កសិករ​មក​ពី​៨​ខេត្ត​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ការ​ដាំ​ដុះ​ដំណាំ​ដែល​ធន់​នឹង​អាកាស​ធាតុ

អាកាស​ធាតុ​ប្រែប្រួល​ជា​ក្តី​បារម្ភ​សម្រាប់​ប្រទេស​ដែល​ពឹង​អាស្រ័យ​សេដ្ឋកិច្ច​ជាតិ​រីក​ចម្រើន​លើ​វិស័យ​កសិកម្ម។ មូលហេតុ​នេះ កសិករ​នៅ​កម្ពុជា ដែល​មាន​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​កសិកម្ម​ដោយ​អង្គការ សេដាក (CEDAC) បាន​ជួប​ជុំ​គ្នា​នៅ​ចុង​ឆ្នាំ​២០១៣ បង្ហាញ​ពី​បទ​ពិសោធន៍​ក្នុង​ការ​ដាំដុះ​ដំណាំ​អាច​ធន់​ទ្រាំ និង​បន្ស៊ាំ​បាន​ទៅ​នឹង​អាកាស​ធាតុ​កំពុង​ប្រែប្រួល​បាន​ជោគជ័យ។

0:00 / 0:00

កសិករ​មក​ពី​ខេត្ត​ចំនួន ៨​ខេត្ត មន្ត្រី​ក្រសួង​កសិកម្ម អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ម្ចាស់​ជំនួយ​ប្រមាណ ១០០​នាក់ ជួប​ជុំ​គ្នា​២​ថ្ងៃ គឺ​ថ្ងៃ​ទី​៣០ និង​ថ្ងៃ​ទី​៣១ ធ្នូ បង្ហាញ​ពី​ភាព​ជោគជ័យ​នៃ​ការ​ដាំ​ដំណាំ​បាន​ស៊ាំ​ហើយ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ។

ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា សេដាក លោក​បណ្ឌិត យ៉ង សាំងកុមារ ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៣ ថា ភាព​ជា​ម្ចាស់​លើ​ការ​ផលិត និង​ធ្វើ​ជា​ម្ចាស់​លើ​បច្ចេកវិទ្យា​កសិកម្ម​ក្នុង​ពេល​អាកាស​ធាតុ​ប្រែប្រួល គឺ​ភាព​ជោគជ័យ​របស់​អ្នក​ដាំដុះ​ដែល​មិន​បាន​ទិញ សូម្បី​តែ​ពូជ ជី ថ្នាំពុល ជាដើម។ លោក​បន្ត​ថា កសិករ​មុន​ដាំ​អ្វី​មួយ​ត្រូវ​គិត​ពី​ការ​ពេញ​និយម​នៅ​ទីផ្សារ ទើប​អាច​ជា​ម្ចាស់​លើ​ការ​ផលិត ដូច​ជា មុន​ដាំ​ស្រូវ​ត្រូវ​រើស​ពូជ​ណា​ដែល​គេ​ទិញ​ច្រើន ហើយ​ឲ្យ​តម្លៃ​ថ្លៃ ជា​ដំណាំ​ដែល​ប្រើ​រយៈពេល​ដាំដុះ​ខ្លី​រហ័ស​ប្រមូល​ផល។ ទី​២ គឺ​ការ​ចេះ​ថែ​រក្សា​ដី​ដាំដុះ​ឲ្យ​មាន​ជីវជាតិ អាច​ទាញ​យក​ពី​ដី​នោះ​បាន​យូរ​អង្វែង។ ទី​៣ មិន​ប្រើ​ជី​គីមី និង​ថ្នាំ​ពុល​កសិកម្ម ក្នុង​ការ​ដាំដុះ គឺ​ប្រើ​តែ​ជីកំប៉ុស ជី​ធម្មជាតិ និង​សរីរាង្គ។ ទន្ទឹម​នោះ កសិករ​ចេះ​ប្ដូរ​ពូជ​ដំណាំ​មិន​ដាំ​ពូជ​ដដែលៗ​ក្នុង​ដី​មួយ​កន្លែង ទើប​ជា​ម្ចាស់​លើ​បច្ចេកវិទ្យា​កសិកម្ម។

