សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​លើ​អ្នក​ជួញដូរ​គ្រឿងញៀន​ធំៗ

0:00 / 0:00

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន ឲ្យ​ដឹង​ថា រយៈពេល​១១​ខែ ឆ្នាំនេះ សមត្ថកិច្ច បាន​ឃាត់ខ្លួន​មនុស្ស​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង ១ម៉ឺន ៤​ពាន់​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង ៥​រយ​គីឡូក្រាម។ មន្ត្រី​សិទ្ធិមនុស្ស​កត់សម្គាល់​ថា បញ្ហា​គ្រឿងញៀន​នៅតែ​បន្ត​រីក​រាលដាល ហើយ​ជនសង្ស័យ​ភាគច្រើន​ដែល​ត្រូវ​បាន​ឃាត់ខ្លួន ជា​បន្តបន្ទាប់​គឺជា​ក្រុម​ជួញដូរ និង​អ្នកប្រើប្រាស់​តូចតាច ដូច្នេះ​អាជ្ញាធរ​គួរតែ​បង្កើន​សមត្ថភាព និង​វិធានការ​បង្ក្រាប​ទៅលើ​ក្រុម​អ្នក​ជួញដូរ​គ្រឿងញៀន​ធំៗ ទើប​មាន​ប្រសិទ្ធភាព។

អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក​វេជ្ជបណ្ឌិត មាស វិរិទ្ធិ ប្រាប់​អាស៊ីសេរី​ថា បញ្ហា​គ្រឿងញៀន នៅតែ​ជា​ក្ដី​ព្រួយបារម្ភ​របស់​សមត្ថកិច្ច​នៅឡើយ ទោះបីជា​មានការ​បង្ក្រាប អស់​ច្រើន​ករណី​ក្ដី។

លោក មាស វិរិទ្ធិ ឲ្យ​ដឹង​ថា ចាប់ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាង ៧​ពាន់​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជាង ១​ម៉ឺន ៤​ពាន់​នាក់ និង​រឹបអូស គ្រឿងញៀន​ជាង​៥​រយ​គីឡូក្រាម។ លោក​បន្ត​ថា អាជ្ញាធរ​កំពុង​គ្រប់គ្រង​សភាពការណ៍​គ្រឿងញៀន ហើយ​នឹង​បន្ត​ត្រួតត្រា​គ្រឿងញៀន ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​រលក​រីក​រាលដាល​នៃ​ការប្រើប្រាស់​គ្រឿងញៀន​បន្ត​ទៀត។

លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ខិតខំ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ឲ្យ​មាន​ប្រសិទ្ធភាព ដោយ​មិន​ចាំបាច់​រង់ចាំ​បញ្ជា​ពី​ខាង​ថ្នាក់លើ​នោះ​ទេ៖ «ឥឡូវនេះ វា​នៅតែ​កើតមាន​តែ​វា​មិន​មាន​ជា​លក្ខណ​ធំៗ​ទេ គឺ​វា​ថមថយ​ថែមទៀត ស្រប​ពេល​ដែល​យើង​ដាក់​ចេញ​នូវ​យុទ្ធនាការ​ដោយ​ការ​ប្រើប្រាស់​កម្លាំង​និង​ធនធាន​សរុប​របស់​សង្គម ចូលរួម​ទាំងអស់​គ្នា។ អ៊ីចឹង​យើង​នៅតែ​កៀរគរ​ប្រជាពលរដ្ឋ អាណាព្យាបាល អោយ​មាន​ការចូលរួម​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ដៃ​គួរ​ពាក់ព័ន្ធ​នានា​ដោយសារ​គ្រឿងញៀន​បញ្ហា​រួម»។

