ជន​ពិការ​ដែល​ជា​អតីត​យុទ្ធជន​ស្នើ​រដ្ឋាភិបាល​បើក​ប្រាក់​ជំនួយ​សង្គម​ដល់​ពួកគាត់​​ឱ្យ​បាន​ទៀងទាត់

ដោយ ហ៊ុំ ចំរើន
2024.12.03
ជន​ពិការ​ដែល​ជា​អតីត​យុទ្ធជន​ស្នើ​រដ្ឋាភិបាល​បើក​ប្រាក់​ជំនួយ​សង្គម​ដល់​ពួកគាត់​​ឱ្យ​បាន​ទៀងទាត់ ពិធី​ចែក​អង្ករ​ដល់អតីតយុទ្ធជនគ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ កាល​ពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អតីត​ទាហាន​​មាន​ពិការ​ភាព​ស្នើ​រដ្ឋាភិបាល​បើក​ប្រាក់​ជំនួយ​សង្គម​​សម្រាប់​ខែ​វិច្ឆិកា​កន្លង​ទៅ​ឱ្យ​បាន​ឆាប់​ ខណៈ​ពួកគាត់​រំពឹង​តែ​ទៅ​លើ​ប្រាក់​ជំនួយ​សង្គម​នេះ ដើម្បី​ដោះ​ស្រាយ​ជីវភាព​ និង​មើល​ជំងឺ​។ មន្ត្រី​​សង្គម​ស៊ីវិល​​ថា រដ្ឋាភិបាល​គួរ​ពិនិត្យ​​មូលហេតុ​​ដែល​នាំ​ឱ្យ​មាន​ភាព​យឺតយ៉ាវ​​​ និង​ដោះ​ស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់​រហ័ស។

ការ​លើក​ឡើង​របស់​ជន​ពិការ​ដែល​ជា​អតីត​យុទ្ធជន​​ ក្រោយ​​​សេចក្ដី​​ជូនដំណឹង​របស់​មូល​និធិ​ជាតិ​ជំនួយ​សង្គម​ប្រកាស​ថា​​​ ​ការ​បើក​ប្រាក់​​​ជា​លើក​ទី​២ ប្រចាំ​ខែ​វិច្ឆិកា​ ដល់​អតីត​យុទ្ធជន អតីត​មន្ត្រី​រាជការ​ស៊ីវិល និង​អ្នក​នៅ​ក្នុង​បន្ទុក​នឹង​ត្រូវ​ពន្យារ​​ ​​ទៅ​សប្តាហ៍ទី១ ខែ​ធ្នូ​វិញ។

អតីត​ទាហាន​​មាន​ពិការ​ភាព​ លោក ចិត្រ សម្ព័ន្ធ លើក​ឡើង​ថា អស់​រយៈ​ពេល​ជិត​​មួយ​ខែ​ហើយ​ដែល​រដ្ឋាភិបាល​​បាន​ពន្យារ​ពេល​​បើក​ប្រាក់​​ជំនួយ​​សង្គម​​​ដល់​រូប​លោក​ និង​​អតីត​ទាហាន​​មាន​ពិការ​ភាព​​ផ្សេង​ទៀត។ លោក​ថា ការ​យឺតយ៉ាវ​​បើក​ប្រាក់​ឧបត្ថម្ភ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​រូប​លោក​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​​មិន​មាន​ប្រាក់​ទិញ​អាហារ និង​មិន​អាច​ធ្វើ​ការ​ប្រកប​ចិញ្ចឹម​​ជីវិត​បាន។

លោក ចិត្រ សម្ព័ន្ធ ថា សម្រាប់​ប្រាក់​ជំនួយ​សង្គម​​​​របស់​លោក​ដែល​ជា​​អតីត​ទាហាន​ធ្លាប់​​បម្រើ​ប្រទេស​ជាតិ កាល​ពី​​២០​ ទៅ​៣០​ឆ្នាំ មុន​ទទួល​បាន​ប្រាក់​តិច​ជាង​​ទាហាន​ដែល​ទើប​ចូល​និវត្តន៍​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ថ្មី​នេះ។ លោក​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​គិត​គូរ​ប្រាក់​ជំនួយ​​សង្គម​ឱ្យ​បាន​សមរម្យ​ ស្មើភាព​គ្នា​ និង​បើក​ប្រាក់​ឱ្យ​បាន​ទៀង​ទាត់​តាម​កាល​កំណត់។

