អង្គការសង្គមស៊ីវិលស្នើសុំឱ្យក្រសួងពាក់ព័ន្ធ បង្កើតគណៈកម្មការស៊ើបអង្កេតចំពោះការអនុញ្ញាតឱ្យជនជាប់ចោទពីរនាក់មានងារជាឧកញ៉ា សម្រាកព្យាបាលជំងឺក្រៅពន្ធនាគារច្រើនខែមកហើយ។ ពួកគេសង្ស័យថា ករណីនេះមានភាពមិនប្រក្រតីច្រើន ព្រោះអ្នកទោសធម្មតា ឬអ្នកទោសមនសិការ កម្រទទួលបានសិទ្ធិពិសេស ដើម្បីដេកព្យាបាលជំងឺក្រៅគុកច្រើនខែបែបនេះឡើយ។
អង្គការសង្គមស៊ីវិល មានមន្ទិលសង្ស័យចំពោះមូលហេតុដែលម្ចាស់ក្លឹបកម្សាន្ត រ៉ក់ (ROCK) ឧកញ៉ា គិត ធាង ដែលជាប់ចោទពីបទសម្រួលឱ្យមានការប្រើគ្រឿងញៀន ក្នុងក្លឹបកម្សាន្តរបស់ខ្លួន និងឧកញ៉ា ថោង សារ៉ាត់ ដែលជាប់ចោទពីបទសម្លាប់មនុស្សនោះ ទទួលបានសិទ្ធិពិសេសសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យធំៗ របស់រដ្ឋជាច្រើនខែមកហើយ។
អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ក្រសួងពាក់ព័ន្ធមិនគួរធ្វើព្រងើយកន្តើយបែបនេះឡើយ ហើយគួរតែមានគណៈកម្មការចុះត្រួតពិនិត្យឱ្យបានច្បាស់អំពីមូលហេតុនៃការ បន្តឱ្យឧកញ៉ាទាំងពីររូបនេះសម្រាកព្យាបាលជំងឺក្រៅពន្ធនាគារ ដោយគ្មានពេលកំណត់។ លោកបន្តថា ប្រសិនបើក្រសួងពាក់ព័ន្ធមិនមានចំណាត់ការអ្វីទេ នឹងធ្វើឱ្យមានការរិះគន់កាន់តែខ្លាំងថា នៅកម្ពុជា គឺអ្នកដែលមានលុយ និងអំណាច តែងតែអាចរួចផុតពីការទទួលទោសទណ្ឌ ហើយធ្វើឱ្យអ្នកទាំងនេះ មិនរាងចាលក្នុងការប្រព្រឹត្តនូវអំពើល្មើសច្បាប់ឡើយ៖ «យើងមិនដឹងថា តើអំពើទាំងអស់នេះ មានពាក់ព័ន្ធនឹងផលប្រយោជន៍ឬអត់ទេ ប៉ុន្តែប្រសិនបើមានតម្រុយណាមួយចេញមកថា អំពើនៃការគេចវេះមិនទទួលទោសទណ្ឌទៅតាមផ្លូវច្បាប់នៅក្នុងពន្ធនាគារដោយសហការគ្នាជាប្រពន្ធក្នុងការឱ្យជនទទួលទាំងអស់នោះ រួចផុតពីការដាក់ទោសទណ្ឌទាំងអស់នេះគឺស្ថាប័នជាពិសេសខាងស្ថាប័ន ប្រឆាំងអំពើពុករលួយ គួរតែពិនិត្យមើលករណីនេះឡើងវិញ»។
កាលពីចុងសប្ដាហ៍មុន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា ប្រាប់អាស៊ីសេរីដដែលថា ពន្ធនាគារគ្មានលទ្ធភាពនាំខ្លួនឧកញ៉ា គិត ធាង និងឧកញ៉ា ថោង សារ៉ាត់ ចូលពន្ធនាគារវិញនោះទេ ប្រសិនបើខាងមន្ទីរពេទ្យ មិនចេញលិខិតអនុញ្ញាត។ លោកមើលឃើញថា ស្ថានភាពរបស់ឧកញ៉ាទាំងពីរនេះ មិនឈឺធ្ងន់ធ្ងរអ្វីនោះទេ ប៉ុន្តែលោកក៏មិនដឹងថា តើមូលហេតុអ្វីទើបខាងមន្ទីរពេទ្យបន្តឱ្យអ្នកទាំងពីរសម្រាកព្យាបាលទៀតនោះដែរ។
អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា បានទេ នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ដោយទូរស័ព្ទហៅចូលច្រើនដងតែពុំមានអ្នកទទួល។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ករណីនេះ គួរតែមានគណៈកម្មការឯករាជ្យមួយធ្វើការស៊ើបអង្កេត ដើម្បីចាត់ វិធានការច្បាប់ កុំឱ្យមានការរិះគន់ និងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។ លោកបន្តថា កន្លងមកអ្នកជាប់ពន្ធនាគារ មិនទទួលបានសេវាថែទាំសុខភាពស្មើគ្នានោះទេ ដោយអ្នកទោសក្រីក្រ និងអ្នកទោសនយោបាយ ខាងពន្ធនាគារកម្របញ្ជូនចេញទៅព្យាបាលនៅខាងក្រៅណាស់ គឺទាល់តែជំងឺនោះធ្ងន់ធ្ងរមិនអាចជៀសបាន ទើបបញ្ជូនទៅពិនិត្យរួចឱ្យថ្នាំ ហើយបញ្ជូនត្រឡប់ទៅពន្ធនាគារវិញ។ ដោយឡែក អ្នកមានលុយមានអំណាចវិញ អាចទទួលបានការអនុញ្ញាតឱ្យសម្រាកព្យាបាលនៅក្រៅពន្ធនាគារបានយូរ ដោយមិនកំណត់ពេលជាក់លាក់ឡើយ៖ «មនុស្សខ្ញុំមិនជឿថាព្យាបាលមិនជា ហើយចេះតែនៅក្នុងមន្ទីរពេទ្យរហូត ចុះអ្នកផ្សេងទៀតគាត់អត់មានលុយមានកាក់ហើយគាត់ឈឺដែរ ជួនកាលគាត់ឈឺ ធ្ងន់ធ្ងរបានបញ្ជូនមកមន្ទីរពេទ្យ ជួនកាលបានសម្រាកមួយយប់ជួនកាលបានពីរយប់ ហើយបានល្អប្រសើរបានបញ្ជូនទៅវិញ ដូច្នេះករណីឧកញ៉ានេះគេមើលមកវាស្ដែងពេកណាស់។ គួរតែគិតគួរយ៉ាងណាដើម្បីកុំឱ្យមានការរិះគន់ហើយធ្វើឱ្យស្មើភាពគ្នាចំពោះមុខច្បាប់ កុំឱ្យយើងអនុវត្តនូវតែមានស្តង់ដារពីរ។ ខ្ញុំគិតថា ឥឡូវនេះ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ ដែលត្រូវតែមានការស៊ើបអង្កេតទៅលើករណីនេះ»។
រីឯប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង អាស៊ីសេរី ហៅទៅទូរស័ព្ទលោកចូល ប៉ុន្តែមិនមានអ្នកទទួល។
ឧកញ៉ា គិត ធាង ត្រូវបានបញ្ជូនចេញពីពន្ធនាគារទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី តាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ក្រោមហេតុផលថា មានជំងឺសួត និងស្ទះដង្ហើម បន្ទាប់ពីជាប់ឃុំក្នុងពន្ធនាគារស្នងការរាជធានីភ្នំពេញ ឬហៅថា ពន្ធនាគារ ប៉េហ្ស៊ី (PJ) បានប្រមាណកន្លះខែ។
សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក គិត ធាង ពីបទសមគំនិត និងចាត់ចែងសម្រួលឱ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន នៅក្នុងក្លឹបកម្សាន្តរ៉ក់របស់លោក។
ចំណែកលោកឧកញ៉ា ថោង សារ៉ាត់ ដែលត្រូវបានតុលាការចាប់ឃុំខ្លួនក្នុងពន្ធនាគារ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥នោះ ត្រូវបានគេរាយការណ៍ថា ដេកក្នុងពន្ធនាគារមិនបានមួយសប្ដាហ៍ទេ ស្រាប់តែត្រូវបានបញ្ជូនទៅរស់នៅបន្ទប់វីអាយភី (VIP) នៅមន្ទីរពេទ្យរុស្ស៊ី ស្ថិតនៅក្បែរគម្រោងខុនដូរបស់លោក ក្រោមហេតុផលថា លោកមានជំងឺច្រើនមុខ ដូចជា ជំងឺលើសឈាម វិលមុខ និងមានសតិមិនល្អ ដោយសារភ័យខ្លាចជាប់ក្នុងគុក។ បន្ទាប់ពីរស់នៅក្នុងមន្ទីរពេទ្យរុស្ស៊ីយូរពេក លោក ថោង សារ៉ាត់ បានផ្លាស់ប្ដូរទៅរស់នៅក្នុងមន្ទីរពេទ្យព្រះកុសមៈវិញម្ដង កាលពីខែមេសា ឆ្នាំ២០១៧។ សារព័ត៌មានក្នុងស្រុកចុះផ្សាយថា នៅមន្ទីរព្រះកុសមៈនេះ លោក ថោង សារ៉ាត់ បានចំណាយលុយផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារសម្រាប់សាងសង់បន្ទប់ឯកជនដ៏ទំនើបមួយសម្រាប់រស់នៅ។