លោក​បណ្ឌិត យ៉ង សាំងកុមារ៖ «ដំណាំ​ស្រូវ​វា​មាន​រឿង​២។ រឿង​ទី​១ វា​ទាក់ទង​នឹង​បច្ចេកទេស​ដាំ​យ៉ាង​ម៉េច ទោះ​បី​មាន​សភាព​រាំង​ស្ងួត ក៏​យើង​នូវ​អាច​បាន​ផល​ខ្ពស់។ ទី​២ បើ​សិន​ជា​វា​អត់​សូវ​មាន​ទឹក​អី​គ្រប់គ្រាន់ ឬ​ក៏​រដូវ​រាំង​ស្ងួត មាន​ការ​អូស​បន្លាយ​អ៊ីចឹង យើង​ដូរ​ទៅ​ជា​ដាំ​ដំណាំ​អី​ផ្សេង​វិញ។ យើង​មិន​បាច់​ធ្វើ​ស្រែ​ចាំ​ចុង​រដូវ ឧទាហរណ៍ ខែ​១០-១១ អា​ដី​ដែល​យើង​ត្រូវ​ធ្វើ​ស្រែ​ដាំ​ជា​ដំណាំ​ផ្សេង​ទៀត អាច​ជា​សណ្ដែក អាច​ជា​ដំឡូង អាច​ជា​អី​អ៊ីចឹង ហ្នឹង​ទី​១។ ទី​២ គឺ​យើង​បម្លែង​អា​ដី​ស្រែ​យើង​ហ្នឹង​ទៅ​ជា​ប្រព័ន្ធ​ដាំ​ដុះ​ចម្រុះ ដែល​ក្នុង​ហ្នឹង​ក្រៅ​ពី​ស្រូវ យើង​អាច​ប្រមូល​ផល​ដំណាំ​អី​ផ្សេងៗ ក៏​ដូច​ជា​ផលិតផល​ត្រី។ អ៊ីចឹង ការ​ធ្វើ​ម៉េច​នៅ​លើ​ដី​ដដែល​ហ្នឹង យើង​អាច​បាន​ផល​ច្រើន តែ​យើង​អាច​ខុស​មួយ​ត្រូវ​មួយ ប៉ុន្តែ​បើ​លក្ខខណ្ឌ​វា​អំណោយ​ផល វា​ឲ្យ​បាន​ត្រូវ​ទាំងអស់​អ៊ីចឹង»

ប្រធាន​បណ្ដាញ​កសិករ និង​ធម្មជាតិ លោក អ៊ួន សុផល ថ្លែង​ថា កសិករ​មិន​ត្រូវ​ឲ្យ​ឈ្មួញ​ណែនាំ​ឲ្យ​ដាំ​ពូជ​នេះ​ត្រូវ​ប្រើ​ជី​នេះ ឬ​ថ្នាំ​នេះ ទើប​ដំណាំ​ដុះ​ល្អ​នោះ​ទេ។ កសិករ​គួរ​ធ្វើ​យ៉ាង​ណា​បញ្ជា​ឈ្មួញ​ឲ្យ​ទទួល​យក​ផលិតផល​របស់​យើង​ផលិត​បាន​វិញ ទើប​ជា​ម្ចាស់​លើ​ការ​ផលិត។ លោក​ថា ការ​ដាំ​ដំណាំ​ដែល​អាច​ធន់​ទ្រាំ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​បាន​ជោគជ័យ គឺ​ការ​រហ័ស​ផ្លាស់​ប្ដូរ​ទម្លាប់​ដាំដុះ ការ​ផ្លាស់​ប្ដូរ​ពូជ​ដំណាំ និង​ការ​គ្រប់គ្រង​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​ដំណាំ​កសិកម្ម៖ «យើង​គិត​ថា ធ្វើ​ពូជ​អី ហើយ​ពូជ​ហ្នឹង​វា​បាន​ទិន្នផល​ខ្ពស់​ប៉ុណ្ណា យើង​ដឹង​ច្បាស់​ថា​ពេល​ដែល​យើង​ធ្វើ​ហើយ គឺ​លក់​ទៅ​បាន​តម្លៃ​ប៉ុន្មាន​ក្នុង​គីឡូ យើង​ដឹង​ច្បាស់​ថា ក្នុង​ពេល​ដែល​យើង​ធ្វើ​បាន យើង​ចំណាយ​កម្លាំង​ប៉ុណ្ណឹង ហើយ​យើង​នឹង​ទទួល​បាន​លុយ​ប៉ុន្មាន​មក​វិញ អ៊ីចឹង​បាន​ន័យ​ថា អ្វី​ក៏ដោយ កើត​ចេញ​ពី​ការ​ពិសោធន៍​ខ្លួន​ឯង។ អ៊ីចឹង គឺ​យើង​នឹង​ដឹង​ច្បាស់​ពិត​ប្រាកដ»

