តុលាការ​សម្រេច​ឃុំខ្លួន​អតីត​ប្រធាន​ក្រុមហ៊ុន CIC លោក គុយ វ៉ាត ពី​បទ​ចេញ​សែក​អត់​សាច់ប្រាក់

0:00 / 0:00

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​អតីត​ប្រធាន​ក្រុមហ៊ុន CIC លោក គុយ វ៉ាត ពីបទ​មិន​បាន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​ជួញដូរ​បាន ឬ​ចេញ​សែក​អត់​សាច់ប្រាក់ ក្រោយ​មាន​ការ​ប្ដឹង​ផ្ដល់ ថា លោក​បាន​លួច​ប្រាក់​រាប់​សិប​លាន​ដុល្លារ​នៅ​ក្នុង​ក្រុមហ៊ុន។ អ្នកឃ្លាំមើល លើកឡើង​ថា ការ​ចាត់​វិធានការ របស់​តុលាការ ទៅ​លើ​អតីត​ប្រធាន​ក្រុមហ៊ុន CIC លោក គុយ វ៉ាត ហាក់​មាន​ការ​រៀបចំ​ទៅតាម​បរិបទ​នយោបាយ​របស់​មេដឹកនាំ​បក្ស​កាន់អំណាច។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឆាយ ហុង បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក នៅ​ថ្ងៃទី២៨ ខែ​សីហា ថា អតីត​ប្រធាន​ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ឬ​ក្រុមហ៊ុន ស៊ី.អាយ.ស៊ី (Cambodian Investors Capital Partners Plc) លោក គុយ វ៉ាត ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ក្រោម​បទ​ចោទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន។

កាលពី​ថ្ងៃទី២៦ ខែ​សីហា កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជូន​ខ្លួន​លោក គុយ វ៉ាត ថៅកែ​ហាង Park Coffee និង​ជា​ម្ចាស់​ក្រុមហ៊ុន​ជាច្រើន​ទៀត ទៅកាន់​តុលាការ បន្ទាប់ពី​ថៅកែ​ហាង​កាហ្វេ​រូប​នេះ បាន​ទទួល​រង​ការ​ចោទប្រកាន់​ពី​ជនរងគ្រោះ​ថា បាន​លួច​បង្វិល​ប្រាក់​វិនិយោគ​ពី​ក្រុមហ៊ុន ចំនួន​រាប់​លាន​ដុល្លារ។ ក្រោយមក សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៧ ខែ​សីហា បាន​សម្រេច​ចោទប្រកាន់ អតីត​ប្រធាន​ក្រុមហ៊ុន CIC លោក គុយ វ៉ាត ពី​បទ​ចេញ​សែក​ស្អុយ ឬ​សែក​អត់​ប្រាក់

លោក គុយ វ៉ាត ជា​ម្ចាស់​ហាង​កាហ្វេ យីហោ ផាក កាហ្វេ និង​ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ស៊ី.អាយ.ស៊ី ដែល​រង​ការ​ចោទប្រកាន់​ពី​សមាជិក​ក្នុង​ក្រុមហ៊ុន​ថា​លោក​បាន​លួច​ផ្ទេរ​ប្រាក់​របស់​ក្រុមហ៊ុន ដែល​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​ប្រហែល​១០០​លាន​ដុល្លារ​ទៅ​ក្នុង​គណនី​ផ្ទាល់ខ្លួន​របស់​លោក។ ប្រាក់​ទាំងនោះ​គឺ​បាន​មក​ដោយ​ការ​ប្រមូល​ពី​សមាជិក ប៉ុន្តែ​ក្រោយមក​ពួកគេ​មិន​បាន​ទទួល​ការប្រាក់ និង​មិន​អាច​ដក​ប្រាក់​ដើម​បាន តាំង​ពី​ខែ​សីហា ឆ្នាំ២០២៣។

ទាក់ទិន​រឿង​នេះ សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ស៊ី.អាយ.ស៊ី លោក សោម សម្បត្តិ ប្រាប់​វិទ្យុ​អាស៊ី​សេរី ថា លោក​មិន​ដឹង​រឿង​អ្វី​ទាំង​អស់ ពាក់ព័ន្ធ​នឹង​ការ​ចាប់ខ្លួន​លោក គុយ វ៉ាត និង​ការ​ផ្ទេរ​ប្រាក់​រាប់​រយ​លាន​ដុល្លារ ចេញពី​ក្រុមហ៊ុន​ដោយ​ស្ងាត់ៗ នោះ​ឡើយ។

លោក សម សម្បត្តិ៖«ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង ថា​ខ្ញុំ​អត់​ដឹង គឺ​មិន​ដឹង​ឱ្យ​ខ្ញុំ​និយាយ​ថា​ម៉េច ទាល់តែ​ខ្ញុំ​ទៅ​ដឹង​រឿង​ពិត​ហ្នឹង​សិន ទើប​ខ្ញុំ​អាច​ឆ្លើយ​បាន ប្អូន​សួរ​ខ្ញុំ​ចំ​អ៊ីចឹង មិន​ដឹង​ឱ្យ​ខ្ញុំ​ឆ្លើយ​យ៉ាងម៉េច»។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឆាយ ហុង និង​សមាជិក​ក្រុមប្រឹក្សាភិបាល CIC លោក ឃឹម សុខហេង ដើម្បី​សុំ​ការ​បកស្រាយ​បន្ថែម​បាន​ទេ នៅ​ថ្ងៃទី២៨ ខែ​សីហា។

