មន្ត្រីអង្គការសង្គមស៊ីវិលធ្វើការងារផ្នែកការពារសិទ្ធិមនុស្សនៅខេត្តកំពង់ចាមទទូចឱ្យសមត្ថកិច្ចស្វែងរកចាប់ឃាតកសម្លាប់មនុស្សកាត់ក្បាល២នាក់ នៅស្រុកព្រៃឈរកាលពីយប់ថ្ងៃទី២ មេសា យកមកផ្ដន្ទាទោសឲ្យបានឆាប់។ សង្គមស៊ីវិលព្រួយបារម្ភថា ការអូសបន្លាយពេលយូរនឹងធ្វើឱ្យជនល្មើសមានឱកាសរត់គេចខ្លួនបាត់ ដែលជាកាបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។ អធិការនគរបាលអះអាងថា សមត្ថកិច្ចកំពុងមមាញឹកធ្វើការងារនេះនៅឡើយ។
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ឃាតកម្មនេះជាអំពើឃោរឃៅបំផុតមិនធ្លាប់ជួបប្រទះនៅក្នុងខេត្តកំពង់ចាម ហើយរឿងនេះបានប៉ះពាល់យ៉ាងខ្លាំងដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ។
កាសែតក្នុងចុះផ្សាយនៅថ្ងៃ៣ មេសាឱ្យដឹងថា សាកសពមនុស្ស២នាក់ គឺឈ្មោះ ពូ អូន ភេទស្រីអាយុ៦៥ឆ្នាំ និងក្មេងស្រី ឈ្មោះ ខេង សាវឿន អាយុ៦ឆ្នាំ ត្រូវបានឃាតកកាត់ក្បាលសម្លាប់ទាំង២នាក់ ដោយបន្សល់ទុកដងខ្លួននៅក្រោយផ្ទះជនរងគ្រោះចម្ងាយប្រហែល៣៥០ម៉ែត្រ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីយប់ថ្ងៃទី២ មេសា។
មន្ត្រីស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តកំពង់ចាម លោក ស៊ាង ហាន លើកឡើងថា សមត្ថកិច្ចត្រូវចាត់វិធានការលើរឿងនេះឱ្យបានឆាប់ ដើម្បីនាំខ្លួនជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ ពីព្រោះប្រសិនបើបន្លាយពេលយូរអាចធ្វើឱ្យជនល្មើសមានឱកាសរត់គេចខ្លួនបាត់ ហើយអាចទៅបង្កគ្រោះថ្នាក់ដល់ពលរដ្ឋដទៃទៀត។ លោកថា ប្រជាពលរដ្ឋនៅខេត្តកំពង់ចាមមានការតក់ស្លុត ហើយភ័យខ្លាចអំពីសុវត្ថិភាពរបស់ខ្លួន ជាពិសេស សាច់ញាតិជនរងគ្រោះនិងពលរដ្ឋរស់នៅតំបន់កើតហេតុ ពីព្រោះខ្លាចឃាតកមិនអស់ចិត្ត ហើយទៅសម្លាប់ពួកគាត់បន្តទៀត៖ «ឱ្យតែមានឆន្ទៈខ្ញុំជឿថា មុខតែរកឃើញ ព្រោះដើមចមនេះ វាមិនមែននៅសុខៗ ទៅធ្វើបាបគ្នាទេ គឺអាចមានគំនុំ ឬអ្វីផ្សេង វាតែងកើតមានហើយ បានវាមានរឿងកើតឡើង។ អ៊ីចឹងជាការលើកទឹកចិត្ត ហើយក៏សំណូមពរដែរ សុំឱ្យអាជ្ញាធរបន្ថែមល្បឿននៃការស៊ើបអង្កេតឱ្យបានឆាប់រហ័សទៅ ដើម្បីឱ្យជនរងគ្រោះ ឬសាច់ញាតិជនរងគ្រោះអស់ចិត្ត ហើយទទួលបានយុត្តិធម៌មកវិញ»។
ទាក់ទងនឹងបញ្ហានេះអធិការនគរបាលស្រុកព្រៃឈរ លោក កែវ ស៊ាងហ៊ន់ មានប្រសាសន៍ប្រាប់អាស៊ីសេរីថា នគរបាលរដ្ឋបាលប៉ុស្តិ៍ថ្មពូនបានឃើញសាកសពអ្នកទាំង២ បន្ទាប់ពីប្រជាពលរដ្ឋផ្ដល់ដំណឹងកាលពីរសៀលថ្ងៃទី៣ មេសា។ លោកបន្តថា ក្រោយពីទទួលដំណឹងភ្លាមសមត្ថកិច្ចក៏ចាប់ផ្ដើមដល់កន្លែងកើតហេតុ ចុះស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាឃាតក ដើម្បីចាប់យកទៅផ្ដន្ទាទោសតាមច្បាប់ ដោយមិនព្រងើយកន្តើយនោះទេ។ លោកថា គិតត្រឹមថ្ងៃទី៤មេសាសមត្ថកិច្ចទទួលបានតម្រុយខ្លះៗហើយ ប៉ុន្តែប៉ូលិសក៏កំពុងបន្តការងាររបស់ខ្លួនមិនឈប់នៅឡើយដែរ៖ «ខ្ញុំកំពង់ចាត់ចែងនីតិវិធីជាមួយជំនាញមិនទាន់ច្បាស់ ហើយក៏មិនហ៊ានអារកាត់របៀបម៉េចដែរ។ បាទ ! ពេលដែលឃើញ គឺក្រុមគ្រួសារកូនគាត់ ហើយប៉ូលិសប៉ុស្តិ៍ដែលគេទៅឃើញមុនបាទ ប៉ុន្តែខ្ញុំមិនទាន់អាចនិយាយលំអិតបានទេនៅពេលនេះ ព្រោះចាំមើលខ្ញុំមើលកិច្ចការមួយចំនួនទៀតសិន»។
ទោះជាយ៉ាងណាសមត្ថកិច្ច មិនទាន់ដឹងថា ជនល្មើសមានរឿងអីជាមួយគ្រួសារជនរងគ្រោះនោះទេ បានជាហ៊ានសម្លាប់មនុស្សដោយកាត់ក្បាលអ្នកទាំង ២បែបនេះ។ សាកសពជនរងគ្រោះត្រូវបានសាច់ញាតិយកធ្វើបុណ្យតាមព្រះពុទ្ធសាសនានៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
មន្ត្រីអាដហុកលោក ស៊ាង ហាន លើកឡើងថា ឃាតកម្មនេះបានកើតឡើង ២ថ្ងៃហើយ សមត្ថកិច្ចមិនទាន់ចាប់ជនល្មើសបានបែបនេះ គឺជាក្ដីកង្វល់របស់ពលរដ្ឋ ព្រោះអ្នកស្រុកនៅតែជឿជាក់ថា ជនល្មើសមិនទាន់រត់ទៅណាឆ្ងាយពីខេត្តកំពង់ចាមនៅឡើយទេ។
ក្រមព្រហ្មទណ្ឌមាត្រា២០៥ ចែងថា បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ ឃោរឃៅដែលកើតឡើងក្នុងពេល ឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម អំពើឃោរឃៅ ឬអំពើសេពសន្ថវៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