កសិករ​មក​ពី​ភូមិ​ដក់គ្រង ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង អ្នកស្រី រស់ សុភាព ថ្លែង​ថា ការ​ដាំ​ដំណាំ​មិន​មាន​សារធាតុ​គីមី និង​ប្រើ​ធ្យូង​អង្កាម វា​បាន​ជួយ​ធ្វើ​ឲ្យ​ដំណាំ​នៅ​តែ​អាច​ប្រមូល​ផល​បាន ខណៈ​អាកាស​ធាតុ​រាំង​ស្ងួត​យូរ​ថ្ងៃ។ ប៉ុន្តែ ដី​មាន​សំណើម ហើយ​ជំនន់​ទឹក​ភ្លៀង គឺ​ទឹក​ឆាប់​ជ្រាប​ទៅ​ក្នុង​ដី៖ «បន្លែ​អី​ក៏ដោយ ក៏​ត្រូវ​តែ​ដើរ​មើល​ពេល​យប់​ដែរ ព្រោះ​យើង​អត់​មាន​ប្រើ​ថ្នាំ​គីមី។ យើង​វា​យូរ​ណាស់ យើង​វា​ថែ​ទាំ​ហ្នឹង​ដិតដល់​ដូច​កូន​អ៊ីចឹង។ ដល់​ពេល​អ៊ីចឹង យើង​ប្រមូល​ផល​វា​យូរ។ តែ​បើ​គេ​ប្រើ​គីមី​វិញ គេ​អត់​ពិបាក​ដូច​យើង​ទេ គេ​បាញ់​តែ​ថ្នាំ ហើយ​គេ​ដើរ​ចោល គេ​បាន​ផល​ហ្នឹង​ក៏​វា​ច្រើន​ដែរ»

កសិករ វឿន ទាប មក​ពី​ភូមិ​បុសតាសោម ឃុំ​រុងរឿង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ អះអាង​ថា ការ​ដាំ​ដំណាំ​ចម្រុះ​ក្នុង​ផ្ទៃដី​តែ​មួយ ទើប​អាច​ឈ្នះ​លើ​ការ​ខាត​បង់​ទិន្នផល។ ក្រៅ​ពី​នោះ គឺ​ការ​គ្រប់គ្រង​ទឹក និង​ចេះ​ប្រើប្រាស់​ជី​ធម្មជាតិ ជីកំប៉ុស ជី​សរីរាង្គ និង​ថ្នាំ​ពុល​ធម្មជាតិ ទើប​អាច​បន្ស៊ាំ​ដំណាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​បាន​ល្អ។ អ្នកស្រី​ថា ការ​ជ្រើស​រើស​ពូជ​ដំណាំ​ឲ្យ​សមស្រប​ទៅ​នឹង​រដូវ​កាល គឺ​ជា​ភាព​ជោគជ័យ​នៃ​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម។ អ្នកស្រី​បង្ហាញ​ថា ដំណាំ​បន្លែ​យក​ស្លឹក ដូច​ជា​ស្ពៃ​ចម្រុះ គេ​ត្រូវ​ដាំ​នៅ​រដូវ​ត្រជាក់ ទើប​អាច​ប្រមូល​ផល​បាន​ច្រើន បន្លែ​មិន​ខូច​ស្លឹក។ ចំណែក​ដំណាំ​យក​ផ្លែ និង​មើម គេ​ត្រូវ​ដាំ​នៅ​រដូវ​ធ្លាក់​ខ្យល់ ទើប​វា​មាន​ផ្លែ​ថ្លោស​ល្អ និង​ចុះ​មើម​ធំ៖ «ដល់​មក​សព្វថ្ងៃ​នេះ វា​មក​ពី​ត្រជាក់​ផង ក្តៅ​ផង ខ្ញុំ​ប្រើ​ពួក​បន្លែ​របៀប​ផ្សេង។ ខ្ញុំ​ដាំ​មាន​ជា​ខ្ទឹម​ស្លឹក ត្រកួន ឃ្លោក ល្ពៅ ត្រឡាច ត្រសក់ស្រូវ អា​ត្រសក់​វា​នៅ​ដី ដែល​គេ​ហៅ​ថា​ដំណាំ​គ្រប​ដី ហើយ​និង​ត្រប់ ព្រោះ​អា​ដំណាំ​នោះ​វា​ធន់​បាន​នៅ​រដូវ​ក្តៅ រហូត​ដល់​ទៅ​ខែ​៣ ខែ​៤ ឯណោះ ព្រោះ​វា​អត់​អាច​ស្វិត​អត់​អាច​ស្លាប់​បាន​ទេ»

