ការ​ជួញ​ដូរ​ប្រេង​ម្រះ​ព្រៅ​ភ្នំ​ជា​អំពើ​​ខុស​ច្បាប់

ប្រេង​ដែល​ចម្រាញ់​ចេញ​ពី​ដើម​ម្រះ​ព្រៅ​ភ្នំ ជា​វត្ថុ​ធាតុ​ដើម​មួយ​ប្រភេទ​ដែល​អាច​យក​ទៅ​លាយ​ជាមួយ​សារធាតុ​ដទៃ​ទៀត បង្កើត​ជា​ថ្នាំ​ញៀន​ឈ្មោះ អ៊ិចស្តាស៊ី។

0:00 / 0:00

ប្រេង​ម្រះ​ព្រៅ​ភ្នំ​នេះ មាន​ឈ្មួញ​ជាច្រើន​បាន​លួច​ចម្រាញ់​នៅ​ក្នុង​ព្រៃ ហើយ​ដឹក​យក​ទៅ​លក់​ឲ្យ​ក្រុម​អ្នក​ផលិត​ថ្នាំ​ញៀន។ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ប្រកាស​ថា ការ​ជួញ​ដូរ​ប្រេង​ម្រះ​ព្រៅ​ភ្នំ​ជា​សកម្មភាព​ខុស​ច្បាប់។

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន នៅ​ថ្ងៃ​ទី១៣ មីនា បាន​ក្រើន​រំលឹក​ឲ្យ​នគរបាល​នៅ​តាម​ខេត្ត​នានា បង្កើន​ការ​ចាប់​ខ្លួន​ជន​សង្ស័យ និង​រឹប​អូស​សារធាតុ​ផ្សំ​គ្រឿងញៀន​នានា ជាពិសេស​ប្រេង​ម្រះ​ព្រៅ​ភ្នំ​ជាដើម និង​បង្ក្រាប​ទី​កន្លែង​ចម្រាញ់​ប្រេង​ម្រះ​ព្រៅ​ភ្នំ​នោះ នៅ​ទី​តាំង​លួច​លាក់​នៅ​ក្នុង​ព្រៃ​ភ្នំ​ជាដើម។

លោក​ក៏​បាន​ព្រមាន​ឲ្យ​មន្ត្រី​នគរបាល និង​មន្ត្រី​យោធា​មួយ​ចំនួន ដក​ខ្លួន​ចេញ​ពី​ការ​ជួញ​ដូរ​គ្រឿងញៀន បើ​មិន​ដូច្នោះ​ទេ ផែន​ការ​ធ្វើ​ឲ្យ​អាស៊ាន និង​កម្ពុជា គ្មាន​គ្រឿងញៀន​នៅ​ឆ្នាំ​២០១៥ នោះ មិន​អាច​ទៅ​រួច​ឡើយ។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា សារធាតុ​គីមី​ជាច្រើន​ប្រភេទ ត្រូវ​បាន​នាំ​ចូល​មក​ប្រទេស​កម្ពុជា ចំនួន​រាប់​សិប​តោន​ក្នុង​មួយ​ឆ្នាំៗ ប៉ុន្តែ​សារធាតុ​គីមី​មួយ​ចំនួន ត្រូវ​បាន​នាំ​ចូល​កម្ពុជា ជាច្រើន​តោន​កន្លង​មក ដែល​គេ​អាច​ផ្សំ និង​ផលិត​ជា​គ្រឿងញៀន​បាន ហើយ​ត្រូវ​បាន​នគរបាល​ជាតិ​រឹប​អូស​កាល​ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។

បន្ថែម​លើ​នេះ​ទៀត នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​រឹប​អូស​ប្រេង​ម្រះ​ព្រៅ​ភ្នំ​ចំនួន​ជាង ៣០​តោន កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ដែល​គេ​អាច​ចម្រាញ់ និង​ផលិត​ជា​គ្រឿងញៀន​ប្រភេទ អ៊ិចស្តាស៊ី ចំនួន​ជាង ៥​លាន​គ្រាប់ ប៉ុន្តែ​ត្រូវ​បាន​បង្ក្រាប និង​រឹប​អូស​បាន។

លោក​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ប្រឆាំង​គ្រឿងញៀន​ឆ្នាំ​២០១២ នៅ​ឯ​ក្រសួង​មហាផ្ទៃ​ថា ក្រុម​ឈ្មួញ​ជួញ​ដូរ​គ្រឿងញៀន​បាន​ភូត​កុហក​សមត្ថកិច្ច​ថា គេ​នាំ​ប្រេង​ម្រះ​ព្រៅ​ភ្នំ​នេះ​ទៅ​ប្រទេស​វៀតណាម និង​ថៃ ប៉ុន្តែ​ការ​ពិត គេ​ចម្រាញ់ និង​ផលិត​គ្រឿងញៀន​នៅ​កម្ពុជា តែ​ម្តង៖ «ជាមួយ​នេះ ដើម្បី​ទប់ស្កាត់​ការ​ចម្រាញ់​ប្រេង​ម្រះ​ព្រៅ​ភ្នំ ត្រូវ​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ចម្រាញ់​ប្រេង​ម្រះ​ព្រៅ​ភ្នំ​នៅ​កម្ពុជា»

