ដំណាំ​ស្រូវ​ពលរដ្ឋ​ខេត្ត​កំពង់ចាម​រាប់រយ​ហិកតារ​ប្រឈម​ការ​ខូចខាត​ធ្ងន់ធ្ងរ ព្រោះ​ខ្វះ​ទឹក​ស្រោច​ស្រព

0:00 / 0:00

កសិកររស់នៅស្រុកព្រៃឈរ ខេត្ត​កំពង់ចាម​កំពុង​ព្រួយបារម្ភ​ថាដំណាំ​ស្រូវ​របស់​ពួក​គេ​រាប់​សិប​ហិកតារ​នឹង​ប្រឈម​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​បើសិន​គ្មាន​ទឹក​ស្រោចស្រព​គ្រប់គ្រាន់។ ពលរដ្ឋ​លើក​ឡើង​ថាតំបន់​របស់​ពួក​គេ​រស់​នៅ​មាន​ប្រភព​ទឹក​ដើម្បី​ជួយ​សង្គ្រោះ​ដំណាំស្រូវ​ដែរ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​មិន​បង្ហូរ​ទឹក​មក​ជួយ​ស្រោច​ស្រព​ឲ្យ​ទាន់​ពេល​វេលា​ទេ។ បញ្ហា នេះ​បាន​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​ប្រឈម​ការ​ខូច​ខាត។

កសិករលើក​ឡើង​ថាដោយសារ​ការ​យឺតយូ​របស់​អាជ្ញាធរ​ថ្នាក់​ក្រោមបណ្តាល​ឲ្យ​ដំណាំ​ស្រូវ​របស់​ពួក​គាត់រង​ការ​ខូច​ខាត​ព្រោះ​គ្មាន​ទឹក​ជួយ​សង្គ្រោះ​ទាន់​ពេល។

កសិករ​ស្នើសុំ​ទៅ​អាជ្ញធរ​មូលដ្ឋាន​មាន​សេចក្តី​សម្រេច ក្នុង​ការ​បញ្ចូល​ទឹកដើម្បី​ជួយ​ពលរដ្ឋ​ឲ្យ​ដោយ​មិន​ចាំបាច់​ត្រូវ​តែ​ឆ្លង​យោបល់​ពី​ថ្នាក់​លើ​គ្រប់​រឿង​ពេក​នោះ​ទេ។

ពលរដ្ឋរស់នៅស្រុក​ព្រៃ​ឈរខេត្ត​កំពង់ចាម​ម្នាក់ លោក ម៉ា ចិត្រា ឲ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី១៥ខែ​វិច្ឆិកា​ថា លោក និង​ពលរដ្ឋ​ផ្សេង​ទៀត កំពុង​ព្រួយ​បារម្ភ​ពី​បញ្ហា​កង្វះ​ទឹក​នៅ​ទីនេះ។ លោក​បន្ត​ថា អាជ្ញាធ​រមូលដ្ឋាន​មាន​លទ្ធភាព​ជួយ​សង្គ្រោះ​ស្រូវ​របស់​ពលរដ្ឋ​ទាន់​ពេលប៉ុន្តែ​ពួក​គាត់មិន​បាន​អើពើ​ជួយ​សង្គ្រោះ​ឡើយ៖ «»

ចំណែកពលរដ្ឋម្នាក់ទៀត​រស់នៅ​ស្រុក​ព្រៃ​ឈរខេត្ត​កំពង់ចាម​​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ឲ្យ​ដឹង​ថាប៉ុន្មាន​ថ្ងៃ​នេះ អាកាសធាតុ​ប្រែប្រួល និង​គ្មាន​ទឹកប្រើប្រាស់​គ្រប់​គ្រាន់ ជា​ហេតុ​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​របស់​លោក និង​ពល​រដ្ឋ​​ផ្សេង​ទៀត រាប់​រយ​ហិកតារ​ត្រូវ​ស្កក​ខូច។ លោក​ថា នៅ​ពេល​នេះ​ក្រុម​ពលរដ្ឋ​បាន​បូម​ទឹក​ពី​អណ្តូង​​យក​ទៅ​ស្រោចស្រព​ដំណាំ​ស្រូវ​របស់​ពួក​គេ ប៉ុន្តែ​មិន​អាច​ជួយ​បាន​គ្រប់​គ្រាន់​ឡើយ។ លោក​ស្នើសុំ​ទៅ​អាជ្ញា​ធរ​ជួយ​បូប​មទឹក ឬ​បង្ហូរ​ទឹក​ពី​ប្រភព​ទឹក​ដែល​មាន​ឈ្មោះ​ថា ”ទឹកឆា”។ ពលរដ្ឋ​ដដែល​អះ​អាង​ថា ទឹក​ឆា​ជា​ប្រភព​ទឹក​មួយ​ដែល​អាច​ជួយ​សង្គ្រោះ​ស្រូវ​របស់​ពលរដ្ឋ​បាន៖ «»។

អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពី​អភិបាល​ខេត្ត​កំពង់ចាម លោក គួច ចំរើន បាន​ទេចំពោះ​ការ​លើក​ឡើង​ពី​កង្វល់​របស់​ពលរដ្ឋ​ក្នុង​ការ​ខ្វះ​ទឹក​ផ្គត់ផ្គង់​ដំណាំ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៥ខែ​វិច្ឆិកា។

ក្រៅពីពលរដ្ឋខេត្ត​កំពង់​ចាម​ជួប​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវអ្នក​ជំនាញ​ផ្នែក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ព្រមាន​ថា ​ដំណាំ​ស្រូវ​ជាង ១០ខេត្ត នឹង​ប្រឈម​ការ​ខូចខាត​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​ក្នុង​រយៈ​ពេល ១០ថ្ងៃ​ទៀត។ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ លោក កែវ វី និយាយ​ថា ចុងរដូវ​វស្សា​នេះ​អាកាសធាតុ​ចាប់​ផ្ដើម​ប្រែប្រួល​ឡើង​កម្តៅ​ភ្លាមៗ ដែល​ធ្វើឲ្យ​មាន​ការ​រីង​ហួត​ទឹក​ពី​បឹងបួ​រយ៉ាង​ឆាប់​រហ័ស​បង្ក​ឲ្យ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ​សរុប​ជិត ២ម៉ឺន​ហិកតារ​នៅ​ក្នុង​ខេត្ត​ចំនួន ១៣ប្រឈម​នឹង​បញ្ហា​កង្វះ​ទឹក​ស្រោចស្រព។ ក្នុង​នោះ​ខេត្ត​កំពង់ចាម ​រង​ផល​ប៉ះពាល់​ច្រើន​ជាងគេ​ គឺ​ខូច​ដំណាំ​ស្រូវ​រហូត​ដល់​ទៅ​ទំហំ ៩ពាន់​ហិកតារ​បន្ទាប់​មក​ខេត្ត​បាត់ដំបង ត្បូង​ឃ្មុំ និង​ខេត្ត​កំពង់ធំ។

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន ដែល​ធ្វើ​ការ​ងារ​ទាក់ទង​វិស័យ​កសិកម្ម​ផ្តល់​អនុសាសន៍​ដល់​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ការ​ខូចខាត​ដំណាំ​ដោយសារ​គ្រោះ​រាំង​ស្ងួត ដោយ​ត្រូវ​ធ្វើ​នយោបាយ​ទឹកឬ​ប្រព័ន្ធ​ធារាសាស្រ្ត និង ទម្លាក់​ថវិកា​មក​មូលដ្ឋាន ដើម្បី​ជួយ​សង្គ្រោះ​កសិករនិង​រៀបចំ​ប្រព័ន្ធ​ធារាសាស្រ្ត​នៅ​តាម​មូលដ្ឋាន។ ជាង​នេះ​ទៅ​ទៀតលោក​ស្នើសុំ​ទៅ​របប​លោក ហ៊ុន សែន បញ្ឈប់​ការ​ចាក់​ដី​លុប​បឹង ព្រែក ឬ​អូរ​ធម្មជាតិ​របស់​ក្រុម​ឈ្មួញ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជនដើម្បី​ធានា​ថា បឹង ព្រែក អូរ ឬ ស្រះ​ធម្មជាតិ​ទាំង​នោះ​អាច​ផ្ទុក​ទឹក​ផ្គត់ផ្គង់​សម្រាប់​ស្រោចស្រព​លើ​ដំណាំ​កសិកម្ម​របស់​កសិករ៖ «»

លោក កែវ វី​ អះអាងថា ​ក្រសួង​ធនធានទឹកនិង​មន្ទីរជំនាញ​ពាក់ព័ន្ធនៅ​ក្នុង​ខេត្ត​ជួប​បញ្ហា​ខ្វះខាត​ទឹក​កំពុង​បន្ត​ជីក​ស្ដារ​ប្រព័ន្ធ​ស្រោចស្រព និង​បូមទឹក​ពី​អាង​ស្តុក​ទឹក​ធំៗ ដើម្បី​នាំ​ទឹក​ទៅ​ជួយ​សង្គ្រោះ​ដំណាំ​ស្រូវ​ដែល​កំពុង​ជួប​គ្រោះ​រាំងស្ងួត​ទាំង​នោះ។

ទោះមន្រ្តីរបបក្រុង​ភ្នំពេញ​បង្ហាញ​ដំណោះ​ស្រាយ​បែប​នេះ​ក្តីប៉ុន្តែ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​វិស័យ​កសិកម្ម​រិះគន់​របប​នេះ​ថាអាជ្ញាធរ​នៅ​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​បង្ការ​គ្រោះ​មហន្តរាយ​នៅ​ឡើយ។ សង្គម​ស៊ីវិល​បន្ថែម​ទៀត​ថា ​នៅ​រដូវ​វស្សា គឺ​កសិករ​ជួប​បញ្ហា​គ្រោះ​ទឹក​ជំនន់ហើយ​នៅ​រដូវ​ប្រាំង​កសិករ​ត្រូវ​ជួប​បញ្ហា​ខ្វះ​ទឹក​ស្រោច​ស្រព​ដំណាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។