បទ​វិភាគ៖ តើ​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​រង​ការ​រំលោភ​បែប​ណា​ខ្លះ?

ដោយ ជីវិតា
2021.09.24
បទ​វិភាគ៖ តើ​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​រង​ការ​រំលោភ​បែប​ណា​ខ្លះ? រដ្ឋធម្មនុញ្ញកម្ពុជា។
Photo Courtesy

ថ្ងៃទី២៤ កញ្ញា​នេះ គឺជា​ខួប​២៨​ឆ្នាំ​នៃ​ការប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ រដ្ឋធម្មនុញ្ញ​មួយ​នេះ​មាន​ចំណុច​ល្អៗ​ជាច្រើន រួមមាន​ការ​ដាក់​បញ្ចូល​សន្ធិសញ្ញា​នានា​ស្ដីពី​សិទ្ធិមនុស្ស និង​ការកំណត់​នៃ​ការបែងចែក​អំណាច​រវាង​ស្ថាប័ន​តុលាការ ស្ថាប័ន​អង្គ​នីតិប្រតិបត្តិ ឬ​រដ្ឋាភិបាល និង​ស្ថាប័ន​អង្គនីតិបញ្ញត្តិ ឬ​រដ្ឋសភា។ ជា​ពិសេស ច្បាប់​កំពូល​មួយ​នេះ​ធានា​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​នូវ​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់។

ទោះជា​យ៉ាងណា កម្ពុជា​ក្រោម​សម័យ​សម្ដេច​តេជោ​ជាច្រើន​អាណត្តិ​កន្លង​ទៅ​នេះ ការ​គោរព​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ​មាន​ដែរ តែ​ការ​មិន​ធ្វើតាម និង​ការរំលោភ​មាន​ច្រើនជាង

តើ​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ត្រូវបាន​រំលោភ​បែប​ណា​ខ្លះ?

ប្រសូត្រ​ឡើង​នៅ​ឆ្នាំ​១៩៩៣ រដ្ឋធម្មនុញ្ញ​កម្ពុជា​បច្ចុប្បន្ន គឺជា​ច្បាប់​កំពូល​ល្អ​ជាង និង​ទំនើប​ជាង​រដ្ឋធម្មនុញ្ញ​ចំនួន​៥​នៃ​របប​មុន។ ល្អ​ជាង​រដ្ឋធម្មនុញ្ញ​មុនៗ ក៏​ដោយសារ​រដ្ឋធម្មនុញ្ញ​មួយ​នេះ មាន​មូលដ្ឋានគ្រឹះ​ចេញ​មកពី​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ារីស​ឆ្នាំ​១៩៩១ ដែល​ជា​សន្ធិសញ្ញា​អមតៈ។ បើ​ទោះ​ជា​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ជាច្រើនលើក​ក៏ដោយ ក៏​រដ្ឋធម្មនុញ្ញ​មួយ​នេះ​នៅ​រក្សា​ខ្លឹមសារ​ដើម​សំខាន់ៗ​ដដែល ដូចជា​កំណត់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ត្រូវតែ​ជា​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស របប​សភា​ធានា​សិទ្ធិមនុស្ស គ្រប់គ្រង​រដ្ឋ​ដោយ​នីតិរដ្ឋ រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​មាន​ទីផ្សារសេរី ជា​ប្រព័ន្ធ​សេដ្ឋកិច្ច ជាដើម។

ប៉ុន្តែ​ជាក់ស្ដែង​វិញ ការ​បំពារបំពាន និង​ការ​មិន​គោរព​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ មាន​ច្រើន​ករណី។ ច្បាប់​មួយចំនួន​ទាក់ទង​នឹង​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​មាន​អ​ធម្មនុញ្ញភាព ឬ​មិន​ស្របតាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ការ​បំពាន​លើ​គោលការណ៍​បែងចែក​អំណាច​រវាង​ស្ថាប័ន​ជាតិ​កំពូល​ទាំង​បី គឺ​តុលាការ រដ្ឋាភិបាល និង​រដ្ឋសភា ជាដើម​។ ការរំលោភ​បញ្ញត្តិ​នានា​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ​ហើយ បណ្ដាល​ឱ្យ​ស្ថាប័ន​រដ្ឋាភិបាល មានអំណាច​ច្រើន​លើសលុប​គ្របដណ្ដប់​លើ​អំណាចតុលាការ និង​អំណាច​រដ្ឋសភា​។ ប្រការ​នេះ​ធ្វើ​ឱ្យ​បាត់បង់​តុល្យភាព​អំណាច និង​ការ​ត្រួត​ពិនិត្យ​គ្នា​រវាង​ស្ថាប័ន​រដ្ឋ​កំពូល​ទាំង​បី។ ជា​ផលវិបាក​នោះ តុលាការ​និង​រដ្ឋសភា​ក្លាយជា​ស្ថាប័ន​រណប​រាជរដ្ឋាភិបាល ផ្ទុយ​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ។