លោក​បាន​ព្រមាន​ថា ការ​បង្ក្រាប និង​ចាប់​ខ្លួន​កន្លង​មក​ចំនួន ២៥​ករណី ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿងញៀន កាល​ពី​ឆ្នាំ​២០១២ កន្លង​មក​នេះ គឺ​មាន​មន្ត្រី​យោធា​ឋានៈ​ឧត្តមសេនីយ៍​ចំនួន ២០​នាក់ មន្ត្រី​នគរបាល​ចំនួន ២​នាក់ មន្ត្រី​រាជការ​ស៊ីវិល​ចំនួន ៤​នាក់ ក្នុង​នោះ​មាន​គ្រូពេទ្យ គ្រូបង្រៀន និង​បុគ្គលិក​អគ្គិសនី​ម្នាក់​ដែរ។

ទាក់ទង​នឹង​ការ​ព្រមាន​នេះ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា លោក​សុំ​ឲ្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន អនុវត្ត​ច្បាប់​ដោយ​មិន​រើស​មុខ​ឡើយ៖ «ដូច្នេះ យើង​សុំ​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត​ថា បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​សម្លាប់​ជាតិ​ខ្មែរ យុវជន​ដែល​រងគ្រោះ​ដោយសារ​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាន់​តែ​មាន​ចំនួន​កើន​ច្រើន​ឡើង ហើយ​បើ​មិន​មាន​វិធានការ​ត្រឹមត្រូវ​ម៉ត់ចត់ និង​មាន​ប្រសិទ្ធភាព​ទេ អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រទេស​ជាតិ គឺ​រាជ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​នេះ​ឯង»

របាយការណ៍​ជា​ផ្លូវ​ការ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១២ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន ៨១៨​ករណី ក្នុង​នោះ​ករណី​ធំៗ​ចំនួន ៤២​ករណី គឺ​ចាប់​ខ្លួន​មេខ្លោង និង​បណ្ដាញ​សំខាន់ៗ​ចំនួន ១០២​នាក់ រឹប​អូស​គ្រឿងញៀន​ចំនួន ៨១​គីឡូក្រាម រឹប​អូស​សារធាតុ​ផ្សំ​គ្រឿងញៀន​ចំនួន​ជាង ៥១​តោន និង​រឹប​អូស​ម៉ាស៊ីន​ផលិត​គ្រឿងញៀន​មួយ​ចំនួន និង​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន ១.៧៨៨​នាក់។

របាយការណ៍​បាន​បន្ត​ថា ក្នុង​ឆ្នាំ​២០១២ អាជ្ញាធរ​ចាប់​បាន​គ្រឿងញៀន​មេតំហ្វេតាមីន (WY) ចំនួន​ជាង ៥.០០០​ក្រាម។ គ្រឿងញៀន​មេតំហ្វេតាមីន​ទឹកកក ចំនួន​ជិត ៣.០០០​ក្រាម។ គ្រឿងញៀន​ហេរ៉ូអ៊ីន ចំនួន​ជាង ៣.០០០​ក្រាម និង​គ្រឿងញៀន​កូកាអ៊ីន ត្រូវ​បាន​រឹប​អូស​ចំនួន​ជាង ៤.០០០​ក្រាម។

ប៉ូលិស​សៀមរាប​ចាប់​ជន​បរទេស​២​នាក់​ពាក់ព័ន្ធ​ជួញ​ដូរ​គ្រឿងញៀន

ប៉ូលិស​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​ជនជាតិ​អាល្លឺម៉ង់ ២​នាក់​ប្ដី​ប្រពន្ធ និង​នាំ​ខ្លួន​ជន​បរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន ១២​នាក់​ផ្សេង​ទៀត ទៅ​សាកសួរ​ពាក់ព័ន្ធ​ការ​ប្រើប្រាស់ និង​លក់​ដូរ​គ្រឿងញៀន​ប្រភេទ​កញ្ឆា កាល​ពី​រាត្រី​ថ្ងៃ​អង្គារ ទី១២ ខែ​មីនា កន្លង​ទៅ។

ចាប់​តាំង​ពី​រសៀល​រហូត​ដល់​យប់​ថ្ងៃ​ទី១២ ខែ​មីនា កម្លាំង​ប៉ូលិស​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប បាន​សម្រុក​ចូល​ទៅ​ឆែកឆេរ​ផ្ទះ​សំណាក់​របស់​ជន​បរទេស​មួយ​កន្លែង​ឈ្មោះ វិឡា អាន់ជូណា (Villa Anjuna) ដែល​មាន​ទីតាំង​ក្នុង​ភូមិ​វត្តបូព៌ សង្កាត់​សាលាកំរើក។

