ​តាំង​ត្រពាំង ឃុំ​ពេជ្រ​ចង្វា ស្រុក​បរិបូរណ៍ ខេត្ត​កំពង់​ឆ្នាំង ថ្ងៃ​ទី ១០ ធ្នូ ២០១៤។
RFA/Chin Chetha

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ស្ដីបន្ទោស​អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋាភិបាល​ដែល​មិនបាន​ពិគ្រោះ​យោបល់ ជាមួយ​ពលរដ្ឋ​មុននឹង​ចាប់​ផ្ដើម​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​អាចាង។ ចំណែក​​អាជ្ញាធរ​មូលដ្ឋាន បាន​ឆ្លើយ​ថា នេះ​គឺជា​គម្រោង​របស់​រដ្ឋាភិបាល ឬ​ថ្នាក់​ជាតិ​ត្រូវតែ​អនុវត្ត រីឯ​សំណង​ត្រូវ​ទូទាត់​ពី​ផល​ប៉ះពាល់​យ៉ាងណា​នោះ អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​មិនបាន​ដឹង​ឡើយ។

ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ដីធ្លី និង​ផ្ទះសម្បែង​ពី​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ស្រុក​បរិបូរណ៍ បាន​យក​ឱកាស នៃ​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៦៦ នៅ​ភូមិ​តាំងត្រពាំង នៃ​ឃុំ​ពេជ្រចង្វា នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ធ្នូ ធ្វើជា​វេទិកា​បង្ហាញ​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន និង​សួររក​អ្នកធានា​ការខាតបង់​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ ដោយសារ​គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​ទឹក​នេះ។

តំណាង​ពលរដ្ឋ​ម្នាក់​មកពី​ឃុំ​ចក​លោក យ៉ា សំអុច មាន​ប្រសាសន៍​ថា រូប​លោក និង​ពលរដ្ឋ​ផ្សេងទៀត​នឹង​ប្រឆាំង​រាល់​ការអភិវឌ្ឍន៍​ប៉ះពាល់ ឬ​មិន​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​ជាមុន។ លោក​បន្ត​ថា ការវាស់វែង និង​បោះ​បង្គោល​កំណត់​ព្រំ​ធ្វើ​ប្រឡាយ​ទឹក​នេះ បាន​ប៉ះពាល់​ដល់​ដីស្រែ​ចម្ការ និង​ផ្ទះ​ពលរដ្ឋ​ជាច្រើន​ឃុំ ប៉ុន្តែ​មកដល់ពេលនេះ​មិនទាន់​ដឹង​ពី​ការ​ទូទាត់​សំណង​នៅឡើយ៖ «ឥឡូវ​គម្រោង​ធារាសាស្ត្រ​អាចាង តើន​ណា​ហ៊ាន​ធានា​ថា​បម្រើ​សេចក្ដី​ត្រូវ​ការ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ។ តើ​ឯកឧត្ដម ឬ​អស់លោក​ណា​ហ៊ាន​ធានា​ថា នឹង​ដោះស្រាយ​ជូន​កសិករ​ឲ្យ​មាន​សន្តិភាព​ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត។ ព្រោះ​ខ្ញុំ​ឃើញ​ថា ក្នុង​រឿង​នេះ​រដ្ឋាភិបាល​ខ្ចី​លុយ​ចិន​យូរយារ​ណាស់​មក​ហើយ ហេតុអ្វី​មិន​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​រឿង»

ចំណែក​អភិបាលស្រុក​បរិបូរណ៍ និង​ជំទប់​ទី​១​ឃុំ​ពេជ្រ​ចង្វា​បញ្ជាក់​ស្រដៀង​គ្នា​ថា បច្ចុប្បន្ន​ពលរដ្ឋ​ប្រហែល​៥០​ភាគរយ​ហើយ បាន​ដឹង​ពី​គម្រោង​អភិវឌ្ឍន៍​នេះ ខណៈ​ក្រុមការងារ​អន្តរក្រសួង​ចុះ​ស្រង់​ផល​ប៉ះពាល់​រួចរាល់​នៅ​ឃុំ​ពេជ្រ​ចង្វា និង​ឃុំ​អញ្ចាញ​រូង ហើយ​កំពុង​ធ្វើ​ការងារ​បន្ត​នៅ​ឃុំ​ពពេល។ ការ​អនុវត្ត​ការងារ​ជាក់ស្ដែង នៅ​ឃុំ​ពេជ្រ​ចង្វា​មាន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ចំនួន​១២២​គ្រួសារ ប៉ុន្តែ​ពលរដ្ឋ​ទាំង​នោះ​បាន​ឆ្លើយ ឬ​ផ្ដិតមេដៃ​ទទួលស្គាល់​ផល​ប៉ះពាល់​លើ​ទ្រព្យ​របស់​ខ្លួន ជូន​ក្រុមការងារ​អន្តរក្រសួង​តែមួយ​គ្រួសារ​ប៉ុណ្ណោះ ដោយសារតែ​ពួកគាត់​មិន​ដឹង​ច្បាស់​ពី​គម្រោង ហើយ​ខ្លាច​បាត់បង់​ដី។

