សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនអតីតប្រធានក្រុមហ៊ុន CIC លោក គុយ វ៉ាត ពីបទមិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលជួញដូរបាន ឬចេញសែកអត់សាច់ប្រាក់ ក្រោយមានការប្ដឹងផ្ដល់ ថា លោកបានលួចប្រាក់រាប់សិបលានដុល្លារនៅក្នុងក្រុមហ៊ុន។ អ្នកឃ្លាំមើល លើកឡើងថា ការចាត់វិធានការ របស់តុលាការ ទៅលើអតីតប្រធានក្រុមហ៊ុន CIC លោក គុយ វ៉ាត ហាក់មានការរៀបចំទៅតាមបរិបទនយោបាយរបស់មេដឹកនាំបក្សកាន់អំណាច។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក ឆាយ ហុង បានប្រាប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី២៨ ខែសីហា ថា អតីតប្រធានក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ឬក្រុមហ៊ុន ស៊ី.អាយ.ស៊ី (Cambodian Investors Capital Partners Plc) លោក គុយ វ៉ាត ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមបទចោទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
កាលពីថ្ងៃទី២៦ ខែសីហា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនខ្លួនលោក គុយ វ៉ាត ថៅកែហាង Park Coffee និងជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត ទៅកាន់តុលាការ បន្ទាប់ពីថៅកែហាងកាហ្វេរូបនេះ បានទទួលរងការចោទប្រកាន់ពីជនរងគ្រោះថា បានលួចបង្វិលប្រាក់វិនិយោគពីក្រុមហ៊ុន ចំនួនរាប់លានដុល្លារ។ ក្រោយមក សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា បានសម្រេចចោទប្រកាន់ អតីតប្រធានក្រុមហ៊ុន CIC លោក គុយ វ៉ាត ពីបទចេញសែកស្អុយ ឬសែកអត់ប្រាក់
លោក គុយ វ៉ាត ជាម្ចាស់ហាងកាហ្វេ យីហោ ផាក កាហ្វេ និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន ស៊ី.អាយ.ស៊ី ដែលរងការចោទប្រកាន់ពីសមាជិកក្នុងក្រុមហ៊ុនថាលោកបានលួចផ្ទេរប្រាក់របស់ក្រុមហ៊ុន ដែលត្រូវបានគេប៉ាន់ស្មានថាប្រហែល១០០លានដុល្លារទៅក្នុងគណនីផ្ទាល់ខ្លួនរបស់លោក។ ប្រាក់ទាំងនោះគឺបានមកដោយការប្រមូលពីសមាជិក ប៉ុន្តែក្រោយមកពួកគេមិនបានទទួលការប្រាក់ និងមិនអាចដកប្រាក់ដើមបាន តាំងពីខែសីហា ឆ្នាំ២០២៣។
ទាក់ទិនរឿងនេះ សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ស៊ី.អាយ.ស៊ី លោក សោម សម្បត្តិ ប្រាប់វិទ្យុអាស៊ីសេរី ថា លោកមិនដឹងរឿងអ្វីទាំងអស់ ពាក់ព័ន្ធនឹងការចាប់ខ្លួនលោក គុយ វ៉ាត និងការផ្ទេរប្រាក់រាប់រយលានដុល្លារ ចេញពីក្រុមហ៊ុនដោយស្ងាត់ៗ នោះឡើយ។
