អង្គការសង្គមស៊ីវិលស្នើសុំឱ្យសមត្ថកិច្ចខ្មែរបញ្ជូនជនល្មើសជាជនជាតិចិនទៅតុលាការកម្ពុជាផ្ដន្ទាទោស មុននឹងចាប់បញ្ជូនទៅប្រទេសដើមកំណើត ស្របពេលដែលករណីល្មើសតាមប្រព័ន្ធអ៊ីនធឺណិតកំពុងកើនឡើង។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ស្នើសមត្ថកិច្ចកម្ពុជាគួរតែពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ទៅលើជនជាតិចិនប្រព្រឹត្តបទល្មើសជំរិតតាមប្រព័ន្ធអ៊ីនធឺណិត(Internet) ឬក៏ប្រព្រឹត្តបទល្មើសអ្វីផ្សេងទៀត។ លោកយល់ថា បទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត(Internet) នៅតែបន្តកើតឡើងដដែលៗ មើលទៅហាក់ដូចជា ជនល្មើសមិនខ្លាចប្រព័ន្ធច្បាប់នៅកម្ពុជាទាល់តែសោះ។ លោក សន ជ័យ យល់ថា ការបញ្ជូនជនល្មើសទាំងនោះទៅប្រទេសចិនវិញនេះ ជាចំណុចមួយដែលធ្វើឱ្យក្រុមជនល្មើសរឹតតែមិនខ្លាចច្បាប់កម្ពុជា ហើយបទល្មើសនៅបន្តកើតឡើងដដែលៗ៖ «អ៊ីចឹងសម្រាប់ករណីជនជាតិចិនវិញ ខ្ញុំឃើញមានចលនានៃការបញ្ជូនទៅអនុវត្តទោសទៅក្នុងប្រទេសចិនជាជាងនៅកម្ពុជា អ៊ីចឹងចំណុចនេះ យើងចង់ដឹងដែរថា តើជនទាំងអស់នោះ មានជាប់គុគនៅប្រទេសចិន ឬអត់ ?»។
លោក សន ជ័យ ថា ប្រសិនបើសមត្ថកិច្ចនៅតែបណ្ដោយឲ្យបទល្មើសនេះកើតឡើងដដែលៗទៀត នោះនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងជះឥទ្ធិពលអាក្រក់ដល់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ៖ «យើងឃើញមានការបង្ក្រាបជាទ្រង់ទ្រាយធំជាក្រុម អានឹងក្នុងករណីដែលបង្ក្រាបបាន ហើយចុះក្នុងករណីដែលបង្ក្រាបមិនបានសួរថា មានជនបរទេសប៉ុន្មាននាក់ទៀតរងគ្រោះ។ល។»។
សមត្ថកិច្ចកាលពីថ្ងៃទី១១ ខែមេសា បានបញ្ជូនជនជាតិចិនចំនួន ៨៩នាក់ ក្នុងនោះមានស្ត្រី ១៥នាក់ ចេញពីកម្ពុជា ដោយសារតែពួកគេបានប្រព្រឹត្តបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោក អ៊ុក ហៃសីឡា បានប្រាប់ភ្នាក់ងារសារព័ត៌មានអេ.ភី (AP) កាលពីថ្ងៃទី១១ ខែមេសា ថា ជនជាតិចិនទាំងនេះ បានប្រើវិធីទាក់ទងស្ត្រីនៅប្រទេសចិន តាមរយៈបណ្ដាញសង្គម ហើយប្រើល្បិចបោកប្រាស់ពួកគេ ឱ្យផ្ញើរូបភាពអាក្រាតកាយ រួចធ្វើការជំរិតទារប្រាក់ពីនារីរងគ្រោះទាំងនោះ ដោយគំរាមចែកចាយរូបភាពរបស់ពួកគេទៅលើអ៊ីនធឺណិត ប្រសិនបើពួកគេមិនព្រមធ្វើតាម។
វត្តមានដ៏ច្រើននៃជនជាតិចិនលើទឹកដីកម្ពុជា បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងសេដ្ឋកិច្ចនៅតាមខេត្តសំខាន់ៗមួយចំនួន នៃប្រទេសកម្ពុជា ដូចជា នៅខេត្តព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញជាដើម។ ជនជាតិចិនទាំងនោះតែងតែប្រើអំពើហិង្សាកាប់ចាក់គ្នា និងការប្រមូលផ្ដុំគ្នាប្រព្រឹត្តអំពើចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក ស្យុង បូ (Xiong Bo) កាលពីដើមខែកុម្ភៈ កន្លងទៅនេះ បានអះអាងថា រដ្ឋាភិបាលចិនមិនគាំទ្រចំពោះសកម្មភាព ល្មើសបែបនេះឡើយ ហើយចិនក៏ប្រឆាំងដាច់ខាតចំពោះជនជាតិចិនណាដែលជួលផ្ទះ ឬបើកគ្រឹះស្ថាននៅកម្ពុជាដើម្បីប្រព្រឹត្តបទឧក្រិដ្ឋចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិតនេះដែរ។
គិតចាប់ពីឆ្នាំ២០១២មក យ៉ាងហោចណាស់មានជនជាតិចិន និងចិនតៃវ៉ាន់ ចំនួន ១ពាន់នាក់ហើយ ត្រូវបានអាជ្ញាធរកម្ពុជា ចាប់បញ្ជូនទៅប្រទេសចិនវិញ ក្រោយពីរកឃើញថា ពួកគេបានជាប់ពាក់ព័ន្ធនឹងបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតនេះ។
ក្រុមមេធាវីច្បាប់ និងពាណិជ្ជកម្មអន្តរជាតិ លោកមេធាវី ហែម សុជាតិ កាលពីថ្ងៃទី១១ ខែមេសា បានថ្លែងប្រាប់អាស៊ីសេរីថា មូលហេតុដែលសមត្ថកិច្ចកម្ពុជា បញ្ជូនជនជាតិចិនទាំងនោះត្រឡប់ទៅប្រទេសចិន ដោយដោយសារតែកម្ពុជា និងចិនបានចុះកិច្ចព្រមព្រៀងបត្យាប័នកាលពីអំឡុងឆ្នាំ២០០០៖ «កិច្ចព្រមព្រៀងបត្យាប័ននឹង គឺជាកិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជាយើងនឹងប្រទេសចិន មានន័យថា បើសិនណាជាមានជនជាតិចិនប្រព្រឹត្តបទល្មើសនៅកម្ពុជាយើងអាចបញ្ជូនទៅឱ្យរដ្ឋាភិបាលចិនកាត់ទោសបាន»។
លោក សន ជ័យ ស្នើឱ្យអាជ្ញាធរកម្ពុជារៀនសូត្រយកបទពិសោធន៍ពីប្រទេសដែលមានច្បាប់តឹងរ៉ឹងដើម្បីមកគ្រប់គ្រងជនជាតិចិនឱ្យបានជៀសវាងកុំឱ្យជនជាតិចិនបន្តយកទឹកដីកម្ពុជា ធ្វើជាមធ្យោបាយ និងជាទីកន្លែងប្រព្រឹត្តបទល្មើសជាក្រុមបែបនេះតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