បុរស​ជនជាតិ​បរទេស ដែល​ប៉ូលិស​នាំ​ខ្លួន​ចេញ​ពី​ផ្ទះ​សំណាក់ វិឡា អាន់ជូណា (Villa Anjuna) ស្ថិត​ក្នុង​ភូមិ​វត្តបូព៌ សង្កាត់​សាលាកំរើក នៅ​ពេល​ដែល​ប៉ូលិស​សម្រុក​ចូល​ឆែកឆេរ​រក​គ្រឿងញៀន កាល​ពី​រាត្រី​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ​២០១៣។
បុរស​ជនជាតិ​បរទេស ដែល​ប៉ូលិស​នាំ​ខ្លួន​ចេញ​ពី​ផ្ទះ​សំណាក់ វិឡា អាន់ជូណា (Villa Anjuna) ស្ថិត​ក្នុង​ភូមិ​វត្តបូព៌ សង្កាត់​សាលាកំរើក នៅ​ពេល​ដែល​ប៉ូលិស​សម្រុក​ចូល​ឆែកឆេរ​រក​គ្រឿងញៀន កាល​ពី​រាត្រី​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ​២០១៣។ (RFA/Hang Savyouth)

ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប ទទួល​បន្ទុក​បង្ក្រាប​បទល្មើស គឺ​លោក អ៊ុំ អមរា លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី១៣ ខែ​មីនា ថា ប្រតិបត្តិការ​កាល​ពី​រាត្រី​ថ្ងៃ​ទី១២ ខែ​មីនា នោះ គឺ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជន​បរទេស​ចំនួន ១៤​នាក់ ទៅ​កាន់​ស្នងការ​នគរបាល។

លោក អ៊ុំ អមរា៖ «ក្នុង​ករណី​នោះ មាន​ជន​បរទេស​ដែល​គាត់​ស្នាក់នៅ​ផ្ទះ​សំណាក់​ហ្នឹង ដល់​ពេល​អីចឹង យើង​អញ្ជើញ​គាត់​មក​សម្ភាស តើ​គាត់​មាន​ប្រើប្រាស់ ឬ​មួយ​ពាក់ព័ន្ធ​យ៉ាង​ណា គឺ​យើង​កំពុង​ស៊ើប​អង្កេត ហើយ​កំពុង​សាកសួរ។ ពីរ​នាក់​ដោយ​ឡែក ដែល​ជួល​ទីតាំង ជា​ប្ដី​ប្រពន្ធ​នោះ បើ​ពិនិត្យ​ចម្លើយ​មើល​ឃើញ​ថា មាន​រក្សា​ទុក​កញ្ឆា​ក្រៀម​ក្នុង​ផ្ទះ​នោះ​ប្រហែល​ជា​កន្លះ​គីឡូក្រាម។ មាន​ម្សៅ​ម្យ៉ាង ប៉ុន្តែ​យើង​មិន​ទាន់​ច្បាស់​ទេ ដោយសារ​យើង​មិន​មាន​ឧបករណ៍​យក​មក​តេស្ដ​នៅ​ខេត្ត​សៀមរាប នេះ គឺ​ខ្ញុំ​នឹង​ផ្ញើ​វត្ថុ​តាង ដោយ​សុំ​ការ​អនុញ្ញាត​ពី​ព្រះរាជ​អាជ្ញា ធ្វើ​ដីកា​បញ្ជូន​ត្រឹមត្រូវ​ទៅ​អាជ្ញាធរ ដើម្បី​ឱ្យ​ធ្វើ​តេស្ដ បាន​លទ្ធផល​ទើប​យើង​សម្រេច​បាន​ថា ជា​ប្រភេទ​ថ្នាំ​ញៀន ឬ​ក៏​យ៉ាង​ណា?»

សមត្ថកិច្ច​បញ្ជាក់​ថា គេ​បាន​រក​ឃើញ​ប្រភេទ​ម្សៅ​ម្យ៉ាង​ដែល​គេ​មិន​ស្គាល់ ចំនួន ៣ប្រអប់ នៅ​ពេល​ដែល​គេ​ចូល​ឆែកឆេរ​ផ្ទះ​សំណាក់​វិឡា អាន់ជូណា នោះ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី១២ ខែ​មីនា កម្លាំង​ប៉ូលិស​ក៏​បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​អូស្ត្រាលី ២​នាក់ អ៊ីតាលី ម្នាក់ និង​ជនជាតិ​ខ្មែរ​ចំនួន ៤​នាក់​ផង​ដែរ ពាក់ព័ន្ធ​ការ​ប្រើប្រាស់ និង​លក់​ដូរ​កញ្ឆា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។