រដ្ឋសភា​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​ធ្វើ​ច្បាប់​អី ឬ​ស្នើ​ច្បាប់​អី​ក៏បាន ចង់​បាន​ម៉ោង​ណា​ក៏​អនុម័ត​ជូន​បាន​ទាំងអស់ ចង់​យក​អាអ៊េច្សប្រេស (express) គឺ​អា​លឿន​បំផុត​ពីរ​បី​ម៉ោង​ឱ្យ​ហើយក៏​បាន​ដែរ ព្រោះ​តំណាងរាស្ត្រ​គ្រាន់តែ​មក​ជួបជុំ ហើយ​លើកដៃ​អនុម័ត​ប៉ុណ្ណោះ។ ចំណែក​តុលាការ​វិញ បាន​ជួយ​រាជរដ្ឋាភិបាល​យ៉ាង​ពេញទំហឹង​ក្នុង​ការ​ចាប់​មនុស្ស​ដាក់​គុក​ដោយ​មិន​ខ្វល់​ពី​ការបំពាន​លើ​សេរីភាព​បញ្ចេញមតិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។ បទចោទប្រកាន់​ដើម្បី​ចាប់ខ្លួន​នោះ​គឺ​បទ​ញុះញង់ ដែល​ជា​បទ​ចោទ​ដ៏​ពេញនិយម​របស់​ព្រះរាជអាជ្ញា។ ការ​ចាប់​ខ្លួន​នេះ​ទៀត​សោត បាន​រាលដាល​ពី​អ្នកនយោបាយ អ្នក​ការពារ​ភោគទ្រព្យ​ជាតិ រហូត​ដល់​កសិករ ពីព្រោះ​ព្រះរាជអាជ្ញា​ក្រោម​យុគសម័យ​តេជោ​មើលឃើញ​ស្អី​ក៏​ជា​បទ​ញុះញង់​ដែរ​។ កសិករ​ចិញ្ចឹម​មាន់​និយាយ​លេង​ថា ចង់​ទិញ​ម៉ាស់​ឱ្យ​មាន់​ពាក់​កុំឱ្យ​ពួកវា​ជ្រួលច្របល់​ក៏​ចាប់​ដាក់គុក ហើយ​កសិករ​ផ្លែ​មៀន​និយាយ​ថា ហេតុ​អី​បាន​អាជ្ញាធរ​មិន​មក​ទិញ​ផ្លែ​មៀន​របស់​គាត់​ដូច​ការ​សន្យា ក៏​ចាប់​ដាក់គុក​។ ពលរដ្ឋ​ទូទាំង​ប្រទេស​ឆ្ងល់​ថា ហេតុអ្វី​បានជា​រដ្ឋអំណាច​ញៀន​នឹង​ការ​ចាប់​មនុស្ស​ម្ល៉េះ ព្រោះ​សូម្បីតែ​ការ​និយាយ​ស្ដី​ធម្មតា​ភាសា​យ៉ាង​សាមញ្ញ​របស់​កសិករ​បែបនេះ​ក៏​ចាប់​ញាត់​គុក​ដែរ​នោះ។

បញ្ហា​រំលោភ​រដ្ឋធម្មនុញ្ញ​មួយទៀត​ដែល​ខ្ញុំ​នឹង​លើក​យក​មក​ជំរាប​ជូន​លម្អិត​នៅក្នុង​អត្ថបទ​នេះ គឺ​សិទ្ធិ​ស្មើភាព​គ្នា​នៅ​ចំពោះមុខ​ច្បាប់។

មាត្រា​៣១​នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា​៖ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ មាន​សិទ្ធិ​សេរីភាព​និង​ករណី​កិច្ច​ដូចគ្នា​ទាំងអស់ ដោយ​ឥត​មាន​ប្រកាន់​ពូ​សាសន៍ ពណ៌​សម្បុរ ភេទ ភាសា ជំនឿ​សាសនា និន្នាការ​នយោបាយ ដើម​កំណើត ជាតិ ឋានៈ​សង្គម ធនធាន ឬ​ស្ថានភាព​ឯទៀត​ឡើយ។

រយៈពេល​ជាច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ​នេះ កាន់តែ​រង​ការ​បំពារបំពាន​។ អ្នក​វិភាគ​នយោបាយ​និង​សង្គម បណ្ឌិត​ឡៅ ម៉ុងហៃ កត់សម្គាល់​ថា ការរំលោភ​សិទ្ធិ​ទាំងនេះ​បណ្ដាល​ឱ្យ​មាន​ការ​បែងចែក​សង្គម​ជា​ពីរ គឺ​ក្រុម​មនុស្ស​វិសាមញ្ញ ឬ​មនុស្ស​ពិសេស ដែល​នៅ​លើ​ច្បាប់ និង​ក្រុម​មនុស្ស​សាមញ្ញ​ដែល​នៅ​ក្រោម​ច្បាប់។

មាន​សំណុំ​រឿងក្ដី​ជាច្រើន​ដែល​បញ្ជាក់​ថា ការ​សង្កេត​របស់​បណ្ឌិត​ឡៅ ម៉ុងហៃ ជា​ការ​ពិត​។ ពោល​គឺ​ឧកញ្ញា​មហាសេដ្ឋី អ្នក​មាន​អំណាច ឬ​ញាតិមិត្ត​របស់​អ្នក​មាន​អំណាច គឺជា​ក្រុម​មនុស្ស​វិសាមញ្ញ ដែល​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​ល្អ​ប្រសើរ​ពី​រដ្ឋអំណាច។ ជាក់ស្ដែង នៅ​ពេល​ក្រុម​បុគ្គល​វិសាមញ្ញ​ទាំងនេះ​ប្រព្រឹត្ត​ល្មើស​ច្បាប់ តុលាការ​តែង​បត់​កាច់​កោង​មាត្រា​ច្បាប់​ដើម្បី​ជួយ​ដល់​ពួកគេ​ឱ្យ​រួច​ពី​ការ​ទទួល​ទោសទណ្ឌ ឬ​ឱ្យ​ទទួល​ទោស​ស្រាល ឬ​ទោសទណ្ឌ​និមិត្តរូប ជាដើម។