លោក ចិត្រ សម្ព័ន្ធ៖ «ខ្ញុំ​វ៉ៃ​[ផ្ញើ​សារ​]ទៅ​ក្រសួង​ វ៉ៃ[ផ្ញើ​សារ​]​ ហ៊ុន ម៉ាណែត​ គេ ចូល​មើល​​តែ​គេ​មិន​តប​យើង​ អ៊ីចឹង​និយាយ​មក​​អ្នក​ពិការ​ជាតិ​ បាក់​បែក​ដេក​មូស​ខាំ​ ដាច់​ជើង​​ ដាច់​ដៃ​​ ទាំង​ពីរ​ទាំង​បី​មាន​ធ្វើ​អី​កើត​ ពឹង​តែ​ប្រាក់​ខែ​មួយ​មុខ​​ រដ្ឋ​មិន​គួរ​ណា​​យឺតយ៉ាវ​ដល់​ពួកគាត់​ទេ​ ចាស់ៗ ហើយ​​ទីពីរ​​ក៏​មិន​ដឹង​ថា​មាន​​អាជ្ញាធរ​ដែន​ដី​ណា​ដែល​ជួយ​បាន»

អតីត​ទាហាន​​មាន​ពិការ​ភាព​ម្នាក់​ទៀត​​ថ្លែង​ដោយ​សុំ​​មិន​បញ្ចេញ​ឈ្មោះ​លើក​ឡើង​ថា រដ្ឋាភិបាល​មិន​ទាន់​បាន​គិត​គូរ​ដល់​អតីត​ទាហាន​​​ដែល​មាន​ពិការ​ភាព​ជំនាន់​មុន​ឱ្យ​បាន​ដិតដល់​នោះ​ទេ​​ លោក​ថា សម្រាប់​ប្រាក់​ដែល​លោក​ទទួល​​ប្រមាណ ១​លាន​រៀល​​ ឬ​ស្មើ​ប្រមាណ​២៥០​ ដុល្លារ​​ក្នុង​មួយ​ខែ​នេះ​គឺ​មាន​ចំនួន​តិចតួច សម្រាប់​ផ្គត់​ផ្គង់​ការ​ចំណាយ​ផ្សេង​ៗ​ រួម​ទាំង​​ការ​សិក្សា​​​​របស់​​កូនៗ​ផង។ លោក​ថា អតីត​ទាហាន​​មាន​ពិការ​ភាព​បាន​លះបង់​​​ជា​ច្រើន​ដើម្បី​ការ​ពារ​ទឹក​ដី​ និង​ប្រជាជន​ ដូច្នេះ​រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​ជាង​នេះ។

អតីត​ទាហាន​​មាន​ពិការ​ភាព៖ «វា​មាន​គម្លាត​ខុស​គ្នា​​អ្នក​ចេញ​ក្រោយ​វា​ចេញ​ហួស​អ្នក​មុន​ ដោយ​សារ​អី​ដោយ​សារ​រាជរដ្ឋាភិបាល​គាត់​ដំឡើង​ប្រាក់​បៀវត្សរ៍​​មូលដ្ឋាន​​ ដំឡើង​ប្រាក់​ហូប​ ដំឡើង​ប្រាក់​អ៊ីចឹង​ទៅ​វា​ធ្វើ​ឱ្យ​ចេញ​ក្រោយ​បាន​ច្រើន​ អ្នក​ចេញ​មុន​បាន​ ហើយ​អ្នក​ចេញ​មុន​បាន​តិច​ ហើយ​អ្នក​ចេញ​មុន​ភាគ​ច្រើន​គាត់​ជួប​ការ​លំបាក​ច្រើន​គាត់​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ប្រទេស​ជាតិ​ទាំង​ពី​បាត​ដៃ​ទទេ​មក ហើយ​ដល់​ពេល​អ្នក​ក្រោយ​មាន​សូវ​ពិបាក​អី»

ទាក់​ទង​នឹង​បញ្ហា​នេះ​ មន្ត្រី​​ដែល​ធ្វើ​ការ​នៅ​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ពេល​វេលា​នៃ​ការ​បើក​ប្រាក់​នេះ​នៅ​មិន​ទាន់​កំណត់​ជាក់​លាក់​នៅ​ឡើយ​នោះ​ទេ​ តែ​ទោះ​ជា​យ៉ាង​ណា​​អ្នកស្រី​ថា​​​មូលនិធិ​ជាតិ​ជំនួយ​សង្គម​​​ដែល​ស្ថិត​ក្រោម​​ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​នឹង​ពន្លឿន​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

មន្ត្រី​​ដែល​ធ្វើ​ការ​នៅ​មូលនិធិ​ជាតិ​ជំនួយ​សង្គម៖ «ទាក់​ទង​នឹង​ការ​បរិច្ឆេទ​ច្បាស់លាស់​ហ្នឹង​ ខាង​យើង​នឹង​បញ្ជាក់​នៅ​​ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ក្នុង​សប្ដាហ៍​ទី​មួយ​ហ្នឹង​ដែរ​ថា នឹង​ជម្រាប​ជូន​នៅ​ពេល ក្រោយ​​ ដោយ​សារ​ជំនាញ​គាត់​កំពុង​ដុត​ដៃ​ដុត​ជើង​ដែរ​​ តែ​វា​អត់​ទាន់​ចេញ»