មន្ត្រី​សិទ្ធិមនុស្ស​អះអាង​ថា យុវជន​ជាច្រើន​នៅតែ​បន្ត​រងគ្រោះ​ដោយសារ​បញ្ហា​គ្រឿងញៀន ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ត្រូវ​ដាក់​ចេញ​នូវ​វិធានការ​ជាក់លាក់ និង​មាន​ប្រសិទ្ធភាព​ជាង​ពេល​បច្ចុប្បន្ន ខណៈ​បទល្មើស​នេះ​មិន​មានការ​ថមថយ​ចុះ​នៅឡើយ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការ ចរាចរណ៍​ជួញដូរ​គ្រឿងញៀន​នេះ ហាក់ដូចជា​សំបូរ​បែប​និង​ច្រើន​មែនទែន ព្រោះ​បើ​ទោះ​បី​ជា សមត្ថកិច្ច​បង្ក្រាប​យ៉ាងណា ក៏​នៅតែ​បន្ត​កើតមាន​ដដែល។ លោក​កត់សម្គាល់​ឃើញ​ថា ការ​បង្ក្រាប​កន្លងមក គឺ​ធ្វើ​បានតែ​អ្នកប្រើប្រាស់ និង​អ្នក​ជួញដូរ​គ្រឿងញៀន​តូចតាច​ប៉ុណ្ណោះ។

លោក សឹង សែនករុណា អំពាវនាវ​អោយ​កម្លាំង​សមត្ថកិច្ច បន្ត​ពង្រឹង​ការអនុវត្ត​វិធានការ​ច្បាប់ ពង្រឹង​សមត្ថភាព និង​ជំនាញ​បច្ចេកទេស​របស់​សមត្ថ​កិច្ច ព្រមទាំង​លុបបំបាត់​អំពើពុករលួយ ទើប អាច​ធ្វើ​ឲ្យ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​នេះ សម្រេច​បាន​ដោយ​ជោគជ័យ​ខ្លាំង៖ «ទោះបីជា​អ្នកនោះ​មានអំណាច និង​មាន​ប្រាក់​សូកប៉ាន់​ក៏ដោយ ក៏​ត្រូវតែ​ចាត់វិធានការ​អោយ​ស្មើភាព​គ្នា​ដែរ ដើម្បី​អោយ​ពួកគាត់​រាងចាល ហើយ​នៅ​ពេល​ពួកគេ​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ គឺ​ត្រូវ​តាមដាន​ថា​តើ​ពួកគេ​អនុវត្ត​ទោស​ត្រឹមត្រូវ​ដែរ​ទេ ជៀសវាង​ពេល​ដល់​ពន្ធនាគារ​ហើយ មាន​ការ​រត់ការ​ហើយ​អោយ​ជនល្មើស​ចេញ ក្រៅ​ដដែល​ជាហេតុ​ធ្វើ​អោយ​ពួកគាត់​មិន​រាងចាល ហើយ​ប្រព្រឹត្ត​បទល្មើស​ដដែល។ ទន្ទឹមគ្នា​ត្រូវ​ពិនិត្យមើល​តំបន់​ភូមិសាស្ត្រ​ដែល​ចរាចរណ៍​ចូល​គ្រឿងញៀន​ដូចជា​តំបន់​ជាប់​ប្រទេស​ឡាវ ជាដើម ព្រោះ​កន្លងមក​ធ្លាប់​ចាប់​បាន​គ្រឿងញៀន​ច្រើន​គីឡូក្រាម​ដែរ»។

ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ត្រង់​មាត្រា​៤៥ ចែងថា ជន​ណា​ដែល​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​តាម​គ្រប់​រូបភាព ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល​ដល់ ១​លាន​រៀល។ ក្នុង​ករណី​មិន​រាងចាល ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ​ដល់ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល​ទៅ ២​លាន​រៀល។

ដោយឡែក​ការ​រក្សា​ទុក ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ជនល្មើស​នឹង​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំទៅ ៥​ឆ្នាំ និង​អាច​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល​ទៅ ១០​លាន​រៀល។ បើសិនជា​បទល្មើស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ អ្នក​ប្រព្រឹត្តិ អាច​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ដល់ ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ដល់ ៤០​លាន​រៀល អាស្រ័យ​ទៅតាម​ស្ថាន​ទម្ងន់​ទោស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។