មន្ត្រី​ក្រសួង​កសិកម្ម អ្នកស្រី តុង ចាន់ធាង ឲ្យ​ដឹង​ថា កសិកម្ម​ដែល​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ គឺ​ការ​កែច្នៃ​សំណល់​យក​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​វិញ វា​នឹង​ជួយ​កែលំអ​ដី បរិស្ថាន និង​ទឹក។ ឧទាហរណ៍ ការ​យក​លាមក​សត្វ ទឹក​នោម និង​ស្លឹក​ឈើ យក​មក​ផ្សំ​ជា​ជីកំប៉ុស ការ​កាយ​យក​ដី​មុខ​លើ ដី​ក្រោម​ម្លប់​ឈើ និង​ដី​ល្បាប់​មក​ធ្វើ​ជា​ជី​ធម្មជាតិ និង​ការ​យក​អង្កាម​ទៅ​ដុត​ជា​ធ្យូង និង​ការ​ប្រើប្រាស់​កាក​សំណល់​ឡ​ជីវឧស្ម័ន គឺ​វា​បាន​ជួយ​កាត់​បន្ថយ​ឧស្ម័ន​ពុល​ទៅ​ក្នុង​ទឹក និង​បរិស្ថាន វា​អាច​បង្ការ​បាន​ការ​ប្រែប្រួល​អាកាស​ធាតុ។

ម្ចាស់​គម្រោង​កសាង​សហគមន៍​កសិកម្ម ដែល​ធន់​ទ្រាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ លោក ឃិន ដារ៉ាវុធ ថ្លែង​ថា អង្គការ អ៊ី.អ៊ី.ឌី (EED) បាន​យក​ថវិកា​ពី​ប្រទេស​អាល្លឺម៉ង់ មក​ឲ្យ​អង្គការ សេដាក ឲ្យ​រុក​រក​បច្ចេកទេស​កសិកម្ម​ដែល​ធន់​ទ្រាំ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ ក្នុង​បំណង​បង្កើន​សមត្ថភាព​កសិករ និង​ដៃគូ​អភិវឌ្ឍន៍​លើ​វិធាន​ការ​បន្ស៊ាំ​ធន់​ទ្រាំ​ទៅ​នឹង​បម្រែបម្រួល​អាកាស​ធាតុ សម្រាប់​ការ​រស់​នៅ​ប្រកប​ដោយ​និរន្តរភាព​នៅ​ក្នុង​តំបន់​អាស៊ី។ លោក​បន្ត​ថា ក្រៅ​ពី​នោះ មាន​ថវិកា​ផ្តល់​មក​ពី Miserior កំពុង​គាំទ្រ​កសិករ​ឲ្យ​ពិសោធន៍​ក្នុង​ភូមិ​ចំនួន​៣០ ក្នុង​ខេត្ត​គោលដៅ​ចំនួន​៣ គឺ​ខេត្ត​កំពង់ឆ្នាំង កំពង់ស្ពឺ និង​ខេត្ត​តាកែវ។

