ពលករខ្មែរម្នាក់បានស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ និងស្រាល បណ្ដាលមកពីដាច់ខ្សែចងរនាំងដែកជាន់ទី៤ នៃអគារ៨ជាន់ បានបាក់ធ្លាក់ទៅដីសង្កត់ស្លាប់នៅពេលបំពេញការងារនៅទីក្រុងប៉ាតាយ៉ា (Pattaya) ខេត្តឈុនបុរី (Chonburi) ប្រទេសថៃ កាលពីម៉ោង១០ព្រឹក ថ្ងៃទី២៤ កញ្ញា។
ពលករខ្មែរម្នាក់ដែលស្ថិតនៅក្នុងហេតុការណ៍បាក់រនាំងដែកនេះ លោក ហួត ប៊ុនថា ថ្លែងថា អ្នកស្លាប់ឈ្មោះ ថន ភេទប្រុស អាយុ ២០ឆ្នាំ និងអ្នកដែលរងរបួសរួមមាន ឈ្មោះ សាន់ ឌី ភេទប្រុស អាយុ ១៨ឆ្នាំ ឈ្មោះ រិន ភេទប្រុស អាយុ ១៨ឆ្នាំ ឈ្មោះ តាន់ មូន ជាពលការិនីអាយុ ១៩ឆ្នាំ ពួកគេរស់នៅខេត្តបន្ទាយមានជ័យ៖ «ដែកសម្រាប់មូលខ្ចៅអគារឱ្យជាប់ ហើយដាក់ដែកចេញទៅក្រៅអគារប្រហែល ៣ម៉ែត្រ ដើម្បីដាក់រៀបក្ដារបន្ទះដើម្បីស្ទូចឡើងទៅជាន់លើ។ តែគាត់បានរៀបខុស ដោយរៀបក្ដារចេញទៅក្រៅអគារវែងជ្រុលទៅម្ខាង ហើយគាត់យកក្ដារបន្ទះដាក់ពីលើវាច្រើនពេក ហើយក៏បាក់ដែកធ្លាក់ដីទៅបណ្ដោយ។ ម្នាក់ដែលស្លាប់គាត់ធ្លាក់ទៅមុនគេ ហើយក្ដារបន្ទះប្រហែល ៣០សន្លឹកធ្លាក់សង្កាត់ពីលើតែម្ដង»។
លោកបន្តថា បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចថៃកំពុងកោសលវិច័យ និងត្រៀមប្រគល់ឱ្យសាច់ញាតិក្នុងពេលឆាប់ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅក្នុងប្រទេស។ រីឯពលករដែលរង់របួសត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរខេត្តឈុនបុរី មិនទាន់បានធូរស្រាលនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