ឧទាហរណ៍​៖ សំណុំរឿង​ជួញដូរ​គ្រឿងញៀន​រាប់​សិប​គីឡូក្រាម​របស់​ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ក (ROCK) ឧកញ៉ា​មហាសេដ្ឋី គិត ធាង នៅ​ដើមឆ្នាំ​២០១៩​។ ការ​ចាប់ខ្លួន​ឧកញ៉ា គិត ធាង ដែល​ត្រូវជា​បងប្រុស​បង្កើត​របស់​ឧកញ៉ា គិត ម៉េង ជា​មហាសេដ្ឋី​ស្និទ្ធ​នឹង​លោកនាយក​រដ្ឋមន្ត្រី​នេះ ធ្វើ​ឱ្យ​សាធារណជន​កោត​សតសើរ​ដល់​អាជ្ញាធរ​។ កាន់តែ​ល្អ​ទៀត​នោះ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ២០ ខែ​មិនា ឆ្នាំ​២០២០ បាន​ចេញ​សាលក្រម​កាត់ទោស​ឧកញ៉ា គិត ធាង ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​៤​ឆ្នាំ ពី​បទ​ចាត់ចែង​សម្របសម្រួល​ឲ្យ​ប្រើប្រាស់​សារធាតុ​ញៀន និង​សមគំនិត​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជិត​៥០ (៤៩,៤៤) គីឡូក្រាម។

ប៉ុន្តែ​ពួកគេ​ខកចិត្ត​ទៅវិញ​នៅពេល​សាលាឧទ្ធរណ៍​សម្រេច​ឱ្យ​ឧកញ្ញ៉ា គិត ធាង មាន​សេរីភាព​ឡើងវិញ​។ សាលាឧទ្ធរណ៍​ដែល​កម្រ​សម្រេច​របៀប​នេះ​លើ​សំណុំរឿង​អ្នកទោស​មនសិការ​នោះ កាលពី​ខែ​ឧសភា ឆ្នាំ​២០២១ បាន​កាត់ទោស​តម្រឹម​ឱ្យ​ឧកញ្ញា គិត ធាង អនុវត្ត​ទោស​ត្រឹមតែ​២​ឆ្នាំ រីឯ​ទោស​នៅសល់​២​ឆ្នាំ​ទៀត​ត្រូវ​ព្យួរ។

ករណី​មិន​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់

សំណុំរឿង​របស់ឧកញ្ញ៉ា គិត ធាង មាន​បញ្ហា​ផ្លូវច្បាប់​មួយ​ចំនួន​ដែល​គួរ​លើក​យក​មក​សិក្សា​។ ទី​១ គឺថា ថ្វី​ដ្បិត​តុលាការ​កាត់ទោស​ឱ្យ​ឧកញ្ញ៉ា គិត ធាង ជាប់​ពន្ធនាគារ​៤​ឆ្នាំ​មែន តែ​ឧកញ្ញា​រូប​នេះ ជាក់ស្ដែង​លោក​មិន​ដែល​ជាប់​នៅក្នុង​ពន្ធនាគារ​ទេ​។ លោក​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​មន្ទីរឃុំឃាំង​រាជធានី​ភ្នំពេញ​ប៉េហ្ស៊ី (PJ) រយៈពេល​ប្រមាណ​កន្លះ​ខែ​ប៉ុណ្ណោះ ក្រោយពេល​សមត្ថកិច្ច​ចាប់ខ្លួន​លោក​។ ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​ដំបូង មុន​សាលាឧទ្ធរណ៍​សម្រេច​ព្យួរទោស​នោះ លោក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​រស់នៅ​យ៉ាង​សុខ​ស្រួល​ក្នុង​បន្ទប់​វីអាយភី (VIP) ម៉ាស៊ីន​ត្រជាក់​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត ឬ​មន្ទីរពេទ្យ​រុស្សី ឯណោះ។

ទី​២ បញ្ហា​អនុវត្ត​ច្បាប់​រើសអើង ស្តង់ដារ​ពីរ ឬ​មិន​ស្មើគ្នា​ក្នុង​សំណុំរឿង​លោក គិត ធាង តែមួយ​។ ក្រៅតែ​ពី​ទណ្ឌិត គិត ធាង ហើយ​នេះ ក៏​មាន​ជនជាប់ចោទ​ប្រមាណ​៣០​នាក់​ផ្សេងទៀត ដែល​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស ហើយ​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នៅឡើយ​។ ពួកគេ​មិន​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​ពិសេស​ពី​រដ្ឋអំណាច ឱ្យ​រស់​នៅ​ក្នុង​មន្ទីរពេទ្យ​អំឡុង​អនុវត្ត​ទោស និង​មិន​ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ឱ្យ​រួចខ្លួន តាមរយៈ​ចេញ​សាលដីកា​ព្យួរទោស ដូច​ឧកញ្ញា គិត ធាង នោះ​ឡើយ។ កម្ពុជា​ហាក់​មាន​ប្រព័ន្ធ​យុត្តិធម៌​២​ក្នុង​សង្គម​តែមួយ គឺ​អ្នក​មាន​មាស​ប្រាក់ មាន​អំណាច​ឥទ្ធិពល អាច​រួច​ពី​សំណាញ់​ច្បាប់ រីឯ​ក្រុម​មនុស្ស​ក្រខ្សត់ គ្មាន​បក្ខពួក​ត្រូវ​ស្ថិត​ក្នុង​សំណាញ់​ច្បាប់​។​