ក្នុងចំណោម​ជនរងគ្រោះ​ទាំងអស់ ក៏​មាន​លោក​វេជ្ជបណ្ឌិត គួច ម៉េងលី ម្នាក់​ផង​ដែរ ដែល​លោក​បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​បាត់បង់​ប្រាក់​ជាមួយ​ក្រុមហ៊ុន​នេះ​ចំនួន ៣០ម៉ឺនដុល្លារ។

ជុំវិញ​រឿង​នេះ អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ យល់ឃើញ​ថា ទោះបី​អតីត​ប្រធាន​ក្រុមហ៊ុន CIC លោក គុយ វ៉ាត ត្រូវ​តុលាការ​ចោទប្រកាន់​ហើយ​ក៏ដោយ ក៏ប៉ុន្តែ​សំណុំរឿង​នេះ នៅ​មិនទាន់​មាន​តម្លាភាព​នោះ​ទេ ព្រោះ​បើ​ផ្អែក​លើ​ការ​អះអាង​របស់​ជនរងគ្រោះ គឺ​លោក យ៉ង ប៉ាក់ នៅ​មុន​ជាប់​ពន្ធនាគារ ការ​បង្វិល​សាច់ប្រាក់​នៅ​ក្នុង​ក្រុមហ៊ុន CIC មាន​ជាប់ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល និង​ក្រុម​មនុស្ស​មាន​ឥទ្ធិពល​ជាច្រើន​នាក់​ទៀត។

លោក គឹម សុខ៖ « ការ​ចាប់​លោក គុយ វ៉ាត នេះ ក្នុង​ពេល​ដែល​កម្ពុជា កំពុង​មាន​ភាព​ចម្រូងចម្រាស ឱ្យ​ដក​កម្ពុជា ចេញពី​តំបន់​អភិវឌ្ឍ​ត្រីកោណ CLV របស់​វៀតណាម។ ចាប់​លោក គុយ វ៉ាត តែម្នាក់ នៅ​ពេល​ដែល​ក្រុមហ៊ុន​ហ្នឹង គ្រប់គ្រង និង​ទទួលខុសត្រូវ​ដោយ​មនុស្ស​មួយ​ក្រុម ហើយ​មនុស្ស​មួយ​ក្រុម​នោះ មាន​ព័ត៌មាន​ថា​ជាប់ពាក់ព័ន្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល ហើយ​រឿង​ដែល​កាន់តែ​ចម្លែក​មែនទែន ចាប់​លោក គុយ វ៉ាត ហើយ គេ​ផ្សព្វផ្សាយ​ព័ត៌មាន​ហ្នឹង​មែនទែន។ ផ្សព្វផ្សាយ​ព័ត៌មាន​ហ្នឹង​ឱ្យ​ឮ ដើម្បី​លុប​ស្ថានការណ៍​ផ្សេងៗ​ទៀត »

កាលពី​ថ្ងៃទី១៥ ខែ​មករា លោក យ៉ង ប៉ាក់ ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ជីវ័ន្ត ប៉ែន(Chivann Pen) ដែល​អះអាង​ថា​ជា​ជនរងគ្រោះ ក្នុង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន CIC បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ថា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក ព្រាប កុល មាន​ជាប់ពាក់ព័ន្ធ និង​ជា​មេ​គំនិត ក្នុង​ប្រតិបត្តិការ យក​លុយ​ចេញពី​ក្រុមហ៊ុន CIC ប្រមាណ ៨០លានដុល្លារ ក្នុង​ចំនួន​ទឹកប្រាក់​សរុប​ប្រមាណ ១៣០លានដុល្លា។

ក៏ប៉ុន្តែ លោក ព្រាប កុល បាន​ចេញមុខ​បដិសេធ​ការ​ចោទប្រកាន់​នេះ និង​ឱ្យ​ម្ចាស់​ហ្វេសប៊ុក ជីវ័ន្ត ប៉ែន សុំទោស​ជា​សាធារណៈ។ ទោះជា​យ៉ាងណា ម្ចាស់​គណនី​ហ្វេសប៊ុក​រូប​នេះ បាន​អះអាង​ថា ខ្លួន​មាន​ភស្តុតាង​គ្រប់គ្រាន់ ដែល​បញ្ជាក់​ពី​ការ​បង្វែរ​លុយ​ជាង ៨០លាន​ដុល្លារ ដោយ​លោក ព្រាប កុល ហើយ​លោក យ៉ង ប៉ាក់ ក៏​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​រហូត​ដល់​បច្ចុប្បន្ន ក្រោម​បណ្ដឹង​បរិហារកេរ្តិ៍​របស់​លោក ព្រាប កុល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។