អាជ្ញាធរ​ថា​​​ពិបាក​ចាប់​ខ្លួន​អ្នក​គំរាម​សម្លាប់​លោក កឹម សុខា

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា សមត្ថកិច្ច​ពុំ​បាន​បោះបង់​ការ​ស៊ើប​អង្កេត និង​តាម​ចាប់​ខ្លួន​អ្នក​គំរាម​សម្លាប់​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នោះ​ឡើយ។

ទោះ​យ៉ាង​ណា អាជ្ញាធរ​កំពុង​ជួប​ការ​លំបាក​ដ្បិត​គេ​បាន​រក​ឃើញ​ថា ជនសង្ស័យ​ឋិត​នៅ​ក្រៅ​ប្រទេស។ ចំណែក​អនុប្រធាន​រដ្ឋ​សភា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​អាជ្ញាធរ​ថា អនុវត្ត​ច្បាប់​មិន​ស្មើភាព​គ្នា។

ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា ករណី​គំរាម​សម្លាប់​ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ អាជ្ញាធរ​សមត្ថកិច្ច​កំពុង​បន្ត​ស្វែង​រក​ទៀត​គឺ​មិន​ធ្លាប់​លះបង់​ឡើយ។

ការ​អះអាង​របស់​លោក ស ខេង ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កញ្ញា បន្ទាប់​ពី​លោក​ចូលរួម​ពិធី​បើក​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ​ចំពោះ​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ៖ «រឿង​ខ្លះ​យើង​រក​ឃើញ​រឿង​ខ្លះ​យើង​អត់​ទាន់​រក​ឃើញ យើង​នឹង​បន្ត​ករណី​ខ្លះ​ដែល​រក​មិន​ទាន់​ឃើញ»

ស្រប​គ្នា​នោះ លោក ស ខេង បាន​លើក​ឡើង​ពី​ករណី​ដែល​អាជ្ញាធរ​អនុវត្ត​បាន​រួម​មាន​ការ​ចាប់​ខ្លួន​យុវជន គង់ រ៉ៃយ៉ា ដែល​ប្រកាស​ធ្វើ​បដិវត្ត​ពណ៌ និង​លោក ផង់ សីហា ដែល​គំរាម​សម្លាប់ លោក​បណ្ឌិត សុខ ទូច តាម​ហ្វេសប៊ុក ជា​ដើម។

លោក ស ខេង បញ្ជាក់​ថា ករណី​ទាំង​២​នេះ​នឹង​នាំ​អោយ​មាន​អំពើ​បង្ហូរ​ឈាម និង​សម្លាប់​ជីវិត​មនុស្ស ដែល​ទាមទារ​អោយ​អាជ្ញាធរ​ចាត់​វិធានការ​ទប់ស្កាត់​ការ​បង្ក​បញ្ហា​អសន្តិសុខ​ក្នុង​សង្គម៖ «អ្នក​ដែល​បញ្ចេញ​មតិ​ថា នេះ​ជា​សិទ្ធិ​បញ្ចេញ​មតិ អ៊ីចឹង​ទុក​អោយ​អ្នក​ច្បាប់ ក្រសួង​យុត្តិធម៌ ក្រុមប្រឹក្សា​ធម្មនុញ្ញ ជា​ពិសេស​តុលាការ​បកស្រាយ។ រឿង​បដិវត្តពណ៌​តែ​កាល​ធ្វើ​ទៅ​គឺ​មាន​ការ​បង្ហូរ​ឈាម​ហើយ​ ដាច់​ខាត​ត្រូវ​មាន​ការ​បង្ហូរ​ឈាម​ហើយ អ៊ីចឹង​វា​បំផ្លាញ​ដល់​​​សន្តិសុខជាតិ សេចក្ដី​សុខ​ប្រជាពលរដ្ឋ ហើយ​អាយុ​ជីវិត​ និង​ទ្រព្យ​សម្បត្តិ»

ទាក់​ទិន​នឹង​ករណី​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម និង​សាធារណជន​មួយ​ចំនួន​បាន​រិះគន់​ថា អាជ្ញាធរ​ពុំ​បាន​អនុវត្ត​ការងារ​អោយ​បាន​ត្រឹមត្រូវ នៅ​ពេល​ដែល​គេ​ដឹង​ថា អ្នក​សង្ស័យ​គំរាម​សម្លាប់ លោក កឹម សុខា នោះ​ឈ្មោះ ផែង វណ្ណៈ ដែល​ជា​មន្ត្រី​នៅ​ក្រសួង​មហាផ្ទៃ តាម​រយៈ​គណនេយ្យ​ហ្វេសប៊ុក របស់​លោក។

ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បំភ្លឺ​ថា តាម​ការស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​រក​ឃើញ​ថា មាន​អ្នក​បង្កើត​គណនេយ្យ​ហ្វេសប៊ុក បន្លំ​ដោយ​ប្រើ​ឈ្មោះ លោក ផែង វណ្ណៈ ដើម្បី​គំរាម​សម្លាប់​លោក កឹម សុខា។ លោក​ថា ករណី​នេះ​អាជ្ញាធរ​នៅ​មាន​ការ​លំបាក​ក្នុង​ការ​តាម​ចាប់​ខ្លួន​ជន​នោះ​នៅ​ឡើយ៖ «ពិត​ជា​មាន​អ្នក​ក្លែង​បន្លំ​អេកខោន (Account) របស់​គាត់​មែន។ យើង​បាន​ដឹង​ថា អាយ.ភី (IP) ហ្នឹង​ចេញ​ពី​ក្រៅ​ប្រទេស។ យើង​ក៏​បាន​ស្នើ​អាជ្ញាធរ​នៅ​បរទេស ដើម្បី​សហការ​ជាមួយ​យើង​ជួយ​ស្រាវជ្រាវ ប៉ុន្តែ​លទ្ធផល​វា​អត់​ទាន់​ទទួល​បាន ហើយ​ករណី​នេះ​បញ្ជាក់​ថា យើង​អត់​ទាន់​បញ្ចប់​ទេ»

ចំណែក​លោក ផែង វណ្ណៈ ដែល​ជា​មន្ត្រី​ក្រសួង​មហាផ្ទៃ បញ្ជាក់​ជា​ថ្មី​ទៀត​ដែរ​ថា លោក​ពុំ​បាន​បង្ហោះ​សារ​គំរាម​សម្លាប់​លោក កឹម សុខា នោះ​ទេ។

ចំពោះ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ថា លោក​មិន​បាន​ចាប់​អារម្មណ៍​ចំពោះ​ការ​ដាក់​ការ​សង្ស័យ​ទៅ​លើ​លោក ផែង វណ្ណៈ ឡើយ ប៉ុន្តែ​លោក​ថា ករណី​នេះ​បង្ហាញ​ពី​ការ​អនុវត្ត​ច្បាប់​ដែល​មិន​ស្មើ​ភាព​គ្នា​ដែរ៖ «ជា​ការ​បរាជ័យ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ស្រុក​ខ្មែរ​ ដែល​មិន​មាន​ភាព​ស្មើ​គ្នា គឺ​មាន​ការ​រើសអើង»

យ៉ាង​ណា ​លោក គៀត ច័ន្ទថារិទ្ធ នៅ​តែ​អះអាង​ថា អាជ្ញាធរ​អនុវត្ត​តាម​ច្បាប់ ដោយ​ពុំ​មាន​ការ​រើសអើង​អ្វី​ឡើយ។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ គណនេយ្យ​ហ្វេសប៊ុក ដែល​មាន​ឈ្មោះ​ថា ផែង វណ្ណៈ បាន​បង្ហោះ​សារ​គំរាម​សម្លាប់​លោក កឹម សុខា ដោយ​ភ្ជាប់​នូវ​រូបថត​កាំភ្លើង​ខ្លី និង​គ្រាប់​កាំភ្លើង​ចំនួន ៧​គ្រាប់។ ក្នុង​នោះ​បាន​រៀបរាប់​ថា ទុក ៧​គ្រាប់ ឲ្យ​លោក កឹម សុខា។ គ្រាប់​ទី​១ បាញ់​យកដៃ​ឆ្វេង គ្រាប់​ទី​២ បាញ់​យក​ដៃ​ស្តាំ គ្រាប់​ទី​៣ បាញ់​ជើងឆ្វេង គ្រាប់​ទី​៤ បាញ់​យក​ជើង​ស្តាំ គ្រាប់​ទី​៥ បាញ់​ពោះ គ្រាប់​ទី​៦ បាញ់​បេះដូង និង​គ្រាប់​ទី​៧ បាញ់​ឲ្យ​ចំ​ក្បាល។

នៅ​ក្រោយ​ពេល​អាជ្ញាធរ​ចាប់​ខ្លួន​យុវជន​ប្រកាស​ធ្វើ​បដិវត្ត​ពណ៌ និង​អ្នក​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សាធារណជន​បាន​រិះគន់​អាជ្ញាធរ​ដោយ​ប្រៀបធៀប​ថា យុវជន​ទាំង ២​រូប គឺ គង់ រ៉ៃយ៉ា និង ផង់ សីហា មិន​គួរ​ត្រូវ​ចាប់​ខ្លួន​ឡើយ ព្រោះ​ជា​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ ខុស​គ្នា​ពី​លោក ផែង វណ្ណៈ ដែល​ជា​មន្ត្រី​សមត្ថកិច្ច​មាន​អាវុធ​ជាប់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។