កូនង៉ា​អាយុ​៥​ខែ​ស្លាប់​បន្ទាប់​ពី​មន្ទីរពេទ្យ​មិន​ទទួល​ឱ្យ​សម្រាក

ករណី​​ឧកញ៉ា គិត ធាង មានទោស​ត្រូវ​ដេក​គុក តែ​បែរជា​បាន​ដេក​នៅ​មន្ទីរពេទ្យ​វិញ​នេះ ក៏​មាន​សំណុំរឿង​ជាច្រើន​ទៀត​ដែល​អ្នក​ជាប់​ឃុំ​ឈឺ​ពិត តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរ​ពេទ្យ​រហូតដល់​បណ្ដាល​ឱ្យ​អ្នកជំងឺ​ស្លាប់​ទៀត​ផង​ក៏​មាន។

ឧទាហរណ៍​៖ ករណី​ទារិកា​អាយុ​៥​ខែ​ម្នាក់​ដែល​ជាប់ឃុំ​នៅ​គុក​ព្រៃ​ស​ជាមួយ​ម្ដាយ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​រុស្សី​កាលពី​ថ្ងៃទី២៦ ខែ​មករា ឆ្នាំ​២០២០​។ ដំបូង​ឡើយ នៅពេល​នាង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រុស្សី​លើក​ទី​១ គ្រូពេទ្យ​រក​ឃើញ​ថា ទារិកា​រូប​នោះ​បាក់ឆ្អឹង​ភ្លៅ​ម្ខាង ហើយក៏​បញ្ជូន​នាង​ឱ្យ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ដែល​នៅ​ទីនោះ​គ្រូពេទ្យ​បាន​មើល​ព្យាបាល ប៉ុន្តែ​បដិសេធ មិន​ទទួល​ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ បើ​ទោះ​ជា​មានការ​ស្នើសុំ​ពី​បុគ្គលិក​ពន្ធនាគារ​ក្ដី ដោយ​មន្ទីរពេទ្យ​សម្អាង​ថា ខ្វះ​គ្រែ។ ទាំង​ម្ដាយ​ទាំង​កូនង៉ា​ត្រូវ​បាន​បញ្ជូន​ឱ្យទៅ​ដេក​ក្នុង​គុក​វិញ។ មួយ​សប្ដាហ៍​ក្រោយ​មក​ទារិកា​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ មាន​គ្រុនក្ដៅ និង​ក្អក។ មន្ត្រី​ពន្ធនាគារ​បាន​នាំ​ម្ដាយកូន​ទៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ម្ដងទៀត​។ គ្រូពេទ្យ​នៅ​ទីនោះ​ពិនិត្យមើល​ទារិកា​មួយ​ភ្លែត ហើយ​ណាត់​ឱ្យមក​ជួប​ទៀត​ក្នុង​រយៈពេល​បី​សប្ដាហ៍ ដោយ​មិន​ទទួល​ឱ្យ​សម្រាក​ទេ។ នៅ​ថ្ងៃទី​២៥ មករា ខណៈ​នៅក្នុង​គុក​ព្រៃ​ស ទារិកា​អាយុ​៥​ខែ​នេះ ចាប់ផ្ដើម​ពិបាក​ដកដង្ហើម ហើយ​បាត់បង់​ស្មារតី​។ គ្រូពេទ្យ​ក្នុង​ពន្ធនាគារ​ចាប់ផ្ដើម​ដាក់​សេរ៉ូម ហើយ​នាំ​ត្រឡប់​ទៅ​មន្ទីរ​រុស្សី​។ ម្ដងនេះ​ខាង​មន្ទីរពេទ្យ​បាន​អនុញ្ញាត​ឱ្យ​ទាំង​ម្ដាយ​ទាំង​កូនតូច​ដែល​ឈឺ​ស្នាក់នៅ​ព្យាបាល​ទីនោះ។ ប៉ុន្តែ​ជំងឺ​របស់​នាង​បាន​ឈាន​ដល់​ដំណាក់​ធ្ងន់ធ្ងរ​ទៅ​ហើយ​។ នាង​បាន​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃទី​២៦ មករា ឆ្នាំ​២០២០​។ គ្រូពេទ្យ​មន្ទីរពេទ្យ​រុស្សី​បញ្ជាក់​ថា ទារិកា​អាយុ​៥​ខែ​នេះ​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត និង​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​។

ទារិកា​អាយុ​៥​ខែ​ដែល​ស្លាប់​នេះ នាង​រស់នៅ​ក្នុង​គុក​ជាមួយ​ម្ដាយ​របស់​នាង​ដែល​រង់ចាំ​ការ​ជំនុំជម្រះ​ក្ដី​តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០១៩ ជាប់ចោទ​ពី​បទ​កាន់កាប់​ថ្នាំញៀន​មេតាំហ្វេតាមីន (Methamphetamine) មួយ​កញ្ចប់​តូច​ដែល​មាន​តម្លៃ​ស្មើនឹង​១០.០០០ (​មួយ​ម៉ឺន​) រៀល ឬ ២​ដុល្លារ​ប្រាំ​កាក់។ បើ​ប្រៀបធៀប​ជាមួយ​សំណុំរឿង​គ្រឿងញៀន​ជិត​៥០​គីឡូក្រាម​របស់​​ឧកញ៉ា គិត ធាង ខុសគ្នា​ដូច​មេឃ​នឹង​ដី ទាំង​បទល្មើស និង​ស្ថាន​ទម្ងន់ទោស ប៉ុន្តែ​បែរជា​ឧកញ៉ា​រូប​នេះ​អាច​រស់នៅ​ក្រៅ​ពន្ធនាគារ រី​ឯ​ទារក​អាយុ​ប្រាំ​ខែ​ខ្វះ​ការ​យកចិត្តទុកដាក់​ទៅវិញ។

