កម្មករត្រូវបានបង្ខំឱ្យទៅស្ដាប់លោក ហ៊ុន សែន និយាយ
2023.05.27

នៅពីក្រោយឆាកស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងក្រុមកម្មករនិយោជិត ដែលលោក ហ៊ុន សែន តែងតែធ្វើរាល់ដង ក្រុមកម្មករមួយចំនួនអះអាងថា ពួកគេត្រូវបានថៅកែ និងអ្នកគ្រប់គ្រងរោងចក្របង្ខំឱ្យទៅទទួលលោក ហ៊ុន សែន ដែលធ្វើឱ្យប៉ះពាល់ដល់ម៉ោងសម្រាកក្រោយបំពេញការងារនឿយហត់ និងផ្លូវចិត្តរបស់ពួកគាត់។ ក្រុមកម្មករថា ពួកគាត់គ្មានអារម្មណ៍កក់ក្ដៅ និងភាពស្និទ្ធស្នាលបង្ហាញទៅថ្នាក់ដឹកនាំនោះឡើយ ដ្បិតគ្រប់យ៉ាងកើតចេញពីការសម្ដែង និងការបង្ខិតបង្ខំ។
កម្មករមួយចំនួនលើកឡើងថា ពួកគាត់រងការគាបសង្កត់ និងបង្ខិតបង្ខំដោយថៅកែ និងអ្នកគ្រប់គ្រងរោងចក្របង្ខំឱ្យទៅទទួលលោក ហ៊ុន សែន ដែលរៀបចំពិធីជួបសំណេះសំណាលជាមួយកម្មករនៅព្រឹកថ្ងៃទី២៦ ខែឧសភា នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ)។
កម្មករធ្វើការនៅរោងចក្រសូឡាឡុង សុំមិនបញ្ចេញឈ្មោះដោយសារបារម្ភពីការងារ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ឧសភា ថា លោកមិនចង់ទៅចូលរួមទទួលលោក ហ៊ុន សែន នោះទេ ព្រោះលោកធ្វើការវេនយប់ហត់នឿយ ហើយត្រូវការសម្រាកពេលព្រឹក តែអ្នកគ្រប់គ្រងរោងចក្រ និងក្រុមសហជីពបានបង្ខំលោកឱ្យចូលរួមជាដាច់ខាត។ លោកបន្តថា កម្មករអាចបដិសេធបានលុះត្រាតែពួកគេឈឺដេកនៅកន្ទេល និងមានសំបុត្រពេទ្យបញ្ជាក់ បើពុំនោះទេថ្នាក់ដឹកនាំរោងចក្រនឹងបញ្ឈប់ពីការងារ។ លោកបន្ថែមទៀតថា កម្មករទាំងអស់តម្រូវឱ្យបរិភោគអាហារនិងបន្ទោបង់ឱ្យរួចរាល់មុនពេលជួបលោក ហ៊ុន សែន ដើម្បីចៀសវាងដើរទៅដើរមកក្នុងកម្មវិធី។
ស្រដៀងគ្នានេះ កម្មការិនីធ្វើការនៅរោងចក្រ ស្កាយ ណាយ(SKY NICE International CO., LTD.) សុំមិនបញ្ចេញឈ្មោះ ដោយសារបារម្ភពីការងារ ឱ្យដឹងថា ថ្នាក់ដឹកនាំរោងចក្របានដាក់សម្ពាធឱ្យលោកស្រីទៅទទួលលោក ហ៊ុន សែន ដោយគំរាមថា នឹងកាត់ប្រាក់អត្ថប្រយោជន៍ប្រសិនបើលោកស្រីបដិសេធ។ លោកស្រីបញ្ជាក់ថា ថ្នាក់ដឹកនាំសហជីពបានប្រាប់កម្មករ មិនឱ្យយករបស់មុតស្រួច ឧបករណ៍ធ្វើពីលោហៈ និងទូរស័ព្ទដៃចូលនោះទេ ហើយនៅក្នុងបរិវេណនៃអង្គពិធី មានដាក់ពង្រាយអង្គរក្សជាច្រើននាក់ ចាំឃ្លាំមើល និងត្រួតពិនិត្យកម្មករ។ លោកស្រីបន្តថា អ្នកគ្រប់គ្រងតម្រូវឱ្យកម្មករត្រូវត្រៀមអាហារដោយខ្លួនឯង ក្នុងនោះមានកម្មករខ្លះដួលសន្លប់ ដោយសារនឿយហត់ពីការងារវេនយប់។
«អវត្តមានយើងមួយថ្ងៃយើងត្រូវដាច់ ត្រូវដាច់លុយធីបប្រចាំខែ ក្នុងមួយខែ១០ដុល្លារទៀត។ បើយើងអត់ទៅ យើងខាត៦ម៉ឺន(៦០.០០០រៀល)ហ្នឹងឯង បើយើងទៅអាលុយប្រចាំខែយើងក៏មិនដាច់ អវត្តមានយើងក៏អត់មាន ហើយយើងបាន២ម៉ឺនមកទៀត»។
កម្មករយល់ថា ការដាក់សម្ពាធឲ្យពួកគាត់ ទៅទទួលនិងអង្គុយស្ដាប់លោក ហ៊ុន សែន នេះ ទំនងដោយសាររោងចក្រ ទទួលសម្ពាធពីក្រុមអាជ្ញាធររដ្ឋាភិបាលដែរ។
ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន កាលថ្ងៃទី២៦ ឧសភា បានទៅជួបកម្មករ និយោជិត ដែលបម្រើការនៅរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ហ្គ្រុប ភ្នំពេញ(ROYAL GROUP PIINOM PENH SEZ)។ ក្នុងពេលលោក ហ៊ុន សែន ទៅដល់រោងពិធី ក្រុមកម្មករ កម្មការិនី អង្គុយជួរមុខបានក្រោកឈរទទួលលើកដៃសំពះ ថតរូបសែលហ្វី និងឱបរឹតស្វាគមន៍លោក ហ៊ុន សែន យ៉ាងកក់ក្ដៅ។ តែខុសពីទិដ្ឋភាពនៅជួរខាងមុខដែលគេរៀបចំទុក កម្មករភាគច្រើនអង្គុយនៅខាងក្រោយខ្លះមានទឹកមុខស្រពោន ដោយសារអស់កម្លាំងបន្ទាប់ពីធ្វើការពេញមួយយប់ អ្នកខ្លះគ្មានផាសុកភាពព្រោះមានការយាមកាមតឹងតែងពិបាកចេញចូល និងខ្លះឃ្លានអាហារជាដើម។ កម្មករទាំងនោះត្អូញត្អែរថា លុយ២ម៉ឺនរៀលដែលពួកគេបានពីការចូលរួមពិធីនោះ មិនអាចទិញការសម្រាក និងភាពនឿយហត់ពួកគេបាននោះឡើយ។
នៅក្នុងពិធីចុះជួបកម្មករនេះ លោក ហ៊ុន សែន មិនបាននិយាយពីបញ្ហាការបិទរោងចក្រ ការកាត់បន្ថយការបញ្ជាទិញផលិតផលវាយនភណ្ឌ និងការដកប្រព័ន្ធអនុគ្រោះពន្ធឡើយ ដោយលោក ហ៊ុន សែន ផ្ដោតសំខាន់តែទៅលើការឃោសនារកសំឡេងឆ្នោតប៉ុណ្ណោះ។
លោក ហ៊ុន សែន៖ «ដោយសារកត្តាសន្តិភាព ស្ថិរភាពនយោបាយដែលយើងមាន ផ្ដល់ឱកាសឱ្យយើងទាក់ទាញ(ការ)វិនិយោគទាំងក្នុងប្រទេស ទាំងក្រៅប្រទេស មកផលិតនៅក្នុងប្រទេសយើងនេះ ហើយបម្រើឱ្យការនាំចេញ»។
ក្រៅពីដាក់សម្ពាធឲ្យកម្មករនោះ ក្រុមអាជីវករលក់ដូរ ក៏ទទួលរងសម្ពាធ និងបាត់បង់ចំណូលដែរ ដោយសារអាជ្ញាធរ បានបង្ខំឲ្យពួកគាត់ផ្អាកលក់ដូរនៅតំបន់ដែលលោក ហ៊ុន សែន ចុះជួបកម្មករដើម្បីប្រយោជន៍នយោបាយផ្ទាល់ខ្លួននោះ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា កម្មករមានសិទ្ធិសម្រេចចិត្តក្នុងការទៅជួបថ្នាក់ដឹកនាំឬមិនទៅ ហើយថ្នាក់ដឹកនាំរោងចក្រគ្មានសិទ្ធិបង្ខំកម្មករឡើយ។ តែយ៉ាងណា លោក អាត់ ធន់ យល់ឃើញថា លោកនាយករដ្ឋមន្ត្រី គួរតែយកឱកាសចុះជួបកម្មករនេះ ឱ្យកម្មករលើកយកបញ្ហាផ្សេងៗរបស់ពួកគេប្រាប់ទៅថ្នាក់ដឹកនាំដើម្បីរកដំណោះស្រាយ។
លោក អាត់ ធន់៖ «ចំពោះបញ្ហាដែលរដ្ឋាភិបាលគួរដោះស្រាយ ទី១គឺការទូទាត់លុយកាក់ឱ្យទៅតាមច្បាប់ បញ្ឈប់ការគំរាមកំហែង បញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើនិយោជក មកលើតំណាងសហជីព ផ្ដល់សិទ្ធិឱ្យកម្មករ ទទួលបានការការពារ ធ្វើជាតំណាងសហជីព និងដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ»។
កម្មករភាគច្រើនយល់ឃើញថា លោក ហ៊ុន សែន មកជួបសំណេះសំណាលជាមួយពួកគេ៥ឆ្នាំម្ដង និងឱ្យលុយ២ម៉ឺនរៀលនេះ គឺគ្រាន់តែដើម្បីឃោសនារកសន្លឹកឆ្នោតតែប៉ុណ្ណោះ។
ក្រុមកម្មករបន្តថា ទោះបីជាលោក ហ៊ុន សែន ប្រើវិធីលួងលោមយ៉ាងណាក្ដី ក៏ពួកគេមិនភ្លេចនោះទេ ចំពោះរដ្ឋាភិបាល ដែលមិនជួយដំឡើងថ្លៃប្រាក់ឈ្នួលឱ្យកម្មករ និងដោះស្រាយវិវាទការងាររបស់ពួកគេជាមួយថៅកែ ដូចជាការរំលោភសិទ្ធិការងារ និងទូទាត់សំណងក្រោយបញ្ឈប់ពីការងារ។
លើសពីនេះ កម្មករ ក៏មិនពេញចិត្តចំពោះទង្វើរដ្ឋាភិបាល មិនខ្វល់ពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA ពីសហភាពអឺរ៉ុបដែលនាំឲ្យប៉ះពាល់ដល់ការងាររបស់កម្មករឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។