ក្នុង​ឱកាស​ទិវា​ជន​មាន​ពិការ​ភាព​កម្ពុជា​លើក​ទី​២៦​​នេះ​ដែរ​ នាយករដ្ឋមន្ត្រី​ លោក ហ៊ុន ម៉ាណែត បាន​​ចេញ​សារលិខិត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ «ផែន​ការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដី​​ពី​ពិការ​ភាព ឆ្នាំ​២០២៤-២០២៨»​ ដោយ​អំពាវនាវ​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​អនុវត្ត​បាន​ជោគជ័យ​ដើម្បី​កំណើន​ ការងារ សមធម៌ ប្រសិទ្ធភាព និង​ចិរភាព។ លោក ហ៊ុន ម៉ាណែត ថា​​ដើម្បី​ធានា​ឱ្យ​បាន​កំណើន​សេដ្ឋកិច្ច បង្កើត​ការងារ​ឱ្យ​បាន​កាន់​តែ​ច្រើន សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​ មន្ត្រី​គ្រប់​រូប​ត្រូវ​​​​បន្ត​ពង្រឹង​សមត្ថភាព​អភិបាល​កិច្ច និង​លើក​កម្ពស់​គុណភាព​ស្ថាប័ន ធានា​ឱ្យ​បាន​នូវ​ចិរភាព​នៃ​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​។

ជុំវិញ​ករណី​នេះ​ដែរ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា មាន​ប្រសាសន៍​ថា ជន​ពិការ​ដែល​ជា​អតីត​យុទ្ធជន​គឺ​ជា​​ក្រុម​ដែល​ងាយ​រងគ្រោះ​​ ដោយ​សារ​ពួកគាត់​មិន​មាន​អ្វី​រំពឹង​ក្រៅ​ពី​ប្រាក់​ឧបត្ថម្ភ​ដែល​រដ្ឋាភិបាល​​ផ្ដល់​ឱ្យ។ លោក​ថា រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​លើ​​ដំណើរ​ការ​បើក​ប្រាក់​ខែ​​ឡើង​វិញ​ដើម្បី​ធានា​​ថា​ប្រាក់​ជំនួយ​​សង្គម​នេះ​បាន​ដល់​ដៃ​ពួកគាត់​ជា​ទៀងទាត់។

លោក រស់ សុដ្ឋា«ស្ថាប័ន​មាន​សមត្ថកិច្ច​គួរ​តែ​មាន​ការ​ពន្យល់​ជម្រាប​គាត់​ឱ្យ​បាន​ច្បាស់​លាស់​អំពី​ការ​ទទួល​បាន​ប្រាក់​ខែ​​​ ហើយ​អាច​ពិនិត្យ​ទាក់​ទង​នឹង​កត្តា​ផ្ទៃ​ក្នុង​​ តើ​មូលហេតុ​អី​ដែល​នាំ​ឱ្យ​មាន​ការ​យឺតយ៉ាវ​​ ហើយ​ដោយ​សារ​កត្តា​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​ខ្វះ​ថវិកា​​ ឬ​ក៏​មក​ពី​ស្អី​​ បើ​សិន​ជា​មាន​ភាព​មិន​ប្រក្រតី​​​លោក​ក៏​ជួយ​អន្តរាគមន៍​ផង​ណា»

បច្ចុប្បន្ន​ជន​មាន​ពិការ​ភាព​​​ដែល​ក្នុង​នោះ​មាន​ទាំង​ជន​ពិការ​ដែល​ជា​អតីត​យុទ្ធជន​មាន​​​សរុប​​​​​ចំនួន​ជាង​៣ សែន (៣៥១.២៧៦) នាក់ ក្នុង​នោះ​ស្ត្រី​ចំនួន​​​ជាង ១​សែន​ (១៦៦.០៣៤)នាក់ ដែល​រដ្ឋាភិបាល​​​​បាន​កំណត់​អត្តសញ្ញាណ​កម្ម​តាមរយៈ​ជន​បង្គោល ឃុំ/សង្កាត់​ទូទាំង​ប្រទេស ហើយ​បាន​ផ្ដល់​ប័ណ្ណ​​​សម្គាល់​ជន​មាន​ពិការភាព​បាន​ចំនួន​ជាង ២​សែន (២៥០.៧៣០) ប័ណ្ណ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
អត្ថបទពេញនិយម
សង្គម
មនុស្ស ៤​នាក់​ស្លាប់ និង​ ៥​នាក់​ទៀត​របួស​ធ្ងន់ ពេល​ប្រជ្រៀតគ្នា​យក​អាំងប៉ាវ​នៅ​ភូមិគ្រឹះ​លោក សុខ គង់
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។