លោក សម សម្បត្តិ៖«ដូចខ្ញុំជម្រាបអ៊ីចឹង ថាខ្ញុំអត់ដឹង គឺមិនដឹងឱ្យខ្ញុំនិយាយថាម៉េច ទាល់តែខ្ញុំទៅដឹងរឿងពិតហ្នឹងសិន ទើបខ្ញុំអាចឆ្លើយបាន ប្អូនសួរខ្ញុំចំអ៊ីចឹង មិនដឹងឱ្យខ្ញុំឆ្លើយយ៉ាងម៉េច»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក ឆាយ ហុង និងសមាជិកក្រុមប្រឹក្សាភិបាល CIC លោក ឃឹម សុខហេង ដើម្បីសុំការបកស្រាយបន្ថែមបានទេ នៅថ្ងៃទី២៨ ខែសីហា។
ក្នុងចំណោមជនរងគ្រោះទាំងអស់ ក៏មានលោកវេជ្ជបណ្ឌិត គួច ម៉េងលី ម្នាក់ផងដែរ ដែលលោកបានប្រកាសជាសាធារណៈថា លោកបាត់បង់ប្រាក់ជាមួយក្រុមហ៊ុននេះចំនួន ៣០ម៉ឺនដុល្លារ។
ជុំវិញរឿងនេះ អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ យល់ឃើញថា ទោះបីអតីតប្រធានក្រុមហ៊ុន CIC លោក គុយ វ៉ាត ត្រូវតុលាការចោទប្រកាន់ហើយក៏ដោយ ក៏ប៉ុន្តែសំណុំរឿងនេះ នៅមិនទាន់មានតម្លាភាពនោះទេ ព្រោះបើផ្អែកលើការអះអាងរបស់ជនរងគ្រោះ គឺលោក យ៉ង ប៉ាក់ នៅមុនជាប់ពន្ធនាគារ ការបង្វិលសាច់ប្រាក់នៅក្នុងក្រុមហ៊ុន CIC មានជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងក្រុមមនុស្សមានឥទ្ធិពលជាច្រើននាក់ទៀត។
លោក គឹម សុខ៖ « ការចាប់លោក គុយ វ៉ាត នេះ ក្នុងពេលដែលកម្ពុជា កំពុងមានភាពចម្រូងចម្រាស ឱ្យដកកម្ពុជា ចេញពីតំបន់អភិវឌ្ឍត្រីកោណ CLV របស់វៀតណាម។ ចាប់លោក គុយ វ៉ាត តែម្នាក់ នៅពេលដែលក្រុមហ៊ុនហ្នឹង គ្រប់គ្រង និងទទួលខុសត្រូវដោយមនុស្សមួយក្រុម ហើយមនុស្សមួយក្រុមនោះ មានព័ត៌មានថាជាប់ពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាល ហើយរឿងដែលកាន់តែចម្លែកមែនទែន ចាប់លោក គុយ វ៉ាត ហើយ គេផ្សព្វផ្សាយព័ត៌មានហ្នឹងមែនទែន។ ផ្សព្វផ្សាយព័ត៌មានហ្នឹងឱ្យឮ ដើម្បីលុបស្ថានការណ៍ផ្សេងៗទៀត » ។
កាលពីថ្ងៃទី១៥ ខែមករា លោក យ៉ង ប៉ាក់ ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ជីវ័ន្ត ប៉ែន(Chivann Pen) ដែលអះអាងថាជាជនរងគ្រោះ ក្នុងគម្រោងវិនិយោគរបស់ក្រុមហ៊ុន CIC បានសរសេរនៅលើហ្វេសប៊ុកថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ព្រាប កុល មានជាប់ពាក់ព័ន្ធ និងជាមេគំនិត ក្នុងប្រតិបត្តិការ យកលុយចេញពីក្រុមហ៊ុន CIC ប្រមាណ ៨០លានដុល្លារ ក្នុងចំនួនទឹកប្រាក់សរុបប្រមាណ ១៣០លានដុល្លា។
ក៏ប៉ុន្តែ លោក ព្រាប កុល បានចេញមុខបដិសេធការចោទប្រកាន់នេះ និងឱ្យម្ចាស់ហ្វេសប៊ុក ជីវ័ន្ត ប៉ែន សុំទោសជាសាធារណៈ។ ទោះជាយ៉ាងណា ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានអះអាងថា ខ្លួនមានភស្តុតាងគ្រប់គ្រាន់ ដែលបញ្ជាក់ពីការបង្វែរលុយជាង ៨០លានដុល្លារ ដោយលោក ព្រាប កុល ហើយលោក យ៉ង ប៉ាក់ ក៏ត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគាររហូតដល់បច្ចុប្បន្ន ក្រោមបណ្ដឹងបរិហារកេរ្តិ៍របស់លោក ព្រាប កុល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
