តុលាការ​រឹបអូស​គ្រឿងញៀន​ជាង​១០​គីឡូក្រាម​ពី​ជនជាតិ​ចិន​មក​បំផ្លាញ​ចោល

ដោយ វ៉ែន សុមេធ
2018.12.11
គ្រឿងញៀន ៦២២ សមត្ថកិច្ច​កំពុង​រៀប​ចំ​ដាក់​បង្ហាញ​គ្រឿង​ញៀន​ជាង ៦០ គីឡូក្រាម ដែល​ទើប​បង្ក្រាប​បាន កាល​ពី​អំឡុង ខែ​ឧសភា ឆ្នាំ​២០១៧ កន្លងទៅ។
RFA

តុលាការ​សម្រេច​រឹបអូស​ទុក​បំផ្លាញ​ចោល​គ្រឿងញៀន​ជាង ១០​គីឡូក្រាម ដែល​សមត្ថកិច្ច​ចាប់​បាន​នៅ​ប្រៃសណីយ៍​កម្ពុជា កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៨។ ក្នុង​សវនាការ កាលពី​ថ្ងៃ​ទី​១១ ធ្នូ ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង រិទ្ធី សម្រេច​រឹបអូស​គ្រឿងញៀន ប្រភេទ​អ៊ិចស្តាហ្សី ដែល​សមត្ថកិច្ច​ដកហូត​បាន​ពី​ជនជាតិ​ចិន​២​នាក់ យក​មក​ទុក​បំផ្លាញ​ចោល។

គ្រឿងញៀន​ជាង ១០​គីឡូក្រាម ត្រូវ​បាន​ផ្ញើ​ពី​ប្រទេស​អាល្លឺម៉ង់​ចូល​មក​កម្ពុជា​តាម​ប្រៃសណីយ៍​កម្ពុជា ផ្ញើ​ឲ្យ​ជនជាតិ​ចិន​២​នាក់ ជា​អ្នកទទួល។

កាសែត​អ្នកស្រុក​ផ្សាយ​ថា ជនជាប់ចោទ​ទាំង ២​នាក់​នោះ បាន​បដិសេធ​នៅ​ក្នុង​សវនាការ​មុន​អង្គសេចក្ដី​ថា គ្រឿងញៀន​ទាំងអស់​នោះ​មិនមែន​ជា​របស់​ពួកគេ​នោះ​ទេ។

នៅ​ឯ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី១០ ធ្នូ ក៏​មាន​ការ​បង្ក្រាប​គ្រឿង​ញៀន​ដែរ គឺ​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​គ្រឿងញៀន​ខេត្ត​នេះ ចាប់​បាន​ជនជាតិ​ចិន​ម្នាក់ និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ១១​កញ្ចប់​និង​វត្ថុ​តាង​មួយ​ចំនួន។ ជនសង្ស័យ​ជា​បុរសជនជាតិ​ចិន ធ្វើការ​នៅ​កាស៊ីណូ​ក្នុង​ខេត្ត​ព្រះសីហនុ។

មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​នោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។