លោក ថោង សារ៉ាត់ និងអង្គរក្ស ៤នាក់ ត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត ដោយចោទពីបទឃាតកម្មគិតទុកជាមុន និងបទសមគំនិតក្នុងសំណុំរឿងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ដែលជាថៅកែស៊ីម៉ងត៍ត្បូងពេជ្រ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ករណីនេះ មិនមានភាពចាំបាច់ត្រូវតែ ស៊ើបអង្កេតទេ ព្រោះជនជាប់ចោទទាំងនោះ អាចមានជំងឺទើបអាជ្ញាធរបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរបស់រដ្ឋ។ ទោះយ៉ាងណាក្តី លោកថា មានតែខាងមន្ទីរពេទ្យ និងអ្នកនាំពាក្យខាងតុលាការទេ ទើបអាចបញ្ជាក់ពីស្ថានភាពរបស់ឧកញ៉ាទាំងពីរនោះ៖ «ក្នុងនាមជាសមត្ថកិច្ច យើងពិចារណាចំពោះការលើកឡើង ឬការសង្ស័យប៉ុនតែការលើកឡើង ឬមន្ទិលសង្ស័យនេះ វាមិនមែនត្រូវទាំងអស់ទេ។ មន្ទិលសង្ស័យ ដោយផ្អែកលើនិន្នាការនយោបាយដោយមិនមានមូលដ្ឋានវេជ្ជសាស្ត្រនោះគឺមិនត្រឹមត្រូវគ្រប់ជ្រុងជ្រោយនោះទេ។ បញ្ហាសំខាន់ថា តើវាមានមូលហេតុផ្នែកវេជ្ជសាស្ត្រដែលវាយតម្លៃដោយអ្នកជំនាញនោះ វាពិតប្រាកដច្បាស់លាស់ថា តើអ្នកនោះចាំបាច់ត្រូវព្យាបាលនៅមន្ទីរពេទ្យ ឬអត់? មូលហេតុនេះគឺជាការវាយតម្លៃមានភាពត្រឹមត្រូវបាន។
អាស៊ីសេរី បានព្យាយាមទាក់ទងនាយកមន្ទីរពេទ្យព្រះកុសមៈ លោក តាន់ សុគន្ធ និងនាយកមន្ទីរពេទ្យរុស្ស៊ី លោក ងី ម៉េង ជាច្រើនលើកតែមិនមានអ្នកទទួលទូរស័ព្ទ។ ចំណែកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា ដែលជាអ្នកអនុញ្ញាតឱ្យលោក គិត ធាង ចេញទៅ ព្យាបាលជំងឺក្រៅពន្ធនាគារ ក៏មិនទទួលទូរស័ព្ទដែរ។
កន្លងមកសារព័ត៌មានក្នុងស្រុកចុះផ្សាយដោយស្រង់សម្ដីបុគ្គលិកពេទ្យថា ឧកញ៉ាទាំងពីរមានសាច់ឈាមស្រស់ថ្លា មិនឈឺអ្វីធ្ងន់ធ្ងរទេ ប៉ុន្តែបុគ្គលិកពេទ្យរូបនោះឆ្ងល់ថា តើហេតុអ្វីបានជាខាងពន្ធនាគារមិនយកឧកញ៉ាទាំងពីរទៅពន្ធនាគារវិញ។
ករណីអ្នកមានលុយ និងអ្នកមានអំណាចជួលបន្ទប់ទំនើបៗ របស់មន្ទីរពេទ្យធំៗ របស់រដ្ឋសម្រាប់ ស្នាក់នៅនេះ មានច្រើនករណី គឺមិនមែនតែលោក គិត ធាង និងលោក ថោង សារ៉ាត់ នោះទេ។ ជាឧទាហរណ៍ អតីតអភិបាលក្រុងបាវិតលោក ឈូក បណ្ឌិត ដែលបាញ់រះលើក្រុមកម្មករ ឧកញ៉ា សុខ ប៊ុន ដែលប្រើហិង្សាលើអតីតពិធីការិនីទូរទស្សន៍ និងឧកញ៉ា តាន់ សេងហាក់ ដែលជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ជាពិសេស គឺក្រុមក្មួយៗ របស់លោក ហ៊ុន សែន ដែលត្រូវបានផ្ដន្ទាទោសរឿងបាញ់បោះសេរីនាពេលកន្លងមក សុទ្ធតែបានរស់នៅក្រៅពន្ធនាគារ ក្រោមហេតុផលថា សម្រាកព្យាបាលជំងឺ។
មន្ត្រីអង្គការសង្គមស៊ីវិលលើកហេតុផលឡើងថា ប្រសិនបើក្រសួងស្ថាប័នពាក់ព័ន្ធមិនស៊ើបអង្កេតករណីឧកញ៉ា គិត ធាង និងឧកញ៉ា ថោង សារ៉ាត់ នេះទេ គឺនឹងរងការចោទថា ករណីនេះ មានការឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីប្រព្រឹត្តអំពើពុករលួយ ឬទទួលបានផលប្រយោជន៍ពីឧកញ៉ា ទាំងពីរ ក្នុងការអនុញ្ញាតឱ្យបន្តរស់នៅក្រៅពន្ធនាគារក្រោមហេតុផលព្យាបាលជំងឺ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។