នគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនចំនួនប្រាំនាក់ ដែលជាប់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀនជាង មួយរយកញ្ចប់ នៅតំបន់ទេសចរណ៍។ គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ជនសង្ស័យជាជនជាតិចិនទាំងអស់មានគ្នាប្រាំមួយនាក់ បានធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀន តាមរយៈរថយន្តចំនួនពីរគ្រឿង ដែលក្នុងរថយន្តនីមួយៗមានគ្នាបីនាក់។
ការចុះផ្សាយដដែលឱ្យដឹងបន្ថែមថា ជនជាតិចិនទាំងនោះបានព្យាយាមលាក់បាំង និងរត់គេច ពីសមត្ថកិច្ច នៅពេលដែលជនជាតិចិនទាំងនេះបានធ្វើដំណើរឆ្លងកាត់ តំបន់ត្រួតពិនិត្យរបស់សមត្ថកិច្ច ដែលកំពុងធ្វើការត្រួតពិនិត្យករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ ៤ ក្នុងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ទោះបីជាយ៉ាងណា សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន បានចំនួនប្រាំនាក់ រួមជាមួយនឹងវត្ថុតាងមួយចំនួន ដូចជាម្សៅក្រាមពណ៌សថ្លា ដែលសង្ស័យថា ជាសាធាតុញៀនជាង មួយរយកញ្ចប់ (១៥៦) ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ពីរគ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ផងដែរ។
សមត្ថកិច្ចនឹងបញ្ជូនសំណុំរឿងនេះទៅ តុលាការដើម្បីចាត់ការតាមនីតិវិធី បន្ទាប់បញ្ចប់ការសាកសួរ និងស្រាវជ្រាវរកបក្ខពួកដែលនៅសេសសល់ផ្សេងទៀត។
ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀននេះដែរ កាលពីថ្ងៃទី២០ ខែកុម្ភៈ តុលាការក្រុងភ្នំពេញ ក៏បានផ្ដន្ទាទោសជនជាតិចិនតៃវ៉ាន់ ម្នាក់ វ័យ ៥៨ឆ្នាំ ឱ្យជាប់ពន្ធនាគាររយៈពេល ៣០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨០លានរៀល ពីបទរក្សាទុក ជួញដូរ និងដឹកជញ្ជូនគ្រឿងញៀន ចូលមកកម្ពុជា ខុសច្បាប់។
ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនត្រង់មាត្រា ៤៥ ចែងថា ជនណាដែលប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនតាមគ្រប់រូបភាព ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១សែន ដល់ ១លានរៀល។ ចំពោះការរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជនល្មើសនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល។ បើសិនជាបទល្មើសមានលក្ខណៈធ្ងន់ធ្ងរ អ្នកប្រព្រឹត្តអាចនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ៥ ដល់ ២០ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ដល់ ៤០លានរៀល អាស្រ័យទៅតាមស្ថានទម្ងន់ទោស៕