ករណី​តុលាការ​យកចិត្តទុកដាក់​ពិសេស​ដល់​អ្នកមាន​លុយ មាន​អំណាច តែ​តឹងតែង​ចំពោះ​អ្នកក្រ​ទន់ខ្សោយ គ្មាន​អំណាច គ្មាន​បក្ខ​ពួក​នេះ មិនមែន​មានតែ​​ឧកញ៉ា គិត ធាង ម្នាក់​ប៉ុណ្ណោះ​ទេ។ ករណី​លេច​ធ្លោរ​ស្រដៀង​គ្នា​នេះ​មួយទៀត គឺ​សំណុំរឿង​របស់​​ឧកញ៉ា ថោង សារ៉ាត់។ ​ឧកញ៉ា ថោង សារ៉ាត់ ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ឃុំខ្លួន​នៅ​ថ្ងៃទី ១៧ មេសា ឆ្នាំ​២០១៥ និង​ក្រោយមក​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត ដោយ​ជាប់ចោទ​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន ក្នុង​សំណុំរឿង​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ ដែល​ជា​ថៅកែ​ស៊ីម៉ងត៍​ត្បូងពេជ្រ កាល​ពី​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

ថ្វី​ដ្បិត​មាន​ទោស​ឧក្រិដ្ឋ ហើយ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក៏ដោយ ក៏​ភាគ​ច្រើន​បំផុត​នៃ​ពេលវេលា​អនុវត្ត​ទោស ពី​ពេល​ចាប់ខ្លួន​ក្នុង​ខែ​មេសា ឆ្នាំ​២០១៥ រហូត​ដល់​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៩ លោក ថោង សារ៉ាត់ មិន​បាន​រស់នៅ​ក្នុង​ពន្ធនាគារ​ឡើយ​។ លោក​ទទួល​បាន​សិទ្ធិ​ពិសេស​ឱ្យ​រស់នៅ​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់ ស្ថិតនៅ​ក្បែរ​ខុន​ដូ​កំពុង​សាងសង់​របស់​លោក រហូតដល់​ខែមេសា ឆ្នាំ​២០១៧ នៅ​ពេល​ដែល​លោក​បាន​ផ្លាស់ប្ដូរ​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសមៈ ដែល​មាន​បន្ទប់​ឯកជន​ទំនើប​ផ្ទាល់ខ្លួន​រស់​យ៉ាង​សុខ​ស្រួល​ទៀត​ផង​។ ជាប់ទោស​ឧក្រិដ្ឋ​តែ​មាន​សេរីភាព​រស់នៅ​ក្រៅ​គុក​ប៉ុណ្ណេះ​ហើយ នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ​សម្រាប់​អ្នកមាន​លុយ​មានអំណាច​រូប​នេះ​។ នៅ​ថ្ងៃទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ សាលាឧទ្ធរណ៍​បាន​ជួយ​ឱ្យ​លោក​មាន​សេរីភាព​ថែម​ឡើង​វិញ ដោយ​បាន​សម្រេច​ដោះលែង​លោក​ឱ្យ​នៅ​ក្រៅ​ឃុំ ដោយ​សំអាង​ថា​៖ ជនជាប់ចោទ ថោង សារ៉ាត់ មាន​បញ្ហា​សុខភាព​ទ្រុឌទ្រោម និង​សំណុំរឿង​មាន​ភាព​ស្មុគស្មាញ ដែល​ត្រូវ​ការ​ស៊ើបអង្កេត​បន្ថែម។

ការប្រើ​ឆន្ទៈ​អនុគ្រោះ​សន្ដោស​ប្រណី​របស់​តុលាការ​នេះ​កម្រ​អនុវត្ត​ចំពោះ​សំណុំរឿង​សកម្មជន​ការពារ​សិទ្ធិមនុស្ស ឬ​សកម្មជន​តស៊ូ​មតិ​ណាស់។ ជាក់ស្ដែង មេ​សហជីព​លោក រ៉ុង ឈុន ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ​ដោយសារ​និយាយ​ពី​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម ហើយ​បច្ចុប្បន្ន​មាន​ជំងឺ​ភ្នែក​ផង​ទៀត​នោះ ក៏​ធ្លាប់​បាន​ស្នើសុំ​តុលាការ​នៅ​ក្រៅ​ឃុំ​ខណៈ​រង់ចាំ​ការ​ជំនុំជម្រះ​ដែរ តែ​តុលាការ​បដិសេធ​។ ចំណែក​​ឧកញ៉ា ថោង សារ៉ាត់ និង​​ឧកញ៉ា គិត ធាង ដែល​សុទ្ធតែ​មានទោស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ម្នាក់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ឯ​ម្នាក់ទៀត​ពាក់ព័ន្ធ​នឹង​អំពើ​សម្លាប់​មនុស្ស តែ​ពួកគេ​ទាំងពីរ​នាក់​មិនបាន​អនុវត្ត​ទោស​នៅក្នុង​ពន្ធនាគារ ដូច​លោក រ៉ុង ឈុន ទេ។

