មនុស្ស ៥​នាក់ បាន​ស្លាប់​ភ្លាមៗ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បើក​បុក​របាំង​ផ្លូវ​ល្បឿន​លឿន

មនុស្ស​៥​នាក់​បាន​ស្លាប់​ភ្លាមៗ និង​២​នាក់​ទៀត​រង​របួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយសារ​រថយន្ត​បាន​បើក​ល្បឿន​លឿន​បុក​របាំង​ផ្លូវ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​២០ ហួស​ច្រក​ចេញ​កំពង់ស្ពឺ នៅ​វេលា​ម៉ោង ប្រមាណ​៧ ព្រឹក នៅ​ថ្ងៃទី ៧ ខែកុម្ភៈ។

ទំព័រ​ហ្វេសប៊ុក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ឲ្យ​ដឹង​ថា អ្នក​បើកបរ​រថយន្ត​ម៉ាក​អាល់ហ្វា (Alpha) ពណ៌​ស គឺជា​ស្ត្រី​បាន​ដឹក​សមាជិកគ្រួសារ​ចំនួន​៧ នាក់ ដោយ​បើក​នៅ​លើ​ផ្លូវ​បើក​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ក្នុង​គោលបំណង​ទៅលេង​ខេត្ត​ព្រះសីហនុ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​ឱ្យ​អ្នក​ដំណើរ​ស្លាប់ ៥​នាក់​នៅ​ហ្នឹង​កន្លែង និង​របួស​ធ្ងន់ ២ នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បើកបរ​ដោយ​ប្រុងប្រយ័ត្ន មិន​ត្រូវ​វ៉ា​ជែង​គ្នា និង​មិន​ត្រូវ​បើក​ក្នុង​ស្ថានភាព​ងងុយដេក ឬ​ស្រវឹង​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។