គម្រោង​នេះ​មាន​រយៈពេល ៣​ឆ្នាំ គឺ​ចាប់​ពី​ខែ​មករា ឆ្នាំ​២០១២ ដល់​ខែ​ធ្នូ ឆ្នាំ​២០១៤។ គម្រោង​នេះ​មាន​គោល​បំណង​សំខាន់ ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នៃ​ជីវភាព​តាម​រយៈ​ការ​រុករក​គំនិត​ថ្មី ដែល​មាន​ការ​ចូល​រួម ដើម្បី​ឆ្លើយ​តប​នឹង​បម្រែបម្រួល​អាកាស​ធាតុ​របស់​សហគមន៍​ជនបទ ពិសេស​ស្ត្រី​ដែល​ងាយ​រងគ្រោះ​ពី​បម្រែបម្រួល​អាកាស​ធាតុ ហើយ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​អាស្រ័យ​លើ​វិស័យ​កសិកម្ម និង​ធនធាន​ធម្មជាតិ៖ «ក្នុង​ឆ្នាំ​២០១២ នេះ គម្រោង គឺ​បាន​ធ្វើ​ការ​សិក្សា ឬ​ក៏​ធ្វើ​ការ​វាយ​តម្លៃ​ការ​កាត់​បន្ថយ​នូវ​ភាព​រងគ្រោះ និង​បាន​សិក្សា​ទាំង​៣​ខេត្ត​ហ្នឹង ដោយ​មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​អ្នក​សហគមន៍​ផង​ដែរ ដើម្បី​យើង​កំណត់​នូវ​អាទិភាព ថា​អ្វី​ដែល​ជា​តម្រូវ​ការ​ជា​អាទិភាព។ ហើយ​កន្លង​មក តើ​អ្វី​ដែល​ជា​ហានិភ័យ ហើយ​អ្វី​ដែល​ជា​ភាព​ងាយ​រងគ្រោះ​ទាំង​ឡាយ ដែល​កសិករ​យើង​បាន​ជួប​ប្រទះ ហើយ​តាម​រយៈ​ដែល​យើង​បាន​ធ្វើ​កិច្ច​ការងារ​ហ្នឹង កំណត់​នូវ​យន្តការ ឬ​ក៏​វិធីសាស្ត្រ​ដើម្បី​ដោះស្រាយ​ជាមួយ​ពួក​គាត់»

អង្គការ សេដាក បាន​ផ្ដួចផ្ដើម​គំនិត​ឲ្យ​កសិករ​អភិវឌ្ឍ​ការ​ពឹង​អាស្រ័យ​ដោយ​ខ្លួន​ឯង ដោយ​វិធី​ដាំ​ស្រូវ​មួយ​ដើម និង​ប្រព័ន្ធ​ដំណាំ​ស្រូវ​ចម្រុះ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ពី​កសិករ​ទៅ​កសិករ ការ​ចងក្រង​បង្កើត​សមាគម​សន្សំ​ប្រាក់ ការ​បង្កើត​ក្រុម និង​សមាគម​អ្នក​ផលិត ពិសេស​ទាក់ទង​នឹង​ស្រូវ​សរីរាង្គ ការ​ជំរុញ​ឲ្យ​ប្រើប្រាស់​ឡ​ជីវឧស្ម័ន និង​ចង្ក្រាន​កែលំអ​នៅ​សហគមន៍​ជនបទ ការ​ផ្សារភ្ជាប់​ផលិតផល​អាហារ​សរីរាង្គ​ទៅ​កាន់​ទីផ្សារ​ជាដើម នាំ​ឲ្យ​កុមារ​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រងគ្រោះ បាន​បង្កើន​ឲ្យ​កុមារ​បាន​ចូល​រៀន​សាលា​បឋម​សិក្សា ព្រោះ​តែ​គម្រោង​របស់​អង្គការ សេដាក នេះ។

របាយការណ៍​អង្គការ សេដាក ឆ្នាំ​២០១៣ គឺ​បាន​ធ្វើ​ការ​ជាមួយ​កសិករ ១​ម៉ឺន ៥​ពាន់​គ្រួសារ មាន​ជាង ៦​ពាន់​ភូមិ ៩៥៣​ឃុំ ១៣១​ស្រុក និង ២២​ខេត្ត ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​គេ​ប្រើប្រាស់ និង​ដាំ​ដំណាំ​ដែល​ធន់​ទ្រាំ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។