ករណី​រដ្ឋអំណាច និង​តុលាការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ ឬ​មិន​ស្មើភាព​គ្នា​ក្នុង​រឿង​ព្រហ្មទណ្ឌ​នេះ​នៅ​មាន​ទៀត​។ សំណុំរឿង​លេចធ្លោ​មួយទៀត គឺ​ករណី​ហិង្សា​ស្រោច​ទឹក​អាស៊ីដ​លើ​តារាចម្រៀង​ខារ៉ាអូខេ កញ្ញា តាត ម៉ារីណា តារា ដែល​ជនល្មើស​គឺ​លោក ស្រី ឃួន សុផល និង​បក្ខពួក កាលពី​ឆ្នាំ​១៩៩៩ នៅ​ក្រុងភ្នំពេញ ព្រោះ​រឿង​ស្នេហា​ត្រីកោណ​។ ផ្ទៃ​មុខ​ស្រស់​ផូរផង់​របស់​កញ្ញា តាត ម៉ារីណា ដែល​ពេល​នោះ​មាន​វ័យ​១៦​ឆ្នាំ ត្រូវ​បំផ្លាញ​ខ្ទេច​ទាំងស្រុង​ដោយ​ទឹក​អាស៊ីដ​។ ក្រោម​សំពាធ​របស់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ជនល្មើស ឃួន សុផល ដែល​ត្រូវជា​ប្រពន្ធ​មន្ត្រីជាន់ខ្ពស់​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ស្វាយ ស៊ីថា ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០០០ បើក​សវនាការជំនុំជម្រះ​កំបាំងមុខ​ស្ងាត់ៗ ដោយ​គ្មាន​វត្តមាន​ជនជាប់ចោទ និង​ជនរងគ្រោះ​។ តុលាការ​ពេល​នោះ បានសម្រេច​ផ្ដន្ទាទោស​ជនល្មើស​ឈ្មោះ ឃួន សុផល រយៈពេល​មួយឆ្នាំ និង​ព្យួរទោស​រយៈពេល ៥​ឆ្នាំ។ អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ លោក ជីវ កេង តាម​កញ្ចក់​ទូរទស្សន៍​អប្សរា នៅ​ចុង​ឆ្នាំ​២០១១ ថ្លែង​ថា សមត្ថកិច្ច​កម្ពុជា​បា​នរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​តាមផ្លូវ​ច្បាប់​៖ «ករណី​ជះ​ទឹក​អាស៊ីដ​លើក​កញ្ញា តាត ម៉ារីណា នេះ ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ ធ្វើការ​ជំនុំជម្រះ​ចប់​សព្វគ្រប់​អស់ហើយ តាម​សាលក្រម​លេខ ៧៨.​ជ ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០០០ ហើយ​សាលក្រម​នេះ​បាន​ចូល​ជា​ស្ថាពរ​ទៅ​ហើយ ហើយ​សម្រេច​ផ្ដន្ទាទោស​ជនល្មើស​ឈ្មោះ ឃួន សុផល រយៈពេល​មួយឆ្នាំ ហើយ​ព្យួរទោស​ដោយ​សាកល្បង​រយៈ​ពេល ៥​ឆ្នាំ។ អ៊ីចឹង​មានការ​អនុវត្ត​ចប់់​សព្វគ្រប់​អស់ហើយ»

ការប្រៀបធៀប​រវាង​សំណុំរឿង ឃួន សុផល នឹង​ឡុង គន្ធា

ការវាយប្រហារ​ដោយ​ស្រោច​ទឹក​អាស៊ីដ ប៉ុនប៉ង​ផ្ដាច់ជីវិត​កញ្ញា​តាត ម៉ារីណា ហៀប​បណ្ដាល​ឱ្យ​នាង​ស្លាប់​ទៅ​ហើយ​នោះ គឺជា​បទល្មើស​ត្រៀម​ទុក​មុន ត្រូវ​បាន​អ្នកច្បាប់​យល់ថា គួរតែ​ជា​បទឧក្រិដ្ឋ​កម្រិត​ធ្ងន់។ ជនល្មើស​ឈ្មោះ ឃួន សុផល និង​បក្ខពួក បាន​ត្រៀមកម្លាំង​និង​សំភារៈ មាន​ការ​ទិញ​ទឹក​អាស៊ីដ​ជា​អាវុធ និង​ប្រើប្រាស់​រថយន្ត ជាដើម ដើម្បី​ធ្វើ​សកម្មភាព​ខុសច្បាប់​នេះ​។ ប៉ុន្តែ​តុលាការ​បានឱ្យ​លោកស្រី ឃួន សុផល មានទោស​ត្រឹម​ថ្នាក់​មជ្ឈិម និង​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១ ឆ្នាំ ប៉ុណ្ណោះ​។ ហើយ​ទោស ១ ឆ្នាំនេះ​សោត​ជា​ទោស​ព្យួរ​ទៀត​ផង គឺជា​ការ​ផ្ដន្ទាទោស​បែប​និមិត្តរូប បែប​សិប្ប​និមិត្ត ពីព្រោះ​ជនល្មើស​មិន​បាន​អនុវត្ត​ទោស​នៅក្នុង​គុក​ទេ។

សាលក្រម​ព្យួរទោស​នេះ​កម្រ​ត្រូវ​បាន​តុលាការ​ប្រើ​ទៅលើ​សំណុំរឿង​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ ដូចជា​អ្នកការពារ​ភោគទ្រព្យ​ធម្មជាតិ ជាដើម​។ ករណី​សកម្មជន​ការពារ​បរិស្ថាន​កញ្ញា ឡុង គ​ន្ធា ជា​ឧទាហរណ៍​។ ផ្ទុយគ្នា​ស្រឡះ​ពី​លោកស្រី ឃួន សុផល ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាក់ស្ដែង កញ្ញា ឡុង គន្ធា ឯណោះ​វិញ​ពុំ​បាន​ធ្វើ​សកម្មភាព​ហិង្សា​អ្វី​ទាំងអស់ ប៉ុន្តែ​នាង​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ជិត​២​ឆ្នាំ។ កញ្ញា ឡុង គន្ធា ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​មួយថ្ងៃ​បន្ទាប់ពី​នាង​ប្រកាស​ថា នាង​នឹង​ដើរ​ម្នាក់ឯង​ពី​វត្តភ្នំ​ទៅ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ស្លៀកពាក់​ពណ៌​ស ដើម្បី​ស្នើ​សុំ​លោកនាយក​រដ្ឋមន្ត្រី​បញ្ឈប់​ការ​លុប​បឹង​តាមោក។ មិន​ទាន់​ទាំង​បាន​ដើរ​ផង អាជ្ញាធរ​បាន​ចាប់​កញ្ញា ឡុង គន្ធា និង​សហការី​របស់​នាង​ពីរ​នាក់​ទៀត​នៅ​ថ្ងៃទី​៣ កញ្ញា​។ ជាង​៩​ខែក្រោយ​ការ​ឃុំខ្លួន ទាំង​ហួស​នីតិវិធី​ផង​នោះ ទើប​ចៅក្រម​ជំនុំជម្រះ លោក លិ សុខា កាត់ទោស កញ្ញា ឡុង គ​ន្ធា ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៨​ខែ ពី «​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»

ទំនង​ប្រហែលជា​មាន​តែ​នៅ​កម្ពុជា​ទេ ដែល​ស្ត្រី​វ័យក្មេង​ម្នាក់ ប្រកាស​ថា នឹង​ដើរ​តែម្នាក់ឯង​ដោយ​សន្តិវិធី ទៅផ្ទះ​នាយករដ្ឋមន្ត្រី​ដើម្បី​សុំ​ឱ្យ​ជួយ​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​មាន​ទោស​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ទៅ​វិញ​នោះ​។ តើ​មនុស្ស​ម្នាក់​ដែល​មាន​វិចារណញ្ញាណ​អាច​ជឿ​ថា ការ​ប្រកាស​របស់​កញ្ញា ឡុង គន្ធា (​ទាំង​នាង​មិន​ទាន់​បាន​ដើរ​ផង​នោះ​) អាច​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដូច​ការ​ចោទប្រកាន់​នោះ​ទេ? អ្វី​ដែល​ច្បាស់​នោះ គឺ​ក្រោយ​ការប្រកាស​ដើរ​ម្នាក់ឯង​របស់​នាង គឺ​ពុំ​មាន​ចលាចល​ណាមួយ​កើតឡើង​ទេ។ មេធាវី និង​ក្រុម​សិទ្ធិមនុស្ស មើលឃើញ​ថា កញ្ញា ឡុង គន្ធា ពុំ​បាន​ប្រព្រឹត្ត​បាន​បទល្មើស​អ្វី​ទាំងអស់ ប៉ុន្តែ​តុលាការ​បាន​កាត់ទោស​នាង​ដាក់គុក ១៨​ខែ ដែល​នាង​កំពុង​ស្ថិត​ពន្ធនាគារ​នៅ​ឡើយ​។ ប៉ុន្តែ​លោកស្រី ឃួន សុផល ដែល​បាន​ប្រើ​ហិង្សា​ស្រោច​ទឹក​អាស៊ីដ​បំផ្លាញ​ជីវិត​កញ្ញា តាត ម៉ារីណា​នោះ បែរជា​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ដាក់​ពន្ធនាគារ​ត្រឹម ១​ឆ្នាំ ហើយ​មិន​បាច់​រស់នៅ​ក្នុង​មន្ទីរឃុំឃាំង​ទៀត​ផង។

ការ​ព្យួរ​ទោស ជាទូទៅ​គឺ​សម្រាប់​អនុវត្ត​សម្រាប់​អ្នក​ប្រព្រឹត្ត​ល្មើសច្បាប់​ស្រាលៗ និង​ជា​លើក​ទី​១ ឬ​អ្នក​ដែល​ទទួលស្គាល់​កំហុស​របស់​ខ្លួន។ ប៉ុន្តែ​នៅ​កម្ពុជា គេ​សង្កេត​ឃើញ​ថា តុលាការ​ជារឿយៗ​សម្រេច​ដាក់ទោស​ព្យួរ ឬ​ឱ្យ​នៅ​ក្រៅ​ឃុំ​ទៅលើ​ក្រុម​ឧកញ្ញ៉ា និង​អ្នក​មាន​អំណាច ឬ​ញាតិមិត្ត​របស់​អ្នកមាន​ឥទ្ធិពល ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ល្មើសច្បាប់​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដូចជា​ឧកញ៉ា ថោង សារ៉ាត់ ឧកញ៉ា គិត ធាង និង​លោកស្រី ឃួន សុផល ដែល​ប្រពន្ធ​របស់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល លោក ស្វាយ ស៊ីថា ជាដើម។

ផ្ទុយទៅវិញ គេ​កម្រ​ឃើញ​តុលាការ​ដាក់ទោស​ព្យួរ ឬ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​ដល់​សកម្មជន​បក្ស​ប្រឆាំង ឬ​អ្នកតស៊ូ​មតិ​ផ្នែក​ការពារ​សិទ្ធិមនុស្ស និង​ធនធានធម្មជាតិ​ណាស់។