អភិបាលស្រុក​បរិបូរណ៍​លោក ឃួន សៅរុំ ថ្លែង​ថា គម្រោង​អភិវឌ្ឍន៍​ជាក់លាក់​យ៉ាងណា​នោះ​លោក​មិន​ដឹង​ច្បាស់​នៅឡើយ រង់ចាំ​ក្រុមការងារ​ចំនួន​ពីរ​ក្រុម​របស់​អន្តរក្រសួង ចុះ​វាយតម្លៃ​ផល​ប៉ះពាល់​ចប់​សព្វ​គ្រប់​សិន ប៉ុន្តែ​លោក​ចង់​ឲ្យ​រដ្ឋាភិបាល ឬ​អន្តរក្រសួង​ដែល​ជា​អ្នក​អនុវត្ត​គម្រោង​ត្រូវ​ទូទាត់​សំណង​ជាមុន ឬ​ទូទាត់​ភ្លាមៗ​នៅ​ពេល​អនុវត្ត​គម្រោង​ប៉ះ ដោយ​មិន​ចាំបាច់​ដល់​គម្រោង​ចប់​នោះ​ឡើយ។

ឆ្លើយតប​បញ្ហា​នេះ​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង និង​ជា​អ្នក​ទទួល​បន្ទុក​ការងារ​នេះ​លោក ចេង ញ៉ាន់ ថ្លែង​ថា អាជ្ញាធរ ឬ​អន្តរក្រសួង​មានការ​ប្រយ័ត្នប្រយែង​បំផុត ចំពោះ​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ ប៉ុន្តែ​គេ​មិន​អាច​ឆ្លើយ​ថា​ត្រូវ​ទូទាត់​របៀប​ណា ក្នុង​តម្លៃ​ប៉ុន្មាន​ចំពោះ​ផល​ប៉ះពាល់​នោះ​ទេ ពីព្រោះ​សកម្ម​ភាព​ចុះ​សិក្សា​ពី​ផល​ប៉ះពាល់​កំពុង​ដំណើរការ។ ប្រជាពលរដ្ឋ​មាន​កង្វល់​ហួសហេតុ ខណៈ​អាជ្ញាធរ​ខិតខំ​គិតគូរ​លើ​បញ្ហា​នេះ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ពួកគាត់។ លោក​បញ្ជាក់​ថា រាល់​គម្រោង​មុននឹង​អនុវត្ត​មានការ​ពិភាក្សា ផ្សព្វផ្សាយ និង​ទូទាត់​សំណង​ផល​ប៉ះ​ពាល​ជូន​ពលរដ្ឋ​ជាមុន។

យោង​តាម​ឯកសារ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​កាលពី​ពាក់កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ បង្ហាញ​ថា គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​ស្ទឹង​អាចាង នៅ​ស្រុក​បរិបូរណ៍ មាន​ប្រឡាយ​មេ​មួយ​ខ្សែ​ប្រវែង​ជិត ២០​គីឡូម៉ែត្រ (១៩.៥០០​ម៉ែត្រ​) និង​ប្រឡាយ​រង​ចំនួន ១០​ខ្សែ ហើយ​អាច​ស្រោចស្រព​ផ្ទៃដី​កសិកម្ម​ជាង ១​ម៉ឺន​ហិកតារ (១០.៣០០​ហិកតារ) នៅ​ឃុំ​ចំនួន​១០ ក្នុងស្រុក​បរិបូរណ៍ និង​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។ ប្រភព​ខ្លះ​ទៀត​បញ្ជាក់​ថា ប្រឡាយ​មេ​នេះ​មាន​ទំហំ​ទទឹង ២៥​ម៉ែត្រ និង​ជម្រៅ​ប្រហែល ៥​ម៉ែត្រ ស្ថាបនា​ដោយ​ក្រុមហ៊ុន ស៊ីណូហាយដ្រូ (Cinohydro) ក្រោម​ជំនួយ​ទឹកប្រាក់​របស់​ចិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល