តុលាការ​ដោះលែង​ឧកញ៉ា គិត ធាង ដែល​ជា​មេ​ក្លោង​ចែកចាយ​គ្រឿងញៀន

0:00 / 0:00

បងប្រុស​របស់​ឧកញ៉ា គិត ម៉េង និង​ជា​ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ក (ROCK) ឧកញ៉ា គិត ធាង ដែល​ជាប់ចោទ​ក្នុង​សំណុំរឿង​គ្រឿងញៀន​ជិត​៥០​គីឡូក្រាម​នោះ ត្រូវ​បាន​សាលាឧទ្ធរណ៍ សម្រេច​ដោះលែង​ដោយ​ស្ងាត់ៗ កាល​ពី​ដើម​សប្តាហ៍​នេះ​។ នេះ​បើ​តាម​ប្រភព​ដែល​គួរ​ឲ្យ​ទុកចិត្ត បាន​ទម្លាយ​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី​១៤ ឧសភា​។ មន្ត្រី​សិទ្ធិមនុស្ស និង​គ្រួសារ​របស់​សកម្មជន​បរិស្ថាន​ដែល​កំពុង​ជាប់ឃុំ រិះគន់​ថា ករណី​នេះ គឺជា​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ។

វា​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ​ចំពោះ​ប្រព័ន្ធ​តុលាការ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​គេ​ដឹង​ថា ពេល​អ្នក​មាន​លុយ​មានអំណាច ប្ដឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍​ឬ​តុលាការ​កំពូល​នោះ លទ្ធផល​ភាគច្រើន គឺ​តុលាការ​ជាន់ខ្ពស់ តែងតែ​ជួយ​បន្ថយ​ពី​ទោស​ធ្ងន់​មក​ស្រាល ឬ​ដោះលែង​តែម្តង។ ផ្ទុយទៅវិញ ក្រុម​ជន​ជាប់ឃុំ​ដែល​មាន​ជីវភាព​ក្រីក្រ និង​ជន​ជាប់ឃុំ​ដោយសារ​រឿង​នយោបាយ និង​សង្គម គឺ​ភាគច្រើន​ឲ្យ​តែ​សាលាដំបូង​សម្រេច​យ៉ាងណា​ហើយ ពេល​ប្ដឹង​បន្ត​ទៅ​តុលាការ​ជាន់ខ្ពស់​នោះ លទ្ធផល​ភាគច្រើន អាច​នៅ​ដដែល ឬ​ជួនកាល​អាច​ផុងខ្លួន​ជាង​មុន​ផង​ក៏​មាន។

ករណី​ជាក់ស្តែង គឺ​ឧកញ៉ា គិត ធាង ដែល​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ឲ្យ​លោក​ជាប់ពន្ធនាគារ​រយៈ​ពេល​៤​ឆ្នាំ ពី​បទ​ចាត់ចែង​សម្របសម្រួល​ឲ្យ​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ និង​សមគំនិត ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជិត​៥០ (៤៩,៤៤) គីឡូក្រាម នៅក្នុង​ក្លឹប​កម្សាន្ត​របស់​ខ្លួន​នោះ ទើបតែ​ត្រូវ​បាន​តុលាការ​ជាន់ខ្ពស់ សម្រេច​ដោះលែង​ដោយ​ស្ងាត់ៗ​។​

ប្រភព​ដែល​គួរ​ឲ្យ​ទុកចិត្ត បាន​ទម្លាយ​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី​១៤ ឧសភា​ថា សាលាឧទ្ធរណ៍ បាន​សម្រេច​កាត់ទោស​តម្រឹម​ដោយ​ឲ្យ​លោក គិត ធាង អនុវត្ត​ទោស​រយៈពេល​តែ​២​ឆ្នាំ​ប៉ុណ្ណោះ ចំណែក​ទោស​នៅសល់ ត្រូវ​ព្យួរ​ជា​ធម្មតា​។ ប្រភព​ដដែល បន្ត​ថា សម្រាប់​ជនជាប់ចោទ​ប្រមាណ​ជិត ៣០​នាក់​ផ្សេងទៀត ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ជាមួយ​លោក គិត ធាង ដែរ​នោះ មិន​ត្រូវ​បាន​ដោះលែង​នោះ​ទេ។

អាស៊ីសេរី មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ លោក ជូ ប៊ុនរីន ដើម្បី​បញ្ជាក់​រឿង​នេះ​បាន​នៅឡើយ​ទេ។ រីឯ​មេធាវី​ការពារ​ក្តី​របស់​ឧកញ៉ា គិត ធាង គឺ​អ្នកស្រី ទី គឹមស្រ៊ាន អះអាង​ថា អ្នកស្រី មិន​បាន​ដឹង​រឿង​នេះ​ទេ ព្រោះ​អ្នកស្រី បាន​ដកខ្លួន​ឈប់​ធ្វើជា​មេធាវី​របស់​គាត់​រយៈពេល​ពីរ​ទៅ​បី​ខែ​មក​ហើយ។

លោក គិត ធាង គឺជា​បងប្រុស​បង្កើត​របស់​ឧកញ៉ា គិត ម៉េង ដែល​ជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នៅ​កម្ពុជា និង​មាន​ទំនាក់ទំនង​ជិត​ស្និត​ជាមួយ​ក្រុម​គ្រួសារ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ សមត្ថកិច្ច បាន​ចាប់​ឃុំខ្លួន​លោក គិត ធាង កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ ។​បន្ទាប់​មក កាល​ពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្ដន្ទាទោស​ឲ្យ​លោក គិត ធាង ជាប់​ពន្ធនាគារ​រយៈពេល​៤​ឆ្នាំ ពី​បទ​ចាត់ចែង​សម្របសម្រួល​ឲ្យ​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ និង​សមគំនិត​ពាក់ព័ន្ធ ករណី​គ្រឿងញៀន​ជិត​៥០ (៤៩,៤៤)​គីឡូក្រាម ដែល​សមត្ថកិច្ច​ឆ្មក់​ចូល​បង្ក្រាប​បាន​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់។

ទោះជា​យ៉ាងណា ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មក ទណ្ឌិត​មាន​ងារ​ជា​ឧកញ៉ា​រូប​នេះ បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ប៉េហ្ស៊ី (PJ)​រយៈពេល​ប្រមាណ​កន្លះ​ខែ​ប៉ុណ្ណោះ​។ លោក គិត ធាង ត្រូវ​បាន​បញ្ជូន​ចេញពី​ពន្ធនាគារ ទៅ​រស់នៅ​ក្នុង​បន្ទប់​ពិសេស​វី​.​អាយ​.​ភី​(VIP) នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត ឬ​ហៅថា មន្ទីរពេទ្យ​រុស្ស៊ី ចាប់តាំងពី​ថ្ងៃទី​១​ខែមេសា ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃ​ដែល​តុលាការ សម្រេច​ដោះលែង​លោក​តែម្តង ក្រោម​ហេតុផល​ថា មាន​ជំងឺ​សួត និង​ស្ទះ​ដង្ហើម។ សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​ធ្លាប់​បាន​ចុះផ្សាយ​ដោយ​ស្រង់​សម្ដី​បុគ្គលិក​ពេទ្យ​រុស្ស៊ី​ថា លោក គិត ធាង គ្មាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​លោក គិត ធាង មិន​ព្រម​ត្រឡប់​ទៅ​វិញ ព្រោះ​លោក​មាន​សមត្ថភាព​ជួល​បន្ទប់​ពិសេស​របស់​មន្ទីរពេទ្យ ដើម្បី​ស្នាក់នៅ​ដែល​អាច​ងាយស្រួល​ជាង​ការ​រស់នៅ​ក្នុង​ពន្ធនាគារ។

ប្រពន្ធ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី ថ្លែង​ថា ករណី​តុលាការ​ដោះលែង​លោក ឧកញ៉ា​គិត ធាង ពាក់ព័ន្ធ​នឹង​សំណុំ រឿង​ចែកចាយ​គ្រឿងញៀន ប៉ុន្តែ​បែរជា​បន្ត​ឃុំខ្លួន​ប្តី​លោកស្រី និង​យុវជន​ផ្សេងទៀត​ដោយសារ​ការ​ចូលរួម​ការពារ​បរិស្ថាន​នោះ គឺ​បង្ហាញ​យ៉ា​ងច្បាស់​អំពី​ការអនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ។ លោកស្រី​ទទូច​ស្នើសុំ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ដោះលែង​ប្តី​និង​សកម្មជន​បរិស្ថាន​ទាំងអស់​ឲ្យ​មាន​សេរីភាព​និង​ជួបជុំ​គ្រួសារ​ឡើងវិញ ដើម្បី​បង្ហាញ​ពី​ការគោរព​សិទ្ធិមនុស្ស ការអនុវត្ត​ច្បាប់​ដោយ​ស្មើភាព និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​ក្នុង​ពន្ធនាគារ៖ « ប្តី​នាង​ខ្ញុំ​ការពារ​បរិស្ថាន​សោះ ហើយ​បើ​និយាយ​ពី​ទោស​វិញ អត់​មានទោស​កំហុស​អី​ដែល​ត្រូវ​ចាប់​គាត់​ទេ ប៉ុន្តែ​គេ​ចាប់​យក​ទៅ​ដាក់​ពន្ធនាគារទាំង​ដែល​យើង​អត់​មាន​ទោស​កំហុស​អី។ ចំពោះ​អ្នក​មាន​អំណាច​អ្នកជួញដូរ​គ្រឿងញៀន ដូចជា​លោក គិត ធាង ដែល​ជា​ម្ចាស់​ក្លិប​កម្សាន្ត​រ៉ក​នេះ មាន​ទោស ជួញដូរ​គ្រឿងញៀន បែរជា​គាត់​បាន​នៅ​ក្រៅ​ឃុំ នៅ​សម្រាក​នៅ​មន្ទីរពេទ្យ បាន​ជួប​កូនចៅ​ហើយ​មាន​របស់ទំនើបៗ​ប្រើ ដូច្នេះ​យើង​មើល​ឃើញ​ថា វា​ជា​រឿង​អយុត្តិធម៌ មែនទែន សម្រាប់​យុវជន​ទាំងអស់ មិនមែន​តែ​ប្តី​ខ្ញុំ​ទេ ដែល​ការពារ​និង​ស្រលាញ់​ធនធាន​ធម្មជាតិ ត្រូវ​បាន​កាត់ទោស​ដោយ​អយុត្តិធម៌»។

ជុំវិញ​ករណី​នេះ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO)​លោក អំ សំអាត មាន​ប្រសាសន៍ថា វា​មិនមែន​ជា​រឿង ចម្លែក​នោះ​ទេ ព្រោះ​លោក​សង្កេត​ឃើញ​ថា ទណ្ឌិត​ដែល​មាន​ងារ​ជា​ឧកញ៉ា មិនដែល​ជាប់​ពន្ធនាគារ​បាន​យូរ​ឡើយ ពោល​គឺ​ពួកគេ​តែងតែ​រស់នៅ​ក្នុង​មន្ទីរពេទ្យ ហើយ ទីបំផុត​តុលាការ ក៏​សម្រេច​ដោះលែង​វិញ ដូចជា​ករណី​ឧកញ៉ា ថោង សារ៉ាត់ ជាដើម៖ «វា​មិន​មានអី​ចម្លែក​ទេ ដែល​យើង​តាមដាន​ទៅ ប៉ុន្តែ​អ្វី​ដែល​យើង​ចាប់អារម្មណ៍​នោះ យើង​ឃើញ​ថា ដូចជា​សកម្មជន​ការពារ​សិទ្ធិមនុស្ស សកម្មជន​ការពារ​បរិស្ថាន ដូច​យើង​ឃើញ​ហើយ​ការ​កាត់ទោស​នោះ ទោះបីជា​បទល្មើស​វា​មជ្ឈិម ហើយ​យ៉ាងម៉េច​ក៏ដោយ ក៏​ការ​កាត់ទោស​នោះ យើង​ឃើញថា ការ សម្រេច​ទៅ​វា​ស្ទើរតែ​អតិបរិមា​នៃ​ទោស​ទាំងអស់ ហើយ​ធ្វើការ​ឃុំខ្លួន ដូច្នេះ​យើង​ឃើញថា វា​ជា​រឿង​មួយ​ធម្មតា​ដែល​គេ​រិះគន់​ថា ការ​អនុវត្ត​ច្បាប់​តែងតែមាន​ស្តង់ដារ​ពីរ»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល តែងតែ​ស្នើសុំ​ជារឿយៗ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព និង​ស្មើភាព ដើម្បី​បញ្ចៀស​ការរិះគន់​ដែល​ថា អ្នកមាន​លុយ និង​មានអំណាច តែងតែ​អាច​រួច​ផុត​ពី​ទោសទណ្ឌ និង​ដើម្បី​ធ្វើ​ឱ្យ​អ្នក​ទាំងនេះ​រាងចាល​លែង​ហ៊ាន​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។