ការ​ដាក់​ទោស​ព្យួរ ឬ​ឱ្យ​នៅ​ក្រៅ​ឃុំ គឺ​ស្ទើរតែ​ស្មើ​នឹង​មាន​សេរីភាព​ពេញលេញ​ធម្មតា​របស់​ទណ្ឌិត​។ ទោះជា​យ៉ាងណា ក្រមព្រហ្មទណ្ឌ​កម្ពុជា​អនុញ្ញាត​ឱ្យ​ចៅក្រម​អាច​ធ្វើ​បែប​នេះ​បាន ប៉ុន្តែ​ត្រូវ​ធ្វើ​ដោយ​ស្មើភាព គ្មាន​ការរើសអើង ប្រកបដោយ​យុត្តិធម៌ និង​សច្ចធម៌។

ការដែល​ឧកញ៉ាៗ និង​អ្នក​មាន​អំណាច​ចេះតែ​រួចខ្លួន​បែប​នេះ ក៏​ដោយសារតែ​អំណាច​គ្រប់គ្រង​រដ្ឋ​ប្រមូលផ្ដុំ​នៅក្នុង​កណ្ដាប់ដៃ​អង្គ​នីតិប្រតិបត្តិ ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ចំណែក​រដ្ឋសភា និង​តុលាការ​ក្លាយ​ជា​ស្ថាប័ន​រណប​របស់​រដ្ឋាភិបាល​ទៅវិញ ដែល​ផ្ទុយ​ពី​ស្មារតី​រដ្ឋធម្មនុញ្ញ។ សម្រាប់​តុលាការ លោកនាយក​រដ្ឋមន្ត្រី​បញ្ជា​ឱ្យ​ចាប់​នរណា​ក៏បាន ចាប់​ថ្មើរ​ណា​ក៏បាន​មិន​ខ្វល់​ពេល​យប់ ឬ​ពេល​ថ្ងៃ ចាប់​អត់​ដីកា ចាប់​មិន​ចាំបាច់​សុំ​អភ័យឯកសិទ្ធិ​ពី​សភា និង​បញ្ជា​ឱ្យ​ដោះលែង​ពេលណា​ក៏បាន។

សម្រាប់​រដ្ឋសភា​វិញ​មិន​ខុសគ្នា​ពី​តុលាការ​ទេ។ ខាង​រដ្ឋាភិបាល​ចង់​ប្រើ​ឱ្យ​ស្ថាប័ន​នីតិប្បញ្ញត្តិ​នេះ​អនុម័ត​ច្បាប់​អី​ក៏បាន ឬ​កែ​រដ្ឋធម្មនុញ្ញ​ពេលណា​ក៏បាន ទោះជា​ផ្ទុយ​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ក៏​ដោយ​ចុះ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អាច​សប្បាយ​ត្រេកត្រអាល​នឹង​អំណាច​ដែល​លោក​កំពុង​ក្ដោប​ក្ដាប់​ណែន​ដៃ ដែល​គ្មាន​នរណា​ហ៊ាន​ជំទាស់​នេះ។ ប៉ុន្តែ​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​មើលឃើញ​ថា សម្រាប់​អនាគត​កម្ពុជា មិនល្អ​នោះ​ទេ ពីព្រោះ​នៅពេល​មានការ​អនុវត្តន៍​ច្បាប់​មិន​ស្មើគ្នា ឬ​មាន​ស្តង់ដារ​ពីរ អយុត្តិធម៌​ក្នុង​ចិត្ត​មនុស្ស​នឹង​កើតមាន អយុត្តិធម៌​ក្នុង​ចិត្ត​ដុត​ឱ្យ​មាន​កំហឹង ហើយ​កំហឹង​ជំរុញ​ឱ្យ​មាន​អំពើ​ហិង្សា ដែល​អាច​បណ្ដាល​ឱ្យ​មាន​អស្ថិរភាព​សង្គម​។ ថ្មីៗ​នេះ មាន​ពលរដ្ឋ និង​អ្នកវិភាគ​អ្នកវិភាគ​មួយចំនួន បាន​លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរតែ​យក​តួនាទី និង​ពេលវេលា​ដែល​នៅ​សេសសល់​របស់​លោក​រៀប​ចំ​ប្រទេសជាតិ​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ រួមមាន​ការ​ពង្រឹង​នូវ​ការគោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ ឱ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ ដើម្បី​ឱ្យ​មាន​សមធម៌​សង្គម​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ដែល​មនុស្ស​ជំនាន់​ក្រោយ​នោះ​ក៏​មាន​កូនចៅ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ផង​ដែរ។

ប៉ុន្តែ​ប្រហែលជា​ទៅ​មិន​រួច​ទេ ដែល​ចង់ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​គោរព​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ​នោះ ពីព្រោះ​នោះ​គឺ​ស្មើនឹង​សុំ​ឱ្យ​លោក និង​គណបក្ស​របស់​លោក​ឈប់​បង្គាប់​បញ្ជា ឬ​ជ្រៀតជ្រែក​កិច្ចការ​តុលាការ និង​រដ្ឋសភា។ ដរាបណា​លោកនាយក​រដ្ឋមន្ត្រី មិន​ហ៊ាន​លះបង់​ប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន និង​បក្ស​របស់​ខ្លួន ហើយ​ងាក​ទៅ​ជួយ​ពង្រឹង​អំណាច​របស់​តុលាការ និង​រដ្ឋសភា​ទេ​នោះ ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ ឬ​ភាព​មិន​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ នឹង​នៅ​មាន​យូរអង្វែង​ទៅ​មុខ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។